ពិធីសម្ពោធ​ការដ្ឋាន​សាងសង់​​ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​របស់​សាសនាចក្រ​

« រស្មី​នៃ​ពន្លឺ និងសេចក្ដី​សង្ឃឹម »

នៅថ្ងៃទី ១៨ ខែ​កញ្ញា ឆ្នាំ ២០២១ សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ជីកបំបែកដី​ដើម្បី​សាង​សង់ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​កម្ពុជា ។ ប្រធាន នាង កូណូ វាសនា ​នៃ​បេសកកម្ម​ភ្នំពេញ​កម្ពុជា​បានធ្វើជា​អធិបតី និង​ផ្ដល់ការ​អធិស្ឋានឧទ្ទិសឆ្លង ។

ប្រធាន នាង​ បានមានប្រសាសន៍ថា « នេះគឺជា​ថ្ងៃ​មួយ​ដែល​ស្ថានសួគ៌​ញញឹម​មកលើ​យើង  ពន្លឺ​នៃ​ព្រះគ្រីស្ទ​នឹង​បំភ្លឺ​នៅ​ទីនេះ នៅពេល​ដែល​សំណង់​ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​បញ្ចប់ » ។

គាត់​បន្ដ​មានប្រសាសន៍ថា «  ថ្ងៃនេះ ព្រះវិហារបរិសុទ្ធ​ដ៏ពិសិដ្ឋ​របស់ព្រះ នឹង​ចាប់​ផ្ដើម​ចាក់គ្រឹះ ដែលជា​តំណាង​ឲ្យ​សេចក្ដីស្មោះត្រង់ សេចក្ដីស្រឡាញ់ និង​អំណរ​របស់​ពួកបរិសុទ្ធ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ពួក​យើង​ដឹង​ថា នៅពេល​យើង​មក​កាន់​ព្រះវិហារបរិសុទ្ធ នោះ​យើង​អាច​ទទួល​អារម្មណ៍​កាន់តែ​ខិត​ទៅជិត​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ វា​នឹង​ជា​ពរជ័យ​មួយ​ដើម្បី​មក​កាន់​ព្រះវិហារបរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​យើងអាច​ធ្វើទៅបាន » ។

នេះ​គឺជា​ព្រះវិហារបរិសុទ្ធ​ដំបូង​គេ​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅពេល​ពេល​ព្រះវិហារបរិសុទ្ធ​សាងសង់ប​ញ្ចប់ នោះ​ព្រះវិហារបរិសុទ្ធ​នឹង​បម្រើ​ដល់​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ច្រើនជាង ១៥០០០ នាក់ ព្រមទាំង​ប្រទេស​ជិត​ខាង​ផងដែរ ។

ខណៈ​ដែល​មាន​បម្រាម​គោចរណ៍​ក្នុង​ការ​ប្រមូលផ្ដុំ​ដោយសារ​តែ​ជំងឺកូវីត ១៩ នោះ​ការ​ចូលរួម​ពិធី​សម្ពោធការដ្ឋានសាងសង់ដោយផ្ទាល់​​នៅ​នឹង​ទីតាំងគឺ​មានការ​កំណត់ ដូច្នេះ​សមាជិក និង​មិត្តភក្ដិ​ក្នុង​សាសនាចក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិតខាង​អាច​មើល​ពិធីសម្ពោធ​​តាម​ការ​ចាក់ផ្សាយ​អនឡាញ ។

ប្រធាន​ស្ដេកខាងជើងភ្នំពេញ គឺ​ប្រធាន អេង ប៊ុនហួច ក៏​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ផងដែរ ។ គាត់​បាន​នឹកចាំ​ពី​អារម្មណ៍​របស់​គាត់​កាល​ដែល​ប្រធាននៃ​សាសនាចក្រ ប្រធានហ្គរដិន ប៊ី ហ៊ីងគ្លី បាន​ឧទ្ទិស​ឆ្លង​ទឹកដី​កម្ពុជា​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយសាសនា​ក្នុង​ឆ្នាំ ១៩៩៦ ។

គាត់​មានប្រសាសន៍ថា កិច្ចការទ្រង់​នឹងរីកចម្រើន​លូតលាស់ទៅតាមរបៀបដ៏អស្ចារ្យ។   «  ខ្ញុំទទួលបានអារម្មណ៍ថា ការស្ថាបនា​អគារ​ព្រះវិហារបរិសុទ្ធនេះ គឺជាតឹកតាងមួយ​នៃពរជ័យ​ពី​ព្រះអម្ចាស់ ដូចដែលប្រធានហ៊ីងឃ្លី​បាន​មាន​ប្រសាសន៍ » ។ 

កាលនៅឆ្នាំ​នោះ​ អ្នកចូលរួមក្នុង​ការ​ប្រជុំ​ពិសេស​របស់ប្រធាន ហ៊ីងគ្លី គឺមានចំនួន​​តិចជាង ៤៥០ នាក់ ដែល​ចំនួន​ពាក់កណ្ដាល​ពុំមែនជា​សមាជិក​សាសនាចក្រ ។ សព្វថ្ងៃនេះ សាសនាចក្រ​មាន​ស្ដេកចំនួនពីរ និង​មណ្ឌលចំនួនបួន​នៅក្នុង​ប្រទេសកម្ពុជា ហើយ​ស្ដេកទាំងពីរនេះ​​មានទីស្នាក់ការ​នៅ​ក្នុង​រាជធានីភ្នំពេញ ។ 

អស់រយៈពេលជាច្រើនឆ្នាំ សមាជិក​សាសនាចក្រ​មកពី​ប្រទេស​កម្ពុជា បានធ្វើដំណើរ​ទៅកាន់​ទីក្រុងហុងកុង ឬ​ប្រទេសហ្វីលីពីន​ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ មានសមាជិក​ជាច្រើន​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​តែ​ម្ដង​​ប៉ុណ្ណោះ​នៅក្នុង​ជីវិត ដោយសារ​តែ​ត្រូវ​ចំណាយ​ថ្លៃច្រើន និង​តម្រូវឲ្យមានការ​លះបង់ច្រើន ។ ដូច្នេះ នៅពេល​ប្រធាន​សាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​អំពី​ព្រះវិហារបរិសុទ្ធ​កាលពី​ខែ​តុលា ឆ្នាំ ២០១៨ ក្នុងសន្និសីទទូទៅ និង​ក្រោយ​មក​លោក​បាន​បើក​បង្ហាញ​ដោយផ្ទាល់​អំ​ពី​រូបវិចិត្រករ​នៃ​ព្រះវិហារបរិសុទ្ធ អំឡុង​ពេល​លោក​មក​​ធ្វើទស្សនកិច្ចការងារ​បម្រើ​ដល់ប្រទេសនេះ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ឯសេចក្ដីរំភើប​របស់​ពួកបរិសុទ្ធ​គឺ​មាន​ច្រើនហួស​នឹង​ថ្លែងបាន ។  

ពិធីសម្ពោធការដ្ឋានសាងសង់ព្រះវិហារបរិសុទ្ធភ្នំពេញរបស់សាសនាចក្រ

ប្រធាន​អេង គឺជា​មនុស្ស​ម្នាក់​នៃ​អ្នក​ដែល​ពុំ​ដែល​ធ្លាប់​បាន​គិត​ថានឹង​មាន​ព្រះវិហារបរិសុទ្ធ​មួយ​នៅក្នុង​ទឹកដី​របស់ពួកគេ​ក្នុងជីវិត​រស់នៅនោះទេ ។

គាត់មានប្រសាសន៍ថា « ពិតជារំភើបណាស់ » « ខ្ញុំដឹងថា មិនត្រឹមតែ​ពួកយើង​ទាំងអស់គ្នា​រំភើប​ចិត្តទេ គឺមានជីដូនជីតារបស់យើង ពួកលោក​ក៏​កំពុងមើលមកយើង ហើយកំពុងតែត្រេកអរ និង​រំភើប​ជាមួយនឹងពួកយើងចំពោះកិច្ចការដ៏ពិសិដ្ឋ​មួយនេះផងដែរ ពីព្រោះ​ពួកលោក​កំពុងតែ​ចង់​បាន​សេចក្តីសង្រ្គោះដល់ព្រលឹងរបស់ពួកលោក » ។ 

សម្ដី​របស់​គាត់​ត្រូ​វ​បាន​បន្ទរ​ដោយ​ប្អូនស្រី ហុង ចន្នី និង​ប្អូនស្រី យស ស្រីណុច ដែល​បាន​ថ្លែង​ទីបន្ទាល់​របស់ពួកគេ​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន​សាងសង់ ។ អ្នកទាំងពីរ​បាន​បង្ហាញ​នូវ​ការដឹងគុណចំពោះ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ដែល​រួមមានទាំង​ការ​ស្ដារឡើងវិញ​នៃ​ពិធីបរិសុទ្ធនានា ដែល​អនុញ្ញាត​ឲ្យ​ទំនាក់ទំនង​គ្រួសារ​បន្ដមាន​ជានិរន្ដរ៍​ហួសពីសេចក្ដីស្លាប់ ។ ពួកគេ​ក៏​ចង់​ចូលរួម​នៅក្នុងកិច្ចការ​ព្រះវិហារ​បរិសុទ្ធ​​​ផងដែរ ដើម្បី​ពួកគេ​ផ្ដល់ឱកាស​មួយ​ដល់​ជីដូនជីតា​របស់ពួកគេ​ឲ្យ​ទទួល​ទាន​នូវ​ពរជ័យ​ដ៏​អស់កល្បជានិច្ច ។

ពិធីសម្ពោធការដ្ឋានសាងសង់ព្រះវិហារបរិសុទ្ធភ្នំពេញរបស់សាសនាចក្រ

ប្រធាន នាង បាន​លើកទឹកចិត្ត​ដល់សមាជិក​ទាំងអស់​នៃសាសនាចក្រ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មានប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ហើយ​ដែលកាន់តែ​សំខាន់ជាង​នោះទៀត គឺ​រស់នៅ​ក្នុងជីវិត​ស័ក្ដិសម​ដើម្បី​អាច​ឲ្យពួកគេ​ចូល​ទៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។

នៅក្នុង​ការ​អធិស្ឋាន​ឧទ្ទិស​ឆ្លង គាត់​បាន​អធិស្ឋានសូម​ឲ្យ​ព្រះនឹង​ញែកទីតាំងនេះ​ចេញជា​បរិសុទ្ធ ហើយ សូម​ឲ្យ​ទីតាំងនេះ​អាច​ត្រូវ​បាន​ការពារ និង​ប្រសិទ្ធពរ​ឲ្យ​​ធ្វើជាទីតាំង​ដ៏ល្អ​ពេញលេញ និង​ជា​គ្រឹះ​សម្រាប់​ព្រះដំណាក់​នៃ​ព្រះ​អម្ចាស់​ដ៏ពិសិដ្ឋ » ។

គាត់ក៏​មានប្រសាសន៍ផងដែរ​ថា ព្រះវិហារបរិសុទ្ធ​នេះ​នឹងជា « រស្មី​​នៃ​ពន្លឺ និងសេចក្ដី​សង្ឃឹម » ហើយ​គាត់​អធិស្ឋាន​សូម​ឲ្យ​អស់អ្នក​ដែល​ធ្វើដំណើរឆ្លងកាត់​ទីតាំង​នេះ នឹង​ ទទួលអារម្មណ៍នូវសេចក្តីស្រឡាញ់ និងភាពសុខសាន្ត ។

ពិធីសម្ពោធការដ្ឋានសាងសង់ព្រះវិហារបរិសុទ្ធភ្នំពេញរបស់សាសនាចក្រ

ព្រះវិហារបរិសុទ្ធមានកម្ពស់មួយជាន់ ដែលមានក្រឡាផ្ទៃប្រហែលជា ១០០០០ ហ្វីតការ៉េ ( ៩២៩.០៣០៤ ម៉ែត្រការ៉េ ) នឹងសាងសង់នៅលើផ្ទៃដីចំនួន ៣.១៦ acre ( ១.២៧៨៨០៧ ហិចតា ) មានទីតាំងនៅលើផ្លូវសហព័ន្ធរុស្សី នៅចន្លោះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានភាសាបរទេស ដែលនៅជិតនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។  ទីតាំង​ព្រះវិហារបរិសុទ្ធ​នឹង​មាន​​អគារ​បន្ថែម​មួយ​ទៀតផងដែរ ។

ព្រះវិហារបរិសុទ្ធ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ខុសប្លែក​ពី​សាលាប្រជុំ ឬ​រោង​ជំនុំ ដែល​សមាជិក​ជួបជុំគ្នា​ដើម្បី​ធ្វើកម្មវិធី​ថ្វាយបង្គំ​នៅថ្ងៃអាទិត្យ ។ ព្រះវិហារបរិសុទ្ធ​នីមួយៗ​ត្រូវ​បាន​ចាត់ទុកថា​ជា « ដំណាក់​របស់ព្រះអម្ចាស់ » ជាកន្លែង​ដែល​ការ​បង្រៀន​របស់ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​អះអាង​សារជាថ្មី​តាមរយៈ​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបរិសុទ្ធ​ដទៃទៀត ដែល​បង្រួបបង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បជានិច្ច ។ នៅក្នុង​ព្រះវិហារបរិសុទ្ធ សមាជិក​សាសនាចក្រ​រៀន​បន្ថែម​អំពី​គោលបំណងនៃជីវិត និង​ចុះសេចក្ដីសញ្ញា​ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ និង​បម្រើ​ដល់​បងប្អូន​របស់ពួកគេ ។