
ក្នុងឆ្នាំ១៨៣០ ព្រះអម្ចាស់បានដឹកនាំព្យាការី យ៉ូសែប ស៊្មីធ តាមរយៈវិវរណៈ ឲ្យរៀបចំសាសនាចក្ររបស់ទ្រង់ ។ ដូច្នេះ ការស្ដារឡើងវិញដែលបានព្យាករណ៍ និងរំពឹងទុកជាយូរមកហើយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ បានកើតឡើងនៅក្រុងហ្វាយែត រដ្ឋញូវយ៉ក នាថ្ងៃទី៦ ខែមេសា ឆ្នាំ១៨៣០ ។ ព្យាការីទាំងអស់ពីសម័យបុរាណបានទន្ទឹងរង់ចាំដល់ថ្ងៃនោះ ។ វាគឺជាសាសនាចក្រដដែលដែលមាននៅក្នុងអំឡុងពេលនៃការមានព្រះជន្មរបស់ព្រះគ្រីស្ទ ហើយត្រូវបានពិពណ៌នាដោយសាវកប៉ុលថា៖ « … ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ( អេភេសូ ២:២០ ) ។ គំរូ និងការរៀបចំដូចគ្នាមាននៅសព្វថ្ងៃនេះនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សាសនាចក្ររបស់ព្រះគ្រីស្ទនៅសម័យទំនើបដែលទ្រង់បានដាក់ឈ្មោះទ្រង់ផ្ទាល់តាមរយៈវិវរណៈ ។
( គ.និង ស.១១៥:៤ )
អ្វីដែលបានកើតឡើងនៅថ្ងៃនោះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ដែលបានកើតឡើងជាបន្តបន្ទាប់ ដោយបានចាប់ផ្ដើមពេលដែលព្រះវរបិតា និងព្រះរាជបុត្រាបានបង្ហាញព្រះកាយដល់ក្មេងប្រុសយ៉ូសែប នៅនិទាឃរដូវនៃឆ្នាំ១៨២០ ដែលបាននាំមកនូវ « គ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ( អេភេសូ ១:១០; គ.និង ស.២៧:១៣ ) ។ សម័យកាន់កាប់ត្រួតត្រារបស់យើងគឺជាសម័យកាន់កាប់ត្រួតត្រាដែលអស្ចារ្យបំផុតក្នុងចំណោមសម័យកាន់កាប់ត្រួតត្រាទាំងឡាយ ជាសម័យកាន់កាប់ត្រួតត្រាមួយដែលនឹងបន្តមានរហូតដល់ការយាងមកជាលើកទីពីរនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
ចាប់តាំងពីការចាប់ផ្តើមដ៏រាបទាបរបស់ខ្លួនជាមួយនឹងសមាជិកដើមដំបូងប្រាំមួយនាក់ សាសនាចក្រឥឡូវនេះមានសមាជិកចំនួន ១៧ លាននាក់ នៅក្នុងក្រុមជំនុំចំនួន ៣១.៤៩០ កន្លែង ដែលបែងចែកជាស្តេក និងមណ្ឌលជាងបួនពាន់ ហើយមានទីតាំងនៅជាងមួយរយប្រទេស និងតំបន់នៅជុំវិញពិភពលោក ។ សាសនាចក្រនេះបានប្រទានពរដល់បុត្របុត្រីរបស់ព្រះតាមវិធីដ៏អស្ចារ្យជាច្រើន ។ ស្តេកនៃស៊ីយ៉ូនត្រូវបានរៀបចំឡើង ដើម្បីស្តេកនោះអាចទៅជាកម្លាំង និងជាទីជ្រកកោនសម្រាប់ពួកបរិសុទ្ធ ( គ.និង ស. ១១៥:៦ ) ។
« មានការពាក់ព័ន្ធដ៏សំខាន់មួយរវាងការស្រឡាញ់ព្រះអម្ចាស់ និងការស្រឡាញ់គ្នាទៅវិញទៅមក … សមត្ថភាពរបស់យើងក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ គឺអាស្រ័យទៅលើកម្លាំង និងអំណាចរបស់យើង ដើម្បីរស់នៅតាមព្រះបញ្ញត្តិទីមួយ និងទីពីរដោយមានតុល្យភាព និងមានការលះបង់ស្មើគ្នាចំពោះព្រះបញ្ញត្តិទាំងពីរ » ។
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន
ព្រះយេស៊ូវគ្រីស្ទបានស្ថាបនាសាសនាចក្ររបស់ទ្រង់ដើម្បីឲ្យបុគ្គលម្នាក់ៗ និងក្រុមគ្រួសារទាំងឡាយអាចធ្វើកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងបាន ។ ដើម្បីជួយសម្រេចគោលបំណងដ៏ទេវភាពនេះ នោះសាសនាចក្រ និងថ្នាក់ដឹកនាំរបស់សាសនាចក្រផ្តល់ជូននូវ ៖ សិទ្ធិអំណាចបព្វជិតភាព និងកូនសោទាំងឡាយ សេចក្ដីសញ្ញា និងពិធីបរិសុទ្ធនានា ការណែនាំពីព្យាការី ព្រះគម្ពីរ ជំនួយក្នុងការរៀនសូត្រ និងការបង្រៀនដំណឹងល្អ ឱកាសក្នុងការបម្រើ និងភាពជាអ្នកដឹកនាំ ហើយនិងសហគមន៍នៃពួកបរិសុទ្ធ ( ក្បួនខ្នាតទូទៅ ១.៣ ) ។
នៅពេលយើងបានជ្រមុជទឹកជាសមាជិកនៃសាសនាចក្រ យើងបានធ្វើសេចក្ដីសញ្ញាមួយដើម្បីគោរពតាមព្រះបញ្ញត្តិរបស់ព្រះ និងដើម្បីបម្រើអ្នកដទៃ ។ យើងបានសន្យាថា « យល់ព្រមទួញយំជាមួយនឹងអ្នកណាដែលទួញយំ កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង … រហូតដល់ពេលស្លាប់ » ( ម៉ូសាយ ១៨:៩ ) ។ ខណៈដែលវាជាការពិតដែលថា សាសនាចក្រត្រូវបានរៀបចំឡើងដើម្បីជួយយើងក្នុងដំណើររបស់យើងត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់យើងវិញ យើងក៏មានទំនួលខុសត្រូវក្នុងការនាំអ្នកផ្សេងទៀតមកជាមួយយើងផងដែរ ។ បន្ថែមពីលើការសួរពីរបៀបដែលសាសនាចក្រអាចជួយយើង យើងក៏គួរសួរយ៉ាងសកម្ម និងដោយស្ម័គ្រចិត្ដផងដែរថា– « តើខ្ញុំអាចធ្វើអ្វីខ្លះសម្រាប់សាសនាចក្រ និងបងប្អូនប្រុសស្រីរបស់ខ្ញុំ ? »
ភាពដ៏ឈ្លាសវៃនៃផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះគឺថាការលូតលាស់ និងការរីកចម្រើនរបស់យើង គឺអាស្រ័យទៅលើថា តើយើងរក្សាបទបញ្ញត្តិដ៏ធំទាំងពីរនេះបានល្អប៉ុនណា ៖ ទីមួយ ស្រឡាញ់ព្រះ និងទីពីរ ស្រឡាញ់អ្នកជិតខាងរបស់យើង ។
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បានបង្រៀនថា ៖ « មានការពាក់ព័ន្ធដ៏សំខាន់មួយរវាងការស្រឡាញ់ព្រះអម្ចាស់ និងការស្រឡាញ់គ្នាទៅវិញទៅមក … សមត្ថភាពរបស់យើងក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ គឺអាស្រ័យទៅលើកម្លាំង និងអំណាចរបស់យើង ដើម្បីរស់នៅតាមព្រះបញ្ញត្តិទីមួយ និងទីពីរដោយមានតុល្យភាព និងមានការលះបង់ស្មើគ្នាចំពោះព្រះបញ្ញត្តិទាំងពីរ » ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ការតភ្ជាប់គ្នានូវបទបញ្ញត្តិធំទាំងពីរ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១០៧ ) … សាសនាចក្រផ្តល់ឱកាសដល់យើងដើម្បីធ្វើកិច្ចការទាំងពីរនេះ ។

វាមិនគ្រប់គ្រាន់តែនៅពេលដែលយើងសម្លឹងមើលទៅស្ថានសួគ៌ ប៉ុន្តែមិនគិតគូរដល់អ្នកដែលនៅជុំវិញយើងនោះឡើយ ។ ព្រះអង្គសង្គ្រោះបានបង្រៀនយើងអំពីការណ៍នេះយ៉ាងច្បាស់តាមរយៈគំរូរបស់ទ្រង់ ។ ទ្រង់មានភក្ដីភាពចំពោះព្រះវរបិតា ហើយក៏បានធ្វើកិច្ចការល្អផងដែរ ។ នៅពេលយើងជួយកសាងនគររបស់ព្រះ និងបម្រើអ្នកដទៃ យើងមានឱកាសរីកចម្រើនដ៏អស្ចារ្យដែលត្រូវមាន ។ នៅពេលសមាជិកទទួលយកឱកាសដើម្បីបម្រើ នោះក្រុមគ្រួសារនៅក្នុងវួដ និងសាខារបស់យើងក្លាយជាសហគមន៍នៃពួកបរិសុទ្ធដែលបម្រើ និងស្រឡាញ់គ្នាទៅវិញទៅមកដោយរីករាយ ។
ខ្ញុំបានរកឃើញសហគមន៍នៃពួកបរិសុទ្ធនេះនៅក្នុងការធ្វើដំណើរជាច្រើនរបស់ខ្ញុំ ។ វាអស្ចារ្យណាស់ដែលឃើញថា កន្លែងណាដែលមានក្រុមអង្គភាពដែលសាសនាចក្របានរៀបចំនោះ យើងរកឃើញក្រុមមនុស្សដែលស្វាគមន៍យើងក្នុងនាមជាបងប្អូនប្រុសស្រី ។ « ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ » ( អេភេសូរ ២:១៩ ) ។ យើងមានអារម្មណ៍ដូចជានៅផ្ទះ ត្រូវបានស្វាគមន៍ ទទួលរាក់ទាក់ និងមានសុវត្ថិភាពនៅក្នុងអង្គភាពសាសនាចក្រណាក៏ដោយដែលយើងទៅដល់ ។
វាគឺជាក្តីសង្ឃឹម និងការអធិស្ឋានរបស់យើងថា នៅក្នុងដួងចិត្តនៃសមាជិកសាសនាចក្រគ្រប់រូបមានការចង់បាន មិនត្រឹមតែដើម្បីជាផ្នែកមួយនៃសាសនាចក្រប៉ុណ្ណោះទេ គឺថែមទាំងចង់បម្រើ និងជួយស្ថាបនានគររបស់ព្រះថែមទៀតផង ។ យើងក៏សង្ឃឹមដែរថា នៅពេលដែលមិត្តភក្តិ និងអ្នកមកទស្សនាចូលរួមជាមួយយើងនៅក្នុងកម្មវិធីថ្វាយបង្គំរបស់យើង ឬសកម្មភាពផ្សេងទៀត ពួកគេនឹងរកឃើញសហគមន៍នៃពួកបរិសុទ្ធដែលប្រកបដោយសេចក្តីស្រឡាញ់ ហាក់ដូចជាពួកគេកំពុងឃើញសញ្ញានៃពន្លឺក្នុងន័យធៀបនៅក្នុងដួងចិត្ត និងទឹកមុខដែលបញ្ចេញឃ្លាថា ៖ « សូមស្វាគមន៍មកកាន់សាសនាចក្រនៃអំណរ ! » ( អែលឌើរ ផាទ្រីក ខៀរ៉ុន « សូមស្វាគមន៍មកកាន់សាសនាចក្រនៃអំណរ ! » លីអាហូណា ខែវិច្ឆិកា ឆ្នាំ ២០២៤ )