សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (ខែ​តុលា ឆ្នាំ 2024)

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​មក​នូវ​សាមគ្គីភាព

គ្មានសេចក្តីអំណរណាអស្ចារ្យជាងការរួបរួមគ្នាតែមួយជាមួយនឹងគ្រួសារ ជាទីស្រឡាញ់របស់យើង និងព្រះវរបិតាសួគ៌របស់យើងឡើយ ។

អែឌើរ មីន ស៊ូ វ៉ាង
អែឌើរ មីន ស៊ូ វ៉ាង ពួកចិតសិបនាក់ប្រចាំតំបន់

មនុស្ស​គ្រប់​គ្នា​ចង់​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​មួយ​ដែល​ប្រកប​ដោយ​សេចក្តី​អំណរ ។ មាន​បទគម្ពីរ​មួយ​បាន​ចែង​នៅក្នុងគម្ពីរម៉ូសេ ៧:១៨ ថា « ហើយ​ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា ស៊ីយ៉ូន ពី​ព្រោះ​ពួកគេ​មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ ហើយ​បាន​រស់នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ចំណោម​ពួកគេ​ឡើយ » ។ នេះ​ជា​គំរូ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​ពួកយើង​ត្រូវ​ធ្វើ​តាម ។ យើង​ដឹង​ថា នៅ​ក្រុង​ស៊ីយ៉ូនពុំ​មាន​ការឈ្លោះ​ប្រកែក​គ្នា ការរើស​អើង​គ្នា ការភ័យខ្លាច ការស្អប់​គ្នា ការមិន​ពេញចិត្ត​គ្នា ឬ​ការបោក​បញ្ឆោត​គ្នាឡើយ—ពីព្រោះ​ពួកគេ​រួបរួម​គ្នា​តែមួយ ! ដូច្នេះ សំណួរ​សួរ​វិញ​ថា តើ​យើង​អាច​ស្វែងរក​ស៊ីយ៉ូន ហើយ​មាន​ចំណែក​នៅ​ទីនោះ​យ៉ាង​ដូចម្តេច ?

 

ខ្ញុំ​បាន​ស្ដាប់​ឮ​ទីបន្ទាល់​មក​ពី​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ម្នាក់ ដែល​ប្រាប់​ពី​តម្រុយ​ដ៏​ល្អ​បំផុត​មួយ​អំពី​ចម្លើយ​ចំពោះ​សំណួរ​ខាង​លើ ។ បុរស​ម្នាក់​នេះដែល​មាន​សាវតា​ប្រពៃណី​បែប​ពួក​បូព៌ា បាន​មាន​ការរំជួល​ចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​ដំណឹង​ល្អ នៅពេល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បង្រៀន​គាត់ ។ គាត់​បាន​ស្វែងរក​សេចក្តី​សង្រ្គោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​របស់​គាត់ គាត់​ចូលរួម​ក្នុង​កម្មវិធី​ថ្វាយ​បង្គំ និង​សកម្មភាព​សាសនាចក្រ និង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស្មោះត្រង់​រៀងរាល់​សប្តាហ៍ ។ នៅ​ក្នុង​ទីបន្ទាល់​របស់​គាត់ គាត់​បាន​ថ្លែង​ថា ដោយសារ​តែ​គំរូ​ល្អ​របស់​សមាជិក​សាសនាចក្រ​ជា​ច្រើន គាត់​ចង់​មាន​ការផ្លាស់ប្តូរ និង​ប្រែចិត្ត​ពី​ឥរិយាបថ​របស់​គាត់​នៅ​ផ្ទះ ។ ដោយសារ​គាត់​ជា​អ្នកផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដ៏ខ្លាំង​ក្នុង​គ្រួសារ គាត់​មាន​អារម្មណ៍​ថា គាត់​អាច​ចេញ​បញ្ជាជា​ជាង​ការស្នើសុំ​ទៅ​ប្រពន្ធ និង​កូនស្រី​របស់​គាត់ ។  ក្នុង​នាម​ជា​មេគ្រួសារ គាត់​ជឿ​ថា គាត់​គួរតែ​ត្រូវ​បាន​លើកលែង​ពី​កិច្ចការ​ផ្ទះ​ទាំងឡាយ ។ ទោះ​ជា​យ៉ាងណា នៅ​ពេល​ដែល​គាត់​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ដំណឹង​ល្អ គាត់​ចង់​បង្ហាញ​ក្តី​ស្រឡាញ់​របស់​គាត់​ដល់​ក្រុម​គ្រួសារ​របស់​គាត់ ដោយ​ការលាងចាន​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួចហើយ​រាល់​ពេល ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​របស់​គាត់ ! គាត់​បាន​ថ្លែង​ទីបន្ទាល់​ថា បរិយាកាស​នៅ​ក្នុង​គ្រួសារ​របស់​គាត់​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង ។ នៅ​ពេល​គាត់​ចាប់​ផ្តើម​ជួយ គាត់​បាន​ឃើញ​ថា កូន​ស្រី​របស់​គាត់​ចង់​និយាយ​លេង​ជាមួយ​គាត់​ម្តងម្កាល និង​ចូលចិត្ត​ចែកចាយ​អារម្មណ៍​របស់​នាង ។ ទំនាក់​ទំនង​រវាង​ឪពុក និង​កូនស្រី​ពី​មុន​មក​មិន​ដែល​មាន​ដូច្នេះ​នោះទេ ។ នេះ​គឺ​ជា​ការបង្រៀន​ដ៏​សាមញ្ញ​មួយ​អំពី​របៀប​ដែល​ការរស់នៅ​តាម​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​មក​នូវ​សាមគ្គីភាព ! 


« ហើយព្រះអម្ចាស់ទ្រង់បានហៅរាស្ត្រទ្រង់ថា ស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និងគំនិតតែមួយ ហើយបានរស់នៅក្នុងសេចក្ដីសុចរិត ហើយគ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ »

ម៉ូសេ ៧:១៨

បន្ទាប់​ពី​យើង​បាន​ចូល​មក​ក្នុង​លោកិយ​នេះ របស់របរ​ខាង​សាច់ឈាម​បាន​ទាក់ទាញ​យើង ។ យើង​សាងសង់​ជញ្ជាំង​ដើម្បី​ការពារ​ខ្លួន​របស់​យើង និង​ទ្រព្យ​សម្បត្តិ​របស់​យើង ប៉ុន្តែ​នៅ​ទី​បញ្ចប់ ការធ្វើ​បែប​នេះ​វា​ខណ្ឌ​ចែក​យើង​ពី​មនុស្ស​ដទៃ​ទៀត ។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ថា ៖ « ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន ១៣:៣៤ ) ។ សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ អាច​ចាក់​ទម្លុះ​រនាំង​ខាង​សាច់ឈាម​នេះ ហើយ​នាំឲ្យ​មាន​អព្ភូតហេតុ​ក្នុង​ជីវិត​របស់​យើង​បាន ។ ដូចជា​គំរូ​ដែល​បាន​រៀបរាប់​នៅ​ខាង​លើ​នេះ​ដែរ ការផ្លាស់ប្តូរ​ដ៏​សាមញ្ញ​មួយ​ដើម្បី​បង្ហាញ​ការដឹងគុណ​របស់​យើង​ចំពោះ​អ្នក​ដទៃ អាច​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ទៅ​អ្នកដទៃ​បាន ។ វា​ពិត​ជា​ល្អណាស់ ដើម្បី​ស្រឡាញ់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​វា​ពិត​ជា​ល្អ​ណាស់​ដែល​ទទួល​បាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​នោះ ។ 

 

មាន​ចំណុច​សំខាន់​មួយ​ទៀត ដែល​យើង​អាច​រៀន​ពី​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​រូប​នេះ ។ តាមរយៈ​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ យើង​ចង​ខ្លួន​យើង​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រួបរួម​គ្នា​តែមួយ ។ នៅក្នុងគម្ពីរយ៉ូហាន ៦:៥៤-៥៦ យើង​អាន ៖ « អ្នក​ណា​ដែល​បរិភោគ​សាច់ និង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​បំផុត ។ ពី​ព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត ហើយ​ឈាម​ខ្ញុំ​ក៏​ជា​គ្រឿង​ផឹក​ពិត​ប្រាកដ ។ អ្នក​ណា​ដែល​បរិភោគ​សាច់ និង​ឈាម​របស់​ខ្ញុំ នោះ​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​នោះ​ដែរ » ។ សារៈសំខាន់​នៃ​ពិធី​សាក្រាម៉ង់​ត្រូវ​បាន​គូស​បញ្ជាក់​ជា​ច្រើន​ដង​ក្នុង​អំឡុង​ពេល​ការយាង​មក​របស់​ព្រះយេស៊ូវ​ទៅកាន់​ពួកសាសន៍​នីហ្វៃ ( សូមមើល នីហ្វៃ​ទី​៣ ជំពូក ១៨, ២០ និង ២៦ ) ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ ។ យើង​នឹង​ទទួល​អារម្មណ៍​ពី​អំណាច​នៃ​ដង្វាយធួន និង​សេចក្ដី​ស្រឡាញ់​ពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ក្នុង​ពេល​ដ៏​ពិសិដ្ឋ​នោះ យើង​ពិតជា​រួបរួម​គ្នា​តែមួយ​មែន ។

ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនាំមកនូវសាមគ្គីភាព

នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ហាក់​ដូច​ជា​សង្កត់​ធ្ងន់​លើ​ភាពចម្រុះ​គ្នា ជា​ជាង​លើ​ការរួម​សាមគ្គី​គ្នា ។ ការសង្កត់​ធ្ងន់​បែប​នោះ​ក្លាយជា​បញ្ហា​ប្រឈម​នៅ​ក្នុង​សាសនាចក្រ ។ ទោះ​ជា​យ៉ាង​នោះ​ក្តី យើង​ពិត​ជា​មិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​ការផ្តោត​ទៅ​លើ​ភាពចម្រុះ​នោះ​ទេ ព្រោះ​សេចក្តី​ស្រឡាញ់​តែងតែ​ឈ្នះ​ជានិច្ច ! យើង​ស្វាគមន៍​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ​ដោយ​សេរី ។ យើង​អាច​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​បាន ដោយ​ការចែកចាយ​ទិដ្ឋភាព​ដ៏​ជ្រាលជ្រៅ និង​ខុស​គ្នាៗ​នៃ​ជីវិត ដរាបណា​យើង​ទាំងអស់​គ្នា​ឱប​ក្រសោប​យក​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ ការណ៍​នេះ​ត្រូវ​បាន​និយាយ​យ៉ាង​ល្អ​ដោយ​សាវក​ប៉ុល​នៅ​ក្នុងគម្ពីរកូរិនថូស ទី​១ ១២:២១-២២ ថា « ហើយ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា អញ​មិន​ត្រូវការ​នឹង​ឯង​ដែរ​នោះ​ឡើយ ។ ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូបកាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ » ។

 

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​មក​នូវ​សាមគ្គីភាព ។ យើង​អាច​រកឃើញ​សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ សាសនាចក្រ និង​សហគមន៍​របស់​យើង តាមរយៈ​ការបម្រើ សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ ហើយ​សំខាន់បំផុត​នោះ គឺ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ គ្មាន​សេចក្តី​អំណរ​ណា​អស្ចារ្យ​ជាង​ការរួបរួម​គ្នា​តែមួយ​ជាមួយ​នឹង​គ្រួសារ​ជា​ទី​ស្រឡាញ់​របស់​យើង និង​ព្រះវរបិតា​សួគ៌​របស់​យើង​ឡើយ ។