សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (ខែកញ្ញា 2026)

ការធ្វើឲ្យមានភាពខុសគ្នារតាមរយៈការងារបម្រើ

អែលឌើរ ចាសស្វាន តានឌីម៉ែន
អែលឌើរ ចាសស្វាន តានឌីម៉ែន ពួកចិតសិបនាក់ប្រចាំតំបន់ តំបន់អាស៊ី

ការងារ បម្រើ របស់ ព្រះយេស៊ូវ គ្រីស្ទ នៅលើ ផែនដី គឺជា គំរូ ដ៏ បរិសុទ្ធ បំផុត នៃ ការងារ បម្រើ ។ យើង រៀន ថា ទ្រង់ « បាន យាង ចុះ ឡើង ធ្វើ ការ ល្អ »[1] ហើយ មើលឃើញ មនុស្ស ដែល គេ មើល រំលង លើកស្ទួយ មនុស្ស ដែល ហត់នឿយ និង ព្យាបាល មនុស្ស ដែល ខូច ចិត្ត ។ ទ្រង់ បាន ឈប់ មើល ស្ត្រី ដែល បាន ពាល់ ព្រះពស្ត្រ របស់ ទ្រង់ ដោយ សេចក្ដី ជំនឿ និង ភាពអស់ សង្ឃឹម សូម្បីតែ នៅពេល មាន ហ្វូង មនុស្ស នៅ ជុំវិញ ទ្រង់ ក៏ ដោយ ។[2] ទ្រង់ បាន មាន បន្ទូល ដោយ សេចក្តី មេត្តា ករុណា ទៅកាន់ ស្ត្រី សាសន៍ សាម៉ារី នៅឯ មាត់ អណ្ដូង ហើយ ប្រទាន ទឹក រស់ និង កិត្តិយស ដល់ នាង ។[3] ទ្រង់ បាន ព្រះ កន្សែង ជាមួយ ម៉ារា និង ម៉ាថា មុនពេល ទ្រង់ ប្រោស ឡាសារ ឲ្យ រស់ ឡើងវិញ ដែល បង្ហាញ ថា ការងារ បម្រើ រួមមាន នូវ ការទួញយំ ជាមួយ អស់ អ្នក ដែល ទួញយំ ផងដែរ ។[4]

ប្រធាន រ័សុល អិម ណិលសុន បាន បង្រៀន ថា ការងារ បម្រើ មាន ន័យ ថា ការឆ្លុះ បញ្ចាំង ពី ស្មារតី នៃ ការស្រឡាញ់ ការលើកស្ទួយ និង ការបម្រើ គ្នា ទៅវិញ ទៅមក ដូចគ្នា នោះ ចំពោះ អ្នកដទៃ ។ វា មិនមែន ជា អ្វី ដែល យើង ធ្វើ ដើម្បី បញ្ចប់ ភារកិច្ច ឬ ការចាត់តាំង មួយ នោះ ទេ ប៉ុន្តែ វា ជា របៀប រស់នៅ ដ៏ ខ្ពស់ ជាង នេះ—គឺការស្វែងរក ការបំផុស គំនិត ការធ្វើ សកម្មភាព ដោយ សេចក្ដី ស្រឡាញ់ និង ការឆ្លើយតប នឹង តម្រូវការ ពិតប្រាកដ ។[5] ជំនួស ឲ្យ ការសួរ ថា « តើ ខ្ញុំ បាន សួរ សុខទុក្ខ ហើយ ឬ នៅ ? » យើង គួរតែ សួរ ថា « តើ ខ្ញុំ បាន ជួយ បំពេញ តម្រូវការ អ្វីខ្លះ ហើយ ? តើ ខ្ញុំ បាន ជួយ លើក បន្ទុក ដែរ ឬ ទេ ? តើ ខ្ញុំ បាន ធ្វើតាម ព្រះវិញ្ញាណ ដែរ ឬ ទេ ? » វា មាន ន័យ ថា ការសង្កេត មើល ច្រើន ជាង ការនិយាយ និង ការបម្រើ ច្រើន ជាង ការរាយការណ៍ ។[6] វា គឺជា អ្វីមួយ ដែល ផ្តល់ អំណាច ដល់ យើង ក្នុងនាមជា បុរស និង ស្ត្រី សាមញ្ញ ដើម្បី ធ្វើឲ្យ មាន ភាពខុសគ្នា ដ៏ អស្ចារ្យ នៅក្នុង ជីវិត របស់ យើង ជាមួយ គ្នា ក្នុងនាម ជា បុត្រា បុត្រី របស់ ព្រះ ។ ការផ្លាស់ប្តូរ នេះ អញ្ជើញ ឲ្យ មាន ភាពច្នៃប្រឌិត ដ៏ បំផុស គំនិត ។

យើង អាច បារម្ភ ថា ទម្រង់ នៃ ការងារ បម្រើ នេះ តម្រូវ ឲ្យ មាន សកម្មភាព ធំ ដុំ ឬ ការខិតខំ ប្រឹងប្រែង ដ៏ ហឹកហាក់[7] ប៉ុន្តែ គំរូ របស់ ព្រះអម្ចាស់ គឺ ច្បាស់លាស់ ៖ « ដោយ កិច្ចការ តូចតាច និង ងាយ ទើប នាំឲ្យ កើត កិច្ចការ ដ៏ ធំៗ បាន » ។[8] ការអធិស្ឋាន ដែល គិតគូរ សារលិខិត ដ៏ ស្មោះសរ សកម្មភាព បម្រើ ដោយ ស្ងប់ស្ងាត់ ឬ ពេលវេលា ក្នុង ការស្តាប់ អាច ជា ការបង្ហាញ ដ៏ មាន ឥទ្ធិពល នៃ ការយកចិត្ត ទុក ដាក់ ដូចជា ព្រះគ្រីស្ទ ។ គ្មាន របៀប ត្រឹមត្រូវ តែ មួយ គត់ ដើម្បី ផ្ដល់ ការងារ បម្រើ នោះ ទេ ។ 
ជា ធម្មតា វា ចាប់ផ្តើម ដោយ ការបំផុស គំនិត ឬ ការសង្កេត មើល ដោយ ស្ងាត់ស្ងៀម—ជា ការបំផុស គំនិត ដើម្បី ផ្ញើ សារ ទៅ សួរ សុខទុក្ខ ឬ ផ្តល់ ជំនួយ ។ អ្វី ដែល សំខាន់ នោះ គឺ យើង ធ្វើ សកម្មភាព បាន ឆាប់ រហ័ស ដោយ សេចក្ដី ស្រឡាញ់ និង ញាណ ដឹង ខាង វិញ្ញាណ ។


« ដោយ កិច្ចការ តូចតាច និង ងាយ ទើប នាំឲ្យ កើត កិច្ចការ ដ៏ ធំៗ បាន » ។

អាលម៉ា ៣៧:៦ ។

នៅ យប់ មួយ ខ្ញុំ មាន អារម្មណ៍ បំផុស គំនិត មួយ យ៉ាង ខ្លាំង ឲ្យ ទាក់ទង ទៅ គូស្វាមី ភរិយា មួយ គូ ដែល ភរិយា ខ្ញុំ និង ខ្ញុំ ត្រូវបាន ចាត់តាំង ឲ្យ ផ្ដល់ ការងារ បម្រើ ។ ពេល ខ្ញុំ ទូរសព្ទ ទៅ ខ្ញុំ បាន ដឹង ច្បាស់ ណាស់ ថា ហេតុអ្វី បានជា ខ្ញុំ មាន អារម្មណ៍ នោះ ។ ពួកគាត់ បាន មាន គ្រា ដ៏ លំបាក ពេញ មួយ សប្ដាហ៍ ។ ស្វាមី រូប នេះ បាន មាន ការឈឺចាប់ ឥត ឈប់ឈរ នៅ ដៃ និង ជើង ឆ្វេង របស់ គាត់ ហើយ វា ចុះ ខ្សោយ ដែល ធ្វើឲ្យ វា ពិបាក សូម្បីតែ ក្នុង កិច្ចការ ប្រចាំ ថ្ងៃ សាមញ្ញៗ ក៏ដោយ ។ ពួកគាត់ មាន ការព្រួយ បារម្ភ យ៉ាង ខ្លាំង ប៉ុន្តែ ស្ថានភាព របស់ ពួកគាត់ បាន បង្ខំ ឲ្យ ពួកគាត់ ពន្យារ ពេល ក្នុង ការស្វែងរក ការព្យាបាល ពី គ្រូពេទ្យ ។ ខ្ញុំ បាន រៀបចំ ផែនការ ភ្លាមៗ ដើម្បី ទៅ ជួប ពួកគាត់ នៅ ព្រឹក ស្អែក ហើយ ទៅ គ្លីនិក ជាមួយ ពួកគាត់ ដើម្បី ឲ្យ គាត់ អាច ទទួល បាន ការថែទាំ ដែល គាត់ ត្រូវការ ។ ខ្ញុំ អាច ដឹង ពី អារម្មណ៍ ធូរស្រាល ពេល ឮ សំឡេង របស់ ពួកគាត់ ក្រោយ ពេល បញ្ចប់ ការហៅ ទូរសព្ទ ហើយ ខ្ញុំ មាន ការដឹងគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ ការបំផុស គំនិត ពី ព្រះវិញ្ញាណ ។ យើង បាន ចំណាយ ពេល កន្លះ ថ្ងៃ នៅ ថ្ងៃ បន្ទាប់ នៅ មជ្ឈមណ្ឌល វេជ្ជសាស្ត្រ ពីរ ផ្សេងគ្នា ដើម្បី ទទួល បាន ការព្យាបាល និង ថ្នាំ ដែល ស្វាមី រូប នោះ ត្រូវការ ហើយ ខ្ញុំ បាន ចាកចេញ ដោយ មាន អំណរគុណ ដែល ព្រះអម្ចាស់ អនុញ្ញាត ឲ្យ ខ្ញុំ ជួយ ក្នុង គ្រា ដែល មាន តម្រូវការ ដ៏ ពិតប្រាកដ នេះ ។ 

សេចក្ដីពិត ដ៏ ស្រស់ស្អាត មួយ នៃ ការងារ បម្រើ គឺ ថា វា ផ្លាស់ប្តូរ ដួងចិត្ត ទាំង សងខាង ។ នៅពេល យើង បម្រើ យើង រីកចម្រើន ហើយ ខិត ទៅ កាន់តែ ជិត ព្រះអង្គ សង្គ្រោះ ។ នៅពេល យើង លើកស្ទួយ អ្នកដទៃ យើង ក៏ ត្រូវបាន លើកស្ទួយ ផងដែរ ហើយ យើង កាន់តែ ស្គាល់ សំឡេង ខ្សឹប ពី ព្រះវិញ្ញាណ ។ នៅពេល យើង ផ្ដល់ ការងារ បម្រើ យើង ក្លាយជា ព្រះហស្ត ព្រះសូរសៀង និង វត្តមាន របស់ ទ្រង់ នៅក្នុង ជីវិត របស់ អ្នកដទៃ ។ វា គឺជា របៀប មួយ របស់ ព្រះអម្ចាស់ ដើម្បី ធានា ថា គ្មាន នរណា ម្នាក់ ត្រូវ គេ បំភ្លេច ចោល ឡើយ គ្មាន នរណា ម្នាក់ ត្រូវ ទុកចោល ឲ្យ ពុះពារ តែ ម្នាក់ឯង ឡើយ ហើយ គ្មាន នរណា ម្នាក់ នៅ ឆ្ងាយ ហួសពី ការឈោង ទៅជួយ ប្រកប ដោយ សេចក្ដី ស្រឡាញ់ ដូចជា ព្រះគ្រីស្ទ ឡើយ ។

ការធ្វើឲ្យមានភាពខុសគ្នារតាមរយៈការងារបម្រើ

សរុប មក ការងារ បម្រើ មាន ន័យ ថា ការសង្កេត មើល ការលើកស្ទួយ ការស្តាប់ និង ការបម្រើ ។ វា គឺជា ការធ្វើ សកម្មភាព ដោយ ចេតនា និង ដោយ សេចក្តី មេត្តា ករុណា ដើម្បី ធ្វើតាម ព្រះវិញ្ញាណ និង ធ្វើឲ្យ មាន ភាពខុសគ្នា ដោយ ស្ងៀមស្ងាត់—មនុស្ស ម្ដង ម្នាក់ គ្រា ម្ដង មួយ សកម្មភាព ដ៏ បំផុស គំនិត ម្តង មួយ ។ វា គឺជា ការទទួល ខុសត្រូវ នៃ សេចក្ដីសញ្ញា និង ជា ឱកាស ដ៏ពិសិដ្ឋ មួយ ។

ប្រធាន ណិលសុន បាន សន្យា ថា នៅពេល យើង ឱប ក្រសោប វិធីសាស្រ្ត ដ៏ បរិសុទ្ធ នេះ នោះ យើង នឹង ទទួល បាន អំណរ និង អំណាច ខាង វិញ្ញាណ កាន់តែ ខ្លាំង ឡើង ។[9] ការងារ បម្រើ បើក ទ្វារ ឲ្យ ស្ថានសួគ៌ ធ្វើការ តាមរយៈ យើង—ហើយ ជារឿយៗ ស្ថានសួគ៌ ធ្វើការ នៅក្នុង ខ្លួនយើង ផងដែរ នៅក្នុង ដំណើរការ នេះ ។


[1] កិច្ចការ ១០:៣៨ ។
[2] សូមមើល ម៉ាកុស ៥:២៥–៣៤ ។
[3] សូមមើល យ៉ូហាន ៤:៥–២៦ ។
[4] សូមមើល យ៉ូហាន ១១:៣៣–៣៥ ។
[5] សូម មើល រ័សុល អិម ណិលសុន « Ministering with the Power and Authority of God » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦៨–៧០, ៧៥ ។
[6] សូមមើល ជែហ្វ្រី អ័រ ហូឡិន « Be With and Strengthen Them » Ensign  ឬ Liahona  ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០២ ។
[7] សូមមើល ជីន ប៊ី ប៊ីងហាំ « Ministering as the Savior Does » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ ។
[8] អាលម៉ា ៣៧:៦ ។
[9] សូមមើល រ័សុល អិម ណិលសុន « Ministering with the Power and Authority of God » ទំព័រ ៦៩–៧០ ។