ការងារ​បម្រើ​ទូទាំង​ពិភពលោក​របស់​ប្រធាន ណិលសុន នឹង​បន្ដ​នៅ​អាស៊ី​អាគ្នេយ៍

ប្រធាន រ័សុល អិម ណិលសុន នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ភរិយា​របស់​លោក វិនឌី — ព្រមទាំង អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន ក្នុង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​ភរិយា​របស់​លោក ខេធើរីន — នឹង​ធ្វើ​ដំណើរ​ទៅ​អាស៊ី​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា កាល​ព្យាការី​បន្ដ​ការងារ​បម្រើ​ទូទាំង​ពិភពលោក​របស់​លោក ។ ថ្នាក់ដឹកនាំ​សេចក្ដីជំនឿ​ទូទាំង​ពិភពលោក​ទាំងនេះ​នឹង​ទៅ​ប្រទេស​ចំនួន​បួន​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ ដោយ​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម កម្ពុជា សាំងហ្គាពួរ និង​ឥណ្ឌូនេស៊ី ចាប់​ពី​ថ្ងៃទី ១៥ ខែ វិច្ឆិកា ទៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

ប្រទេស​ទាំងបួន​នេះ​មាន​ពួកបរិសុទ្ធ​ប្រហែល ៣០ ០០០ នាក់ បេសកកម្ម​ចំនួន​បួន និង​ព្រះវិហារ​បរិសុទ្ធ​ដែល​ទើប​ប្រកាស​ថ្មី​មួយ​នៅ​ប្រទេស​កម្ពុជា ។

ប្រធាន ណិលសុន និង​អែលឌើរ គ្រីស្ដូហ្វឺសិន នឹង​ថ្លែង​ក្នុង​ការប្រជុំ​សមាជិក​ជាច្រើន​ជាមួយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​មិត្ត​ទាំងឡាយ​នៃ​សេចក្ដី​ជំនឿ​នេះ ។ ពួកលោក​ក៏​នឹង​ជួប​ជាមួយ​រដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងនេះ​ផងដែរ ។

ព្រឹត្តិការណ៍​នេះ​នឹង​ជា​ការទស្សនកិច្ច​ដំបូង​របស់​ប្រធាន​សាសនាចក្រ​សម្រាប់​ប្រទេស​វៀតណាម និង​កម្ពុជា ​ក្រោយ​ជាង ២០ ឆ្នាំ​កន្លង​មក ។ ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លឺ បាន​មក​ប្រទេស​វៀតណាម និង​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៦ ប្រទេស​សាំងហ្គាពួរ និង​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ ២០០០ ។ ពុំមាន​ប្រធាន​សាសនាចក្រ​ណា​ផ្សេង​ទៀត​បាន​ទៅកាន់​ប្រទេស​ទាំងនេះ​ឡើយ ។

ការងារបម្រើទូទាំងពិភពលោករបស់ប្រធាន ណិលសុន នឹងបន្ដនៅអាស៊ីអាគ្នេយ៍

ប្រធាន ណិលសុន បាន​ទៅទស្សនកិច្ច​នៅ​ប្រទេស​សាំងហ្គាពួរ និង​ឥណ្ឌូនេស៊ី​ក្នុង​នាម​ជា​សាវក​កាល​ពី​ខែ កុម្ភៈ ឆ្នាំ ២០១០ ។ ការត្រឡប់​មកវិញ​របស់​លោក​ក្នុង​ខែ​វិច្ឆិកា​នេះ នឹង​ជា​ការប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​សាសនាចក្រ​ក្នុង​ប្រទេស​ទាំងនេះ ។

ថ្ងៃ អាទិត្យ ទី ១៧ ខែ វិច្ឆិកា​–​ថ្ងៃ ចន្ទ ទី ១៨ ខែ វិច្ឆិកា

ទីក្រុង​ហាណូយ និង​ហូជីមិញ​ប្រទេស​វៀតណាម

ប្រធាន ណិលសុន នឹង​ជួប​ជាមួយ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​នា​ល្ងាច​ថ្ងៃ អាទិត្យ ទី ១៧ ខែ វិច្ឆិកា នៅ​ទីក្រុង​ហាណូយ រដ្ឋធានី​នៃ​ប្រទេស​វៀតណាម ដែល​បន្ដ​ដោយ​ការជួប​ជា​វី.អាយ.ភី.​មួយ ។ នៅ​ថ្ងៃ ចន្ទ ទី ១៨ ខែ វិច្ឆិកា ការជួប​ជា​វី.អាយ.ភី. និង​ការប្រជុំ​ធម្មនិដ្ឋាន​មួយ​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ហូជីមិញ ។ ប្រទេសវៀតណាម​គឺជា​ប្រទេស​មួយ ដែល​ទើប​មាន​វត្តមាន​របស់​សាសនាចក្រ ហើយ​វា​បន្ដ​រីកចម្រើន ។

ថ្ងៃ អង្គារ ទី ១៩ ខែ វិច្ឆិកា

ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា

ប្រធាន ណិលសុន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា ហើយ​ធ្វើ​ការប្រជុំ​ធម្មនិដ្ឋាន​នា​ពេល​ល្ងាច ។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​ចាក់ផ្សាយ​បន្ដ​ផ្ទាល់​ទូទាំង​សាលាជំនុំ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ។

ក្នុង​ប្រទេស​កម្ពុជា មាន​ពួកបរិសុទ្ធ​ប្រហែល ១៥ ០០០ នាក់ ក្នុង​សាលា​ជំនុំ​ចំនួន ២៩ និង​បេសកកម្ម​ចំនួន​មួយ ។ ព្រះវិហារ​បរិសុទ្ធ ភ្នំពេញ កម្ពុជា​ត្រូវបាន​ប្រកាស​ដោយ​ប្រធាន ណិលសុន ក្នុង​ខែ តុលា ឆ្នាំ ២០១៨ អំឡុង​សន្និសីទ​ទូទៅ ។

ថ្ងៃ ពុធ ទី ២០ ខែ វិច្ឆិកា

ប្រទេស​សាំងហ្គាពួរ

ប្រធាន និង​ស៊ិស្ទើរ ណិលសុន រួមជាមួយ​នឹង​អែលឌើរ និង​ស៊ិស្ទើរ គ្រីស្តូហ្វឺសិន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សាំងហ្គាពួរ​ដើម្បី​ធ្វើ​ការប្រជុំ​សមាជិក​នា​ពេល​ល្ងាច ។ ការប្រជុំ​នេះ​នឹង​បកប្រែ ហើយ​ចាក់ផ្សាយ​ផ្ទាល់​នៅ​សាលាជំនុំ​ទាំងអស់​ក្នុង​ប្រទេស​ម៉ាឡេស៊ី ។ មាន​សមាជិក​ប្រហែល ១៤  ០០០ នាក់​ក្នុង​សាលាជំនុំ​សាសនាចក្រ​ចំនួន ៤៣ នៃ​ប្រទេស​សាំងហ្គាពួរ និង​ម៉ាឡេស៊ី ។ សាសនាចក្រ​នឹង​ប្រារព្ធ​ខួប​លើក​ទី ៥០ ក្នុង​ប្រទេស​សាំងហ្គាពួរ​នៅ​ឆ្នាំ​នេះ ។

ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ វិច្ឆិកា

ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី

ទស្សនកិច្ច​នៃ​ការងារ​បម្រើ​ចុងក្រោយ​នៅ​អាស៊ី​នេះ​គឺ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ជា​កន្លែង​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​ជាន់ខ្ពស់​នឹង​ជួប​ប្រជុំ ហើយ​ថ្លែង​ទៅកាន់​ការប្រជុំ​ធម្មនិដ្ឋាន​មួយ ដែល​នឹង​ចាក់ផ្សាយ​ផ្ទាល់​សម្រាប់​សាលាជំនុំ​ទាំងអស់​ក្នុង​ប្រទេស​នេះ ។

មាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ប្រហែល ៧ ៥០០ នាក់​ក្នុង​សាលាជំនុំ​ចំនួន ២៤ រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​មាន​បេសកកម្ម​ចំនួន​មួយ ។ សាសនាចក្រ​នឹង​ប្រារព្ធ​ខួប ៥០ ឆ្នាំ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​នេះ ។

ព័ត៌មាន Newsroom នឹង​ផ្ដល់​ដំណឹង​ពេញលេញ​ស្ដីពី​ការធ្វើ​ដំណើរ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ រួម​ទាំង​វីដេអូ និង​រូបថត​នានា​តាមប្រព័ន្ធ​ផ្សព្វផ្សាយ និងជា​សាធារណជន ។