សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី  (ខែ​សីហា 2024)

នៅពេលខ្ញុំអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងប្រទានពរដល់ខ្ញុំដោយនូវព្រះចេស្តាទ្រង់ 

នៅពេលយើងបន្ថែមសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទទៅក្នុងកិច្ចការរបស់យើង នោះអព្ភូតហេតុជាច្រើនអាចកើតមានឡើង ហើយយើងនឹងមានការភ្ញាក់ផ្អើលពីរបៀបដែលព្រះអម្ចាស់ធ្វើឲ្យអ្វីៗអាចកើតឡើងបាន ។

អែលឌើរ ចន ហ្គិតធី
អែលឌើរ ចន ហ្គិតធី ក្នុង​ពួក​ចិត​សិប​នាក់

ក្នុង​នាម​ជា​ឪពុក​ម្នាក់ ខ្ញុំ​បាន​រៀន​ថា ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់ ព្រម​ជាមួយ​នឹង​ការប្រព្រឹត្ត​សម្រាប់​ផ្នែក​របស់​ខ្ញុំ អាច​នាំ​មក​នូវ​ពរជ័យ​ប្រកប​ដោយ​អព្ភូតហេតុ ។ មាន​ពេល​មួយ​ដែល​ជំងឺ​គ្រុនឈាម​បាន​រីក​រាលដាល​នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ ហើយ​ទាំង​កូន​ប្រុស និង​កូន​ស្រី​របស់​ខ្ញុំ​បាន​ឆ្លង​ជំងឺ​ដ៏​ឈឺ​ចាប់​នេះ ។ ចំនួន​ប្លាកែត​កូន​ទាំង​ពីរ​របស់ខ្ញុំ​បានធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស ។ កូន​ប្រុស​ខ្ញុំ​បាន​ធូរស្បើយ​បន្តិច ប៉ុន្តែ​កូន​ស្រី​ខ្ញុំ​ឈឺ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ។ យើង​ត្រូវ​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​មួយ ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ គឺការង់ចាំ​អស់​ជា​ច្រើន​ថ្ងៃ ខណៈ​ដែល​ការព្យាបាល​នៅ​តែ​បន្ត ។ នាថ្ងៃ​មួយ វេជ្ជបណ្ឌិត​បាន​ប្រាប់​យើង​ថា កូន​ស្រី​របស់​ខ្ញុំ​អាច​នឹង​ត្រូវ​បញ្ចូល​ប្លាកែត ។ នេះ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​រក​មនុស្ស​ដែល​អាច​បរិច្ចាគ​ឈាម ដើម្បី​អាច​ធ្វើ​ការបញ្ចូល​ឈាម​សម្រាប់​កូនស្រី​របស់យើង​បាន ។ នោះ​គឺ​ជា​ថ្ងៃ​នៃ​ការសាកល្បង​សេចក្តីជំនឿ និង​ភាពក្លាហាន​របស់​ពួកយើង ។ ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​បន្ត​អធិស្ឋាន និង​តមអាហារ ។ នៅ​យប់​ពី​មុន​ការបញ្ចូល​ឈាម កូនស្រី​របស់​ខ្ញុំ​គេង​មិន​លក់​សោះ ហើយ​មាន​បញ្ហា​ច្រើន​ណាស់ នាង​មិន​បាន​ដឹង​ថា​អ្វី​នឹង​កើត​ឡើង​ចំពោះ​នាងឡើយ។​ខ្ញុំ​ត្រូវ​បី​នាង​ពេញ​មួយ​យប់ ខណៈ​ដែល​យើង​បាន​រង់ចាំ​ឲ្យ​មាន​អព្ភូតហេតុ​កើត​ឡើង ។ នាង​បាន​យំ​ពេញ​មួយ​យប់ ហើយ​មិន​បាន​ញ៉ាំ​អ្វី​ទេ ។ យើង​បាន​បន្ត​តមអាហារ និង​អធិស្ឋាន​នៅយប់នោះ វា​ពិត​ជា​អស្ចារ្យ​ណាស់​នៅ​ព្រឹក​ឡើង​ដែល​វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា នាង​មិន​ចាំបាច់​ត្រូវ​បញ្ចូល​ឈាម​ទៀត​ទេ ។ វា​គឺពិត​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ជិវិត​របស់​យើង ។ នៅ​ពេល​ចំនួន​ប្លាកែត​របស់​នាង​បាន​ចាប់ផ្តើម​កើន​ឡើង​វិញ នាង​អាច​ញ៉ាំ​បាន ហើយ​នាង​ចាប់​ផ្តើម​ធូរ​ស្បើយ ។ ដូច​អ្វី​ដែល​គ្រួសារ​ខ្ញុំ​បាន​ធ្វើ ពេល​យើង​ស្វែងរក​អ្នក​ដែល​អាច​បរិច្ចាគ​ឈាម យើង​បាន​ធ្វើ​អ្វីៗ​គ្រប់​បែបយ៉ាង​អស់​ពី​លទ្ធភាព ហើយ​បន្ទាប់មក យើង​បានដាក់​សេចក្តីជំនឿ​របស់​យើង​ចេញ​ជា​សកម្មភាព ការបង្ហាញ​នូវ​ការទុកចិត្ត​ចំពោះ​ទ្រង់​តាមរយៈ​ការអត់ធ្មត់ និង​ការអធិស្ឋាន ។ ក្រោយមក​យើង​អាច​ដឹង​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ចំពោះ​កិច្ចខិតខំ​របស់​យើង ។


« សេចក្តីសញ្ញារបស់យើងចងភ្ជាប់យើងទៅនឹងទ្រង់ ហើយប្រទានដល់យើងនូវព្រះចេស្ដារបស់ព្រះ »

ប្រធាន រ័សុល អិម ណិលសុន

អែលឌើរ បែដណា បាន​បង្រៀន​យើង​ថា « ការធ្វើ​សកម្មភាព គឺជា​ការអនុវត្ត​សេចក្ដីជំនឿ ។ កូនចៅ​នៃ​អ៊ីស្រាអែល សែង​ហឹប​នៃ​សេចក្ដីសញ្ញា ។ ពួកគេ​បាន​ទៅ​ដល់​ទន្លេ​យ័រដាន់ ។ ការសន្យា​គឺថា ពួកគេ​នឹង​ដើរ​ឆ្លង​កាត់​​ដីគោក ។ តើ​នៅពេល​ណា​ដែល​ទឹក​ញែកចេញ ? នៅពេល​ដែល​ជើង​របស់​ពួកគេ​ទទឹក ។ ពួកគេ​ដើរ​នៅក្នុង​ទឹក​ទន្លេ—សកម្មភាព ។ អំណាច​បាន​កើត​មាន​មក​តាម​ក្រោយ—ទឹក​បាន​ញែកចេញ » ។

គាត់​បន្ត​ទៀត​ថា « ជាញឹកញាប់ យើង​ជឿថា ខ្ញុំ​នឹង​មាន​ការយល់​ដឹង​ដ៏ឥតខ្ចោះ​អំពីការណ៏​នេះ រួច​ហើយ​ខ្ញុំ​នឹង​ប្រែ​រូប​រឿង​នោះ​ឲ្យ​ទៅ​ជា​អ្វី​ដែលខ្ញុំ​ធ្វើ » ។ ខ្ញុំ​នឹង​ផ្ដល់​យោបល់​ថា យើង​មាន​ល្មម​គ្រប់គ្រាន់​ដើម្បី​ចាប់ផ្ដើម ។ យើង​បាន​ដឹង​អំពី​ទិសដៅ​ត្រឹមត្រូវ​ហើយ ។ សេចក្តី ជំនឿ​គឺជា​គោលការណ៍​មួយ—គោលការណ៍—នៃ​សកម្មភាព និង​អំណាច ។ សេចក្ដីជំនឿ​ពិត​ផ្ដោត​ចំពោះ និង​ទៅ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​តែងតែ​ដឹកនាំ​ទៅ​រក​សកម្មភាព » ។[1]

អាលម៉ា​ជា​ឪពុក​បាន​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ដោយ​មាន​សេចក្តីជំនឿ​ដ៏​ខ្លាំងក្លា ហើយ​នៅ​ពេល​លោក​អនុវត្ត​សេចក្តីជំនឿ​របស់​លោក​តាមរយៈ​ការអធិស្ឋាន នោះ​លោក​បាន​ឃើញ​ព្រះហស្ត​របស់​ព្រះអម្ចាស់​ក្នុង​ការប្រែចិត្ត​ជឿ​របស់​កូន​ប្រុស​របស់​លោក គឺ​អាលម៉ា ជា​កូន ។ ព្រះគម្ពីរ​ពោរពេញ​ទៅ​ដោយ​ដំណើរ​រឿង​ជាច្រើន ដែល​ជួយ​យើង​យល់​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ពួក​អ្នក​ស្មោះត្រង់ ។ នៅពេល​យើង​សិក្សា​បទគម្ពីរ យើង​បានរកឃើញ​ថា ប៉ុល ពេត្រុស និង យ៉ូសែប ស៊្មីធ ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណាច​ដ៏​អស្ចារ្យ ហើយ​អាច​មាន​លទ្ធភាព​ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​ជា​ច្រើន​ដោយសារ​សេចក្តីជំនឿ និង​ការប្រព្រឹត្ត​របស់​ពួកលោក ។ នៅពេល​យើង​បន្ថែម​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ក្នុង​កិច្ចការ​របស់​យើង នោះ​អព្ភូតហេតុ​ជា​ច្រើន​អាច​កើត​មាន​ឡើង ហើយ​យើង​នឹង​មាន​ការភ្ញាក់ផ្អើល​ពី​របៀប​ដែល​ព្រះអម្ចាស់​ធ្វើ​ឲ្យ​អ្វីៗ​អាច​កើត​ឡើង​បាន ។ ព្រះអម្ចាស់​បាន​បង្រៀន​យើង​ថា « អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត »[2] ​វា​គឺ​ជា​ភស្តុតាង​មួយ​ថា អំណាច​ដើម្បី​ធ្វើការ​ធំ​កើត​មាន​ឡើង​ដោយសារ​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ។

 

នៅពេលខ្ញុំអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងប្រទានពរដល់ខ្ញុំដោយនូវព្រះចេស្តាទ្រង់

សេចក្តីជំនឿ និង​សេចក្តី​សញ្ញា​គឺ​ត្រូវ​ចង​វេញ​ចូល​គ្នា ។ នៅ​ពេល​យើង​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ និង​រក្សា​សេចក្តី​សញ្ញា​ទាំង​នោះ​ជាមួយ​នឹង​ភាពជាក់លាក់ នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ​ដោយសារ​ព្រះចេស្តា​របស់​ទ្រង់ ។ នៅ​ក្នុង​ឆ្នាំ២០១៧ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « សេចក្តីសញ្ញា​របស់​យើង​ចង​ភ្ជាប់​យើងទៅ​នឹង​ទ្រង់ ហើយ​ប្រទាន​ដល់​យើង​នូវ​ព្រះចេស្ដា​របស់​ព្រះ »។[3] ហើយ​នេះ​គឺ​ជា​ការសន្យា​របស់​លោក​មក​ពី​សន្និសីទទូទៅ ​ខែមេសា ឆ្នាំ២០២១ គឺ​ថា ៖ « មានតែ​ការឥតជំនឿ​របស់​បងប្អូនទេ ដែល​នឹង​រារាំង​មិនឲ្យ​ព្រះ​ប្រទានពរ​ដល់​បងប្អូន ឲ្យ​មាន​អព្ភូតហេតុ​រើ​ភ្នំ​ក្នុង​ជីវិត​របស់​បងប្អូននោះ … សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ [ ព្រះ​យេស៊ូវ​គ្រីស្ទ ] ដែល​ចម្រើន​ឡើង​ នឹង​រើ​ភ្នំ​ចេញ—មិន​មែន​ជា​ភ្នំ​ថ្ម​ដែល​ធ្វើឲ្យ​ផែនដី​នេះ​ស្រស់ស្អាត​នោះ​ទេ—តែ​ជា​ភ្នំ​នៃ​ទុក្ខសោក​ក្នុង​ជីវិត​របស់​បងប្អូន​វិញ » ។[4]

សូម​ព្រះ​ប្រទាន​ពរ​ដល់​បងប្អូន​នៅ​ក្នុង​ដំណើរ​ដ៏​ស្មោះត្រង់​នេះ នៅពេល​ដែល​យើង​ស្វែងរក​ព្រះចេស្តា​ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​ទាំងឡាយ​នៃ​លោកិយ​នេះ និង​ជឿន​ទៅ​មុខ​សំដៅ​ទៅ​រក​សេចក្តី​សង្ឃឹម​ដែល​បំពេញ​ក្នុង​ជីវិត​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។

 


[1] ( ដេវីឌ អេ បែតណា « What Must I Do » ? [ Leadership Pattern video ឆ្នាំ២០១៤ ] ដេវីឌ អេ បែដណា « Seek Learning by Faith » [ សុន្ទរកថា​ទៅកាន់​គ្រូ​បង្រៀនប្រព័ន្ធ​អប់រំសាសនាចក្រ​​ខាង​សាសនា ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ] lds.org/media-library ) ។[1]

[2]​យ៉ូហាន ១៤:១១–១២ ។

[3]រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Ensign ឬ Liahona ខែឧសភា ឆ្នាំ២០១៧

[4] « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ ៖ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន » សន្និសីទ​ទូទៅ ខែមេសា ឆ្នាំ២០២១