នៅថ្ងៃមួយ ពេលខ្ញុំនៅតាមផ្លូវទៅផ្ទះ ខ្ញុំបានឃើញស្លាកសញ្ញាជាភាសាអង់គ្លេសមួយ ដែលទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ ។ វាអានថា « ការប្រកបពាក្យគ្រួសារ ( Family ) គឺមានន័យថា លោកឪពុក និងអ្នកម្ដាយ កូនស្រឡាញ់លោកទាំងពីរ ( Father And Mother I Love You ) » ។ ស្លាកសញ្ញានេះបានផ្តល់ការបំផុសគំនិតមួយចំនួនដល់ខ្ញុំ ។ វាហាក់ដូចជាពន្យល់ពីរចនាសម្ព័ន្ធនៃពាក្យ « គ្រួសារ » ។ គ្រួសារមួយរួមមានឪពុកម្តាយ និងកូនៗ ហើយអ្វីដែលសំខាន់ជាងនេះទៀត គឺវារួមបញ្ចូលនូវទង្វើដ៏សំខាន់មួយ – « សេចក្តីស្រឡាញ់ » ។ ទង្វើនេះធ្វើឲ្យពាក្យដ៏សាមញ្ញនេះ មានន័យខុសគ្នាខ្លាំងណាស់ ហើយបំពេញវាដោយការជំរុញចិត្ត និងសេចក្តីសង្ឃឹមដែលគ្រួសារមួយត្រូវការ ។
ក្នុងចំណោមអំណោយទាំងអស់ដែលព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងបានប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ អំណោយដ៏អស្ចារ្យបំផុតនោះគឺជាជីវិតដ៏នៅអស់កល្បជានិច្ច ។[1] អំណោយនោះគឺការរស់នៅក្នុងទីវត្តមានរបស់ព្រះ ជាព្រះវរបិតា និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ជារៀងរហូតជាក្រុមគ្រួសារ ។ មានតែនៅក្នុងនគរដ៏ខ្ពស់បំផុតរបស់ព្រះ គឺនគរសេឡេស្ទាលប៉ុណ្ណោះ ទើបចំណងនៃជីវិតគ្រួសារដែលពេញដោយសេចក្ដីស្រឡាញ់នឹងបន្ដទៅមុខបាន ។ យើងទាំងអស់គ្នាសង្ឃឹមចង់បានអំណរនៃការរស់នៅជាក្រុមគ្រួសារដែលពេញដោយសេចក្ដីស្រឡាញ់ ។ យើងទាំងអស់គ្នាមានសេចក្ដីសង្ឃឹមថា នៅថ្ងៃណាមួយ យើងនឹងទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់យ៉ាងកក់ក្តៅរបស់សមាជិកគ្រួសារនោះម្ដងទៀត ជាមនុស្សដែលយើងស្រឡាញ់យ៉ាងខ្លាំង តែឥឡូវនៅឈឺចាប់នៅឡើយ កាលយើងចង់ឱបពួកគេម្ដងទៀត ។
ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងជ្រាបពីដួងចិត្តរបស់យើង ។ ព្រះរាជបំណងរបស់ទ្រង់គឺដើម្បីប្រទានសេចក្ដីអំណរដល់យើង ។[2] ទ្រង់បានប្រទានអំណោយទានជាព្រះរាជបុត្រារបស់ទ្រង់ ដើម្បីធ្វើឲ្យកើតមាននូវសេចក្តីអំណរក្នុងចំណងគ្រួសារ ដែលនឹងបន្ដមានជារៀងរហូត ។ ដោយសារព្រះអង្គសង្គ្រោះបានផ្ដាច់ចំណងនៃសេចក្ដីស្លាប់ នោះយើងនឹងបានរស់ឡើងវិញ ។ ដោយសារទ្រង់បានធ្វើដង្វាយធួនសម្រាប់អំពើបាបរបស់យើង នោះតាមរយៈសេចក្ដីជំនឿ និងការប្រែចិត្តរបស់យើង យើងអាចប្រែជាមានភាពស័ក្ដិសមចំពោះនគរសេឡេស្ទាលបាន ជាកន្លែងដែលក្រុមគ្រួសារត្រូវបានចងភ្ជាប់នឹងគ្នានៅក្នុងសេចក្ដីស្រឡាញ់ជារៀងរហូត ។
« នោះការរៀបចំគ្រួសាររបស់ប្អូននឹងអស្ចារ្យជាងអ្វីដែលប្អូនអាចនឹកគិតដល់ទៅទៀត »
ហែនរី ប៊ី អាវរិង
អែលឌើរ ហែនរី ប៊ី អាវរិង បានមានប្រសាសន៍ថា « ការសន្យារបស់ខ្ញុំចំពោះបងប្អូនគឺជាការសន្យាមួយ ដែលសមាជិកមួយរូបក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសន្យានឹងខ្ញុំនៅគ្រាមួយ ។ ខ្ញុំបាននិយាយទៅកាន់លោកថា ដោយសារតែការជ្រើសរើសរបស់សាច់ញាតិមួយចំនួនក្នុងគ្រួសាររបស់យើងបានធ្វើ នោះខ្ញុំគិតថា យើងពុំអាចរួមរស់នឹងគ្នានៅជីវិតក្រោយទៀតបានឡើយ ។ ដូចអ្វីដែលខ្ញុំនៅចាំបាន នោះលោកបានថ្លែងថា « ប្អូនកំពុងព្រួយបារម្ភពីបញ្ហាខុសឆ្គងហើយ ។ ប្អូនគ្រាន់តែរស់នៅឲ្យស័ក្ដិសមនឹងនគរសេឡេស្ទាលទៅបានហើយ នោះការរៀបចំគ្រួសាររបស់ប្អូននឹងអស្ចារ្យជាងអ្វីដែលប្អូនអាចនឹកគិតដល់ទៅទៀត » ។[3]
ប្រធាន ហារ៉ូល ប៊ី លី បានលើកទឹកចិត្តពួកយើងទាំងអស់គ្នាឲ្យមានសេចក្តីស្រឡាញ់ កម្លាំងសាមគ្គីភាព និងសុភមង្គលកាន់តែខ្លាំងឡើងនៅក្នុងផ្ទះរបស់យើង ។ លោកបានមានប្រសាសន៍ថា « ពង្រឹងចំណងគ្រួសាររបស់អ្នក និងមើលថែកូនៗរបស់អ្នក … ត្រូវប្រាកដថា ផ្ទះគឺជាកន្លែងដ៏រឹងមាំមួយ ដែលកូនៗអាចមកពឹងបាន ដូចជាយុថ្កាមួយដែលពួកគេត្រូវការនៅជំនាន់នេះដែលពេញដោយបញ្ហា និងភាពចលាចលនេះ ។ បន្ទាប់មក សេចក្តីស្រឡាញ់នឹងមានច្រើនឡើង ហើយអំណររបស់អ្នកនឹងកើនឡើងដែរ » ។[4] លោកបានទូន្មានថា យើងគួរតែអធិស្ឋានជាគ្រួសារ និងបំពេញការហៅក្នុងសាសនាចក្ររបស់យើង ។ សមាជិកគ្រួសារគួរតែបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក ។ ឪពុកម្តាយមិនគួរឈ្លោះប្រកែកគ្នាទេ ហើយការយល់ច្រឡំត្រូវពិភាក្សាជាមួយគ្នាដោយសមហេតុផល ។ សមាជិកម្នាក់ៗគួរតែខិតខំជារៀងរាល់ថ្ងៃ ដើម្បីធ្វើការលះបង់ដើម្បីជួយសមាជិកដទៃទៀតក្នុងគ្រួសារ ។
ប្រធាន ហារ៉ូល ប៊ី លី បានថ្លែងថា « សេចក្តីស្រឡាញ់របស់ព្រះមិនមែនជាអ្វីដែលអ្នកទទួលបាន ដោយការគ្រាន់តែទូលសូមនោះទេ ។ គឺយ៉ូហានដែលបានមានប្រសាសន៍ថា « បើអ្នកណាថា ខ្លួនស្រឡាញ់ព្រះ តែស្អប់ដល់បងប្អូនវិញ អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាដែលមិនស្រឡាញ់បងប្អូន ដែលបានមើលឃើញទៅហើយ នោះធ្វើដូចម្តេចឡើយ ឲ្យស្រឡាញ់ដល់ព្រះ ដែលមើលមិនឃើញទៅបាន ? »[5] អ្នកមិនអាចស្រឡាញ់ព្រះ រួចហើយស្អប់បងប្អូនប្រុសរបស់អ្នក ដែលអ្នកមានទំនាក់ទំនងជាមួយបានទេ ។ បុរសទាំងឡាយណាដែលគិតថា គាត់ជាបុគ្គលដែលសម្បូរដោយគំនិតខាងវិញ្ញាណដ៏សន្ធឹកសន្ធាប់ តែផ្ទះរបស់គាត់គ្មានរបៀបរៀបរយ ដោយសារតែការធ្វេសប្រហែស និងភាពបរាជ័យរបស់គាត់ក្នុងការថែទាំភរិយា និងកូនៗរបស់គាត់ផ្ទាល់ បុរសនោះគឺមិនស្ថិតនៅលើផ្លូវរបស់គាត់ ដើម្បីបណ្ដុះសេចក្តីស្រឡាញ់ចំពោះព្រះឡើយ » ។[6]
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » អាចជួយពង្រឹង និងបង្រួបបង្រួមគ្រួសាររបស់អ្នកបាន ។ យោបល់ណែនាំខាងក្រោមនេះត្រូវបានផ្តល់ដល់កុមារអង្គការបឋមសិក្សា ។[7]
- អ្នកគឺជាផ្នែកមួយនៃគ្រួសារដ៏នៅអស់កល្បជានិច្ចដែលត្រូវការជំនួយរបស់អ្នក ។
- អ្នកអាចនាំឲ្យមានសុភមង្គល សប្បុរសធម៌ និងសេចក្តីស្រឡាញ់ដល់គ្រួសាររបស់អ្នកបាន ។
- អ្នកអាចស្តាប់គ្នាទៅវិញទៅមក ធ្វើការ និងលេងជាមួយគ្នា អភ័យទោសឲ្យគ្នា និងជួយគ្នាទៅវិញទៅមក ។
- អ្នកអាចអានព្រះគម្ពីរជាមួយគ្រួសាររបស់អ្នកបាន ។
- អ្នកអាចធ្វើជាគំរូដ៏ល្អមួយដល់គ្រួសាររបស់អ្នក នៅពេលអ្នកអធិស្ឋាន និងកាន់តាមព្រះបញ្ញត្តិទាំងឡាយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការសន្យារបស់ព្យាការី ៖ « នោះការរៀបចំគ្រួសាររបស់ប្អូននឹងអស្ចារ្យជាងអ្វីដែលប្អូនអាចនឹកគិតដល់ទៅទៀត » នឹងក្លាយជាពរជ័យរបស់អ្នក នៅពេលអ្នករស់នៅឲ្យស័ក្ដិសមនឹងនគរសេឡេស្ទាល ។[8]
[1] គ. និង ស. ១៤:៧
[2]នីហ្វៃទី២ ២:២៥
[3] ហែនរី ប៊ី អាវរិង « A Home Where the Spirit of the Lord Dwells » Ensign ខែឧសភា ឆ្នាំ២០១៩ ទំព័រ ២៥
[4]Teachings of the Prophets: Harold B. Lee [ ឆ្នាំ២០១១ ] ទំព័រ ១៣១
[5] យ៉ូហាន ទី១ ៤:២០
[6]Teachings of the Prophets: Harold B. Lee ទំព័រ ១៣០–១៣១
[7] អេរីន សាន់ឌើរសុន និង ជីន ប៊ីងហាំ លីអាហូណា ខែតុលា ឆ្នាំ២០១៤ ផ្នែកកុមារ
[8] ហែនរី ប៊ី អាវរិង « A Home Where the Spirit of the Lord Dwells » ទំព័រ២៥