ការ​ប្រគល់​គ្រឿង​បរិក្ខាពេទ្យ​នៅ​មន្ទីរពេទ្យស្រុកកោះធំ

ពិធី​ប្រគល់​គ្រឿង​បរិក្ខាពេទ្យ​ត្រូវ​បានធ្វើឡើង​នៅ​មន្ទីរពេទ្យ​ស្រុក​កោះធំ នៅថ្ងៃសៅរ៍ ទី ២៨ ខែ​សីហា ឆ្នាំ ២០២១ ក្នុង​ស្រុកកោះធំ ខេត្តកណ្ដាល ព្រះរាជាណាចក្រកម្ពុជា ។ 

ការប្រគល់គ្រឿងបរិក្ខាពេទ្យនៅមន្ទីរពេទ្យស្រុកកោះធំ

ពិធី​ប្រគល់​គ្រឿង​បរិក្ខាពេទ្យ​ត្រូវ​បានធ្វើឡើង​នៅ​មន្ទីរពេទ្យ​ស្រុក​កោះធំ នៅថ្ងៃសៅរ៍ ទី ២៨ ខែ​សីហា ឆ្នាំ ២០២១ ក្នុង​ស្រុកកោះធំ ខេត្តកណ្ដាល ព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងពិធីនោះ អ្នកផ្សព្វផ្សាយសាសនា​រៀមច្បងគឺ វេជ្ជបណ្ឌិត ដាន ស៊ែលលើរ បានណែនាំ​អំពី​ឯកឧត្តម ស៊ុន ចាន់ថុល ជា​ទេសរដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។ អំឡុង​ពេលធ្វើ​សុន្ទរកថា​របស់លោក ឯកឧត្តម​បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ និងថ្លែង​ការ​​ដឹងគុណ​ដល់​សមាគម​និកាយ​សាសនានៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចំពោះ​ការ​ផ្ដល់អំណោយ​ជា​ឧបករណ៍ និងគ្រឿង​បរិក្ខា​ពេទ្យ ដែល​បាន​បរិច្ចាគ​ទៅកាន់​មន្ទីរសុខភាព​ចំនួន ១២ កន្លែង នៅ​ក្នុង​ខេត្ត​កណ្ដាល ។

ឯកឧត្តម​ក៏​បាន​ប្រកាស​ផងដែរ​ថា នៅ​ក្នុង​ខែ​តុលានេះ មន្ទីរពេទ្យ​ស្រុកកោះធំ នឹង​ត្រូវ​រុះរើ ហើយ​នឹង​ធ្វើការ​ចាប់ផ្ដើម​សាងសង់ជាថ្មីនូវ​មន្ទីរពេទ្យ​កាន់តែធំ និងកាន់តែ​ទំនើប ។ គម្រោង​នេះ នឹង​ផ្ដល់​មូលនិធិ​ជារួមមកពី​ស្ថាប័ន​នៃ​អ្នក​បរិច្ចាគ​ជាច្រើន ។​​

អំឡុង​ពេល​នៃ​ការ​សាងសង់​មន្ទីរពេទ្យថ្មីនោះ​ សមាគម​និកាយ​សាសនានៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នឹង​ចាប់ផ្ដើម​ធ្វើ​ការ​កែលម្អ​ដល់​មន្ទីរសុខភាព​ជាច្រើន​នៅក្នុង​ស្រុក​កោះធំ ។ ការធ្វើដូចនេះ នឹង​ជួយ​បំពេញ​តម្រូវការ​នៃ​ការ​ថែទាំ​សុខភាព​ជាមូលដ្ឋាន អំឡុង​ពេល​នៃ​ការ​សាងសង់មន្ទីរពេទ្យ ។

ការប្រគល់គ្រឿងបរិក្ខាពេទ្យនៅមន្ទីរពេទ្យស្រុកកោះធំ

បន្ទាប់ពី​សុន្ទរកថា​បញ្ចប់ ឧបករណ៍​ពេទ្យ​ទាំងឡាយ​ត្រូវ​បាន​ចែកចាយ​ទៅ​ដល់មន្ទីរ​សុខភាព​​ចំនួន ១២ កន្លែង ។ ឧបករណ៍​ទាំងនោះរួមមាន ម៉ាស៊ីនពិនិត្យ​អ្នកជំងឺ បំពង់​អុកស៊ីសែន គ្រែ​អ្នកជំងឺ ជញ្ជីង អូតូក្លាវ និង​គ្រឿងបរិក្ខា​ដទៃទៀតជាច្រើន ព្រមទាំង​ឧបករណ៍​ដែល​ចាំបាច់​ដើម្បី​ដំណើរការមន្ទីរសុខភាព​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ ។

ការប្រគល់គ្រឿងបរិក្ខាពេទ្យនៅមន្ទីរពេទ្យស្រុកកោះធំ

គ្រឿងបរិក្ខារ​ដែលបាន​បរិច្ចាគ គឺមានចំណែក​នៅក្នុង​កម្មវិធី​កិច្ចខិតខំ​កែលម្អ​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេសកម្ពុជា​ ( CHIE ) ជាបន្ដបន្ទាប់ ។ គម្រោង​នេះ​គឺ​បាន​ចាប់ផ្ដើម​ឡើង​នៅក្នុង​ឆ្នាំ ២០១៨ នៅពេល​អែលឌើរ ភីទើរ អែហ្វ មើរស៍ នៃ​គណៈប្រធាន​តំបន់អាស៊ី មានក្ដីស្រម៉ៃមួយ​ដើម្បីជួយ​កែលម្អ​ដល់​ការថែទាំ​សុខភាព​ដល់​ជនក្រីក្រ និង​ខ្វះខាត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ចាប់ពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ មាន​គូស្វាមីភរិយា​ចំនួន​ប្រាំមួយគូហើយ​ដែល​បាន​មក ឬកំពុងបម្រើ​នៅក្នុង​គម្រោង ​CHIE នេះ ។

កម្មវិធីនេះ បានផ្ដល់​នូវគ្រឿងបរិក្ខារ និង​ឧបករណ៍ពេទ្យ​ទៅកាន់​មន្ទីរសុខភាព​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ កម្មវិធីនេះ​ក៏មានផ្ដល់​ជាការបំពាក់បំប៉នទៅដល់​អ្នក​ដែល​នៅ​ជួរមុខ​អំពី​របៀប​សង្គ្រោះ​បឋម និង​របៀប​សង្គ្រោះ​ជីវិត​ ដែល​ពួកគាត់ជា​អ្នក​បានទទួល​កញ្ចប់​សង្គ្រោះបន្ទាន់ ដែល​មានគ្រឿងបរិក្ខា​រដែលពួកគេ​អាច​ប្រើប្រាស់​សម្រាប់​ការ​សង្គ្រោះបន្ទាន់ខាង​ផ្នែកវេជ្ជសាស្ត្រ ។ កម្មវិធី CHIE ក៏​បាន​ផ្ដល់​ការ​អប់រំ និង​ការណែនាំ​ទៅ​កាន់​វេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា និង​បុគ្គលិក​ពេទ្យ​ដទៃទៀត ព្រមទាំង​បាន​ផ្ដល់ដល់មន្ទីរពេទ្យនូវ​គ្រឿង​បរិក្ខារ​ជួយ​សង្គ្រោះ​ដល់​អ្នកជំងឺ​កូវីត​ និង​អស់អ្នក​ដែល​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាតផងដែរ ។

ការប្រគល់គ្រឿងបរិក្ខាពេទ្យនៅមន្ទីរពេទ្យស្រុកកោះធំ

កម្មវិធី CHIE  បច្ចុប្បន្ននេះផ្ដោតទៅលើ​ការ​ជួសជុល និង​ការ​កែលម្អ​ដល់​មន្ទីរពេទ្យ និង​ប្រព័ន្ធ​ថែទាំសុខភាព​ទាំងមូល ។ កិច្ចខិតខំ​ខាង​មនុស្ស​ធម៌ កំពុង​បន្ដ​ដើម្បី​ផ្ដល់​ជា​អណ្ដូងទឹក និង​គ្រឿង​បរិក្ខារទឹកស្អាត​ទៅកាន់​មន្ទីរពេទ្យ និង​អគារថែទាំ​សុខភាព​ដទៃទៀត ។

នៅក្នុងពិធីនោះ​មានការ​ចូលរួម​មកពី​លោក អ៊ិត វិឈិត និង លោក ឡុង​សារ៉េត អែលឌើរ និង​ស៊ីស្ទើរ ស៊ែលលើរ ដែល​ជា​អ្នក​សម្របសម្រួលនៅក្នុង​គម្រោង​ផ្ដួចផ្ដើម​ខាង​វេជ្ជសាស្ត្រនេះ​នៅក្នុង​ប្រទេស ។ អែលឌើរ និង​ស៊ីស្ទើរ ជែនសិន ដែលបម្រើ​ខាង​ទំនាក់ទំនង​សាសនាចក្រ​ក៏​បាន​ចូលរួមផងដែរ ។