ការចេញផ្សាយ​សេចក្ដី​លម្អិត​នៃ​ការជួសជុល​ព្រះវិហារ​បរិសុទ្ធ​ហុងកុង ប្រទេស​ចិន

ការកែប្រែព្រះវិហារបរិសុទ្ធចិន
ការកែប្រែព្រះវិហារបរិសុទ្ធចិន

ព្រះវិហារបរិសុទ្ធបានបិទនៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៩ ដើម្បីជួសជុលប្រព័ន្ធមេកានិច អគ្គិសនី កំដៅ និងបំពង់ទឹកទាំងស្រុង ។ ព្រះវិហារបរិសុទ្ធត្រូវបានរំពឹងទុកថានឹងបន្ដបិទរហូតដល់ឆ្នាំ ២០២២ ទើបព្រះវិហារបរិសុទ្ធនឹងត្រូវឧទ្ទិសឆ្លងជាថ្មី បន្ទាប់ពីពិធីសម្ពោធជាសាធារណៈ ។ 

ប្រ៊ែន រ៉ូប៊ើតស៍ ជាអគ្គនាយកគ្រប់គ្រងនាយកដ្ឋានគម្រោងពិសេសនានារបស់សាសនាចក្រ បានថ្លែងថា « ព្រះវិហារបរិសុទ្ធនេះបានបម្រើយ៉ាងស្មោះត្រង់ដល់សមាជិកសាសនាចក្រនៅក្នុងតំបន់អាស៊ីអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ។ ប៉ុន្ដែវាដូចជាអគារទាំងអស់ដែរ ប្រព័ន្ធគ្រប់គ្រងកាន់តែចាស់ នោះការធ្វើបច្ចុប្បន្នភាព និងតំហែទាំចាំបាច់ត្រូវធ្វើឡើង ។ កិច្ចការដែលចំណាយពេលបីឆ្នាំនេះ នឹងលើកសម្រស់ ក៏ដូចជាផ្ដល់មុខមាត់ថ្មីដល់ដំណាក់នៃព្រះអម្ចាស់ដ៏ស្រស់ស្អាតនេះ » ។ 

ថ្មលម្អខាងក្រៅនៃព្រះវិហារបរិសុទ្ធប្រាំជាន់នេះនឹងត្រូវដាក់ថ្មី ហើយបង្អួចខ្លះនឹងត្រូវជួសជុល ។ លើសពីនេះ បន្ទប់ជាច្រើននឹងត្រូវកែជារូបសណ្ឋានថ្មីដើម្បីបង្កើតឲ្យមានបទពិសោធន៍កាន់តែប្រសើរសម្រាប់សមាជិក ។ ការណ៍នេះរួមមាន ការកែជាន់មួយដែលប្រើជាសាលប្រជុំ មកដាក់បញ្ចូលវាទៅក្នុងបទពិសោធន៍នៃព្រះវិហារបរិសុទ្ធ ។

ការកែប្រែច្រកចូលព្រះវិហារបរិសុទ្ធ
ការកែប្រែច្រកចូលព្រះវិហារបរិសុទ្ធ

ជាងជួសជុលក៏នឹងខិតខំដើម្បីធ្វើឲ្យអគារនេះរឹងមាំកុំឲ្យជ្រាបទឹក និងសន្សើមផងដែរ ។ កញ្ចក់រចនាថ្មីនឹងត្រូវតំឡើង–ដោយប្រកាន់ខ្ជាប់នឹងការរចនាដើមដែលអ្នកមកព្រះវិហារបរិសុទ្ធធ្លាប់ស្គាល់–ហើយគំនូរសិល្បៈថ្មីៗ ព្រមទាំងគ្រឿងសង្ហារឹមនឹងត្រូវដាក់បន្ថែម ។ ទេសភាពទីធ្លាខាងក្រៅក៏នឹងត្រូវធ្វើឲ្យស្រស់ត្រកាលថ្មីផងដែរ ។ កំពូលចាស់របស់ព្រះវិហារបរិសុទ្ធនឹងត្រូវដកចេញ ។ 

ម៉ាក ប៊ើរី ជាប្រធានគម្រោងជាន់ខ្ពស់បានពោលថា « ការកែលម្អទាំងនេះនឹងលើកសម្រស់ដល់ព្រះវិហារបរិសុទ្ធដ៏ល្អរុងរឿងនេះ ។ ស្ថាបត្យកររបស់យើងបានធ្វើការយ៉ាងល្អិតល្អន់ដើម្បីបង្កើតគម្រោងការពារ និងពង្រឹងដល់សំណង់នេះ ហើយអ្នកម៉ៅការក្នុងស្រុករបស់យើងនឹងធ្វើឲ្យគម្រោងទាំងនោះក្លាយជាការពិតក្នុងរយៈពេលបីឆ្នាំទៀត » ។ 

ហ្គរដិន ប៊ី ហ៊ីងគ្លី ប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០៨ បានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធហុងកុង ប្រទេសចិននេះនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ១៩៩៦ ។ ព្រះវិហារបរិសុទ្ធនេះបម្រើដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយមកពីប្រទេសចិន សាំងហ្គាពួរ ម៉ុងហ្គោលី និងប្រទេសអាស៊ីផ្សេងៗទៀត ។

វេលឡេស លេម ប្រធានស្ដេកកោះហុងកុងប្រទេសចិនបានមានប្រសាសន៍ថា « ព្រះវិហារបរិសុទ្ធនេះគឺជានិមិត្តសញ្ញានៃបេះដូងរបស់សាសនាចក្រក្នុងទីក្រុងហុងកុង ជាកន្លែងដែលសមាជិកមកពីគ្រប់ផ្នែកនៃទីក្រុងនេះ អាចមកកាន់ព្រះវិហារបរិសុទ្ធតាមសេវាដឹកជញ្ជូនសាធារណៈក្នុងរវាងពេលមួយម៉ោង ។ សមាជិកបានរកឃើញការបំផុសគំនិត និងវិវរណៈដើម្បីប្រឈមនឹងឧបសគ្គនានាក្នុងជីវិត ខណៈពេលអបអរនឹងព្រឹត្តិការណ៍ដ៏រីករាយបំផុតនៃជីវិតនេះ ។ ទោះបីជាការបិទដើម្បីជួសជុលនេះនឹងធ្វើឲ្យមានការសោកស្ដាយបណ្ដោះអាសន្នដល់សមាជិកដ៏ស្មោះត្រង់នៅក្នុងតំបន់អាស៊ីនេះក្ដី ក៏ព្រះវិហារបរិសុទ្ធដែលជួសជុលរួចដ៏សំខាន់នៅពេលអនាគតនឹងនាំមកនូវការអររំភើប និងក្ដីសង្ឃឹមដ៏ខ្លាំងផងដែរ ដោយស្រមៃឃើញពីភាពសមសួន និងអំណរដែលនឹងមាននៅក្នុងដំណាក់នៃព្រះអម្ចាស់ដែលនឹងបើកថ្មីក្នុងពេលខាងមុខនេះ » ។