ខ្ញុំនៅក្មេងខ្លាំងនៅឡើយ កាលខ្ញុំចាប់ផ្តើមស្វែងរកគោលបំណងនៃជីវិតនេះ ។ ការស្វែងរកនោះបានចាប់ផ្តើម ក្រោយពីម្តាយរបស់ខ្ញុំបានទទួលមរណភាព ។ ខ្ញុំមានសំណួរដែលមានអារម្មណ៍ថាធ្ងន់ជាងអាយុរបស់ខ្ញុំ—តើសេចក្ដីស្លាប់ជាទីបញ្ចប់ឬ ឬក៏នៅមានច្រើនជាងនេះ ?
ខ្ញុំស្គាល់សាសនាចក្រនៅអាយុ១៣ឆ្នាំ ហើយបានទទួលបុណ្យជ្រមុជទឹកមួយឆ្នាំក្រោយមក ។ បន្ទាប់ពីការអធិស្ឋានដ៏ស្មោះសរបានទទួលចម្លើយចំពោះសំណួរទាំងឡាយដែលព្រលឹងខ្ញុំកំពុងស្វែងរក ហើយវាបានបញ្ជាក់ដល់ខ្ញុំនូវសេចក្ដីពិតដ៏ពេញលេញនៃសាសនាចក្រ និងភាពពិតនៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំឲ្យតម្លៃសាក្សីដ៏ពិសិដ្ឋ និងផ្ទាល់ខ្លួននេះថាជាបទពិសោធន៍ « ព្រៃពិសិដ្ឋ » ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលជាគ្រឹះនៃទីបន្ទាល់របស់ខ្ញុំ ។[1]
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា យើងទទួលបានកម្លាំងតាមរយៈសេចក្ដីជំនឿរបស់យើងលើព្រះគ្រីស្ទ ។[2] ពេលធំធាត់ឡើងដោយគ្មានអ្វីច្រើននៅក្នុងពិភពលោកនេះ នោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានក្លាយជាកម្លាំង អត្តសញ្ញាណ និងគោលបំណងរបស់ខ្ញុំ ហើយខ្ញុំបានដឹងថា ខ្ញុំមិនខ្វះអ្វីឡើយ ។ ពេលក្រឡេកមើលទៅអតីតកាល ខ្ញុំឃើញពីរបៀបដែលបទពិសោធន៍ខាងវិញ្ញាណដំបូងៗទាំងនោះ បានក្លាយជាផ្នែកមួយនៃគ្រឹះនៃសេចក្ដីជំនឿរបស់ខ្ញុំ ដោយរៀបចំខ្ញុំសម្រាប់ការជឿទុកចិត្តកាន់តែខ្លាំង ការទទួលខុសត្រូវកាន់តែធំ និងពរជ័យដែលបានសន្យាកាន់តែច្រើន ដែលកើតចេញពីការចូលរួមក្នុងកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ។ ខ្ញុំឃើញកម្លាំងស្ងប់ស្ងាត់ដូចគ្នានោះបង្ហាញឡើងម្តងហើយម្តងទៀតនៅក្នុងជីវិតរបស់យុវវ័យដ៏អង់អាចរបស់យើង ។ ទោះបីជាកាលៈទេសៈរបស់ពួកគេអាចខុសគ្នាក៏ដោយ ក៏កម្លាំងរបស់ពួកគេមានឫសគល់ចេញពីប្រភពតែមួយដែរ—គឺព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។
« ក្មួយៗពិតជាស្ថិតក្នុងចំណោមវិញ្ញាណជម្រើសរបស់ព្រះវរបិតាសួគ៌ ដែលបានបញ្ជូនមកផែនដីនៅពេលនេះ ដើម្បីធ្វើកិច្ចការសំខាន់ៗ » ។
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ ) ទំព័រ ២ ។
កម្លាំងដែលចាក់ឫសលើសេចក្ដីជំនឿ មិនថាដាំនៅកន្លែងណានោះទេ
បាស្សាឡា « បប់ប៊ី » ខាសិនដូ និងបងប្អូនបង្កើតបីនាក់របស់គាត់ គឺជាគំរូដ៏មានឥទ្ធិពលអំពីកម្លាំង ដែលចាក់ឫសសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានផ្លាស់ពីប្រទេសកុងហ្គោទៅរស់នៅប្រទេសថៃ កាលពួកគេនៅក្មេង ។ បប់ប៊ីបាននិយាយថា « សេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទត្រូវតែមានខ្លាំងជាងអ្វីដែលយើងទទួលមរតកទៅទៀត ។ វាត្រូវតែជាអ្វីមួយដែលយើងទទួលបានសម្រាប់ខ្លួនយើងផ្ទាល់ » ។ បងប្អូនបង្កើត ខាសិនដូ ទាំងបួននាក់នេះដែលស្មោះត្រង់ ពឹងផ្អែកនិងមានមូលដ្ឋានរឹងមាំលើព្រះគ្រីស្ទ បានក្លាយជាយុវវ័យ និងមិត្តភក្តិជាទីស្រឡាញ់នៅក្នុងសហគមន៍សាសនាចក្រនៅប្រទេសថៃ ។
បប់ប៊ីបានពិចារណាថា « ការរស់នៅតាមដំណឹងល្អនៅកន្លែងដែលមនុស្សមួយចំនួនតូចនៅជុំវិញយើងមានជំនឿដូចយើង បានធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទមានកាន់តែជ្រាលជ្រៅ » ហើយគាត់បានបន្ថែមថា ការអធិស្ឋានគឺលើសពីទម្លាប់មួយ—វាក្លាយជាបណ្ដាញសង្គ្រោះជីវិត ។ គាត់ក៏បានចែកចាយផងដែរថា ការរស់នៅក្នុងចំណោមអ្នកជិតខាងដែលកាន់ព្រះពុទ្ធសាសនា បានបង្រៀនគ្រួសាររបស់គាត់អំពីការបន្ទាបខ្លួន ការអត់ធ្មត់ និងការគោរពចំពោះបុត្រាបុត្រីទាំងអស់របស់ព្រះ ។ បប់ប៊ីបានពន្យល់ថា « មិនថាយើងរស់នៅកន្លែងណាក៏ដោយ ព្រះវរបិតាសួគ៌ទ្រង់ជ្រាបអំពីយើង ហើយតាមរយៈការជ្រើសរើសយកផ្លូវរបស់ទ្រង់ដោយស្មោះត្រង់ យើងអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្តរបស់ទ្រង់ ដោយនាំមកនូវពន្លឺ និងសេចក្តីស្រឡាញ់ដល់ពិភពលោកនៅជុំវិញយើង » ។
បងប្អូនបង្កើតទាំងនេះធ្វើជាគំរូពីរឿងនេះតាមរយៈជីវិតរបស់ពួកគេ ។ វេរ៉ូនីកាបានបម្រើបេសកកម្មរបស់នាងនៅប្រទេសលីបេរីយ៉ា ហើយបប់ប៊ីទើបតែត្រឡប់មកពីបេសកកម្មរបស់គាត់នៅប្រទេសប្រេស៊ីល ឯអេលីហ្សាប៊ែតបច្ចុប្បន្នកំពុងបម្រើនៅប្រទេសហ្គាណា ហើយបូណាបន្តពង្រឹងសេចក្ដីជំនឿរបស់គាត់នៅប្រទេសថៃ ។
ជីវិតរបស់ពួកគេឆ្លុះបញ្ចាំងពីរបៀបដែលជំនាន់កំពុងពេញវ័យ កំពុងរស់នៅតាមព្រះរាជបំណងរបស់ព្រះអម្ចាស់ ។ ដូចដែលបប់ប៊ីបានថ្លែង « ការក្លាយជាផ្នែកមួយនៃជំនាន់ដែលកំពុងពេញវ័យមានន័យថា យើងដឹងថា យើងគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ដែលបានរៀបចំសម្រាប់គ្រានេះ ដើម្បីជួយស្ថាបនានគររបស់ទ្រង់ » ។
កម្លាំងដែលកើតចេញពីការប្រែចិត្តជឿ
បងប្អូនបង្កើតពីរនាក់នៅភូកេត ប្រទេសថៃបង្ហាញពីរបៀបដែលកម្លាំងនៃជំនាន់ដែលកំពុងពេញវ័យ ជាញឹកញាប់កើតឡើងតាមរយៈការប្រែចិត្តជឿ ។ ប៊ីពីនយ៉ាដា និងប្អូនប្រុសរបស់គាត់ឈ្មោះ ពុនណាវិច សាងួនពង់សានុគុល បានទទួលបុណ្យជ្រមុជទឹកកាលពីជាងមួយឆ្នាំមុន ។ មិនយូរប៉ុន្មាន ម្តាយដ៏ស្មោះត្រង់របស់ពួកគេឈ្មោះ ប៊ូថារីកា បានចូលរួមជាមួយពួកគេដែរ ។ សេចក្ដីជំនឿរបស់ពួកគេបានរីកចម្រើនឡើងតាមរយៈការបាត់បង់ រួមមានការស្លាប់របស់ឪពុកពួកគេផងដែរ ប៉ុន្តែពួកគេបានរកឃើញការលួងលោមចិត្តនៅក្នុងសេចក្តីពិតដែលថា ក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជារៀងរហូត ។ ប៊ីពីនយ៉ាដាបានពន្យល់ថា « នៅពេលយើងរៀនដំណឹងល្អ យើងមានអារម្មណ៍សុខសាន្ត និងសុវត្ថិភាពដោយមានព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជាទីជ្រកកោនរបស់យើង »—ជាទីបន្ទាល់មួយដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ដំបូងរបស់ខ្ញុំផ្ទាល់ជាមួយសាសនាចក្រ ។
ប៊ីពីនយ៉ាដាដែលកំពុងបម្រើនៅក្នុងអង្គការបឋមសិក្សា បានចែកចាយពីរបៀបដែលនាង និងម្តាយរបស់នាង ប៊ូថារីកា—ដែលបម្រើនៅក្នុងសមាគមសង្គ្រោះ—រកឃើញគោលបំណងក្នុងការចូលរួមចំណែកដល់សាខាដ៏តូចរបស់ពួកគេ ប៉ុន្តែជាសាខាដែលមានភាពចម្រុះនៅភូកេត ។ នាងបានពន្យល់ថា « តាមរយៈការចូលរួមជាប្រចាំនៅក្នុងសកម្មភាពសាសនាចក្រ ការបង្រៀនកុមារតូចៗនៅក្នុងអង្គការបឋមសិក្សា និងការខិតខំរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំពេញដោយការដឹងគុណដើម្បីចូលរួមចំណែក និងជួយពង្រឹងសាខានេះ » ។
ចំពោះនាង ការក្លាយជាផ្នែកមួយនៃ « ជំនាន់ដែលកំពុងពេញវ័យដ៏រឹងមាំមានន័យថា ការជ្រើសរើសដើម្បីធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដោយដួងចិត្តទាំងស្រុង—ទោះជាយើងនៅក្នុងពិភពលោកដែលពោរពេញទៅដោយការល្បួងជាច្រើនក៏ដោយ » ។ វាក៏មានន័យផងដែរថា ការរស់នៅដោយមានបំណងប្រាថ្នា « ដើម្បីក្លាយជាពន្លឺដល់មនុស្សដែលនៅជុំវិញយើងតាមរយៈការបម្រើ និងតាមរយៈការជួយនាំមកនូវអំណរដល់អ្នកដទៃ គឺដូចជាព្រះយេស៊ូវគ្រីស្ទជាពន្លឺដល់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ដែរ » ។
ថ្នាក់ដឹកនាំសាសនាចក្របានប្រកាសថា « ក្មួយៗពិតជាស្ថិតក្នុងចំណោមវិញ្ញាណជម្រើសរបស់ព្រះវរបិតាសួគ៌ ដែលបានបញ្ជូនមកផែនដីនៅពេលនេះ ដើម្បីធ្វើកិច្ចការសំខាន់ៗ » ។[3] ប្រយោគនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះខ្ញុំ ។ នៅពេលខ្ញុំគិតអំពីយុវវ័យដ៏អស្ចារ្យទាំងនេះ ខ្ញុំទទួលអារម្មណ៍ពីការទុកព្រះទ័យដ៏ខ្លាំងពីព្រះអម្ចាស់លើកម្លាំងនៃជំនាន់ដែលកំពុងពេញវ័យ—ជាកម្លាំងមួយដែលរីកចម្រើនតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
[1]សូមមើល ខេវីន ជី ប្រោន « អំណោយទានដ៏អស់កល្បជានិច្ចនៃទីបន្ទាល់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ៣៦–៣៨ ។
[2] សូមមើល ឃ្វិនថិន អិល ឃុក « Foundations of Faith » Ensign ឬ Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ១២៧–១៣២; សូមមើលផងដែរ អាលម៉ា ១៤:២៦ ។
[3]ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ ) ទំព័រ ២ ។