សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី  (ខែ​កក្កដា 2024)

​ពេលវេលា​ពិសិដ្ឋ ទីកន្លែង​បរិសុទ្ធ និង​ការគិត​ដល់​សេឡេស្ទាល

ពេល​ដែល​យើង​មាន​បំណង​ស្វែងរក​ព្រះ​ជា​ទៀងទាត់ ដោយ​ការចំណាយ​ពេលវេលា​ពិសិដ្ឋ​នៅក្នុង​ទីកន្លែង​បរិសុទ្ធ នោះ​ទ្រង់​នឹង​ប្រទានពរដល់​យើង​ឲ្យ​មាន​ការយល់ដឹង ការលួងលោម សេចក្ដី​សុខសាន្ត ទស្សនវិស័យ និង​វិវរណៈ​កាន់តែ​ច្រើន​ឡើង ។

អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ
អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ប្រធានតំបន់អាស៊ី

ព្យាការី នីហ្វៃ បាន​បង្រៀន​ថា « ហើយ​ខ្ញុំ នីហ្វៃ បាន​ទៅ​លើ​ភ្នំ​ជា​ញឹកញាប់ ហើយ​ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះអម្ចាស់​ជា​ញយៗ ហេតុ​ដូច្នោះ​ហើយ ទើប​ព្រះអម្ចាស់ ទ្រង់​បង្ហាញ​ខ្ញុំ​ពី​ការណ៍​ដ៏​ប្រសើរ​ជាច្រើន » ។[1] គំរូ​នៃ​ការកំណត់​ពេលវេលា​ជា​ទៀងទាត់​ដើម្បី​ទៅ​ទីកន្លែង​ពិសេស​មួយ​ដើម្បី​ស្វែងរក​ព្រះ ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការទទួល​ការបំផុស​គំនិត និង​វិវរណៈ​ពី​ព្រះ ។ នៅក្នុង​ព្រះគម្ពីរ យើង​ឃើញ​មាន​គំរូ​ជា​ច្រើន រួម​ទាំង ៖

 

  • បង​របស់​យ៉ារេឌ ម៉ូសេ យ៉ូស្វេ ម្នាក់ៗ​សុទ្ធ​តែ​បាន​ឡើង​ភ្នំ​ខ្ពស់​ដើម្បី​ស្វែងរក​ព្រះអម្ចាស់ និង​ទទួល​ការណែនាំ​របស់​ទ្រង់[2]
  • អេណុស​បាន​ស្វែងរក​ព្រះអម្ចាស់​តាមរយៈ​ការអធិស្ឋាន ពេល​កំពុង​ប្រមាញ់​នៅក្នុង​ព្រៃ ហើយ​បាន​ទទួល​ការអត់ទោស​ពី​អំពើបាប​របស់​លោក ហើយ​បាន​ទទួល​ការសន្យា​ដ៏​អស្ចារ្យ​នានា[3]
  • យ៉ូសែប ស៊្មីធ បាន​ចូល​ទៅក្នុង​ព្រៃ​ដើម្បី​ស្វែងរក​ប្រាជ្ញា​តាមរយៈ​ការអធិស្ឋាន ហើយ​បាន​ទទួល​ការណែនាំ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ[4]
  • ព្រះអង្គ​សង្គ្រោះ​បាន​តមអាហារ​នៅក្នុង​ទីវាល​រហោស្ថាន​អស់ ៤០ ថ្ងៃ ដើម្បី​រៀបចំ​សម្រាប់​ការងារ​បម្រើ​របស់​ទ្រង់ ហើយ​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ[5]

 

នៅក្នុង​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ពេលវេលា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​បងប្អូន​ឲ្យ គិត​ដល់​សេឡេស្ទាល និង​ចាប់​យក​ចក្ខុវិស័យ​ថា​បងប្អូន​ជា​នរណា​ពិត​ប្រាកដ បងប្អូន​អាចប្រែ​ក្លាយ​ជា​យ៉ាងណា និង​ប្រភេទ​នៃ​ជីវិត​ដែល​បងប្អូន​អាច​មាន​ជារៀង​រហូត ។ ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​នឹង​អភិវឌ្ឍ​របៀប​ដែល​បងប្អូន​មើល​មក​ខ្លួន​ឯង និង​របៀប​ដែល​បងប្អូន​ចុះចូល​ក្នុង​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ដូច្នោះ » ។[6]

 

ពរជ័យ​ដែល​បាន​សន្យា​នៃ​ការមាន​ចក្ខុវិស័យ​កាន់តែ​ទូលំទូលាយ ការយល់ដឹង​ស៊ីជម្រៅ និង​ការមាន​អារម្មណ៍​កាន់តែ​ខ្លាំង​អំពី​ការរួម​ចំណែក​ជា​មួយ​​ព្រះ ជា​លទ្ធផល​ដែល​កើត​ចេញ​មកពី​ឆន្ទៈ​របស់​យើង​ក្នុង​ការថ្វាយ​ពេលវេលា​ពិសិដ្ឋ និង​ការស្ថិត​នៅ​ក្នុង​ទីកន្លែង​បរិសុទ្ធ​នានា ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការគិត​ដល់​សេឡេស្ទាល ។

 


« នៅពេលភាពចលាចលណាមួយកើតឡើងក្នុងជីវិតរបស់បងប្អូន កន្លែងដែលមានសុវត្ថិភាពបំផុតដើម្បីមានជីវិតខាងវិញ្ញាណគឺការរស់នៅតាមសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់បងប្អូន »

​ប្រធាន រ័សុល អិម ណិលសុន

ពេលវេលា​ពិសិដ្ឋ

ប្រសិន​បើ​យើង​ត្រូវ​បង្ហាញ​ពី​របាយការណ៍​នៃ​ការប្រើប្រាស់​ពេលវេលា​ប្រចាំ​ថ្ងៃ​របស់​យើង តើ​វា​នឹង​ប្រាប់​យើង​អ្វី​ខ្លះ​អំពី​អាទិភាព​របស់​យើង ? កាល​ខ្ញុំ​បាន​ពិនិត្យ​មើល​ការប្រើប្រាស់​ពេលវេលា​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ខ្ញុំបាន​មាន​អារម្មណ៍​ថា​ត្រូវការ​ការកែតម្រូវ​ទម្លាប់​របស់​ខ្ញុំ និង​មាន​បំណង​រក្សា​ទុក​ពេលវេលា​ដើម្បី​ធ្វើ​រឿង​ទាំងឡាយ​ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ ។ ការកែតម្រូវ​ទាំងនេះ​រួមមាន ការរៀបចំ​ពេល​ទៀងទាត់​មួយ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ទុក​ពេល​ជាក់លាក់​ក្នុង​ថ្ងៃ​នីមួយៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ។ យើង​ទាំងអស់​គ្នា​គួរតែ​ប្រុងប្រយ័ត្ន​ក្នុង​ការរក្សា​ម៉ោង​ដ៏​ពិសិដ្ឋ​នៃ​ការប្រជុំ​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍ ។ ពេល​យើង​រក្សា​ទុក​ពេលវេលា​ជាមុន វា​កាន់តែ​ងាយស្រួល​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​ចំណាយ​ពេលវេលា​របស់​យើង​អស់ ដោយ​ទុក​ការណ៍​នោះ​ទៅ​ជា​ចុង​ក្រោយ​ដោយ​មិន​សំខាន់​ទៅ​វិញ ។

 

តើ​ពេលវេលា​ណា​ខ្លះ​ដែល​ពិសិដ្ឋ​ចំពោះ​បងប្អូន ហើយ​តើ​បងប្អូន​រក្សា​ទុក និង​ការពារ​ពេលវេលា​ទាំងនោះ​ដោយ​របៀប​ណា ?

 

ទីកន្លែង​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ជា​កន្លែង​ដែល​យើង​អាច​ទៅ​ស្វែង​រក​ទ្រង់​បាន ។ យើង​មាន​អំណរគុណ​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ច្រើន​នៅ​ទូទាំង​តំបន់​អាស៊ី​នេះ ។ មូលនិធិ​ជំនួយ​ទូទៅ​សម្រាប់​អ្នក​ទៅ​ព្រះវិហារ​បរិសុទ្ធ ក៏​អាច​ជួយ​អ្នកចូលរួម​ព្រះវិហារ​បរិសុទ្ធ​លើក​ទីមួយ ដែល​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ ។ មូលនិធិ​នោះ​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការចូលរួម​ការផ្សារភ្ជាប់​បន្ត​ទៀត​របស់​បងប្អូន​បង្កើត និង​កូនៗ​ដែល​នៅ​រស់​ផងដែរ ។ ប្រសិនបើ​យើង​មិន​រស់នៅ​ជិត​នឹង​ព្រះវិហារ​បរិសុទ្ធ ដូចជា​នីហ្វៃ នោះ​យើង​នៅតែ​អាច​ស្វែងរក​ទីកន្លែង​ពិសេស​ដើម្បី​ទៅ​កាន់តែ​ជិត​ព្រះ​បាន​ផង​ដែរ ។ ទីកន្លែង​ទាំងនេះ​អាច​នៅក្នុង​គេហដ្ឋាន​របស់​យើង​ផ្ទាល់[7] សាលា​ប្រជុំ​របស់​យើង ឬ​ទីកន្លែង​ដ៏​ស្ងប់ស្ងាត់ និង​ស្រស់ស្អាត​ផ្សេងៗ​ទៀត ។ ទីកន្លែង​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​ទួល​នៅ​ខាងក្រោយ​ផ្ទះ​ខ្ញុំ ជា​កន្លែង​ដែល​ខ្ញុំ​ទៅ​ដើរ​លំហែ ខណៈដែល​ខ្ញុំ​ស្ដាប់ និង​ពិចារណា​ដល់​ប្រសាសន៍​របស់​ព្យាការី ។ ទីកន្លែង​បរិសុទ្ធ​ក៏​មិន​កំណត់​តែ​ចំពោះ​ទីតាំង​ខាង​រូបកាយ​នោះ​ដែរ ។ ប្រធាន ណិលសុន បាន​បង្រៀន​ថា « នៅពេល​ភាពចលាចល​ណា​មួយ​កើតឡើង​ក្នុង​ជីវិត​របស់​បងប្អូន កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​ដើម្បី​មានជីវិត​ខាង​វិញ្ញាណគឺ​ការរស់នៅ​តាមសេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន » ។[8]

 

មិន​ថា​យើង​នៅ​កន្លែង​ណា​ទេ យើង​អាច​ចំណាយ​ពេល​ពិចារណា​ពី​សេចក្ដីសញ្ញា​ដែល​យើង​បាន​ចុះ​ជាមួយនឹង​ព្រះ ។ ការរំឭក​ឡើង​វិញ​នូវ​អ្វី​ដែល​យើង​រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការតាំងចិត្ត​របស់យើង​ជាថ្មី​ចំពោះ​ការសន្យា​ដ៏​ពិសិដ្ឋ​របស់​យើង​ចំពោះ​ព្រះ ព្រមទាំង​ពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់​ចំពោះ​យើង នឹង​ពង្រឹង ហើយនិង​ផ្ដល់​អំណាច​ដល់​យើង ។ ការរំឭក​ពី​សំណួរ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ក៏​អាច​ជួយ​យើង​ឲ្យ​វាយតម្លៃ​ពី​ជំហរ​របស់​យើង​ជាមួយ​នឹង​ព្រះ និង​ចំណុច​ដែល​យើង​អាច​ត្រូវការ​ជំនួយ​ផងដែរ ។[9]

 

បន្ថែម​លើ​ព្រះវិហារ​បរិសុទ្ធ តើ​ទីកន្លែង​បរិសុទ្ធ​ណា​ខ្លះ​ទៀត ដែល​បងប្អូន​ទៅ​ដើម្បី​នៅ​ជាមួយ​នឹង​ព្រះ ។

 

ពេលវេលាពិសិដ្ឋ ទីកន្លែងបរិសុទ្ធ និងការគិតដល់សេឡេស្ទាល

ការគិត​ដល់​សេឡេស្ទាល

ពេល​ដែល​យើង​មាន​បំណង​ស្វែងរក​ព្រះ​ជា​ទៀងទាត់ ដោយ​ការចំណាយ​ពេលវេលា​ពិសិដ្ឋ​នៅក្នុង​ទីកន្លែង​បរិសុទ្ធ នោះ​ទ្រង់​នឹង​ប្រទានពរដល់​យើង​ឲ្យ​មាន​ការយល់ដឹង ការលួងលោម សេចក្ដី​សុខសាន្ត ទស្សនវិស័យ និង​វិវរណៈ​កាន់តែ​ច្រើន​ឡើង ។ ការណ៍​នេះ​នឹង​ជួយ​ពង្រីក និង​បង្កើន​ការគិត​របស់​យើង ហើយ​យើង​នឹង​ទទួល​បាន​ចម្លើយ ការលើក​ទឹកចិត្ត ទំនុកចិត្ត និង​ការបំផុស​គំនិត​ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​នៃ​ជីវិត​របស់​យើង ។ វា​នឹង​ផ្ដល់​ទិសដៅ ហើយ​ជួយ​យើង​ឲ្យ​ដាក់​អ្វីៗ​ទៅក្នុង​ទស្សនវិស័យ​ត្រឹមត្រូវ​របស់​វា ដើម្បី​មាន​ភាព​ស្រពិច​ស្រពិល​កាន់តែ​តិច ហើយ​មាន​ភាពសេឡេស្ទាល​កាន់តែ​ច្រើន​នៅក្នុង​គំនិត​របស់​យើង ។

 

កាលដែល​យើង​ស្ដាប់​តាម​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ឲ្យ « គិត​ដល់​សេឡេស្ទាល » នោះ​ចូរ​យើង​ម្នាក់ៗ​រស់នៅ​ឲ្យ​ពេញលេញ​សម​នឹង​ឯកសិទ្ធិ​នៃ​ជំនួយ​ដ៏​ទេវភាព​របស់​យើង ដោយ​ការកំណត់​ពេលវេលា​ដោយ​ចេតនា ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ទីកន្លែង​បរិសុទ្ធ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ទៀងទាត់ ដោយ​ការពិចារណា និង​ការរស់នៅ​ក្នុង​សេចក្ដីសញ្ញា​របស់​យើង និង​ដោយ​ការប្រព្រឹត្តិ​តាម​ជំនួយ​ដ៏​ទេវភាព​ដែល​បាន​ទទួល​នោះ ។[10]

 


[1] នីហ្វៃទី១ ១៨:៣

[2] អេធើរ ៣:១, ម៉ូសេ ១:១-២, និក្ខមនំ ៣, និក្ខមនំ ២៤

[3] អេណុស ១

[4] យ៉ូសែប ស្ម៊ីធ ប្រវត្តិ ១:១៤-២០

[5] ម៉ាថាយ ៤:១

[6] រ័សុល អិម ណិលសុន « រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤

[7] ម៉ាថាយ ៦:៦-៧

[8] រុស័ល អិម ណិលសុន « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១

[9] ក្បួនខ្នាត​ទូទៅ ២៦.៣.៣.១, ២៧.២

[10] រ័សុល អិម ណិលសុន « គិត​ដល់​សេឡេស្ទាល » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣