សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (ខែ​មេសា 2025)

ការឆ្លើយតប​ទៅនឹង​ការទទូច​អង្វរ​របស់​ព្យាការី​នៃ​ព្រះ

នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រោះថ្នាក់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន

អែលឌើរ ខេលី អរ
អែលឌើរ ខេលី អរ ទីប្រឹក្សាទីមួយក្នុងគណៈប្រធានតំបន់អាស៊ី

នៅ​ខែសីហា ឆ្នាំ១៩៦៨ ខ្ញុំ​មានចិត្ត​រំភើប​ដើម្បី​ចូលរួម​ការជួបជុំ​ក្រុមគ្រួសារ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ឯ​ភ្នំ​នៃ​ភាគ​ខាងជើង​រដ្ឋ​យូថាហ៍ ។ ដោយ​នៅពេលនោះ​ខ្ញុំមាន​អាយុ​ទើបតែ​ប្រាំឆ្នាំ បរិយាកាស​នៃ​ភ្នំ​ដ៏​ស្រស់ស្អាត​នេះ​បាន​ផ្ដល់​ជា​ដំណើរ​ផ្សងព្រេង​ដ៏​គ្មាន​ទីបញ្ចប់​សម្រាប់​បងប្អូន​ជីដូនមួយ​របស់​ខ្ញុំ និង​រូបខ្ញុំ ។ ឪពុក​របស់ខ្ញុំ និង​ពូ​របស់ខ្ញុំ​ពីរនាក់​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ការជួបជុំ​នោះ​មួយថ្ងៃ ហើយ​ជិះយន្តហោះ​ពី​លើភ្នំ​ដើម្បី​ស្វែងរក​ហ្វូង​សត្វក្តាន់ និង​សត្វអែល្ដ ដើម្បី​រៀបចំ​សម្រាប់​រដូវ​បរបាញ់​នាពេល​ខាងមុខ ។ ពូ​របស់ខ្ញុំ​គឺជា​អ្នកបើក​យន្តហោះ ហើយ​ជាម្ចាស់​យន្តហោះ​ដែលមាន​ម៉ាស៊ីនមួយ ។

 

នៅពេល​ដែល​ឪពុក​របស់ខ្ញុំ និង​ពូ​ពីរនាក់​ចាប់ផ្តើម​ហោះហើរ​លើ​ជ្រលងភ្នំ និង​កំពូលភ្នំ​ដ៏​ស្រស់ស្អាត​ទាំងនោះ ពួកគាត់​បានដឹងថា ដើម្បី​មើលឃើញ​សត្វក្តាន់ ឬ​សត្វអែល្ដ​ទាំងនោះ ពួកគាត់​ត្រូវ​ហោះហើរ​ក្នុង​កម្រិត​ទាប​ល្មម ។ នៅពេល​ពួកគាត់​ហោះពី​លើ​ជួរភ្នំ​អេលីហ្សាបែត យន្តហោះ​នោះ​បាន​ជួប​នឹង​ខ្យល់​គួច​ស្រូប​ចុះ​ក្រោម ដែល​រុញច្រាន​យន្តហោះ​នោះ​ធ្លាក់​ដល់​ដី ។ ប្រាកដណាស់ ការធ្លាក់​នេះ​គឺ​មាន​ការខូចខាត​ជាខ្លាំង ។ ពូ​របស់​ខ្ញុំ​ដែល​មាន​ឈ្មោះ​ថា ស្តេនលី បានស្លាប់​នៅក្នុង​គ្រោះថ្នាក់​នេះ ខណៈ​ដែល​ពូ​របស់ខ្ញុំ​ឈ្មោះ ដាវីឌ និង​ឪពុក​របស់ខ្ញុំ​បាន​រងរបួស​ធ្ងន់ធ្ងរ ប៉ុន្តែ​បាន​រួចជីវិត ។ ខ្ញុំ​នៅ​ចាំ​មិន​ភ្លេច នៅពេល​ដែល​ខ្ញុំ​ត្រូវបាន​គេប្រាប់​អំពី​ការធ្លាក់​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ ។

 

ការស៊ើប​អង្កេត​លើការធ្លាក់​នេះ​បាន​សន្និដ្ឋាន​ថា អ្នកបើក​យន្តហោះ​មិន​អាច​គេចចេញ​ពី​ខ្យល់គួច​ដែល​ស្រូប​ចុះ​នោះ​បាន​ទេ ដោយសារ​យន្តហោះ​កំពុង​ហោះ​ទាបពេក ហើយ​ត្រូវបាន​រុញចូល​ទៅក្នុង​ដើមឈើ និង​ភ្នំ​ភ្លាមៗ ។ មេរៀន​សោកនាដកម្ម​មួយ​ទាក់ទង​នឹង​ការ​នៅឲ្យ​ឆ្ងាយ​ពី​គ្រោះថ្នាក់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

 

ដូចជា​ការធ្លាក់​យន្តហោះ​ដ៏​អាណោចអាធ័ម​នោះ​ដែរ ព្រះគម្ពីរ​ផ្តល់នូវ​ភាពច្បាស់លាស់​ថា កលល្បិច​ដ៏​ឥត​ឈប់ឈរ​មួយ​របស់​សាតាំង គឺ​ដើម្បី​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព មាន​ទំនុកចិត្ត និង​ការគ្រប់គ្រង ខណៈពេល​ដែល​ខិត​មកជិត​គ្រោះថ្នាក់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នៅ​ទីបំផុត អនុញ្ញាត​ឲ្យ​សាតាំង​អូសទាញ​ព្រលឹង​របស់យើង​ដោយ​មិន​ទុក​ឲ្យ​យើង​មាន​លទ្ធភាព​ដកថយ​នោះ​ទេ ។[1]

 


« ឥឡូវនេះគឺជាពេលដែលយើងដាក់អាទិភាពខ្ពស់បំផុតទៅលើភាពជាសិស្សរបស់យើង »

ប្រធាន រ័សុល អិម ណិលសុន

យើង​ត្រូវបាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា អារក្ស « . . .ទាក់​ក​ពួកគេ​អូស​ទៅ​ដោយ​ខ្សែ​បន្លា រហូត​ដល់​វា​ចង​ពួកគេ ដោយ​ខ្សែ​ដាប់​របស់​វារហូត​ត​ទៅ » ។[2] យោងតាម​គោលលទ្ធិ និង​សេចក្ដី​សញ្ញា « . . .វា​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​លើ​ផែនដី ដោយ​ព្យាយាម​រក​បំផ្លាញ​ព្រលឹង​ទាំងឡាយ​នៃ​មនុស្ស​លោក » ។[3]

 

សាតាំង​ខិតខំ​ធ្វើ​ឲ្យ​ងងឹត ហើយ​បំភាន់​គំនិត​មនុស្ស ។ វា​ព្យាយាម​កាត់បន្ថយ​ភាពធ្ងន់ធ្ងរ​នៃ​ការប្រព្រឹត្តខុស ។ ការបោកបញ្ឆោត និង​ភាពមិនពិត គឺជា​ឧបករណ៍​របស់វា ។ វា​គឺជា​អ្នកត្រាប់​តាម​ដ៏​ប៉ិនប្រសប់ ។ ទាំងអស់​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ចាប់យើង ។ « ម្ល៉ោះ​ហើយ យើង​ឃើញ​ទី​បញ្ចប់​របស់​វា ដែល​បាន​បង្ខូច​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ម្ល៉ោះ​ហើយ យើង​ឃើញ​ថា អារក្ស​ពុំ​ដែល​គាំទ្រ​ដល់​កូន​ចៅ​របស់​វា​ទេ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ តែ​វា​ទាញ​ពួក​គេ​យ៉ាង​ឆាប់​រហ័ស​ទៅ​កាន់​ស្ថាន​នរក​វិញ » ។[4]

 

ពេល​ដើរ​នៅលើ​ផ្លូវ​ជីវិត ប្រសិន​បើ​យើង​ចូលជិត​គែមពេក យើងអាច​ត្រូវ​រអិល​ចុះ ប្រសិន​បើ​យើង​មិន​ប្រុងប្រយ័ត្ន ។ ព្រះអម្ចាស់​បានប្រទាន​ការព្រមាន​ដ៏​ខ្លាំង​នេះ​ថា « ប៉ុន្តែ​មាន​ផ្លូវ​ដែល​មនុស្ស​អាច​ធ្លាក់​ចេញពី​ព្រះគុណ ហើយ​បោះបង់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ » ។[5]

 

យើង​មាន​ពរ​ដែល​មាន​ព្យាការី​របស់​ព្រះ​ដែល​អាច​មើល​ឃើញ និង​ដឹង​យ៉ាង​ច្បាស់​ពី​គ្រោះថ្នាក់​នៅ​ជុំវិញ​យើង ។ ក្នុង​សារលិខិត​របស់​លោក​ក្នុង​សន្និសីទ​ទូទៅ​នីមួយៗ ប្រធាន ណិលសុន បានផ្ដល់​ការណែនាំ​ដ៏​សំខាន់​ដើម្បី​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​គ្រោះថ្នាក់​ខាងវិញ្ញាណ ។ តើ​ប្រធាន ណិលសុន បានបង្រៀន​បងប្អូន​អ្វីខ្លះ ដែល​ជួយ​បងប្អូន​ឲ្យ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ ? ការបង្រៀន​ខាងក្រោម​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះខ្ញុំ ។

 

ការឆ្លើយតបទៅនឹងការទទូចអង្វររបស់ព្យាការីនៃព្រះ

ប្រធាន ណិលសុន បានបង្រៀនថា « បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ សម័យ​នេះ​គឺជា​សម័យ​ចុងក្រោយ​ហើយ ។ បើសិនបងប្អូន និង​ខ្ញុំ​ត្រូវ​យកឈ្នះ​លើ​គ្រោះថ្នាក់ និង​សម្ពាធ​នានា​ក្នុង​ពេលខាងមុខ នោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ម្នាក់ៗ​ត្រូវ​មាន​គ្រឹះ​ដ៏​រឹងមាំ​ខាង​វិញ្ញាណ​សង់​នៅលើ​គ្រឹះ​នៃ​ព្រះអង្គ​សង្រ្គោះ ជា​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង » ។[6] ប្រធាន ណិលសុន បានបន្ត​ទៀត​ថា « ព្រះអម្ចាស់​បាន​ប្រកាស​ថា ទោះជា​មាន​ឧបសគ្គ​ដែល​មិនធ្លាប់​មាន​ពី​មុន​មក​ក្តី ក៏​អស់​អ្នក​ដែល​សង់គ្រឹះ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រៀន​ប្រើប្រាស់​ព្រះចេស្តា​របស់ទ្រង់ ពុំ​ចាំបាច់​ចុះចាញ់​នឹង​ការថប់បារម្ភ​ប្លែកៗ​នៅ​យុគសម័យ​នេះ​ដែរ » ។[7]

 

ដោយ​ភាពច្បាស់លាស់​ទាំងស្រុង ប្រធាន ណិលសុន បានបង្រៀន​យើង​ពី​របៀប​ចៀសវាង​ពី​ការអនុញ្ញាត​ឲ្យ​សាតាំង​ទាញ​យើង​ចុះ និង​របៀប​ស្ថាបនា​គ្រឹះខាងវិញ្ញាណ​របស់យើង​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ ប្រធាន ណិលសុន បានមាន​ប្រសាសន៍ថា « ខ្ញុំ​សូម​អង្វរ​បងប្អូន​នៅ​ថ្ងៃនេះ ឲ្យ​ប្រឆាំង​នឹង​ការល្បួងខាង​ពិភពលោក​នេះ តាមរយៈ​ការមាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​បងប្អូន—ជារៀង​រាល់​ថ្ងៃ » ។[8] « ឥឡូវនេះ​គឺជា​ពេល​ដែល​យើង​ដាក់​អាទិភាព​ខ្ពស់បំផុត​ទៅលើ​ភាពជាសិស្ស​របស់​យើង » ។[9] « ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​លះបង់​ពេលវេលា​រាល់​សប្តាហ៍—ពេញ​មួយ​ជីវិត​ដែល​បងប្អូន​នៅ​មាន—ដើម្បី​ចម្រើន​ការយល់ដឹង​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។[10] « ដូច្នេះ​ថ្ងៃ​នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ឧទ្ទិស​ជីវិត​របស់​បងប្អូន​សាជា​ថ្មី​ថ្វាយ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ » ។[11]

 

ដូចជា​ការហោះហើរ​ទាបពេក បណ្តាលឲ្យ​ពូរបស់​ខ្ញុំ​មិន​អាចតបតទល់នឹង​គ្រោះថ្នាក់​នៃ​ខ្យល់គួច​ស្រូបចុះ​ក្នុងនាម​ជាអ្នក​បើក​យន្តហោះ​នោះ​ដែរ សាតាំង​ព្យាយាម​ទាក់ទាញ​យើង​ឲ្យ​ដើរទៅជិត​គែម​ដើម្បី​វាទាញ​យើងចុះក្រោម ។ យើង​អាច​ចៀសវាង​ពី​គ្រោះថ្នាក់​ទាំងនេះ​ដោយ​ការឆ្លើយតប​នឹង​ការអង្វរ​របស់​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង ដោយ​ការ​មាន​ពេល​វេលា​សម្រាប់​ព្រះអម្ចាស់ និង​ដោយ​ការធ្វើ​ឲ្យ​ប្រាកដ​ថា​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​ត្រូវ​បានស្ថាបនា​យ៉ាង​រឹងមាំ​នៅ​លើ​ថ្មដា​នៃ​ព្រះ​ប្រោសលោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។

 


[1] ហេលេមិន ៥:១២, នីហ្វៃទី២ ១:១៣, ហេលិមិន ៧:១៦ ។

[2] នីហ្វៃទី២ ២៦:២២ ។

[3] គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០:២៧ ។

[4] អាលម៉ា ៣០:៦០ ។

[5] គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣២ ។

[6] « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » ប្រធាន រ័សុល អិម ណិលសុន ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ។

[7] « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » ប្រធាន រ័សុល អិម ណិលសុន ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ។

[8] « មាន​ពេលវេលា​សម្រាប់​ព្រះម្ចាស់ » ប្រធាន រ័សុល អិម ណិលសុន ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ។

[9] « ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត » ប្រធាន រ័សុល អិម ណិលសុន ខែតុលា ឆ្នាំ២០២៤ ។

[10] « ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត » ប្រធាន រ័សុល អិម ណិលសុន ខែតុលា ឆ្នាំ២០២៤ ។

[11] « ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត » ប្រធាន រ័សុល អិម ណិលសុន ខែតុលា ឆ្នាំ២០២៤ ។