ការបើក​ដំណើរការ​ព្រះវិហារបរិសុទ្ធ​ហុងកុង​ឡើង​វិញ

ដែលជា​ទី​ដ៏​ពិសិដ្ឋ​នៃ​សេចក្តី​សង្ឃឹម ជំនឿ និង​គ្រួសារ

ការបើកដំណើរការព្រះវិហារបរិសុទ្ធហុងកុងឡើងវិញ

ក្រោយ​ពីការ​ចាប់​ផ្តើម​ការជួសជុល​កែលម្អឡើង​វិញ​នៅ​ឆ្នាំ​២០១៩ នោះព្រះវិហារ​បរិសុទ្ធ​ហុងកុង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នឹង​បើក​ដំណើរការ​ឡើង​វិញ​នៅ​ខែ​កក្កដា​ក្រោយ​នេះ បន្ទាប់​ពី​បាន​ធ្វើ​ការឧទ្ទិស​ឆ្លង​ម្តង​ទៀត​នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២២ ។

 

សមាជិក​សាសនាចក្រ​នៅ​ក្នុង​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​ហុងកុង បាន​ចូល​រួម​ដោយ​ផ្ទាល់ និង​តាម​រយៈ​ការផ្សាយផ្ទាល់​ដោយ​ក្តី​រីករាយ​ដែល​ព្រះវិហារ​បរិសុទ្ធ​បាន​រៀបចំ​រួចរាល់​ដើម្បី​ស្វាគមន៍​សមាជិក​ជាថ្មី​ម្តង​ទៀត ។ 

 

អាឡិន ជឹង ថ្នាក់​ដឹកនាំ​ម្នាក់​ក្នុង​មូលដ្ឋាន​បាន​និយាយ​ថា « ព្រះវិហារ​បរិសុទ្ធ​ជួយ​សមាជិក​ឲ្យ​យល់​ដឹង​អំពី​គោលបំណង​នៃ​ជីវិត​កាន់តែ​ច្បាស់ លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់តែ​មាន​ភាពស្មោះត្រង់ សប្បុរស និង​ចិត្តល្អ ហើយ​ផ្តល់​នូវ​កម្លាំង​ដល់​ពួកគេ​ដើម្បី​ទប់ទល់​នឹង​ការលំបាក​នានា​ក្នុង​ជីវិត » ។

ការបើកដំណើរការព្រះវិហារបរិសុទ្ធហុងកុងឡើងវិញ

វីនសិន និង​ប៉ូលី ហ្វុង ជា​សមាជិក​សាសនាចក្រ​នៅ​ហុងកុង គឺ​ជា​ឪពុកម្តាយ​ដែល​មាន​កូន​តូចៗ​បី​នាក់ ។ ដែលប៉ូលី​បាន​ចែកចាយ​ថា « ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នាំ​ឲ្យ​យើង​កាន់តែ​មាន​ភាពសិ្នទស្នាល​ខ្លាំង​ឡើង​ជា​គ្រួសារ​មួយ ។ ហើយស្វាមីខ្ញុំនិង​ខ្ញុំ​ទន្ទឹង​រង់ចាំ​ដើម្បី​អាច​ទៅ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ម្តង​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ការចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជួយ​ពួកយើង​ឲ្យ​ធ្វើ​ជា​ស្វាមី​ភរិយា និង​ឳពុកម្តាយ​កាន់តែល្អ​ប្រសើរ​ជាង​មុន ។

 

អេស៊ី ហូ សមាជិក​សាសនាចក្រ​មក​ពី​ប្រទេស សិង្ហបុរី បាន​និយាយ​ថា « អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​គ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​ធ្វើ និង​រក្សា​សេចក្តី​សញ្ញា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ឲ្យ​គ្រួសារ និង​ខ្ញុំ​អាច​រស់​នៅ​ជាមួយ​គ្នា​ជារៀង​រហូត​នៅ​ក្នុង​នរគ​របស់​ព្រះវបិតាសួគ៌​ខ្ញុំ » ។

ការបើកដំណើរការព្រះវិហារបរិសុទ្ធហុងកុងឡើងវិញ

ស៊ូផាផន ភុតធីយ៉ា ជា​សមាជិក​សាសនាចក្រ​ក្នុង​ប្រទេស​ថៃ​បាន​និយាយ​ថា « ព្រះវិហារ​បរិសុទ្ធ​ជួយ​ខ្ញុំ​ឲ្យ​ផ្តោត​លើ​កិច្ចការ​ខាង​វិញ្ញាណ​ជំនួស​ឲ្យ​កិច្ចការ​ខាង​លោកិយ » ។ នាង​បាន​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង​នៅ​ខែ​មេសា ឆ្នាំ​២០១៨ ហើយ​បាន​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​ដែល​បាន​ជួយ​ឲ្យ​នាង​ខិត​ជិត​ព្រះវបិតាសួគ៌ និង​គ្រួសារ​របស់​នាង​កាន់តែ​ខ្លាំង​ជាង​មុន ។

 

ដោយ​អនុលោម​តាម​ពិធីការ​ស្តី​ពី​ជំងឺ​កូវីដ​ក្នុង​តំបន់ ការចូល​រួម​ដោយ​ផ្ទាល់​នៅ​ឯ​ពិធី​ឧទ្ទិស​ឆ្លង​ឡើង​វិញ​គឺ​មាន​កំណត់ ។ អ្នក​ចូល​រួម​ម្នាក់​ឈ្មោះ អាហ្គនីស អ៊ឹង បាន​ច្រៀង​ក្នុង​ក្រុម​ចម្រៀង​តូច​មួយ ។ នាង​បាន​ធ្វើ​តាម​គំរូ​របស់​ឪពុក​នាង​ឈ្មោះ វ៉ៃ-កាំ អ៊ឹង ដែល​បាន​ច្រៀង​នៅ​ឯ​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ហុងកុង​ក្នុង​ឆ្នាំ​១៩៩៦ ។

វ៉ៃ-កាំ អ៊ឹង ( ខាងឆ្វេង ) បានច្រៀងក្នុងក្រុមចម្រៀងសម្រាប់ការឧទ្ទិសឆ្លងដំបូងនៃព្រះវិហារបរិសុទ្ធហុងកុងនៅខែឧសភា ឆ្នាំ១៩៩៦ ។ កូនស្រីរបស់គាត់ឈ្មោះ អាហ្គនីស អ៊ឹង ( ខាងស្តាំ ) បានច្រៀងសម្រាប់ការឧទ្ទិសឆ្លងឡើងវិញនៃព្រះវិហារបរិសុទ្ធហុងកុងនៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ។
វ៉ៃ-កាំ អ៊ឹង ( ខាងឆ្វេង ) បានច្រៀងក្នុងក្រុមចម្រៀងសម្រាប់ការឧទ្ទិសឆ្លងដំបូងនៃព្រះវិហារបរិសុទ្ធហុងកុងនៅខែឧសភា ឆ្នាំ១៩៩៦ ។ កូនស្រីរបស់គាត់ឈ្មោះ អាហ្គនីស អ៊ឹង ( ខាងស្តាំ ) បានច្រៀងសម្រាប់ការឧទ្ទិសឆ្លងឡើងវិញនៃព្រះវិហារបរិសុទ្ធហុងកុងនៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ។

នាង​បាន​និយាយ​ថា « ខ្ញុំ​ចាំ​ថា​គាត់​បាន​ទៅ​ធ្វើ​ការហាត់សម​ជា​ច្រើន​ដង ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​យល់​បាន​ថា​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​គាត់​ទេ ។ ថ្ងៃ​នេះដោយ​បាន​ធ្វើ​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​មក​នោះ ឥឡូវ​ខ្ញុំ​យល់​ហើយ ។ វា​ដូច​ជា​ការរស់​នៅ​តាម​ដំណឹង​ល្អ​ដែរ យើង​មិន​ដឹង​ថា​វា​ល្អ​អស្ចារ្យ​ប៉ុណ្ណា​នោះ​ទេ​រហូត​ទាល់​តែ​យើង​រស់នៅ​និងធ្វើ​ដោយ​ខ្លួន​ឯង » ។

 

វ៉ៃ-កាំ​ក៏​បាន​ចែកចាយ​នូវ​ទស្សនៈ​របស់​គាត់​ផង​ដែរ​ថា« ការ​ឃើញ​កូនស្រី​របស់​ខ្ញុំ​ច្រៀង​នៅ​ឯ​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ បន្ត​សេចក្តី​ជំនឿ​របស់​ខ្ញុំ​រហូត​ដល់​ជំនាន់​ក្រោយ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរ​ចំពោះ​ដំណឹង​ល្អ និង​ពរជ័យ​ដែល​ទទួលបាន​តាម​រយៈ​ព្រះវិហារ​បរិសុទ្ធ វា​បាន​ជួយ​ខ្ញុំ និង​ភរិយា​ខ្ញុំ​ឲ្យ​ចិញ្ចឹម​កូន​របស់​យើង​ក្នុង​សុចរិតភាព » ។

 

អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ធ្វើ​ជា​អធិបតី​នៅ​ការបម្រើ​នោះ បន្ទាប់​ពី​ការប្រជុំ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​តំបន់​អាស៊ីនិង​បុគ្គលិក និង​ការពិនិត្យ​មើល​ប្រតិបត្តិការ​នៅ​ទូទាំង​តំបន់​មក ។ 

ការបើកដំណើរការព្រះវិហារបរិសុទ្ធហុងកុងឡើងវិញ

លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះវិហារ​បរិសុទ្ធ​ហុងកុង​ដ៏​ស្រស់​ស្អាត​នេះ​អញ្ជើញ​យើង​ទាំងអស់​គ្នា​ក្នុង​តំបន់​អាស៊ី​នេះ​ឲ្យ​ខិត​ចូល​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ហើយ​ផ្តល់​ពរជ័យ​ដល់​គ្រួសារ​យើង​គ្រប់​ជំនាន់ » ។

 

ព្រះវិហារ​បរិសុទ្ធ​ហុងកុង​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ទី​៤៨​ដែល​បាន​សាងសង់​ឡើង​ដោយ​សាសនាចក្រ ហើយ​ត្រូវ​បាន​ឧទ្ទិស​ឆ្លង​នៅ​ឆ្នាំ​១៩៩៦ ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវ​បាន​បិទទ្វារ​នៅ​ឆ្នាំ​២០១៩​ដើម្បី​ធ្វើ​ការជួសជុល​កែលម្អ​ដែល​ចាំបាច់​ក្រោយ​ពី​បាន​ផ្តល់​សេវាកម្ម​អស់​រយៈ​ពេល​២៣​ឆ្នាំ ។