សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី  (ខែធ្នូ 2024)

យើងមានសេចក្តីសង្ឃឹមដោយព្រោះព្រះយេស៊ូវគ្រីស្ទបានយាងមកជាកូនមនុស្ស បានមានព្រះជន្ម រស់ សុគត និងមានព្រះជន្មរស់ឡើងវិញ

សូមអោយបុណ្យគ្រីស្ទម៉ាស់នេះជាឱកាសមួយនៃការផ្តល់ឲ្យជាជាងការទទួលយក !

អែលឌើរ វៃ ហុង ម៉ាក
អែលឌើរ វៃ ហុង ម៉ាក ពួកចិតសិបនាក់ប្រចាំតំបន់

កាល​ខ្ញុំ​នៅ​ជា​ក្មេង​ប្រុស​ម្នាក់ បុណ្យ​គ្រីស្ទម៉ាស់​ពុំ​មាន​អត្ថន័យ​ច្រើន​ចំពោះ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ដឹង​ថា តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​នោះ​ទេ ។

អ្វី​ដែល​ខ្ញុំ​ដឹង​នោះ គឺ​ថា​មាន​លោកតា សាន់តាក្លូស ជា​អ្នក​នាំ​យក​អំណោយ​មក​អោយ​ក្មេងៗ​នៅ​យប់​មុន​បុណ្យ​គ្រីស្ទម៉ាស់ ។ នៅ​ពេល​ព្រឹក​មក​ដល់ ខ្ញុំ​បាន​ដឹង​ថា នោះ​គ្រាន់តែ​ជា​រឿង​ស្រមើស្រមៃ និង​ពិរោះ​ស្តាប់​មួយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​នៅ​តែ​ជា​រឿង​ស្រមើស្រមៃ និង​មាន​ក្តីសង្ឃឹម​ដដែល​រាល់​ឆ្នាំ ។ យ៉ាងណាមិញ រឿង​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​យុគសម័យ​នៃ​ភាពក្រីក្រ និង​ការខ្វះខាត​ខាង​សម្ភារៈ ។

ប៉ុន្តែ​នៅពេល​ដែល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​បាន​ដឹង​ថា គ្រីស្ទម៉ាស់​មាន​អ្វី​ៗ​ជាច្រើន​ជាង​គ្រាន់តែ​អំណោយ ។ លើសពីនេះ តាម​រយៈ​ការធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ខ្ញុំ​បាន​រៀន​ថា គ្រីស្ទម៉ាស់​គឺ​ជា​ពេល​វេលា​នៃ​ការចែក​រំលែក ក្តីអំណរ ក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា ការដឹងគុណ និង​សេចក្តី​សប្បុរស ។ ដ្បិត​នៅ​ក្នុង​វិញ្ញាណ​ដ៏​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់​គឺ​ថា ដោយ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ទេវភាព​របស់​ទ្រង់ ព្រះវរបិតាសួគ៌​របស់​យើងបាន​ប្រទាន​ដល់​យើង​នូវ​ព្រះរាជបុត្រា​ដ៏​មាន​តម្លៃ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជា​អំណោយ​សម្រាប់​សុខុមាលភាព​នៃ​មនុស្ស​លោក​ទាំងអស់ ។

ការបង្រៀន​របស់​ប្រធាន ណិលសុន មានសារៈសំខាន់ណាស់ ៖​ « អំណរ​ដែល​យើង​មាន នោះ​វា​មាន​ឥទ្ធិពល​តិចតួច​ចំពោះ​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅ​លើ ។ ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ​ … និង​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹង​ល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិនថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬមិន​កើត​ឡើង—នៅក្នុង​ជីវិត​យើង​នោះ​ទេ ។ អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​អំណរ​ទាំងអស់ » ។ ( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ​តុលា ឆ្នាំ​២០១៦ ទំព័រ ៨៤ ) ។


« យើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬមិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ ។ អំណរកើតមានឡើង ហើយដោយសារតែទ្រង់ ។ ទ្រង់គឺជាប្រភពនៃអំណរទាំងអស់ »

រ័សុល អិម ណិលសុន

តាមរយៈ​ការ​ប្រសូត​របស់​ទ្រង់ យើង​ត្រូវ​បាន​ធានា​ថា សេចក្តី​សង្ឃឹម និង​សេចក្តី​សុខសាន្ត​គឺ​អាច​សម្រេច​បាន ។ មាន​តែ​តាម​រយៈ​ទ្រង់​ប៉ុណ្ណោះ​ដែល​យើង​អាច​រក​ឃើញ​អត្ថន័យ​ពិត​នៃ​ជីវិត មាន​ភាពធន់​នឹង​ការប្រឈម​ជាមួយ​ឧបសគ្គ​ទាំងឡាយ និង​សម្រេច​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការសាកល្បង និង​ទុក្ខលំបាក​នៃ​ពិភពលោក​នេះ ។ សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់ និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ អាច​រំដោះ​យើង​ចេញ​ពី​ទម្រង់​នៃ​អំពើ​ទុច្ចរិត និង​អំពើ​អាក្រក់​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក ។ នៅ​ទី​ណា​ដែល​ព្រះគ្រីស្ទ​បាន​ប្រសូត្រ សេចក្តី​សង្ឃឹម​កើតមាន​នៅ​ទីនោះ ។ នៅ​ទី​ណា​ដែល​ព្រះគ្រីស្ទ​បាន​ប្រសូត្រ សេចក្តី​សុខសាន្ត និង​សេចក្តី​ស្រឡាញ់​កើត​មាន​នៅ​ទី​នោះ ហើយ​ទី​ណា​ដែល​សេចក្តី​សុខសាន្ត និង​សេចក្តី​ស្រឡាញ់​កើត​មាន នោះ​នឹង​គ្មាន​កន្លែង​សម្រាប់​សេចក្តី​ស្អប់ សេចក្តី​ទុច្ចរិត គំនិត​អាក្រក់ ពាក្យ​ចចាមអារ៉ាម​នៃ​សង្គ្រាម និង​សង្រ្គាម​ឡើយ ។ ចំណេះ​ដឹង​ទាំង​នេះ​នាំ​មក​នូវ​ជីវិត និង​ក្តី​សង្ឃឹម​ដល់​ពិភពលោក ។ ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​ដើម្បី​ជួយ សង្រ្គោះ ព្យាបាល និង​ធ្វើ​ឲ្យ​មនុស្ស​លោក​បាន​ល្អ​នៅ​ចំពោះ​ព្រះ ( អេសាយ ៦១:១; លូកា ៤:១៧–២១ ) ។ ការណ៍​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​អំណរ​ដ៏​មហិមា !

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បន្ត​បង្រៀន​ទៅ​កាន់​ពិភពលោក​ពី​របៀប​ដែល​កំណើត​របស់​ព្រះគ្រីស្ទ​បាន​នាំ​មក​នូវ​ជីវិត និង​ក្តី​សង្ឃឹម​មក​កាន់​ពិភពលោក ។ គំនិត​នៃ​ការផ្តួចផ្តើម​មួយ​គឺ « បំភ្លឺ​ពិភពលោក » ។ ការផ្តោត​ទៅ​លើក​ការផ្តួចផ្តើម​នេះ គឺ​ជា​ការរំឭក​យើង​អំពី​សារៈសំខាន់​នៃ​កំណើត​របស់​ព្រះគ្រីស្ទ ដោយ​ការ​ចែក​រំលែក​សារលិខិត​បំផុស​គំនិត​រាល់​ថ្ងៃ​អំពី​ព្រះអង្គ​សង្រ្គោះ ជា​ការនាំ​មក​នូវ​ក្តី​អំណរ​ទៅ​នរណា​ម្នាក់​រាល់​ថ្ងៃ​ក្នុង​ខែ​ធ្នូ ។ សកម្មភាព​ដ៏​សំខាន់​មួយ​ទៀត​គឺ « សន្និសីទ​ការពង្រឹង​ក្រុមគ្រួសារ » ដែល​ផ្តោត​ទៅ​លើ​ការ​បង្រួបបង្រួម​ក្រុមគ្រួសារ​តាម​រយៈ​សេចក្តី​សង្ឃឹម​ទៅ​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​លោកិយ ពីព្រោះ​ទ្រង់​គឺជា​ប្រភព​នៃ​ពន្លឺ​ដែល ‹ ចេញ​មក​ពី​វត្តមាន​នៃ​ព្រះ​ដើម្បីបំពេញ​ភាពល្ហល្ហេវ​នៃផ្ទៃមេឃ › ( គ. និង ស. ៨៨:១២ ) ។ ពន្លឺ​របស់​ទ្រង់​គឺ​ជា ‹ ពន្លឺ​ពិត​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំងអស់ ដែល​កើត​មក​ក្នុង​លោកិយ › ( គ. និង ស. ៩៣:២ ) ។ …នេះ​គឺ​ជា​ពន្លឺ​ដដែល ដែល​ប្រោស​យោបល់​ដល់​យើង ( គ. និង ស. ៨៨:១១ ) ។ វា​គឺ​ជា ‹ ពន្លឺ​ដែល [ យើង ] រាល់​គ្នា​អាច​យក​ទៅ​វិនិច្ឆ័យ › ( មរ៉ូ. ៧:១៨ ) ។ វា ‹ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង​ត្រូវ › ( មរ៉ូ. ៦:១៦ ) ។

យើងមានសេចក្តីសង្ឃឹមដោយព្រោះព្រះយេស៊ូវគ្រីស្ទបានយាងមកជាកូនមនុស្ស បានមានព្រះជន្ម រស់ សុគត និងមានព្រះជន្មរស់ឡើងវិញ

ប្រធាន អូក បាន​បន្ត​ទៀត​ថា ៖ « ព្រះយេស៊ូវគ្រីស្ទ គឺជា​ពន្លឺ​នៃ​ពិភពលោក ដោយសារ​គំរូ​របស់​ទ្រង់ និង​ការបង្រៀន​របស់​ទ្រង់​បំភ្លឺ​ផ្លូវ​ដែល​យើង​គួរ​ដើរ ដើម្បី​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះវរបិតា​សួគ៌​យើង​វិញ ។ មុន​ពេល​ព្រះយេស៊ូវ​ប្រសូត​មក សាការី​បាន​ព្យាករ​ថា ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​នឹង​យាង​មក​ជួប​ប្រជាជន​របស់​ទ្រង់ ‹ ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​តម្រង់​ជើង [ របស់​ពួកគេ ] តាម​ផ្លូវ​សុខ​សាន្ត​វិញ › ( លូកា ១:៧៩ ) » ។ ( ដាល្លិន អេក អូក « The Light and Life of the World » Liahona ខែ​តុលា ឆ្នាំ​១៩៨៧ ទំព័រ ៦៣ )

ការរស់​នៅ​ដោយ​គ្មាន​ក្តី​សង្ឃឹម គឺ​ជា​ការស្លាប់ !

សេចក្តី​សង្ឃឹម​ដ៏​មាន​ជីវិត​នេះ គឺ​ជា​សេចក្តី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( ទីតុស ១:២ ) តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ដ៏​ជា​ទី « សង្ឃឹម​នៃ​យើង​រាល់​គ្នា » ( ធីម៉ូថេ ទី​១ ១:១ ) ។ យើង​មាន​សេចក្តី​សង្ឃឹម​ដោយ​ព្រោះ​ព្រះ​យេស៊ូវគ្រីស្ទ​បានយាង​មក​ជា​កូន​មនុស្ស បាន​មាន​ព្រះជន្ម រស់ សុគត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

សូម​អោយ​បុណ្យ​គ្រីស្ទម៉ាស់​នេះ​ជា​ឱកាស​មួយ​នៃ​ការផ្តល់​ឲ្យ​ជាជាង​ការទទួល​យក ! សូម​ឲ្យ​យើង​ធ្វើ​ជា​ព្រះហស្ត​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​លើកស្ទួយ លើក​ទឹកចិត្ត និង​បំពេញ​ដួងចិត្ត​ដោយ​ក្តីសង្ឃឹម ក្តីស្រឡាញ់ ក្តីសប្បុរស ការបម្រើ និង​សាមគ្គីភាព ! សូម​ឲ្យ​សកម្មភាព​របស់​យើង​បង្ហាញ​ពី​អត្ថន័យ​ដ៏​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​ផ្តោត​ទៅ​លើ​ព្រះយេស៊ូវ ដែល​បាន​ប្រសូត​នៅ​បេថ្លេហិម ដើម្បី​សង្គ្រោះ​យើង ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​យើង ជា​ពន្លឺ និង​ជា​ជីវិត​នៃ​ពិភពលោក ។

នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។