សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី  (ខែ​មករា 2025)

អំណរ​ដ៏​និរន្តរ៍​គឺ​មាន​នៅក្នុង​ការជ្រើសរើស​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

អែលឌើរ ស្ទីហ្វិន ដ័បុលយូ ដាយយឺ
អែលឌើរ ស្ទីហ្វិន ដ័បុលយូ ដាយយឺ ពួកចិតសិបនាក់ប្រចាំតំបន់អាស៊ី

« មាន​មនុស្ស [ ប្រុស និង​ស្រ្តី ] ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។[1]
សម្រាប់​ខ្ញុំ គ្មាន​សេចក្តី​ថ្លែងការណ៍ និង​ការបំផុសគំនិត​ណា​អំពី​គោលបំណង​នៃ​ភាព​មាន​ជីវិត​អមតៈ​របស់​យើង​ច្បាស់​ជាង​បទគម្ពីរ​នេះ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន​ឡើយ ។

ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត មាន​ពេលខ្លះ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាត់បង់​ភាពរីករាយ និង​មិន​ដឹង​ថា ត្រូវ​យក​វា​មក​វិញ​ដោយ​របៀប​ណា​ទេ ។ បម្រាមដែនកំណត់​លើ​ការធ្វើ​ដំណើរ មាន​ន័យ​ថា​ភរិយា​ខ្ញុំ តាមី និង​ខ្ញុំ​មិន​អាច​ទៅ​លេង​កូន​ទាំងបី​នាក់​របស់​យើង ដែល​ជា​ប្រភព​នៃ​សេចក្តីរីករាយ​តាមទម្លាប់​របស់​យើង​នោះ​ទេ ។

ទាំងអស់​នេះ​បាន​ឈាន​ដល់​ចំណុច​សំខាន់​ក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​ដ៏​ខ្លាំងក្លា​មួយ ក្នុង​អំឡុង​ពេល​ដែល តាមី និង​ខ្ញុំ​ត្រូវ​បាន « បិទខ្ទប់ » នៅក្នុង​ផ្ទះ​របស់​យើង និង​តំបន់​នៅ​ជិតៗ​ផ្ទះ​របស់​យើង ។ វា​ជា​ពេលវេលា​ដ៏​លំបាក​មួយ ។ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា « តើ​អំណរ​ក្នុង​ជីវិត​ខ្ញុំ​នៅ​ឯ​ណា​ទៅ ? ការណ៍​នេះ​រំខាន​ខ្ញុំ​ព្រោះ​ខ្ញុំ​ដឹង​ថា គោលបំណង​នៃ​ជីវិត​របស់​យើង​គឺ​ដើម្បី​មាន​អំណរ ។

បន្ទាប់មក មាន​រឿង​មួយ​បាន​កើតឡើង ។ ភូមិ​របស់​យើង​ទាំងមូល​បាន​ចាប់ផ្តើម​ចម្អិន​អាហារ និង​ផ្ដល់​អាហារ​បី​ពេល​ក្នុង​មួយ​ថ្ងៃ​ដល់​សន្តិសុខ និង​អ្នក​ធ្វើការ​ចំនួន ៤០ នាក់ ឬ​ច្រើន​ជាង​នេះ ដែល​ត្រូវ​ស្នាក់នៅ​ក្នុង​បរិវេណ​របស់​យើង​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​ពេល​បិទខ្ទប់ ។

 


« អំណរកើតមានឡើង ហើយដោយសារតែទ្រង់ ។ … សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ព្រះយេស៊ូវគ្រីស្ទគឺជាអំណរ ! »

រ័សុល អិម ណិលសុន

តាមី និង​ខ្ញុំ រួម​ជាមួយ​អ្នកជិតខាង​ជាច្រើន​នាក់ បាន​ប្តូរវេន​គ្នា​ធ្វើ​ម្ហូប​សម្រាប់​អ្នក​ធ្វើការ​ទាំងនេះ និង​ចែកចាយ​អាហារ​សម្រាប់​ពួកគេ​ដើម្បី​រីករាយ​ក្នុង​ស្ថានភាព​ដ៏​លំបាក​របស់​ពួកគេ ។ យើង​ចាប់ផ្តើម​ទន្ទឹង​រង់ចាំ​មើលឃើញ​ស្នាម​ញញឹម និង​សុភមង្គល​ដែល​បាន​នាំ​មក​ជូន​អ្នក​ធ្វើការ​ជាច្រើន ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ភាពរីករាយ​បាន​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។ យើង​ក៏​បានសម្គាល់​ឃើញ​ផងដែរ​ថា ទង្វើ​នៃ​ការបម្រើ​ដ៏​សប្បុរស​ទាំងនេះ​ជាមួយ​មិត្តភក្តិ និង​អ្នក​ជិតខាង​ថ្មី​របស់យើង បានបង្កើត​នូវ​អារម្មណ៍​វិជ្ជមាន​ដ៏​រីករាយ​នៃ​សហគមន៍ និង​ការយក​ចិត្ត​ទុកដាក់​ក្នុង​ដួងចិត្ត​របស់​អ្នក​ទាំងអស់​នៅក្នុង​ភូមិ​របស់​យើង​ជា​បណ្តើរៗ ។

ដូច​ដែល​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​រំឭក​យើង​ថា « កាលណា​អ្នក​រាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ហើយ​ព្រះ​នឹង​សងថ្លៃ​នៃ​ចិត្ត​សប្បុរស​របស់​អ្នក​វិញ ។ អំណរ​ដែល​អ្នក​ផ្តល់​ឲ្យ​អ្នក​ដទៃ​នឹង​ត្រឡប់​មក​អ្នក​វិញ​ « យ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយ​ដាក់​ឲ្យ​ហៀរ » ។[2] វា​ហាក់​ដូចជា​ថា ការអនុញ្ញាត​ឲ្យ​អំណរ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ហូរ​ចេញពី​យើង​ទៅកាន់​អ្នកដទៃ នោះនាំ​មក​នូវ​អំណរមកវិញ ។

អ្នកដឹកនាំ​សាសនាចក្រ​ដ៏​ឈ្លាសវៃ​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា « ពេល​អ្នក​មាន​អារម្មណ៍​ទន់ខ្សោយ ចូរ​រាប់​ពរជ័យ​របស់​អ្នក » ។ ពរជ័យ​មួយ​ដែល​ខ្ញុំ​រាប់​គឺជា​ឱកាស​ទីពីរ​ដែល​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ យើង​អាច​ទទួល​អារម្មណ៍​ពី​អំណរ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ហូរ​មក​កាន់​យើង នៅពេល​យើង​ទទួលយកទ្រង់ ​នូវ​ការប្រទាន​ឲ្យ​របស់​ទ្រង់​ដើម្បី​ក្លាយ​ជា « តែមួយ » ជាមួយ​នឹង​ព្រះ តាមរយៈ​ការបន្ទាបខ្លួន និង​ការប្រែចិត្ត ។

 

អំណរដ៏និរន្តរ៍គឺមាននៅក្នុងការជ្រើសរើសដើម្បីរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ

 

ជារឿយៗ ខ្ញុំ​បានទទួល​យក​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ នូវ​ដង្វាយធួន​ដែល​ទ្រង់​ប្រទាន​ឲ្យ ហើយ​បាន « … ចាប់​អារម្មណ៍​ចង់​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ » ។[3] ខ្ញុំ​បាន​ដឹង​ដោយ​ផ្ទាល់​នូវ​អារម្មណ៍​រីករាយ​ដែល​ជា​លទ្ធផល​ដែល​អាលម៉ា​ជា​កូន​បានលាន់​មាត់​ថា « … គ្មាន​អ្វី​ជ្រួត​ជ្រាប ហើយ​ផ្អែម​ល្ហែម​ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​របស់​ឪពុក​បាន​ឡើយ » ។[4]

អំណរ​ដ៏​និរន្តរ៍​គឺ​មាន​នៅក្នុង​ការជ្រើសរើស​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ អំណរ​កើត​មាន​ដល់​យើង នៅពេល​យើង​អនុញ្ញាត​ឲ្យ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ហូរ​ចេញ​ពី​ដួងចិត្ត​របស់​យើង ហើយ​ចែកចាយ​វា​ជាមួយ​អ្នកដទៃ តាមរយៈ​ការបម្រើ​ដល់​ពួកគេ ដូច​ដែល​យើង​ស្រមៃមើល​នូវ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ។ ហើយ​អំណរ​កើត​មាន​ចំពោះ​យើង នៅពេល​យើង​អនុញ្ញាត​ឲ្យ​សេចក្តីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ហូរ​ចូល​ទៅក្នុង​ព្រលឹង​របស់​យើង ទទួល​យក​ទ្រង់​ដោយ​អំណរ​ចំពោះ​ការប្រទាន​ឲ្យ​នូវ​ការប្រោសលោះ​របស់​ទ្រង់ ។

ក្នុង​នាម​ជា​ព្យាការី​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ថា « អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ ។ … សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណរ ! »[5]

ខ្ញុំ​មាន​ទីបន្ទាល់ផ្ទាល់​ខ្លួន​ថា នៅពេល​យើង​ចូលរួម​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការបម្រើ​ដល់​អ្នក​ដទៃ និង​ដោយ​ការទទួល​យក​ការប្រោសលោះ​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​រឿង​ដ៏​អស្ចារ្យ​នឹង​កើតឡើង សូម្បីតែ​អព្ភូតហេតុ—អព្ភូតហេតុ​នៃ​ចំណេះដឹង​កាន់តែ​ច្រើន អព្ភូតហេតុ​នៃ​សេចក្ដីជំនឿ​ដ៏​ជ្រាលជ្រៅ អព្ភូតហេតុ​នៃ​សេចក្ដីស្រឡាញ់ និង​អព្ភូតហេតុ​នៃ​អំណរ​ដ៏​អស់កល្បជានិច្ច ។

 


[1] នីហ្វៃទី២ ២:២៥

[2] ឌៀថើរ អេហ្វ អុជដូហ្វ « អំណរ​ខ្ពស់​ជាង​នេះ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ៦៩

[3] អាលម៉ា ៥:២៦

[4] អាលម៉ា ៣៦: ២១

[5] រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៨២–៨៣