
អំណាចនៃសេចក្ដីសញ្ញាដ៏និរន្តរ៍
ក្នុងនាមជាក្មេងប្រុសដែលមានអាយុទើបតែប្រាំបីឆ្នាំ ខ្ញុំចងចាំយ៉ាងច្បាស់នូវភាពរំភើបនៃការរំពឹងទុកដែលនាំទៅកាន់ពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ ខ្ញុំមានការរំពឹងទុកខ្ពស់បែបនេះ ដោយជឿយ៉ាងពិតប្រាកដថា ខ្ញុំនឹងមានអារម្មណ៍ថាមានអ្វីមួយអស្ចារ្យ និងកើតឡើងភ្លាមៗ ។ នៅពេលអារម្មណ៍ដ៏ច្បាស់លាស់នោះមិនឃើញកើតឡើង ខ្ញុំមានចិត្តច្របូកច្របល់ ។ ខ្ញុំគិតថា ខ្ញុំបានរំពឹងចំពោះពរជ័យភ្លាមៗ ការផ្លាស់ប្តូរភ្លាមៗ ។ ដោយគិតអំពីពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំកាលពីជាង៥០ឆ្នាំមុន និងអ្វីៗទាំងអស់ដែលបានបង្ហាញឲ្យឃើញតាំងពីពេលនោះមក ឥឡូវខ្ញុំយល់អ្វីៗទាំងអស់កាន់តែច្បាស់ ។
បទពិសោធន៍នៃការចូលទៅក្នុងសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ព្រមជាមួយនឹងសេចក្តីសញ្ញាជាច្រើនដែលខ្ញុំបានធ្វើជាមួយព្រះអម្ចាស់តាំងពីពេលនោះមក បានក្លាយជាគ្រឹះនៃពរជ័យដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំ ។ វាមិនមែនអំពីអារម្មណ៍ដ៏លើសលប់ ឬការផ្លាស់ប្តូរភ្លាមៗនោះទេ ។ ផ្ទុយទៅវិញ វាគឺជាអំណាចដ៏អស្ចារ្យដែលបានបង្ហាញឲ្យឃើញបន្តិចម្ដងៗ និងយ៉ាងខ្ជាប់ខ្ជួននៅក្នុងជីវិតរបស់ខ្ញុំ ។ ឥឡូវនេះ ខ្ញុំពិតជាដឹងពីអំណាច និងពរជ័យដ៏មហិមាដែលខ្ញុំបានទទួល វាមិនមែនកើតឡើងក្នុងពេលតែមួយនោះទេ ប៉ុន្តែវាកើតចេញពីជម្រើសសាមញ្ញៗដ៏ស្មោះត្រង់ដែលខ្ញុំបានធ្វើរាល់ពេលដែលខ្ញុំបង្ហាញការទុកចិត្តរបស់ខ្ញុំទៅលើព្រះអម្ចាស់ តាមរយៈទង្វើរាប់មិនអស់នៃការធ្វើសេចក្តីសញ្ញា និងការរក្សាសេចក្តីសញ្ញា ។
សេចក្តីសញ្ញាគឺជាភាពជាដៃគូ ៖ នៅពេលយើងធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ យើងចូលទៅក្នុងទំនាក់ទំនងដ៏ពិសិដ្ឋមួយ ។ យើងសន្យាថានឹងអនុវត្តសេចក្តីជំនឿ ខិតខំគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ហើយប្រឹងប្រែងឧស្សាហ៍ព្យាយាមធ្វើការជ្រើសរើសដ៏សុចរិត ។ ជាលទ្ធផល យើងមានពរជ័យឲ្យមានអារម្មណ៍នូវការណែនាំ កម្លាំង និងការគាំទ្រដែលគួរឲ្យស្រឡាញ់របស់ទ្រង់នៅគ្រប់កាលៈទេសៈនៃជីវិត ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ទំនាក់ទំនងនៃសេចក្តីសញ្ញាជាមួយព្រះ « … ទុកឲ្យទ្រង់ប្រទានពរ និងផ្លាស់ប្តូរយើង … ប្រសិនបើយើងទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង សេចក្តីសញ្ញានោះនឹងដឹកនាំយើងឲ្យទៅកាន់តែជិតទ្រង់ » ។ ( « សេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ )
ទំនាក់ទំនងនៃសេចក្តីសញ្ញាជាមួយព្រះ « … ទុកឲ្យទ្រង់ប្រទានពរ និងផ្លាស់ប្តូរយើង … ប្រសិនបើយើងទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង សេចក្តីសញ្ញានោះនឹងដឹកនាំយើងឲ្យទៅកាន់តែជិតទ្រង់ » ។
ប្រធាន រ័សុល អិម ណិលសុន
ការផ្លាស់ប្តូរបន្តិចម្តងៗ ៖ ជារឿយៗ ការលូតលាស់ និងការផ្លាស់ប្តូរដែលកើតចេញពីសេចក្តីសញ្ញា គឺជាដំណើរការនៃការបន្សុទ្ធ ។ ដូចជាទឹកទន្លេហូរសន្សឹមៗឥតឈប់ឈរកាត់ជ្រោះជ្រៅដែរ នោះការប្រឹងប្រែងជាបន្តបន្ទាប់ និងការស្ម័គ្រចេញពីចិត្តដើម្បីឲ្យព្រះវិញ្ញាណដឹកនាំដុសខាត់យើងបន្តិចម្តងៗឲ្យក្លាយជាបុគ្គលដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យយើងប្រែក្លាយ ។ ការផ្លាស់ប្តូរនេះប្រហែលជាពិបាកនឹងមើលឃើញពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែវានឹងបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅពេលអនាគត ។ ខ្ញុំប្រហែលជាមិនមានអារម្មណ៍ខុសប្លែកភ្លាមៗបន្ទាប់ពីបុណ្យជ្រមុជទឹករបស់ខ្ញុំទេ ប៉ុន្តែជម្រើសដែលខ្ញុំបានធ្វើដោយសារតែសេចក្ដីសញ្ញានោះជារៀងរាល់ថ្ងៃ បាននាំទៅរកការរីកចម្រើនដ៏ធំក្នុងជីវិតរបស់ខ្ញុំ ។
ភាពចាស់ទុំខាងវិញ្ញាណ ៖ ដំណើរជីវិតរបស់ខ្ញុំតាំងពីក្មេងអាយុ៨ឆ្នាំ ដែលរំពឹងទុកចំពោះការផ្លាស់ប្តូរភ្លាមៗរហូតក្លាយជាមនុស្សពេញវ័យម្នាក់ដែលស្គាល់ពីពរជ័យរយៈពេលវែងដ៏ជ្រាលជ្រៅ ឆ្លុះបញ្ចាំងពីភាពចាស់ទុំខាងវិញ្ញាណដែលកំពុងរីកចម្រើន ។ តាមរយៈពេលវេលា និងបទពិសោធន៍ យើងម្នាក់ៗអាចរៀនស្គាល់ព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងតាមរបៀបដែលច្បាស់លាស់ជាងមុន ។ យើងចាប់ផ្តើមមើលឃើញពីរបៀបដែលទង្វើតូចតាចនៃភាពស្មោះត្រង់ដែលបានចាក់ឫសនៅក្នុងសេចក្តីសញ្ញារបស់យើងនាំទៅរកលទ្ធផលដ៏សំខាន់ ។

ពរជ័យដ៏បរិបូរណ៍នៃការរក្សាសេចក្តីសញ្ញា
សេចក្ដីសញ្ញានីមួយៗដែលខ្ញុំបានធ្វើចាប់តាំងពីពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ បានបន្ថែមទៅក្នុងឃ្លាំងនៃពរជ័យ ចំណេះដឹង និងអំណាចខាងវិញ្ញាណ ។ វាមិនមែនគ្រាន់តែជាសេចក្ដីសញ្ញាមួយនោះទេ ប៉ុន្តែវាគឺជាគន្លងនៃការរក្សាសេចក្ដីសញ្ញា ដែលបានបើកទ្វារស្ថានសួគ៌មកក្នុងជីវិតរបស់ខ្ញុំយ៉ាងពិតប្រាកដ ។ នៅពេលខ្ញុំជញ្ជឹងគិតពីសេចក្ដីសញ្ញារបស់ខ្ញុំ ខ្ញុំមើលឃើញសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ប្រទានដល់ខ្ញុំ ៖
- ភាពក្លាហាន ដើម្បីជ្រើសរើសបម្រើបេសកកម្ម រៀបការក្នុងព្រះវិហារបរិសុទ្ធ ហើយមានកូន ។
- ជំនឿ ដើម្បីបន្តព្យាយាមសូម្បីតែត្រូវប្រឈមមុខនឹងការបរាជ័យនៃអាជីពរបស់ខ្ញុំក្តី ។
- សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ សម្រាប់កូនៗរបស់ខ្ញុំទោះបីជានៅពេលដែលពួកគេវង្វេងផ្លូវក្ដី ។
- កម្លាំង ដើម្បីអត់ទោសឲ្យដៃគូអាជីវកម្មដែលបោកប្រាស់ខ្ញុំ ។
- សេចក្តីសង្ឃឹម នៃការអភ័យទោសតាមរយៈពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ ដែលអនុញ្ញាតឲ្យខ្ញុំបន្តប្រែចិត្ត ទោះជាខ្ញុំមានភាពទន់ខ្សោយក៏ដោយ និង
- សេចក្តីសុខសាន្ត ដើម្បីប្រឈមនឹងមរណភាពរបស់ឪពុកម្តាយខ្ញុំ ។
ស្តេចបេនយ៉ាមីនបានបង្រៀនថា « ហើយថែមទៀត ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតពិចារណា អំពីស្ថានភាពដ៏មានពរ និងរីករាយ នៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ ដ្បិតមើលចុះ ពួកគេបានពរគ្រប់យ៉ាង ទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង ហើយបើសិនជាពួកគេរក្សាការស្មោះត្រង់ដរាបដល់ចុងបំផុត នោះពួកគេនឹងត្រូវបានទទួលនៅស្ថានសួគ៌ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ។ ( ម៉ូសាយ ២:៤១ )
ទោះជាខ្ញុំមិនយល់ដឹងទាំងអស់ក្ដី ក៏ខ្ញុំដឹងការណ៍នេះយ៉ាងច្បាស់ ៖ ព្រះមានសេចក្តីស្រឡាញ់ដ៏ពិសេសមួយចំពោះអស់អ្នកដែលធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ ចំពោះអស់អ្នកដែលជ្រើសរើសបម្រើទ្រង់ និងបុត្រាបុត្រីរបស់ទ្រង់ជាប្រចាំថ្ងៃ និងចំពោះអស់អ្នកដែលព្យាយាមឲ្យដូចជាទ្រង់ ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះឪពុកម្ដាយដ៏ឈ្លាសវៃរបស់ខ្ញុំ និងគំរូដ៏សុចរិតរបស់ពួកលោកក្នុងការចូលទៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ដែលវាបានកំណត់ផ្លូវឲ្យខ្ញុំដើម្បីដើរតាម ។ ដោយសារតែសេចក្ដីសញ្ញាទាំងនេះ និងពរជ័យដ៏អស្ចារ្យដែលខ្ញុំបានមើលឃើញក្នុងជីវិតរបស់ខ្ញុំដែលវាកើតចេញពីការព្យាយាមរក្សាសេចក្ដីសញ្ញាទាំងនោះ ។ ខ្ញុំដឹងថា ព្រះអម្ចាស់មានព្រះជន្មរស់ ហើយស្រឡាញ់ខ្ញុំដោយក្ដីមេត្តាករុណា ។ ដួងចិត្តរបស់ខ្ញុំគឺជាព្រះទ័យរបស់ទ្រង់ ហើយខ្ញុំជ្រើសរើសធ្វើសកម្មភាពដោយសេចក្តីជំនឿជារៀងរាល់ថ្ងៃ ដោយការធ្វើតាមគំរូដ៏ទេវភាពរបស់ទ្រង់ ។