សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី  (ខែ​កក្កដា 2025)

ការក្លាយជា​សិស្ស​ដ៏​ស្មោះត្រង់ និង​ពេញ​មួយ​ជីវិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ប្រសិនបើ​យើង​បាន​ស្ថាបនា​គ្រឹះ​របស់​យើង​យ៉ាង​រឹង​មាំ​នៅលើ​សិលា​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​មាន​ការសន្យា​​​ថា​យើង​នឹង​អាច​យក​ឈ្នះ​រាល់​ការលំបាក​ដែល​កើតមាន​នៅក្នុង​ជីវិត​របស់​យើង ។

អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ
អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ប្រធានតំបន់អាស៊ី

ព្យាការី​ហេលេមិន​ក្នុង​ព្រះគម្ពីរ​មរមន​បានទូន្មាន​ដល់​ពួក​កូនប្រុស​របស់​លោក​ឲ្យ « ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​ក្លា​របស់​វា​មក មែន​ហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​កួច មែន​ហើយ កាលណា​ព្រិល និង​ខ្យល់​ព្យុះ​កំណាច​ទាំង​អស់​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពី​ព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅ​លើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើ​សិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ » ។ ( ហេលេមិន ៥:១២ បាន​បន្ថែម​ការគូសបញ្ជាក់ ) ។

ដើម្បី​ស្ថាបនា​គ្រឹះ​របស់​យើង​នៅលើ​សិលា​នៃ​ព្រះ​ប្រោសលោះ គឺត្រូវ​ក្លាយជា​សិស្ស​ពេញ​មួយ​ជីវិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។  ក្នុងអំឡុង​ពេល​ពីរឆ្នាំ​កន្លង​មកនេះ តំបន់​អាស៊ី​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការក្លាយ​ជា​សិស្ស​ពេញ​មួយ​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការជួយ​មនុស្ស​ទាំងអស់​ឲ្យ​មាន​អារម្មណ៍​ថា​ពួកគេ​ជា​ចំណែក​នៃ​សាសនាចក្រ ទទួលបាន​បទពិសោធន៍​នៃ​ថ្ងៃ​ឈប់សម្រាក​ដ៏​រីករាយ បម្រើព្រះ និង​មនុស្ស​ទូទៅ ហើយ​ធ្វើឲ្យ​ឥទ្ធិពល​នៃ​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ​នានា​មាន​ភាពស៊ីជម្រៅ​នៅក្នុង​ជីវិត​របស់យើង ។  នៅក្នុង​ផ្នែក​ទាំងនេះ​នីមួយៗ យើង​បាន​ផ្តោតលើ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ដែល​ទាក់ទង​គ្នា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ពិធីសាក្រាម៉ង់ ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ការថ្វាយបង្គំ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។  យើងមាន​អំណរគុណ​បំផុត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ជាបុគ្គល និងជាសមូហភាព​របស់​បងប្អូន សម្រាប់​ភាពរីកចម្រើន​ដែលបាន​ធ្វើឡើងនិងផ្តោតចិត្តទុកដាក់​នៅក្នុង​ផ្នែកនីមួយៗ ព្រមទាំងសម្រាប់​ជីវិត​ជាច្រើន​ដែលបាន​ទទួលពរ​ដោយសារ​តែ​កិច្ចការ​នេះ ។ 


« ឥឡូវនេះគឺជាពេលវេលាសម្រាប់បងប្អូន និងខ្ញុំ ដើម្បីរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ឥឡូវនេះគឺជាពេលដែលយើងដាក់អាទិភាពខ្ពស់បំផុតទៅលើភាពជាសិស្សរបស់យើង »

​ប្រធាន រ័សុល អិម ណិលសុន

កាលពី​ដើមឆ្នាំ​នេះ ពិភពលោក​បាន​ស្រឡាំងកាំង​ដោយ​ព្យុះភ្លើង​ភ្លាមៗ និង​មិនបាន​រំពឹងទុក ដែលបាន​បំផ្លាញ​តំបន់​ជិតខាង​ទាំងមូល​ក្នុង​ទីក្រុង​ឡូសអាន់ជើឡែស រដ្ឋ​កាលីហ្វូញ៉ា ក្នុង​សហរដ្ឋ​អាមេរិក ។  ល្បឿន និង​កម្រិត​ដ៏​ខ្លាំង​ដែល​ភ្លើង​ឆេះ​រាលដាល​មិន​ធ្លាប់មាន​ពីមុន​មក​ បណ្តាល​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវ​ភៀសខ្លួន ហើយ​មាន​ការ​បំផ្លិច​បំផ្លាញ​ដល់​សហគមន៍​ទាំងមូល ។  ទោះបីជា​យ៉ាងណា​ ក្នុងចំណោម​ការបំផ្លិច​បំផ្លាញ​នេះ មាន​ផ្ទះ​លំហែ​មួយចំនួន​ដែល​រួចផុត​ពី​ភ្លើង​ឆាបឆេះ ខណៈដែល​អ្វីៗ​នៅជុំវិញ​វា​ត្រូវបាន​ដុត​បំផ្លាញ​អស់ ។  « ផ្ទះ​អព្ភូតហេតុ » ទាំងនេះ​ត្រូវបាន​សិក្សា​ដោយ​អ្នកជំនាញ ហើយ​វាត្រូវ​បាន​គេ​រកឃើញ​ថា ខណៈដែល​ទីតាំង ទិសដៅ​ខ្យល់ ការខិតខំ​ប្រឹងប្រែង​ពន្លត់​អគ្គីភ័យ និង​ដង់ស៊ីតេ​អគារ​ដើរតួ​យ៉ាងសំខាន់ ផ្ទះ​ទាំងនេះ​មាន​ភាពស្រដៀងគ្នាដូចជា ៖ វា​ត្រូវបាន​សាងសង់​ដោយ​សម្ភារ​ធន់នឹង​ភ្លើង ។ ព្រៃគម្ពោត និង​រុក្ខជាតិ​ដែល​អាច​ឆេះ​ត្រូវបាន​ជម្រះ​ចេញ​ពី​បរិវេណ​ដែល​នៅជិត​វា ហើយក្នុង​ករណីខ្លះ វាមាន​ប្រព័ន្ធ​បាញ់​ទឹក​ការពារ​ភ្លើង​ដែលបាន​ដំឡើង​ជាមុន ។ 

ការក្លាយជាសិស្សដ៏ស្មោះត្រង់ និងពេញមួយជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ

ដូចគ្នា​នេះដែរ បញ្ហា​ដែល​យើង​នឹង​ប្រឈមមុខ​ក្នុង​ជីវិត មិនថា​ជា​បញ្ហា​ខាងសាច់ឈាម ហិរញ្ញវត្ថុ សតិអារម្មណ៍ សុខភាព​ផ្លូវកាយ ឬ​ខាងវិញ្ញាណ​នោះទេ អាច​នឹងកើត​ឡើង​ដោយ​មិននឹក​ស្មានដល់ និង​ឆាប់រហ័ស ។  ប៉ុន្តែ​ប្រសិនបើ​យើង​បាន​ស្ថាបនា​គ្រឹះ​របស់​យើង​យ៉ាង​រឹង​មាំ​រួចរាល់​នៅលើ​សិលា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​មាន​ការសន្យា​ថា​យើង​នឹង​អាច​យក​ឈ្នះ​រាល់​ការលំបាក​ដែល​កើតមាន​នៅក្នុង​ជីវិត​របស់​យើង ។ 

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​ជ្រើស​រើស​មិន​ធ្វើ​បែប​នេះទេ វា​ប្រាកដ​ណាស់​ថា​យើង​នឹង​មិន​បាន​រួច​ផុត​ជីវិត​ឡើយ  ( សូម​មើល នីហ្វៃទី​៣ ១៨:១៣ ) ។ ចំពោះ​ពួកយើង​ដែល​មានកូន ឬ​មនុស្ស​ផ្សេង​ទៀត​ដែល​យើង​ស្រឡាញ់ តើ​យើង​មិន​ចង់​រៀបចំ​ពួកគេ​តាម​របៀបនេះ ដើម្បី​ពួកគេ​អាច​ស៊ូទ្រាំ និង​យកឈ្នះ​លើ​គ្រប់​ការសាកល្បង​ដែល​ពួកគេ​នឹង​ជួប​ប្រទះ​ក្នុង​ជីវិត​របស់​ពួកគេ​ទេឬអី ?

ដើម្បី​ជួយ​យើង ព្រះអម្ចាស់​បានបង្រៀន​យើង​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។  សូមយើង​ពិនិត្យ​មើល​រឿង​មួយ​ចំនួន​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ណែនាំ និង​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ៖

  1. « នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។ ( « Revelation for the Church, Revelation for Our Lives » Liahona ខែ​ឧសភា ឆ្នាំ​២០១៨ )
  2. « រើ​កម្ទេច​កម្ទី​ចាស់ៗ​ក្នុង​ជីវិត​យើង​ចេញ ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ » ។ ( « សារលិខិត​ស្វាគមន៍ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២១ )
  3. « ឥឡូវដល់​ពេល​ដែល​យើង​ម្នាក់ៗ​ត្រូវ​អនុវត្ត​នូវ​វិធានការ​ដ៏​អស្ចារ្យ ពង្រឹង​គ្រឹះ​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​របស់​យើង » ។ ( « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២១ )
  4. « នៅពេល​ភាពចលាចល​ណា​មួយ​កើតឡើង​ក្នុង​ជីវិត​របស់​បងប្អូន កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​ដើម្បី​មានជីវិត​ខាង​វិញ្ញាណ គឺ​ការរស់នៅ តាម​ សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន ! » ( « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២១ )
  5. ធ្វើជា​អ្នក​ផ្សះផ្សាគេ –« ឲ្យ​ជំនួសការ​ស្ដីបន្ទោស​មកជា​ការទូល​អង្វរ​ព្រះ ការ​ស្អប់​មកជា​ការយោគ​យល់ និង​ការទាស់ទែង​គ្នា​មកជា​ភាព​សុខសាន្ដ » ។ ( « ត្រូវការ​អ្នក​ផ្សះផ្សាគេ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ )
  6. « ឥឡូវ​នេះ​គឺជា​ពេលវេលា​សម្រាប់​បងប្អូន និង​ខ្ញុំ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។  ឥឡូវនេះ​គឺជា​ពេល​ដែល​យើង​ដាក់​អាទិភាព​ខ្ពស់បំផុត​ទៅលើ​ភាពជាសិស្ស​របស់​យើង » ។  ( « ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្ដងទៀត » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៤ )

ព្យាការី​របស់​ព្រះអម្ចាស់​កំពុង​អញ្ជើញ​យើង​ឲ្យ​កសាង​គ្រឹះ​របស់​យើង​នៅលើ​សិលា​នៃ​ព្រះប្រោសលោះ ហើយ​ក្លាយ​ជា​សិស្ស​របស់​ព្រះអង្គសង្គ្រោះ​ដ៏​ល្អ​ប្រសើរ និង​ពេញមួយ​ជីវិត ។  លោក​កំពុង​រៀបចំ​យើង​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ និង​ភាព​ចលាចល​ដែល​ប្រាកដ​ជា​នឹង​កើត​ឡើង​នៅ​ចន្លោះ​ពេល​ឥឡូវ​នេះ និង​ពេល​នោះ ។  ការសន្យា​ចំពោះ​អ្នក​ស្មោះត្រង់​ដែល​ផ្ទៀងត្រចៀក ហើយ​ស្តាប់​តាម​ការអញ្ជើញ​របស់​ព្រះអម្ចាស់​នឹងត្រូវបាន​ធានា ។  គ្រប់​ទីកន្លែង​ដែល​យើងម្នាក់ៗ​អាច​ធ្វើ​នៅលើ​ផ្លូវ​នៃ​ភាព​ជាសិស្ស​របស់​យើង សូម​ឲ្យយើង​បន្តឆ្ពោះ​ទៅមុខ​ដោយ​ឧស្សាហ៍​ព្យាយាម និង​សេចក្ដី​ជំនឿ ហើយ​ក្លាយជា « មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម » ។ ( សូមមើល ម៉ាថាយ ៧:២៤–២៧ )