
មិនថាយើងគឺជានរណា ឬថាយើងមកពីកន្លែងណានោះទេ ការធ្វើឲ្យការប្រែចិត្តជឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ ផ្លាស់ប្រែយើង ជំរុញយើងឲ្យពង្រីកសក្ដានុពលដ៏ទេវភាពដែលមាននៅក្នុងខ្លួនយើង ក្នុងនាមជាបុត្រាបុត្រីសំណព្វរបស់ព្រះ ។ ការផ្លាស់ប្រែនេះមិនមែនកើតឡើងឆាប់រហ័ស ឬងាយស្រួលនោះទេ វាគឺជាការខិតខំប្រឹងប្រែងដែលមានការបំផុសគំនិតមកពីសេចក្ដីជំនឿ ក្នុងការឆ្ពោះ « ទៅរកការក្លាយជាអ្វីដែលព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យឲ្យយើងក្លាយទៅជា » ។[១] សំណួរដ៏គួរឲ្យទាក់ទាញនោះគឺ ៖ តើយើងអាចគាំទ្រឲ្យមានការផ្លាស់ប្រែដ៏ស្ងៀមស្ងាត់ ប៉ុន្ដែដ៏មានអានុភាពនេះពេញមួយដំណើរនៃសេចក្ដីសញ្ញារបស់យើងបានដោយរបៀបណា ដោយធ្វើការថែទាំដល់ការប្រែចិត្តជឿផ្ទាល់ខ្លួនរបស់យើងក្នុងនាមជាបុរស ស្ដ្រី និងបុត្រាបុត្រីនៃព្រះ ដើម្បីក្លាយជាសិស្សដ៏ពិតរបស់ព្រះគ្រីស្ទ ហើយដើម្បីក្លាយកាន់តែដូចទ្រង់ ?
សូមពិចារណាពីដំណើររឿងដ៏អស្ចារ្យនេះនៅក្នុងព្រះគម្ពីរមរមន ស្ដីពីពួកសាសន៍លេមិនដែលធ្លាប់ជា « ប្រជាជនមួយដែលព្រៃផ្សៃ រឹងរូស និងសាហាវ ជាប្រជាជនមួយដែលចូលចិត្តក្នុងការធ្វើឃាតកម្មដល់ពួកនីហ្វៃ និងការលួចប្លន់គេ » ( អាលម៉ា ១៧:១៤ ) ។ តែយ៉ាងណាក្ដី នៅពេលទទួលបានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដូចដែលបានបង្រៀនដោយអាំម៉ូន និងបងប្អូនប្រុសរបស់លោក ពួកគេបានជ្រើសរើសដើម្បីដាក់គ្រឿងសស្រ្តាវុធពិជ័យសង្គ្រាមរបស់ពួកគេចុះ ហើយធ្វើសេចក្ដីសញ្ញាថានឹងឈប់លើកអាវុធទាំងនោះឡើងវិញទៀតហើយ ។ ការប្រែចិត្តជឿរបស់ពួកគេមានលក្ខណៈជ្រាលជ្រៅយ៉ាងខ្លាំង រហូតដល់ពួកគេបានជ្រើសរើសសុខចិត្តស្លាប់ ជាជាងបំពានលើសេចក្ដីសញ្ញារបស់ពួកគេជាមួយនឹងព្រះ ( អាលម៉ា ២៤:៦–១៩ ) ហើយមនុស្សជាច្រើន « បានប្រែចិត្តជឿដល់ព្រះអម្ចាស់ នោះពួកគេពុំបោះបង់ចោលសាសនាឡើយ » ( អាលម៉ា ២៣:៦ ) ។
ការប្រកាសដ៏ល្បីល្បាញរបស់នាងរស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលថា « សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ » ( នាងរស់ ១:១៦ ) បានគូសសម្គាល់ការប្រែចិត្តជឿពេញមួយជីវិតរបស់នាង ដែលនៅទីបញ្ចប់បានរៀបចំនាងឲ្យក្លាយជាជីដូនទួតរបស់ស្ដេចដាវីឌ និងជាបុព្វការីជនរបស់ព្រះយេស៊ូវតាមខ្សែឪពុកចុងខាងសាច់ឈាមរបស់ទ្រង់ គឺយ៉ូសែប ។ ស្រដៀងគ្នានេះដែរ សុលនៅជំនាន់ព្រះគម្ពីរសញ្ញាថ្មី ដែលជាអ្នកបៀតបៀនដល់ពួកគ្រីស្ទានយ៉ាងព្រៃផ្សៃ បានប្រឈមនឹងការភ្ញាក់ឡើងដែលផ្លាស់ប្ដូរជីវិតលោកនៅតាមផ្លូវទៅក្រុងដាម៉ាស ហើយកាលដល់ពេលកំណត់ក៏បានក្លាយជា ប៉ុល ដែលជាសាវកដ៏ស្មោះស័្មគ្ររបស់ព្រះគ្រីស្ទ ។ យើងក៏រៀនពីការប្រែចិត្តជឿដ៏ផ្លាស់ប្រែរបស់ពេត្រុសផងដែរ ពីការធ្វើជាសាវកម្នាក់របស់ព្រះយេស៊ូវដែលបានបដិសេធថាមិនស្គាល់ទ្រង់បីដង ដោយសារការភ័យខ្លាចនៅអំឡុងការកាត់សេចក្ដីរបស់ទ្រង់ ( លូកា ២២:៥៤–៦២ ) ទៅជាអ្នកប្រកាសដំណឹងល្អដ៏ក្លាហាន និងជាសាវករៀមច្បងគេ ដែលដើរតួយ៉ាងសំខាន់នៅក្នុងការពង្រីកសាសនាចក្រកាលពីសម័យដើម ( កិច្ចការ ២–៤ ) ។
« នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ ។ [ ហើយ ] តាមរយៈការបើកសម្ដែងមកពីព្រះវិញ្ញាណបរិសុទ្ធ ព្រះអម្ចាស់នឹងជួយយើងនៅរាល់ការខិតខំដោយសុចរិតរបស់យើង » ។
ប្រធាន រ័សុល អិម ណិលសុន
មនុស្សម្នាក់ៗមានដំណើររឿងប្រែចិត្តជឿរបស់ពួកគេផ្ទាល់ ហើយនឹងមានបទពិសោធន៍ខាងវិញ្ញាណជាមួយព្រះ ដែលបន្ដដុសខាត់សេចក្ដីជំនឿរបស់ពួកគេ និងស្ថាបនាទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីទ្រង់ សេចក្ដីពិតដ៏អស់កល្បជានិច្ចរបស់ទ្រង់ និងផែនការនៃអំណរដ៏ធំរបស់ទ្រង់សម្រាប់ពួកយើងទាំងអស់គ្នា ។ ប៉ុន្ដែមានគោលការណ៍គ្រឹះតែមួយគត់ ដែលយើងត្រូវប្រកាន់ខ្ជាប់ជានិច្ច ដើម្បីជួយយើងឲ្យបានប្រែចិត្តជឿយ៉ាងពិតប្រាកដទៅលើព្រះអម្ចាស់ ហើយស៊ូទ្រាំដល់ទីបំផុតនៅក្នុងដំណើរនៃសេចក្ដីសញ្ញាពេញមួយជីវិតនេះ ។ វាគឺជាការរកឃើញអំណរ និងសេចក្ដីសុខសាន្ដក្នុងការបន្ដដាក់ព្រះគ្រីស្ទឲ្យនៅចំចំណុចកណ្ដាលនៃជីវិតរបស់យើង ។ សូមឲ្យការតាំងចិត្តនេះគឺជាភ្លើងនាំផ្លូវរបស់យើង តម្រែតម្រង់យើងឲ្យឆ្លងកាត់រសជាតិជីវិត កាលយើងបណ្ដុះឲ្យមានទំនាក់ទំនងជាមួយទ្រង់កាន់តែជ្រាលជ្រៅជាងនេះ ។ យើងមិនត្រូវបានកំណត់ឲ្យមកដកពិសោធន៍ដំណើរនៃការផ្លាស់ប្ដូរជីវិត ស្ថាបនាសេចក្ដីជំនឿ និងដុសខាត់បុគ្គលិកលក្ខណៈនេះតែម្នាក់ឯងក្នុងនាមជាបុគ្គលរមែងស្លាប់ ដោយគ្មានជំនួយដ៏ទេវភាពនោះទេ ។
ព្យាការីនៅរស់របស់យើងគឺប្រធាន រ័សុល អិម ណិលសុន បង្រៀនថា « ពេលជីវិតរបស់យើងផ្តោតលើព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង – ឬមិនកើតឡើង – នៅក្នុងជីវិតយើងនោះទេ ។ អំណរកើតមកពីទ្រង់ ហើយដោយសារតែទ្រង់ ។ ទ្រង់គឺជាប្រភពនៃអំណរទាំងអស់ » ។ « ការផ្តោតលើអំណរនោះនាំព្រះចេស្តារបស់ព្រះចូលមកក្នុងជីវិតយើង ។ ដូចនៅក្នុងគ្រប់រឿងទាំងអស់ដែរ ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏អស្ចារ្យបំផុត ‹ ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ › ។ ចូរគិតអំពីរឿងនេះ ! ដើម្បីទ្រង់អាចស៊ូទ្រាំបទពិសោធន៍ដ៏ឈឺចាប់បំផុតដែលទ្រង់បានស៊ូទ្រាំនៅលើផែនដីនេះ នោះព្រះអង្គសង្គ្រោះយើងបានផ្តោតព្រះទ័យទ្រង់ទៅលើសេចក្តីអំណរ ! »[២] ប្រធាន ណិលសុន ក៏បានរំឭកយើងផងដែរថា « នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ ។ [ ហើយ ] តាមរយៈការបើកសម្ដែងមកពីព្រះវិញ្ញាណបរិសុទ្ធ ព្រះអម្ចាស់នឹងជួយយើងនៅរាល់ការខិតខំដោយសុចរិតរបស់យើង » ។[៣]

នៅពេលកាន់ខ្ជាប់តាមគោលការណ៍នេះ ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃបានអររីករាយនៅក្នុងព្រះគ្រីស្ទ ហើយពួកទេវតាបានមកជួបពួកគេ ( អាលម៉ា ២៤:១៤–១៥ ) វាបាននាំឲ្យនាងរស់មានសេចក្ដីសុខសាន្ដ និងអំណរ និងជីវិតមួយពេញដោយការគោរពដល់ព្រះ ( នាងរស់ ១:១៦, ៤:១៣–១៧ ) វាបានពង្រឹងដល់ប៉ុល កាលលោកបានធ្វើជាសាក្សីដល់ព្រះចេស្ដារបស់ព្រះគ្រីស្ទនៅកណ្ដាលការកាត់សេចក្ដី ( កូរិនថូស ទី២ ១២:១០, ភីលីព ៤:១៣ ) ហើយវាបានបំផុសគំនិតឲ្យពេត្រុសអររីករាយនឹងអំណរដែលមិនអាចថ្លែងបាន និងពោរពេញដោយសិរីល្អ ( ពេត្រុស ទី១ ១:៣–៩, ពេត្រុស ទី២ ១:១–១១ ) ។
ដូច្នេះ នៅក្នុងពិភពលោកមួយដែលការរស់រានខាងវិញ្ញាណនឹងអាស្រ័យទៅលើព្រះចេស្ដានៃដង្វាយធួនដ៏និរន្ដរ៍របស់ព្រះយេស៊ូវគ្រីស្ទ និងការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធកាន់តែខ្លាំងឡើង នោះសូមឲ្យពួកយើងខិតខំដើម្បី « មិនត្រូវរលំឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:៤៤, ពេត្រុស ទី២ ១:១០, អាលម៉ា ២៣:៦ ) ខណៈដែលយើងកាន់ខ្ជាប់តាមគោលការណ៍នេះផងដែរ ។ សូមឲ្យយើងទទួលបានពរជ័យនៃផលផ្លែដ៏បរិបូរណ៍មកពីការប្រែចិត្តជឿផ្ទាល់ខ្លួនជាបន្ដបន្ទាប់របស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ដែលជាមេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង ដែលណែនាំយើងឲ្យឆ្ពោះទៅរកជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ដែលពោរពេញដោយអំណរ និងសេចក្ដីសុខសាន្ដដ៏កើនឡើង ។
[១] « The Challenge to Become » អែលឌើរ ដាល្លិន អេក អូក General Conference – ខែតុលា ឆ្នាំ២០០០ នៅលើគេហទំព័រ
[២] « អំណរ និងការរស់រានខាងវិញ្ញាណ » ប្រធាន រ័សុល អិម ណិលសុន សន្និសីទទូទៅ – ខែតុលា ឆ្នាំ២០១៦ នៅលើគេហទំព័រ
[៣] « វិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើង » សន្និសីទទូទៅ – ខែមេសា ឆ្នាំ២០១៨ ប្រធាន រ័សុល អិម ណិលសុន នៅលើគេហទំព័រ