សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី  (ខែ​មិថុនា 2025)

ស្វែងរក​អំណរ​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

រសជាតិ​អំណរពិត​សម្រាប់​ភាពអស់កល្ប​ជានិច្ច

​អែលឌើរ ស្ទីវ យ៉ាង
​អែលឌើរ ស្ទីវ យ៉ាង ក្នុង​ពួក​ចិត​សិប​នាក់

ខ្ញុំ​ចាំ​បាន​ថា នៅ​ថ្ងៃ​មុន​ពេល​ដែល​ខ្ញុំ​បានជួប​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដំបូង ខ្ញុំ​បានស្ថិត​នៅ​ចំណុច​ទាប​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ដោយ​ពុំមាន​អ្វី​ធ្វើ ខ្ញុំ​បានដើរ​ក្បែរៗ​ផ្ទះ ហើយ​ឃើញ​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អាយុ​ស្របាល​នឹង​ខ្ញុំ—១៨​ឆ្នាំ ដែល​កំពុង​ជិះ​កង់ ផ្លុំ​កញ្ចែ និង​ចែក​បាយ​យ៉ាង​សប្បាយ ។ នៅ​គ្រា​នោះ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា « ល្អ​ណាស់​បើ​អាច​សប្បាយ​ចិត្ត​ដូចជា​គាត់ » ។ ប្រហែល​ជា​ព្រះ​បាន​ឮ​បំណង​ប្រាថ្នា​របស់​ខ្ញុំ ពី​ព្រោះ​នៅ​ថ្ងៃ​បន្ទាប់​ខ្ញុំ​បាន​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ហើយ​អំណរ​ដែល​ពួកគេ​បាន​នាំ​មក​ឲ្យ​ខ្ញុំ​គឺ​ហួស​ពី​ជីវិត​នេះ—វា​ជា​អំណរ​ដែល​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ។

 

មុន​ពេល​ខ្ញុំ​ចូលរួម​ក្នុង​សាសនាចក្រ ខ្ញុំ​បានគិត​ថា ខ្ញុំ​ដឹង​ថា​អ្វី​ជា​សុភមង្គល ។ ការមាន​លុយ​ទិញ​អ្វី​ដែល​ខ្ញុំ​ចង់​បាន ការធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ខ្ញុំ​ចង់​ទៅ​លេង ការចំណាយ​ពេល​ជាមួយ​មិត្តភក្តិ​ជិតដិត មាន​គ្រួសារ ឬ​មាន​ភរិយា​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ហើយ​ការមាន​អ្វីៗ​គ្រប់​យ៉ាង​ដំណើរការ​ទៅ​ដោយ​រលូន​ដោយ​គ្មាន​កង្វល់ គឺជា​អ្វី​ដែល​ខ្ញុំ​ជឿ​ថា​បានកំណត់​សុភមង្គល ។ ប៉ុន្តែ​វា​មិនមែន​ដូច្នោះ​រហូត​ដល់​ពេល​ដែល​ខ្ញុំ​ទៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ទើប​ខ្ញុំ​យល់​ច្បាស់​ថា សុភមង្គល​មាន​អត្ថន័យ​យ៉ាង​ណា ។ ខ្ញុំ​បានរកឃើញ​អាថ៌កំបាំង​នៃ​អំណរ​ពិតប្រាកដ ។ ដោយ​មិន​នឹក​ស្មាន​ដល់ ទោះ​ជា​មាន​ការស្មុគស្មាញ ការខកចិត្ត និង​ការលំបាក​នៃ​ការងារ​ផ្សព្វផ្សាយសាសនា​ក៏​ដោយ ខ្ញុំ​បានរកឃើញ​សុភមង្គល​ពិត​ក្នុង​ការបម្រើ​អ្នក​ដទៃ ។ ខ្ញុំ​អាច​និយាយ​ដោយ​ស្មោះត្រង់​ថា ពីរ​ឆ្នាំ​នោះ​គឺ​ស្ថិត​ក្នុង​ចំណោម​ការមាន​សុភមង្គល​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ដោយសារ​តែ​គំនិត និង​ការខិតខំ​របស់​ខ្ញុំ​គឺ​ផ្ដោតលើ​ការជួយ​អ្នក​ដទៃ និង​ការបម្រើ​ព្រះ​ជាជាង​លើ​ខ្លួន​ខ្ញុំ ។


« មែនហើយ … ព្រះអម្ចាស់ទ្រង់បានប្រទានឲ្យឪពុកនូវសេចក្ដីអំណរដ៏ធំលើសលប់ ដែលជាលទ្ធផលនៃការងារទាំងឡាយរបស់ឪពុក »

អាលម៉ា ៣៦:២៥

ដូច​ជា អាលម៉ា ៣៦:២៥ បាន​ថ្លែង៖ « មែនហើយ …  ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ឲ្យ​ឪពុក​នូវ​សេចក្ដី​អំណរ​ដ៏​ធំ​លើសលប់ ដែល​ជា​លទ្ធផល​នៃ​ការងារ​ទាំង​ឡាយ​របស់​ឪពុក » ។ អំណរ​ដែល​មាន​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ខុស​ពី​សុភមង្គល​ដែល​ពិភពលោក​ផ្តល់​ឲ្យ ។ អំណរ​ដែល​មាន​នៅក្នុង​ព្រះគ្រីស្ទ គឺ​ត្រូវ​បានស្ថាបនា​ឡើង​តាមរយៈ​ការសាកល្បង ការតស៊ូ ការលះបង់ សេចក្តីជំនឿ ទីបន្ទាល់ សេចក្តីសញ្ញា និង​ការគោរព​ប្រតិបត្តិ ។

 

នៅក្នុង​បទគម្ពីរ អត្ថន័យ​នៃ​អំណរ ជា​ញឹកញាប់​មាន​ហួស​ពី​ការស្កប់ស្កល់​បណ្ដោះអាសន្ន ឬ​សុភមង្គល​ភ្លាមៗ ។ យើង​រៀន​ពី​បទគម្ពីរ​ថា អំណរ​គឺជា​លក្ខណៈ​ដ៏​ទេវភាព ។ នៅពេល​យើង​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះ​វិញ អំណរ​ដែល​យើង​ទទួល​បាន​នឹង​ពេញលេញ កាន់តែ​ជ្រាលជ្រៅ និង​យូរ​អង្វែង​ជាង​ភាពរីករាយ ឬ​ភាព​រំភើប​ណា​មួយ​ដែល​ពិភពលោក​អាច​ផ្តល់​ឲ្យ ។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺជា​អំណរ​ដែល​លើក​ព្រលឹង និង​ផ្លាស់ប្តូរ​ជីវិត ។

 

ក្នុង​រយៈពេល​សែ​សិប​ឆ្នាំ​កន្លង​មក​នេះ ចាប់តាំង​ពី​ការចូលរួម​ក្នុង​សាសនាចក្រ​មក ខ្ញុំ​បាន​រកឃើញ​នូវ​អំណរ​ក្នុង​ការទុកចិត្តលើ​ព្រះ ទោះជា​មាន​អារម្មណ៍​គ្មាន​សមត្ថភាព​គ្រប់គ្រាន់ និង​បាក់​ទឹកចិត្ត ពេល​បំពេញ​ការហៅ​របស់​ខ្ញុំ​ក៏​ដោយ ។ ខ្ញុំ​បាន​ដក​បទពិសោធន៍​ភាពរីករាយ​តាមរយៈ​ការគោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ សូម្បីតែ​ក្នុង​គ្រា​ដែល​មាន​ភាពទន់ខ្សោយ និង​ការខកចិត្ត​ក៏​ដោយ ។ ខ្ញុំ​ទទួល​អារម្មណ៍​រីករាយ​ក្នុងការ​ធ្វើ​តាម​ព្រះ ទោះ​ជា​មាន​សម្ពាធ និង​ការលំបាក​ក្នុង​ការមើល​ថែ​គ្រួសារ​របស់​ខ្ញុំ​ក៏​ដោយ ។ អំណរ​ទាំងអស់​នេះ​កើត​ចេញ​ពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ មាន​តែ​តាមរយៈ​ការរងទុក្ខ និង​ពលិកម្ម​របស់​ទ្រង់​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​ឲ្យ​មាន​អំណរ​ដ៏​ផ្អែមល្ហែម និង​ជ្រាលជ្រៅ ។

ស្វែងរកអំណរនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ

ព្រះអម្ចាស់​ប្រទាន​ការសន្យា​ដ៏​ស្រស់ស្អាត​មួយ​ដល់​អស់​អ្នក​ដែល​ខិតខំ​ធ្វើ​តាម​ទ្រង់ ៖ « ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​នឹង​រំលែក​ដល់​អ្នក​នូវ​ព្រះ​វិញ្ញាណ​របស់​យើង ដែល​នឹង​បំភ្លឺ​គំនិត​របស់​អ្នក ដែល​នឹង​បំពេញ​ព្រលឹង​របស់​អ្នក​ដោយ​សេចក្ដី​អំណរ » ។ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១:១៣ )

 

ខ្ញុំ​នឹង​ដឹងគុណ​ជានិច្ច​ចំពោះ​អំណរ ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​នាំមក​ក្នុង​ជីវិត​របស់ខ្ញុំ ។ វាគឺ​ជា​អំណរ​ដែល​ពង្រឹង​ខ្ញុំ​ក្នុង​ការផ្លាស់ប្តូរ អំណរ​ដែល​ពោរពេញ​ដោយ​ការដឹងគុណ និង​ក្តីសង្ឃឹម និង​សេចក្តីរីករាយ​ដែល​ផ្តល់​ទំនុកចិត្ត​ដល់​ខ្ញុំ​ក្នុង​ជីវិត​ខាងមុខ ។ អំណរ​នេះ​បាន​ធ្វើ​ឲ្យ​ទីបន្ទាល់​ខ្ញុំ​អំពី​ព្រះគ្រីស្ទ​កាន់តែ​ជ្រាលជ្រៅ ហើយ​បានពង្រឹង​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។