សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី  (ខែកញ្ញា 2025)

សិទ្ធិអំណាច កូនសោ និង​អំណាច​បព្វជិតភាព

សិទ្ធិអំណាច​បព្វជិតភាព​ត្រូវបាន​ទទួល​តាមរយៈ​ការតែងតាំង ។ យើង​ទទួល​បាន​អំណាច​មក​ពី​ស្ថានសួគ៌ដោយ​ការរក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ។

អែលឌើរ នីធីយ៉ា ខេ សាន់ឌឺរ៉ាច
អែលឌើរ នីធីយ៉ា ខេ សាន់ឌឺរ៉ាច ពួកចិតសិបនាក់ តំបន់អាស៊ី

សិទ្ធិអំណាច​បព្វជិតភាព

« បព្វជិតភាព​គឺជា​សិទ្ធិអំណាច និង​ជា​អំណាច​របស់ព្រះ ។  តាមរយៈ​បព្វជិតភាព ព្រះវរបិតាសួគ៌​បានសម្រេច​កិច្ចការ​របស់ទ្រង់​ដើម្បី ‹ នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស ( ម៉ូសេ ១:៣៩ ) › » ។១ អំណាច​នៃ​ស្ថានសួគ៌​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​ទៅនឹង​កូនសោ​បព្វជិតភាព​ដើម្បី​ដឹកនាំ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពលើក​តម្កើង​របស់​ព្រះ ។ ព្រះ​ស្រឡាញ់​បុត្រា​បុត្រី​ទ្រង់​យ៉ាង​ខ្លាំង និង​គ្មាន​លក្ខខណ្ឌ ។ ដោយសារ​មូលហេតុ​នេះ​ហើយ ទើប​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​តែ​មួយ​របស់​ទ្រង់​ឲ្យ​សង្គ្រោះ​យើង​ទាំងអស់​គ្នា « ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ » ។២ ដើម្បី​ជួយ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ​ឲ្យ​ទទួល​បាន​ការសន្យា​របស់​ទ្រង់ នោះ​នៅ​ជិត​ចុង​បញ្ចប់​នៃ​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ព្រះគ្រីស្ទ​បាន​សន្យា​ប្រទាន​កូនសោ​បព្វជិតភាព​ដល់​ពេត្រុស ដោយ​ដឹង​ថាពួកសាវក​របស់​ទ្រង់​ត្រូវការ​បព្វជិតភាព​ដើម្បី​ដឹកនាំ​កិច្ចការ​បន្ទាប់​ពី​ទ្រង់​យាង​ទៅ​ស្ថានសួគ៌​វិញ ។ « ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចងទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថានសួគ៌​ដែរ »៣

 

តាំងពី​ពេល​នោះ​មក សិទ្ធិអំណាច និង​កូនសោ​បព្វជិតភាព​ត្រូវបាន​ប្រគល់​ដល់​បុរស​ទាំងឡាយ​តាមរយៈ​ភ្នាក់ងារ​ដែល​មាន​សិទ្ធិអំណាច​របស់​ព្រះ ។ សារទូត​របស់​ព្រះអម្ចាស់ យ៉ូហាន បាទីស្ទ ដែល​បាន​កាន់​កូនសោ​ទាំងនេះ បាន​ស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើង​វិញ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នា​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៩ ។ បន្ទាប់​មក​មាន​ការស្ដារ​ឡើងវិញ​នូវ​កូនសោ​បព្វជិតភាព​ម៉ិលគីស្សាដែក​ដោយ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ។ នៅ​ថ្ងៃទី៣ ខែមេសា ឆ្នាំ១៨៣៦ ម៉ូសេ​បាន​ប្រគល់​កូនសោ​នៃ​នគរស្ថានសួគ៌​សម្រាប់ « ការប្រមូលផ្ដុំ​អ៊ីស្រាអែល » ។ អេលីយ៉ាស​បាន​ប្រគល់​កូនសោ​នៃ​គ្រាកាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​អ័ប្រាហាំ ហើយ​អេលីយ៉ា​បាន​ប្រគល់​អំណាច​នៃ​ការផ្សារភ្ជាប់​ដើម្បី​ប្រមូលផ្ដុំ​អ៊ីស្រាអែល​ទាំង​សងខាង​នៃ​វាំងនន ។ ព្យាការី យ៉ូសែប ស្ម៊ីធ ជា​ឧបករណ៍ និង​ជា​ប្រដាប់​ដ៏​ជម្រើស​មួយ ដើម្បី​ទទួល​ពរជ័យ​ទាំងនេះ ហើយ​ជួយ​បន្ត​កិច្ចការ​របស់​ព្រះ​សម្រាប់​គ្រាកាន់កាប់​ត្រួតត្រា​នេះ ។


« នៅក្នុងពិធីបរិសុទ្ធទាំងឡាយ . . . នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ »

គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 84:20

កូនសោ​បព្វជិតភាព

« ថ្នាក់ដឹកនាំ​ដ៏​ជម្រើស​របស់​ព្រះអម្ចាស់​ទទួល​កូនសោ​បព្វជិតភាព​ដើម្បី​គ្រប់គ្រង និង​ដឹកនាំ​កិច្ចការ​របស់​ទ្រង់ ។ សមាជិក​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​កាន់​កូនសោ​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​ការគ្រប់គ្រង​សាសនាចក្រ ។ មាន​តែ​ប្រធាន​សាសនាចក្រ​ប៉ុណ្ណោះ​មាន​សិទ្ធិ​ដើម្បី​អនុវត្ត​កូនសោ​ទាំងអស់ ។ លោក​បែងចែក​កូនសោ​ទាំងនេះ​ទៅ​អ្នកផ្សេង​ទៀត​ដែល​ជា​អធិបតី​នៅក្នុង​សាសនាចក្រ ដូចជា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ប្រធាន​បេសកកម្ម ប្រធាន​ស្តេក ប្រធាន​មណ្ឌល ប៊ីស្សព ប្រធាន​សាខា និង​ប្រធាន​កូរ៉ុម រួម​ទាំង​ប្រធាន​កូរ៉ុម​ឌីកុន និង​គ្រូ​ផងដែរ » ។៤

ក្នុង​ឆ្នាំ២០១៩ ខ្ញុំ​មាន​អភ័យឯកសិទ្ធិ​ទៅ​ធ្វើ​ទស្សនកិច្ច​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ហើយ​បាន​ទទួល​បទពិសោធន៍​រៀនសូត្រ​ដ៏​ពិសេស​មួយ ។ ពេល​ដែល​ខ្ញុំ​បាន​ដើរ​ទៅកាន់​រូបសំណាក​ពួកសាវក​ដប់ពីរ​នាក់​ដែល​តាំង​នៅក្នុង​មជ្ឈមណ្ឌល​អ្នក​ទស្សនា ខ្ញុំ​បាន​កត់សម្គាល់​ពី​កូនសោ​នៅក្នុង​ដៃ​របស់​សាវក​ពេត្រុស ។  ខ្ញុំ​បាន​សង្កេត​មើល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ជុំវិញ​ខ្ញុំ​ដោយ​អន្ទះសា ដែល​កំពុង​ពន្យល់​អំពី​កូនសោ​ទាំងឡាយ​ដែល​សាវក​ធំ​បាន​ទទួល​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ក៏​បាន​ពន្យល់​ផងដែរ​អំពី​សារៈសំខាន់​នៃ​កូនសោ​បព្វជិតភាព​ដែល​ប្រធាន ណិលសុន កំពុងកាន់ ព្រមទាំងរបៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​កិច្ចការ​របស់​ទ្រង់​តាមរយៈ​ព្យាការី​ដែល​បានតែងតាំង និង​ថា​កូនសោ​ទាំងឡាយ​ត្រូវបាន​បញ្ជូន​មក​ឲ្យ​បន្ត​កិច្ចការ​របស់​ទ្រង់​ទៅមុខ​ទៀត ។

 

ពួកគេ​បាន​សាកសួរ​អំពី​ការហៅ​របស់​ខ្ញុំ និងបាន​សុំ​ខ្ញុំ​ឲ្យ​កាន់​កូនសោ ហើយ​បាន​រំឭក​ខ្ញុំ​អំពី​កូនសោ​បព្វជិតភាព​នៃ​ប្រធាន​ស្តេក ។ ការរៀនសូត្រ​ដ៏​មាន​អត្ថន័យ​នេះ​បាន​កើតឡើង​សម្រាប់​ខ្ញុំ គឺ​របៀប​ដែល​សិទ្ធិអំណាច និង​កូនសោ​បព្វជិតភាព​ត្រូវបាន​ប្រគល់​ដល់​បុរស​ទាំងឡាយ​ដើម្បី​គ្រប់គ្រង​កិច្ចការ​របស់​ទ្រង់ ។

សិទ្ធិអំណាច កូនសោ និងអំណាចបព្វជិតភាព

អំណាច​បព្វជិតភាព

ដើម្បី​អនុវត្ត​អំណាច​បព្វជិតភាព មនុស្ស​ម្នាក់​ត្រូវតែ​រស់នៅ​ដោយ​គោរព​ប្រតិបត្តិ ដែល​មានន័យ​ថា ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដូច​ដែល​ប្រធាន ណិលសុន បានបង្រៀន ។ « នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំងឡាយ . . . នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ។៥ សិទ្ធិអំណាច​បព្វជិតភាព​ត្រូវបាន​ទទួល​តាមរយៈ​ការតែងតាំង ។ យើង​ទទួល​បាន​អំណាច​មក​ពី​ស្ថានសួគ៌​ដោយ​ការរក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ហើយ « ហេតុ​ដូច្នេះ​ហើយ គ្រប់​អ្វី​ទាំងអស់ ដែល​ព្រះវរបិតា​យើង​មាន នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​នោះ​ដែរ » ។៦   

មិនត្រឹម​តែ​បុរស​ប៉ុណ្ណោះ​ទេ​ដែល​ទទួល​បាន​អំណាច​នៃ​បព្វជិតភាព ។  បងប្អូន​ស្រី​ក៏​មាន​សិទ្ធិ​ទទួល​ពរជ័យ​ទាំងឡាយ​តាមរយៈ​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ តាមរយៈ​អំណាច​បព្វជិតភាព មនុស្ស​ម្នាក់​អាច​តម្កើង​ការហៅ និង​ដកពិសោធ​នូវ​អព្ភូតហេតុ​ទាំងឡាយ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​របស់​អ្នកទាំងឡាយ​ដែល​ពួកគេ​បម្រើ ។ ដំបូង​បំផុត កាតព្វកិច្ច​របស់​អ្នកកាន់​បព្វជិតភាព គឺ​ត្រូវ​បម្រើ​នៅក្នុង​ផ្ទះ​ទាំងមូល​របស់​គាត់  « ក៏​សូម​ឲ្យចិត្ត​អ្នកពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំង​អស់ និង​ដល់​ពួក​អ្នក​ជឿ​ផង » ។៧ សមាជិក​ក្នុង​គ្រួសារ​យើង​ផ្ទាល់​គួរតែ​ទទួលស្គាល់ និង​ទទួល​អារម្មណ៍​នៃ​ពរជ័យ​បព្វជិតភាព ។ លំដាប់លំដោយ​នៃ​បព្វជិតភាព​ត្រូវបាន​បង្រៀន និង​ពន្យល់​យ៉ាង​ល្អ ៖ ទីមួយ ផ្តល់ ការពារ ហើយ​បន្ទាប់​មក ធ្វើ​ជា​អធិបតី ។ ប្រសិន​បើ​មាន​អ្វី​ដែល​ផ្ទុយ​ពី​លំដាប់​លំដោយ​នេះ ឬ​នៅក្នុង​ការត្រួតត្រា​ដែល​បាន​ចាត់តាំង​របស់​យើង « យើង​ខំ​ស្វែងរក​ផ្លូវដើម្បីលាក់អំពើ​បាប​ទាំងឡាយរបស់​យើង ឬ​ដើម្បី​បំពេញសេចក្ដី​ឆ្មើងឆ្មៃ​របស់​យើង សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ឥត​ប្រយោជន៍​របស់​យើង ឬ​ដើម្បី​អនុវត្ត​ការ​ត្រួតត្រា ឬ​ការគ្រប់គ្រង ឬ​ការបង្ខិតបង្ខំ​ទៅ​លើ​ព្រលឹង​នៃ​កូន​ចៅ​មនុស្ស​ដោយ​នូវ​សេចក្ដី​ដ៏​ឥត​សុចរិត​ណា​មួយ ។ មើល​ចុះ ស្ថាន​សួគ៌ដកខ្លួន​ចេញ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ថប់​បារម្ភ ហើយ​កាលណា​ព្រះ​វិញ្ញាណ​ថយ​ចេញ បព្វជិតភាព ឬ​សិទ្ធិ​អំណាច​នៃ​មនុស្ស​នោះ​ត្រូវ​បាន​បញ្ចប់ » ។ ៨

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រគល់​បព្វជិតភាព​ដល់​បុរស​ទាំងអស់ ដើម្បី​ជួយ​ទ្រង់​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពលើក​តម្កើង ។ យើង​មាន​កាតព្វកិច្ច​ដើម្បី​អនុវត្ត​សិទ្ធិអំណាច និង​កូនសោ​បព្វជិតភាព​ដោយ​សេចក្ដី​សប្បុរស និង​ដោយ​សេចក្ដី​រាបសា​គ្រប់យ៉ាង ដើម្បី​ធ្វើ​ជា​សាក្សី​ដល់​អំណាច​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន និង​អព្ភូតហេតុ​ទាំងឡាយ​របស់​ទ្រង់​នៅក្នុង​ជីវិត​អ្នក​ទាំងឡាយ​ណា​ដែល​យើង​បម្រើ ។

 

  1. ក្បួនខ្នាត​ទូទៅ ៖  ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣.០ នៅលើ​គេហ​ទំព័រ ChurchofJesusChrist.org
  2. យ៉ូហាន ៣:១៦
  3. ម៉ាថាយ ១៦:១៩
  4.  « Priesthood Keys » New Era ខែឧសភា ឆ្នាំ២០១២
  5. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:២០
  6. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:៣៨
  7. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៤៥
  8. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៣៧