« ព្រះវរបិតាអើយ ទ្រង់នៅទីនេះឬ ? តើព្រះអង្គនឹងឆ្លើយការអធិស្ឋានកូនឬទេ ? »[1]
មិនថាពេលណាក៏ដោយ យើងភាគច្រើនបានសួរនៅក្នុងចិត្តយើងនូវសំណួរដដែល ដែលចំៗ ពិតប្រាកដ និងមានសង្ឃឹមដូចគ្នា ដែលបានបង្ហាញនៅក្នុងបទចម្រៀងកុមារដ៏រំជួលចិត្តនេះថា « តើព្រះអង្គនឹងឆ្លើយការអធិស្ឋានកូនឬទេ ? »
នៅគ្រាមួយក្នុងជីវិតខ្ញុំ ខ្ញុំមានអារម្មណ៍ថាខ្ញុំស្ថិតក្នុងស្ថានភាព « ភ័យរន្ធត់ » ខាងវិញ្ញាណ ។ ខ្ញុំនឹករឭកដល់កម្រិតនៃអារម្មណ៍ព្រះវិញ្ញាណដ៏ញឹកញាប់ដែលខ្ញុំធ្លាប់មានកាលពីមុន ។ ថ្ងៃមួយក្នុងអំឡុងគ្រានោះ ខ្ញុំបានប្រទះឃើញសៀវភៅព្រះគម្ពីរបោះពុម្ពធំមួយក្បាល ដែលម្តាយរបស់ខ្ញុំបានទទួលពីឪពុកខ្ញុំ ហើយក្រោយមកខ្ញុំបានទទួលពីម្តាយរបស់ខ្ញុំ នៅពេលគាត់បានទទួលមរណភាព ។
កាលខ្ញុំបើកព្រះគម្ពីរនោះ ហើយយកមេដៃបើកមើលតាមទំព័រ ខ្ញុំមានអារម្មណ៍ថាមានទំនាក់ទំនងយ៉ាងវិសេសជាមួយឪពុកម្តាយរបស់ខ្ញុំ ។ ខ្ញុំបានឃើញកំណត់ចំណាំមួយដែលមានការសរសេរដោយដៃរបស់ម្តាយខ្ញុំ ។ បទគម្ពីរដែលគាត់បានចំណាំទុកគឺនៅក្នុងព្រះគម្ពីរ គោលលទ្ធិ និងសេចក្ដីសញ្ញា កណ្ឌទី ៨៨ « ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក … »[2] ។ នៅពេលខ្ញុំអានខគម្ពីរនោះ ខ្ញុំមានអារម្មណ៍កក់ក្តៅនៅក្នុងចិត្តខ្ញុំ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ និងម្តាយរបស់ខ្ញុំកំពុងផ្ញើសារដ៏សាមញ្ញ និងច្បាស់លាស់មួយមកខ្ញុំ ។
ខ្ញុំត្រូវការស្តារសន្ទុះខាងវិញ្ញាណរបស់ខ្ញុំឡើងវិញ ហើយទទួលអារម្មណ៍នៃព្រះវិញ្ញាណឲ្យញឹកញាប់ជាងមុន ដោយការអធិស្ឋានឲ្យបានញឹកញាប់ និងដោយស្មោះស្ម័គ្រជាងមុន ។
« ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក … »
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣
នៅពេលខ្ញុំមានអារម្មណ៍ស្រយុតចិត្តខ្លាំងពេកជាមួយជីវិត ខ្ញុំអធិស្ឋានដោយគារវភាពយ៉ាងវិសេស ។ ដោយមិនមានការសង្ស័យ ព្រះចាត់ព្រះវិញ្ញាណរបស់ទ្រង់ ដែលជាព្រះដ៏ជាជំនួយ ដើម្បីប្រទាននូវសេចក្តីសុខសាន្ត និងភាពស្ងប់ស្ងាត់ដល់ខ្ញុំ សូម្បីតែនៅកណ្ដាលភាពវឹកវរក៏ដោយ ។ ការណ៍នេះមិនមែនកើតឡើងចំពោះតែខ្ញុំម្នាក់នោះទេ ។
ជាច្រើនឆ្នាំមុន កូនតូចម្នាក់របស់ខ្ញុំមានបញ្ហាសុខភាពធ្ងន់ធ្ងរ ។ យើងបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីទៅជួបគ្រូពេទ្យឯកទេស ហើយម្តាយរបស់ខ្ញុំបានធ្វើដំណើរពីផ្ទះរបស់គាត់នៅរដ្ឋមីឈីហ្គែន ដើម្បីមកជួបយើងនៅទីនោះ ។ គាត់ព្រួយបារម្ភពីចៅរបស់គាត់យ៉ាងខ្លាំង ។
ម្តាយខ្ញុំបានប្រាប់ខ្ញុំថា បន្ទាប់ពីត្រឡប់មកផ្ទះវិញ គាត់ចាប់ផ្តើមអធិស្ឋានឲ្យកូនរបស់យើង ។ គាត់បានអធិស្ឋានរយៈពេលបីថ្ងៃ ម្តងហើយម្តងទៀត និងដោយចិត្តផ្ចិតផ្ចង់ជាងពេលណាៗទៅទៀត ។ បន្ទាប់មក ក្រោយពីគាត់អធិស្ឋានរួចហើយ ស្រាប់តែគាត់ទទួលអារម្មណ៍កក់ក្តៅភ្លាមៗពេញទាំងខ្លួនប្រាណពីក្បាលដល់ចុងជើងរបស់គាត់ ។ គាត់មានអារម្មណ៍សុខសាន្តជាខ្លាំង ហើយបានឮពាក្យក្នុងចិត្តថា « នាងនឹងមិនអីទេ » ។ បន្ទាប់មក ពាក្យនោះក៏ផុសឡើងម្តងទៀតថា « នាងនឹងមិនអីទេ » ។ អំណរដែលគាត់មាននៅគ្រានោះបានធ្វើឲ្យគាត់រលីងរលោងទឹកភ្នែក ។ គាត់បានប្រាប់ខ្ញុំថា វាគឺជាបទពិសោធន៍ដ៏អស្ចារ្យបំផុតមួយក្នុងជីវិតរបស់គាត់ ។
ច្រើនឆ្នាំក្រោយមក កូនខ្ញុំពិតជានៅតែមានសុខភាពល្អប្រាកដមែន ។ ការអធិស្ឋានរបស់ម្តាយខ្ញុំមិនត្រឹមតែត្រូវបានឮប៉ុណ្ណោះទេ តែថែមទាំងបានឆ្លើយតបទៀតផង ។
អារម្មណ៍នៃសេចក្តីសុខសាន្តពីព្រះដ៏ជាជំនួយនេះកើតមកលើខ្ញុំជាញឹកញាប់ នៅពេលខ្ញុំអធិស្ឋាន ដែលខ្ញុំដឹងថាព្រះទ្រង់ស្តាប់ឮការអធិស្ឋានរបស់ខ្ញុំ ទោះជាដំណោះស្រាយអ្វីដែលខ្ញុំបានអធិស្ឋានទូលសុំនៅឆ្ងាយណាស់ក៏ដោយ ។
កាលនៅជាយុវវ័យ យ៉ូសែប ស្ម៊ីធ ពិបាកយល់ថាតើត្រូវចូលរួមព្រះវិហារមួយណា ។ គាត់បានចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលកំពុងអានសំបុត្ររបស់យ៉ាកុបថា « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ » ។[3]
បន្ទាប់ពីបានអានបទគម្ពីរនេះរួចមក យ៉ូសែប ស្ម៊ីធ បានជឿជាក់យ៉ាងមុតមាំថា ព្រះនឹងស្តាប់ឮការអធិស្ឋានរបស់លោក ហើយមិនដាក់ទោសលោកចំពោះការសួរសំណួរនោះទេ ។ ព្រះមិនត្រឹមតែបានឮការអធិស្ឋានដ៏ស្មោះអស់ពីចិត្ត និងស្មោះត្រង់របស់យ៉ូសែបប៉ុណ្ណោះទេ ប៉ុន្តែទ្រង់បានឆ្លើយតបវាតាមរបៀបដែលមិននឹកស្មានដល់ និងដោយការហៅដែលមិននឹកស្មានសម្រាប់យុវជនយ៉ូសែប ។
ព្រះវរបិតាសួគ៌មានព្រះប្រាជ្ញាញាណគ្រប់យ៉ាង ។ ទ្រង់ជ្រាបដឹងពីអារម្មណ៍របស់យើង និងអ្វីដែលយើងត្រូវការ មុនពេលយើងនិយាយអំពីវាចេញមកទៅទៀត ។ ទ្រង់គ្រាន់តែរង់ចាំយើងទូលសុំប៉ុណ្ណោះ ។ ប៉ុន្តែទ្រង់ឆ្លើយតបស្របតាមព្រះហឫទ័យរបស់ទ្រង់ មិនមែនតាមចិត្តរបស់យើងទេ ។
សូមគិតអំពីព្រះហឫទ័យនៃអំណរដែលព្រះវរបិតាដ៏ជាទីស្រឡាញ់របស់យើងដែលគង់នៅស្ថានសួគ៌បានមាន កាលយើងខិតទៅជិតទ្រង់តាមរយៈការអធិស្ឋាន បង្ហាញការដឹងគុណរបស់យើងចំពោះទ្រង់ និងទូលសុំជំនួយពីទ្រង់ ។ ក្នុងនាមជាឪពុកនៅលើផែនដី ខ្ញុំដឹងថាខ្ញុំប្រាកដជាសប្បាយចិត្ត ។ ខ្ញុំមានអារម្មណ៍រីករាយណាស់ នៅពេលដែលកូនៗខ្ញុំសុំជំនួយពីខ្ញុំ ។ « អ្នកខ្លះនិយាយថាស្ថានសួគ៌នៅឆ្ងាយ តែកូនដឹងថាជិតបង្កើយពេលអធិស្ឋាន » ។[4] ឃ្លាចុងក្រោយនៃបទចម្រៀងរបស់កុមារនេះ ពិពណ៌នាយ៉ាងច្បាស់អំពីបទពិសោធន៍របស់ខ្ញុំ ។ ដូចព្យាការីដែលយើងបានអានប្រសាសន៍របស់លោកនៅក្នុងព្រះគម្ពីរមរមនថា « … ខ្ញុំអំពាវនាវដល់ព្រះរបស់ខ្ញុំនៅក្នុងសេចក្ដីជំនឿ ហើយខ្ញុំដឹងថា ទ្រង់នឹងឮសម្រែកខ្ញុំ » ។[5] ខ្ញុំដឹងការណ៍នេះ ពីព្រោះម្តងហើយម្តងទៀត នៅពេលដែលខ្ញុំអធិស្ឋាន ទ្រង់ចាត់ព្រះវិញ្ញាណរបស់ទ្រង់ ដែលជាព្រះដ៏ជាជំនួយ ដើម្បីនាំមកនូវសេចក្តីសុខសាន្តដល់ដួងចិត្តខ្ញុំ ។ ដូច្នេះហើយ កាលខ្ញុំរង់ចាំទ្រង់ឆ្លើយតបនឹងការអង្វររបស់ខ្ញុំតាមព្រះហឫទ័យរបស់ទ្រង់ ខ្ញុំមានអារម្មណ៍ថាទ្រង់គង់នៅជិត ។
[1] « ការអធិស្ឋានរបស់កុមារ » សៀវភៅចម្រៀងកុមារ ទំព័រ ៦
[2]គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣
[3]យ៉ាកុប ១:៥
[4]សៀវភៅចម្រៀងកុមារ ទំព័រ ៦
[5]នីហ្វៃទី២ ៣៣:៣