សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (ខែ​មេសា 2026)

ការទទួល​បាន​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

អែលឌើរ មីន ហ្សូ វ៉ាង
អែលឌើរ មីន ហ្សូ វ៉ាង ពួកចិតសិបនាក់ប្រចាំតំបន់ តំបន់អាស៊ី

វា​ជា​រឿង​ដ៏​បំផុស​គំនិត ពេល​មើលឃើញ​មនុស្ស​ជាច្រើន​នាក់​នៅក្នុង​ព្រះគម្ពីរ អាច​ទទួល​បាន​ព្រះចេស្ដា​ព្យាបាល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អព្ភូតហេតុ​ជាច្រើន​បាន​កើតឡើង ម្តងហើយ​ម្តងទៀត នៅពេល​ដែល​បុគ្គល​ម្នាក់ៗ​បាន​មក​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ទ្រង់ ។ នៅក្នុង​គម្ពីរ​ម៉ាកុស ៥:២៥–៣៤ ស្ត្រី​ម្នាក់​ដែល​ឈឺ​ធ្លាក់​ឈាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បាន​ពាល់​ជាយ​ព្រះពស្ដ​របស់​ព្រះយេស៊ូវ ហើយ​បាន​ជា​សះស្បើយ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​នាង​ថា « កូនស្រី​អើយ សេចក្ដី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ » ។ ដូចគ្នា​នេះ​ដែរ នៅក្នុង​គម្ពីរ​ម៉ាកុស ១០:៤៦–៥២ នៅពេល​មនុស្ស​ខ្វាក់​ម្នាក់​បាន​ដឹង​ថា ព្រះយេស៊ូវ​យាង​មក​ក្បែរ​នោះ គាត់​ក៏​បាន​ស្រែកឡើង​ថា « ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង » ។ បន្ទាប់ពី​ទ្រង់​បាន​ប្រោស​គាត់​ឲ្យ​មើលឃើញ​រួចហើយ ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា « ទៅ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ » ។ ដំណើររឿង​ទាំងនេះ​បង្រៀន​យ៉ាង​ច្បាស់​ថា សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ការចាំបាច់​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​ព្យាបាល​របស់​ទ្រង់ ។

ព្រះយេស៊ូវ​លែង​យាង​​ដោយ​ផ្ទាល់​ក្នុង​ចំណោម​ពួកយើង​នៅលើ​ផែនដី​នេះ​ទៀត​ហើយ ។ តើ​យើង​អាច​មក​ជិត​ទ្រង់​នៅ​សព្វ​ថ្ងៃនេះ និង​ទទួល​បាន​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ទ្រង់​ដោយ​របៀប​ណា ? ព្រះគម្ពីរ​មរមន​បង្រៀន​នៅក្នុងគម្ពីរ​អាលម៉ា ៧:២១ ថា « ហើយ​ភាពស្មោក​គ្រោក ឬ​អ្វី​ដែល​មិន​ស្អាត ក៏​មិន​អាច​ទទួល​ឲ្យ​ចូល​ទៅក្នុង​នគរ​នៃ​ព្រះ​បាន​ដែរ » ។ ការណ៍​នេះ​រំឭក​យើង​ថា យើង​ត្រូវតែ​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​មាន​មនសិការ ដើម្បី​ងាក​ចេញពី​អំពើបាប ហើយ​ប្រែចិត្ត ។ ការប្រែចិត្ត​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដួងចិត្ត--មាន​បំណង​ប្រាថ្នា​ដ៏​ស្មោះសរ​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ដោយ​ទឹក និង​ពិធី​បញ្ជាក់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​រាងកាយ និង​ព្រលឹង​របស់​យើង​អាច​បាន​ស្អាតបាត និង​ញែក​ជា​បរិសុទ្ធ ។ តាមរយៈ​ការចុះ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ទាំងនេះ យើង​បង្កើត​ទំនាក់ទំនង​ដោយ​ផ្ទាល់ និង​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ជាមួយ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។


« ហើយភាពស្មោកគ្រោក ឬអ្វីដែលមិនស្អាត ក៏មិនអាចទទួលឲ្យចូលទៅក្នុងនគរនៃព្រះបានដែរ »

អាលម៉ា ៧:២១

នៅពេល​យើង​កាន់តាម​ព្រះបញ្ញត្តិ ដែល​យើង​បាន​សន្យា​ថា​នឹង​គោរព​តាម នោះ​ទំនាក់ទំនង​សេចក្ដី​សញ្ញា​នេះ​នឹង​ការពារ​យើង ហើយ​ពង្រឹង​យើង ។ ប៉ុន្ដែ​ជីវិត​នេះ​គឺ​ពោរពេញ​ដោយ​ការសាកល្បង និង​ការល្បួង ហើយ​ពេលខ្លះ​យើង​បរាជ័យ ។ នៅពេល​យើង​ធ្វើ​ខុស ដង្វាយធួន​ដ៏​និរន្ដរ៍របស់​ព្រះអង្គ​សង្គ្រោះ ផ្តល់​នូវ​ផ្លូវ​បកក្រោយ​វិញ ។ នៅក្នុង​គម្ពីរ​យ៉ូហាន ៦ ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ប្រាំ​ពាន់​នាក់ ដោយ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រី​តូច​ពីរ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​មាន​អាហារ​នៅសល់​ទៀត បន្ទាប់ពី​មនុស្ស​គ្រប់គ្នា​បាន​ឆ្អែត​ហើយ ។ អព្ភូតហេតុ​នេះ​បង្ហាញ​ថា ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ទ្រង់​មិន​ត្រូវបាន​កំណត់​ដោយ​ឧបសគ្គ​ខាង​សាច់ឈាម​នោះ​ទេ—ព្រះចេស្តា​ទ្រង់​មាន​ជា​និរន្ដរ៍ ។ ក្រោយមក ព្រះយេស៊ូវ​បាន​បង្រៀន​ថា « អ្នកណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើងវិញ​នៅ​ថ្ងៃ​ចុង​បំផុត ។ ពីព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត ហើយ​ឈាម​ខ្ញុំ​ក៏​ជា​គ្រឿងផឹក​ពិត​ប្រាកដ ។ អ្នកណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅក្នុង​អ្នក​នោះ​ដែរ » ( យ៉ូហាន ៦:៥៤–៥៦ ) ។ ព្រះបន្ទូល​របស់​ទ្រង់​បញ្ជាក់​យ៉ាង​ច្បាស់​ថា តាមរយៈ​ពលិកម្ម​របស់​ទ្រង់ នោះ​មនុស្ស​ទាំងអស់​អាច​ទទួល​បាន​ការអត់ទោស ការព្យាបាល ការកើត​ខាង​វិញ្ញាណ​ជាថ្មី និង​ការយកឈ្នះ​លើ​សេចក្ដី​ស្លាប់ ! នៅពេល​យើង​ទទួលទាន​សាក្រាម៉ង​រៀងរាល់​សប្ដាហ៍ នោះ​យើង​ត្រូវបាន​ញែក​ជា​បរិសុទ្ធ​ជាថ្មី​ម្ដងទៀត ហើយ​ខិត​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ការបន្ដ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា នោះ​យើង​អាច​បន្ត​ទទួល​បាន​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

ការទទួលបានព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ

ហើយ​ព្រោះ​យើង​ទទួល​បាន​ព្រះចេស្តា​ដ៏​បរិសុទ្ធ​បែប​នោះ ដូច្នោះ​យើង​ក៏​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការប្រើប្រាស់​វា​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​អ្នកដទៃ​ផងដែរ ។ ព្រះយេស៊ូវ​បាន​បង្រៀន​នៅក្នុង​គម្ពីរ​ម៉ាថាយ ១៦:១៩ ថា​ទ្រង់​នឹង​ប្រទាន​កូនសោ​នៃ​នគរ​ស្ថានសួគ៌ ជាមួយ​នឹង​អំណាច​ដើម្បី​ចង/ស្រាយ​នៅលើ​ផែនដី ក៏​ដូចជា​នៅលើ​ស្ថានសួគ៌​ផងដែរ ។ តាមរយៈ​ពរជ័យ​នៃ​បព្វជិតភាព ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ដ៏​ពិសិដ្ឋ​សម្រាប់​ពួកអ្នករស់ និង​ពួកអ្នកស្លាប់ នោះ​យើង​ជួយ​នាំ​ព្រលឹង​ទាំងឡាយ​មក​កាន់តែ​ជិត​ព្រះ ។ ពិធីបរិសុទ្ធ​ទាំងនេះ​អនុញ្ញាត​ឲ្យ​យើង​ដក​ពិសោធន៍​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ដ៏​ជ្រាលជ្រៅ និង​កាន់តែ​មាន​អត្ថន័យ​ជាងមុន ។ យើង​គួរតែ​ថ្លែង​ទីបន្ទាល់​របស់​យើង​ទៅកាន់​អ្នកដទៃ​អំពី​អំណាច​ដ៏​ពិសិដ្ឋ​នេះ ។ ប្រសិនបើ​យើង​មក​រក​ព្រះអង្គ​សង្គ្រោះ មិន​ថា​យើង​បាន​ធ្វើ​អ្វី​នោះ​ទេ មិន​ថា​យើង​កំពុង​រែក​បន្ទុក​ដ៏​ធ្ងន់​ខ្លាំង​ប៉ុនណា​ទេ ហើយ​មិន​ថា​យើង​បាន​បរាជ័យ​ប៉ុន្មាន​ដង​ហើយ​ទេ ព្រះចេស្ដា​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​សង្គ្រោះ​យើង​ទាំងអស់គ្នា​បាន ។

ការទទួល​បាន​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​មកពី​ស្ថានសួគ៌ ដែល​នាំ​ទៅរក​ភាពអស់កល្ប​ជានិច្ច ។ យើង​ទទួល​បាន​ព្រះចេស្តា​នេះ​តាមរយៈ​សេចក្តី​ជំនឿ ការប្រែចិត្ត សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ និង​ការបន្ត​រំឭក​ជាថ្មី​តាមរយៈ​ពិធីបរិសុទ្ធ ។ នៅពេល​យើង​ធ្វើតាម​ព្រះគ្រីស្ទ និង​ជួយ​អ្នកដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​នេះ នោះ​ព្រះចេស្តា​ដ៏​និរន្ដរ៍​របស់​ទ្រង់​នឹង​ព្យាបាល​យើង ពង្រឹង​យើង ហើយ​នាំ​យើង​ត្រឡប់​ទៅរក​ព្រះវរបិតា​សួគ៌​របស់​យើង​វិញ ។ យើង​នឹង​ទទួល​បាន​នូវ​សុភមង្គល​ដ៏​ធំ​ចុងក្រោយ រួម​ជាមួយ​សមាជិក​គ្រួសារ​ជាទី​ស្រឡាញ់​របស់​យើង​ជារៀង​រហូត​តទៅ ។