សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី  (ខែ​កក្កដា 2026)

ឈប់​មាន​អព្ភូតហេតុ​ហើយ​ឬ​នៅ

អែលឌើរ ដេវីឌ អិល បាកណឺ
អែលឌើរ ដេវីឌ អិល បាកណឺ នៃពួកចិតសិបនាក់

យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាពសម្បូរបែប និង​ពោរពេញ​ទៅ​ដោយ​ការរីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​មិន​អាច​នឹក​ស្មាន​ដល់ សូម្បីតែ​មួយ​ទសវត្សរ៍​មុន​ក៏ដោយ ។ យើង​អាច​ទំនាក់ទំនង​ជាមួយ​មនុស្សជាតិ​ទាំងមូល​ដោយ​ផ្ទាល់ ហើយ​អាច​មើលឃើញ​ឆ្ងាយ​ហួស​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ដោយ​ប្រើ​កែវយឹត និង​ផ្កាយរណប ។ ឧបករណ៍​ដែល​យើង​កាន់​នៅ​ក្នុង​ដៃ​របស់​យើង​អាច​បកប្រែ​ភាសា តាមដាន​ចង្វាក់​បេះដូង និង​ភ្ជាប់​យើង​ទៅ​មនុស្ស​គ្រប់​គ្នា​នៅ​គ្រប់​ទីកន្លែង ។ យ៉ាង​ណា​ក៏​ដោយ ជារឿយៗ​យើង​ក្រឡេក​មើល​ពិភពលោក​ខាងលោកិយ​ជុំវិញ​ខ្លួន​យើង ហើយ​មិន​ឃើញ​មាន​អ្វី​អស្ចារ្យ គ្មាន​អ្វី​ពិសេស​ខ្លាំង និង​គ្មាន​អ្វី​ដែល​យើង​នឹង​ចាត់​ទុក​ថា​ជា​អព្ភូតហេតុ​នោះ​ទេ ។ យើង​អាន​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​អំពី​ណូអេ​សង់​ទូក​ធំ​មួយ ម៉ូសេ​បានញែក​សមុទ្រ​ក្រហម និង​ព្រះអង្គ​សង្គ្រោះ​បានប្រែក្លាយ​ទឹក​ទៅ​ជា​ស្រាទំពាំង​បាយជូរ ។ នៅក្នុង​ដំណើររឿង​ទាំងនោះ យើង​មើលឃើញ​អព្ភូតហេតុ !

តើ​ឈប់​មាន​អព្ភូតហេតុ​ហើយ​ឬ​នៅ ?  នៅក្នុង​ជំពូក​ចុងក្រោយ​នៃ​ព្រះគម្ពីរមរមន មរ៉ូណៃ​ឆ្លើយ​សំណួរ​នេះ​ដោយ​ដកស្រង់​សម្ដី​របស់​ឪពុក​លោក​គឺ មរមន ។ « ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ តើ​ឈប់​មាន​អព្ភូតហេតុ​ហើយ​ឬ​នៅ ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ទេ រីឯ​ពួក​ទេវតា​ក៏​ពុំ​ឈប់​ធ្វើ​ការងារ​បម្រើ​ដល់​កូន​ចៅ​មនុស្ស​ដែរ » ( មរ៉ូណៃ ៧:២៩ ) ។

ជាញឹកញាប់ យើង​និយាយ​អំពី​អព្ភូតហេតុ​ថា​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​មនុស្ស​មិន​អាច​ពន្យល់​បាន ជាជាង​ការបើកសម្តែង​ដ៏​ពិសិដ្ឋ និង​ជានិរន្តរ៍​នៃ​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ។ អព្ភូតហេតុ​គឺជា « លទ្ធផល​ធម្មជាតិ​នៃ​វត្តមាន​របស់​ព្រះមែស៊ី​នៅក្នុង​ចំណោម​មនុស្ស » ( Bible Dictionary « Miracles » ) ដូចជា ការបន្ទន់​ចិត្ត​រឹងរូស កម្លាំង​ដើម្បី​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដ៏​លំបាក ឬ​សេចក្តីសុខសាន្ត​ដែល​មាន​នៅក្នុង​គ្រា​​ដែល​មាន​ទុក្ខព្រួយ ឬ​ការឈឺចាប់ ។ តើ​ទាំងនេះ​មិនមែន​ជា​ការបើក​សម្តែង​ដ៏​បរិសុទ្ធ​នៃ​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង​ទេ​ឬ​អី ? ទាំងនេះ​គឺជា​អព្ភូតហេតុ !


« ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ តើឈប់មានអព្ភូតហេតុហើយឬនៅ ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ទេ រីឯពួកទេវតាក៏ពុំឈប់ធ្វើការងារបម្រើដល់កូនចៅមនុស្សដែរ »

មរ៉ូណៃ ៧:២៩

ពេល​កំពុងបម្រើ​បេសកកម្ម​នៅ​ប្រទេស​អេស្ប៉ាញ កូនស្រី​របស់​ខ្ញុំ ឡូរ៉ែន បានសង្កេត​ឃើញ​ការបើក​សម្តែង​ដ៏​អស្ចារ្យ​នៃ​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​នាង ។ យើង​បានសង្កេតឃើញ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នៃ​បេសកកម្ម​របស់​នាង នាង​បានចាប់ផ្តើម​សំដៅ​ទៅ​បទពិសោធន៍​ជាច្រើន​របស់​នាង​ថា​ជា « អព្ភូតហេតុ » ។  ការជួបគ្នា​ដោយ​ចៃដន្យ​នៅក្នុង​ឧទ្យាន​មួយ ឬ​ការរាក់ទាក់​នៅ​តាម​ផ្លូវ ត្រូវ​បាន​មើលឃើញ​ថា​ជា​ការបើកសម្តែង​នៃ​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​នាង ។ នៅពេល​នាង​សង្កេត​ឃើញ​អព្ភូតហេតុ​មួយ​ហើយ​មួយ​ទៀត​កើតឡើង កាល​ណា​នាង​មើលឃើញ​កាន់តែច្រើន នោះ​ការបើក​សម្តែង​ដ៏​បរិសុទ្ធ​ក៏​កាន់តែ​ត្រូវ​បាន​ធ្វើ​ជា​សក្ខីភាព ។ រាល់សប្តាហ៍​ជា​បន្តបន្ទាប់ យើង​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ដំណើររឿង​ដ៏​ពិសិដ្ឋ និង​ការលើកស្ទួយ​កាន់តែ​ច្រើនឡើង​ចំពោះ​លក្ខណៈ​ដ៏​អស្ចារ្យ​នៃគ្រាខ្លះ​ក្នុង​បទពិសោធន៍​របស់នាង ។

មាន​ពេល​មួយ នាង និង​ដៃគូ​របស់​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​មិត្តភក្តិ​ថ្មី​ម្នាក់ ។ យ៉ាងណា​ក៏ដោយ ពួកគេ​បាន​ទៅ​ខុស​ទិសដៅ ដោយ​គ្រាន់តែ​ដឹង​ថា​ពួកគេ​នៅ​សល់​ពេល​សាមសិប​នាទី​ទៀត​ពី​គោលដៅ​របស់​ពួកគេ ។ ឡូរ៉ែន​បានឈប់​មួយសន្ទុះ​ដើម្បី​ប្ដូរ​ទិសដៅ ខណៈ​ពេល​ដៃគូ​របស់​នាង​ដែល​ធ្លាប់​ស្ទាក់ស្ទើរ​ក្នុង​ការទំនាក់ទំនង​តាម​ផ្លូវ បានសម្រេចចិត្ត​និយាយ​ជាមួយ​យុវនារី​ម្នាក់​នៅ​ក្បែរ​នោះ​ដោយ​ក្លាហាន ។ នៅពេល​នោះ ពួកគេ​នៅ​ឆ្ងាយ​ពី​គោលដៅ​ដែល​ពួកគេ​បាន​គ្រោង​នឹង​ទៅ ការសន្ទនា​សាមញ្ញ​មួយ​បាន​នាំ​ទៅ​រក​ការអញ្ជើញ​ដ៏​ស្រស់ស្អាត​មួយ​ឲ្យ​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពីរបី​សប្តាហ៍​ក្រោយមក មិត្ត​ថ្មី​នោះ​បានចូល​ទៅក្នុង​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការបើកសម្តែង​ដ៏​បរិសុទ្ធ​នៃ​ព្រះចេស្ដា​របស់​ព្រះ​នេះ អាច​ត្រូវបាន​មើល​រំលង​យ៉ាងងាយ​ថា​ជា​ឱកាស ជា​រឿង​ចៃដន្យ ឬ​ប្រហែលជា​សំណាង ជាជាង​ការពិត​វា​ជា … អព្ភូតហេតុ !

ឈប់មានអព្ភូតហេតុហើយឬនៅ

ព្រះអម្ចាស់​បានប្រកាសថា « … យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំងឡាយ ហើយ​យើង​នឹង​បង្ហាញ​ដល់​មនុស្ស​លោក​ថា យើង​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​តទៅ … » ( នីហ្វៃទី២ ២៧:២៣ ) ។ អព្ភូតហេតុ​មិន​បាន​ឈប់​ទេ ។ វា​នៅ​ជុំវិញ​យើង​ទាំងអស់​គ្នា ប្រសិនបើ​យើង​មាន​ភ្នែក​ដើម្បី​មើល ត្រចៀក​ដើម្បី​ស្តាប់ និង​ជំនឿ​ដើម្បី​ជឿ ។

ព្រះអម្ចាស់​បានបន្ត​ថា « យើង​មិន​ធ្វើ​កិច្ចការ​ណា​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ឡើយ លើក​លែង​តែ​ស្រប​តាម​សេចក្ដី​ជំនឿ​របស់​ពួកគេ​តែប៉ុណ្ណោះ » ( នីហ្វៃទី២ ២៧:២៣ ) ។ សមាសធាតុ​ដ៏​សំខាន់​នៃ​ជំនឿ​នោះ​បង្កើត​ជា​គ្រឹះ​ដែល​ប៉ម​នៃ​អព្ភូតហេតុ​អាច​ឈរ​នៅ​លើ​នោះ ។ ព្រះអម្ចាស់​បានប្រកាស​ថា « យើង​នឹង​បង្ហាញ​អព្ភូតហេតុ ទីសម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ឡាយ ដល់​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​យើង » ( គ. និង ស. ៣៥:៨ ) ។ វា​គឺជា​សេចក្តី​ជំនឿ​របស់​យើង​ដែល​កើត​ឡើង​មុន​អព្ភូតហេតុ និង​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះនាម​របស់​ទ្រង់ ដែល​អនុញ្ញាត​ឲ្យ​យើង​បានឃើញ​ភាពពេញលេញ​នៃ​អព្ភូតហេតុ​ទាំងនោះ​ពិតប្រាកដ !

អព្ភូតហេតុ​មាន​នៅ​ជុំវិញ​យើង ! ចាប់ពី​រឿង​សាមញ្ញៗ​រហូត​ដល់​រឿង​ដ៏​អស្ចារ្យ ការបើកសម្តែង​នៃ​ព្រះចេស្ដា​របស់​ព្រះ​អាច​មើលឃើញ​នៅក្នុង​ការជួប​ដោយ​ចៃដន្យ ការផ្លាស់ប្តូរ​ដួងចិត្ត និង​ការងារបម្រើ​របស់​ពួកទេវតា​នៅ​គ្រា​ដែល​ចាំបាច់ ។ យើង​ប្រហែល​ជា​មិន​បានឃើញ​ការបំបែក​ទឹក​សមុទ្រ ឬ​ការសង់​ទូក​ធំ​នោះ​ទេ ប៉ុន្តែ​យើង​ពិត​ជា​អាច​មើលឃើញ​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​យើង នៅពេល​យើង​ងាក​ទៅ​រក​ទ្រង់ ។ យើងនឹង​មើលឃើញ​ការវិល​ត្រឡប់​របស់​កូនប្រុស​ខ្ជះខ្ជាយ មើលឃើញ​ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង បានរួច​ផុត​ពី​រឿង​ទាំងឡាយ​ដែល​ឃុំឃាំង​យើង ហើយ​ទទួល​បានចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង ។ ហើយ​ខណៈ​ដែល​អព្ភូតហេតុ​បែប​នេះ​អាច​នឹង​មិន​ដូច​អព្ភូតហេតុ​ដែល​បានកើតឡើង​ចំពោះ​បង​របស់​យ៉ារេឌ អាលម៉ា និង​អាមូលេក ឬ​យ៉ូសែប ស្ម៊ីធ ក៏​វា​មិនមែន​ជា​ការបើកសម្តែង​ដ៏​បរិសុទ្ធ​តូចតាច​ជាង​ព្រះចេស្ដា​របស់​ព្រះ​ដែល​មាន​នៅក្នុង​ជីវិត​របស់យើង​ដែរ ។ វា​គឺជា​អព្ភូតហេតុ ។

សូម​ឲ្យ​យើង​បានឃើញ​អព្ភូតហេតុ​ជា​រៀង​រាល់​ថ្ងៃ នៅពេល​យើង​មើលឃើញ​ព្រះហស្ត​របស់​ព្រះ​មាន​នៅក្នុង​ជីវិត​របស់​យើង ។ ដ្បិត​ទ្រង់​គឺជា​ព្រះ​នៃ​អព្ភូតហេតុ !!