ពេលខ្ញុំនៅក្មេង ខ្ញុំបានគិតថា ប៉ារបស់ខ្ញុំមានដៃវែងជាងគេបំផុតក្នុងពិភពលោកនេះ ។ គ្រប់ពេលដែលពួកយើងណាម្នាក់បានខ្សឹបខ្សៀវគ្នា យំ មិចភ្នែកដាក់គ្នា ឬធ្វើអ្វីផ្សេងទៀត ដែលប៉ាចាត់ទុកថាជាការខ្វះគារវភាពនៅក្នុងការប្រជុំ នោះយើងត្រូវបានរំឭកឲ្យមានគារវភាព ដោយការគោះក្បាលពីក្រោយ ។ មិនថាយើងអង្គុយជាគ្រួសារនៅកន្លែងណាក្នុងព្រះវិហារនោះទេ ប៉ាអាចឈោងដៃមកដល់យើងជានិច្ច ។
ដោយសារដឹងថា យើងមិនអាចគេចផុតពីដៃដ៏វែងរបស់ប៉ា នោះយើងបានអង្គុយនៅក្នុងការប្រជុំនោះទាំងទើសទាល់ ប៉ុន្តែការនៅស្ងៀមមិនបានធ្វើឲ្យយើងចូលចិត្តព្រះវិហារនោះទេ ។
ច្រើនឆ្នាំក្រោយមក ខ្ញុំបានចូលរួមការប្រជុំសាក្រាម៉ង់ពួកបរិសុទ្ធថ្ងៃចុងក្រោយជាលើកដំបូង ហើយខ្ញុំមានការភ្ញាក់ផ្អើល ដោយសារតែអាកប្បកិរិយារប៉ិលរប៉ូចរបស់កុមារភាគច្រើន ។ បើប៉ារបស់ខ្ញុំនៅទីនោះ ប្រហែលជាដៃរបស់គាត់អស់កម្លាំង ដោយសារតែព្យាយាមបង្រៀនអំពីគារវភាពដល់ក្មេងទាំងនោះហើយ ។
ប្រមាណជារយៈពេលដប់ឆ្នាំបន្ទាប់ពីការចូលរួមក្នុងការប្រជុំសាក្រាម៉ង់លើកដំបូងរបស់ខ្ញុំមក ខ្ញុំបានអង្គុយនៅក្នុងសាលាប្រជុំ អិល.ឌី.អែស. ជាថ្មីម្ដងទៀត ប៉ុន្តែពេលនេះ ខ្ញុំគឺជាសមាជិកសាសនាចក្រ និងជាឪពុកម្នាក់កំពុងតែមើលថែកូនតូចដ៏រប៉ិលរប៉ូចរបស់ខ្ញុំផ្ទាល់ ។
ខ្ញុំបានប្រាប់ទៅភរិយាខ្ញុំថា « វាគួរតែមានវិធីវិជ្ជមានខ្លះៗដើម្បីបង្រៀនកូនៗយើងឲ្យមានគារវភាព ។ បងមិនចង់ឲ្យពួកគេភ័យខ្លាចចំពោះព្រះវិហារដូចជាបងទេ » ។
ចាប់ពីពេលនោះមក ភរិយាខ្ញុំ និងខ្ញុំបានរកឃើញវិធីដើម្បីជួយកូនទាំងបួនរបស់យើង ដែលមានអាយុក្រោមប្រាំបីឆ្នាំ ឲ្យមានគារវភាពអំឡុងពេលនៅព្រះវិហារ ។ ពួកគេពុំមានគារវភាពទាំងស្រុងជានិច្ចនោះទេ ប៉ុន្តែភាគច្រើនពួកគេមានគារវភាពល្មមគ្រប់គ្រាន់ ហើយអ្វីដែលសំខាន់បំផុតនោះ គឺពួកគេកំពុងតែរៀនរីករាយនឹងការប្រជុំសាក្រាម៉ង់ ។
នេះគឺជាអ្វីមួយចំនួនដែលយើងបានរៀន ពេលយើង « សាកល្បង » វិធីរបស់យើងដើម្បីមានគារវភាពក្នុងការប្រជុំសាក្រាម៉ង់ ។ គំនិតទាំងនេះបានដំណើរការល្អចំពោះយើង ក្រុមគ្រួសារផ្សេងៗអាចមានភាពខុសគ្នា ប៉ុន្តែវាជាវិធីដ៏មានប្រសិទ្ធភាពដូចគ្នាដើម្បីលើកទឹកចិត្តឲ្យមានគារវភាព ។
ចូរមានគារវភាពដោយខ្លួនឯង
វាគឺជារឿងសំខាន់ដែលឪពុកម្ដាយបង្រៀនកូនៗតាមរយៈគំរូខ្លួនថា គារវភាពនៅក្នុងការប្រជុំសាក្រាម៉ង់ គឺជារឿងសំខាន់ ។ យើងមិនអាចរំពឹងឲ្យកូនៗមានឥរិយាបថល្អនៅក្នុងព្រះវិហារបានឡើយ បើខ្លួនយើងពុំមានឥរិយាបថល្អជាមុននោះ ។
កាលខ្ញុំនៅក្នុងគណៈប៊ីស្សព ខ្ញុំមានឱកាសច្រើនដើម្បីមើលឃើញគំរូដែលឪពុកម្ដាយបានបង្ហាញដល់កូនៗរបស់ពួកគេនៅក្នុងការប្រជុំសាក្រាម៉ង់ ។ មនុស្សជាច្រើនមានគារវភាព ហើយកូនៗរបស់ពួកគេក៏បានធ្វើដូចគ្នាផងដែរ ។ ប៉ុន្តែខ្ញុំបានឃើញឪពុកម្ដាយមួយចំនួនឈរបីកូននៅខាងក្រោយសាលាប្រជុំ ដោយប្រើការប្រជុំនោះជាពេលនិយាយជាមួយនឹងមិត្តភក្ដិ ។ មានឪពុកម្ដាយផ្សេងទៀតកំពុងអាន សរសេរ ឬកំពុងដេក ។ ជាធម្មតាកូនៗរបស់ពួកគេខ្វះនូវគារវភាពដូចគ្នាដែរ ។
ក្នុងនាមជាឪពុកម្ដាយ យើងត្រូវធ្វើជាគំរូខ្លួនឯង និងចំពោះកូនៗរបស់យើងដើម្បីក្លាយជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងការប្រជុំសាក្រាម៉ង់ ពុំមែនជាអ្នកដែលព្រងើយកន្តើយឡើយ ។ យើងចាំបាច់ត្រូវយកចិត្តទុកដាកចំពោះអ្វីដែលអ្នកឡើងនិយាយកំពុងថ្លែង ។ ពេលយើងទៅដល់ផ្ទះ យើងគួរពិភាក្សាពីការនិយាយក្នុងការប្រជុំសាក្រាម៉ង់ និងអ្វីដែលយើងបានរៀនពីការនិយាយទាំងនោះ ។
បង្រៀនកូនៗរបស់អ្នក
បន្ទាប់ពីយើងបានកែលម្អឥរិយាបថរបស់យើងចំពោះការប្រជុំសាក្រាម៉ង់ហើយ នោះយើងបានបង្រៀនកូនៗរបស់យើងពីឥរិយាបថដូចគ្នា ដែលយើងចង់ឲ្យពួកគេមាននៅក្នុងព្រះវិហារ ។
ការព្យាយាមលើកដំបូងរបស់យើង រួមមានការនាំពួកគេទៅច្រកដើរ នៅពេលពួកគេឡូឡា ដើម្បីឲ្យអ្នកផ្សេងទៀតអាចរីករាយនឹងការប្រជុំ ។ វិធីសាស្ត្រនេះមានទាំងលទ្ធផលល្អ និងអាក្រក់ ។ សំឡេងឡូឡារបស់កូនៗយើង មិនបានរំខានដល់ស្មារតីនៃការប្រជុំទេ ប៉ុន្តែភរិយារបស់ខ្ញុំ និងខ្ញុំបានខកខាននូវអ្វីជាច្រើនដែលកំពុងកើតឡើងនៅពេលប្រជុំនោះ ។ លើសពីនេះទៀត កូនៗរបស់យើងបានសម្រេចចិត្តថា ពួកគេមានសេរីភាព និងរីករាយនៅតាមច្រកដើរក្នុងសាលាប្រជុំជាងនៅក្នុងការប្រជុំសាក្រាម៉ង់ ។
បន្ទាប់ពីពិនិត្យមើលនូវភាពបរាជ័យរបស់យើង នោះយើងបានផ្លាស់ប្ដូរវិធីសាស្ត្រ ហើយបានខិតខំឲ្យមានគារវភាពក្នុងការប្រជុំសាក្រាម៉ង់នៅឯផ្ទះជំនួសឲ្យនៅព្រះវិហារវិញ ។ នៅក្នុងរាត្រីជួបជុំគ្រួសារ និងនៅគ្រាផ្សេងទៀតក្នុងអំឡុងសប្ដាហ៍ យើងឲ្យកូនៗរបស់យើងអនុវត្តការអង្គុយស្ងៀមស្ងាត់ ។ ពេលយើងផ្ដោតមេរៀនរបស់យើងលើគោលបំណងនៃការប្រជុំសាក្រាម៉ង់ នោះយើងពន្យល់កូនៗរបស់យើងពីហេតុផលដែលយើងទទួលទាននំប៉័ង និងទឹក ។ យើងបាននិយាយប្រាប់ពួកគេអំពីពលិកម្មរបស់ព្រះគ្រីស្ទ ហើយបានពន្យល់ថា ការប្រជុំសាក្រាម៉ង់គឺជាពេលសម្រាប់ពួកគេគិតអំពីព្រះយេស៊ូវ ។
យើងបានមើលឃើញឥទ្ធិពលនោះកើតមានឡើងគួរឲ្យកត់សម្គាល់ ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ហើយបន្ទាប់ពីពីរបីសប្តាហ៍មក កូនធំៗរបស់យើងបានចាប់ផ្តើមអង្គុយស្ងៀមនៅម៉ោងប្រជុំ ។
ចាត់វិធានការ នៅពេលពួកគេគ្មានគារវភាព
ជាការពិតណាស់ ជួនកាលក្មេងៗមិនសូវមានគារវភាព ប៉ុន្តែនៅពេលពួកគេគ្មានគារវភាព នោះយើងបានដឹងថា យើងត្រូវធ្វើអ្វីៗច្រើនជាងយកពួកគេចេញក្រៅឲ្យនៅច្រកដើរនោះទៅទៀត ។ ឪពុករបស់ខ្ញុំបានបញ្ជាក់ប្រាប់ពួកយើងយ៉ាងច្បាស់ថា គាត់ចង់ឲ្យពួកយើងនៅក្នុងព្រះវិហារ មិនគ្រាន់តែនៅបរិវេណព្រះវិហារនោះទេ ។ បន្ទាប់ពីពិចារណាអំពីយុទ្ធសាស្រ្តរបស់ប៉ា ហើយស្តាប់ការនិយាយអំពីការមានវិន័យ នោះភរិយាខ្ញុំ និងខ្ញុំបានដឹងថា ការយកក្មេងដែលគ្មានគារវភាព ចេញពីការប្រជុំសាក្រាម៉ង់ ដោះស្រាយបញ្ហានៅតែចំពោះមុខប៉ុណ្ណោះ ប៉ុន្តែវាពុំបានជួយលើកទឹកចិត្តពួកគេឲ្យចៀសផុតពីការគ្មានគារវភាពនៅពេលអនាគតនោះទេ ។ ពួកយើងបានសម្រេចចិត្តបង្រៀនកូនៗរបស់យើងថា ជីវិតនៅក្នុងការប្រជុំសាក្រាម៉ង់ គឺរីករាយខ្លាំងជាងជីវិតដែលនៅអែបៗនឹងការប្រជុំសាក្រាម៉ង់ ។
នៅថ្ងៃអាទិត្យបន្ទាប់ កូនប្រុសអាយុពីរឆ្នាំរបស់យើងមានអារម្មណ៍តានតឹងខ្លាំងណាស់ ។ ខ្ញុំបានយកគាត់ចេញពីសាលាប្រជុំភ្លាមៗ ប៉ុន្តែលើកនេះខ្ញុំមិនបានឈប់នៅកន្លែងច្រកដើរខាងក្រៅនោះទេ ។ ខ្ញុំបានទៅរកបន្ទប់ទំនេរនៅខាងចុងច្រកដើរនោះ អង្គុយនៅលើកៅអីបត់មួយ ហើយបីគាត់ឲ្យជាប់នៅលើភ្លៅរបស់ខ្ញុំ ។
គាត់នៅស្ងៀមបានមួយនាទី ហើយក៏រើខ្លួនចេញពីខ្ញុំ ។ គំនិតដំបូងរបស់ខ្ញុំគឺចង់ដាក់គាត់ចុះ ប៉ុន្តែខ្ញុំបានសម្រេចចិត្តទុកគាត់ឲ្យនៅលើភ្លៅវិញ ។ គាត់បានរអ៊ូ ហើយខ្ញុំបានពន្យល់ប្រាប់គាត់ថា គាត់នឹងនៅលើភ្លៅរបស់ខ្ញុំ រើមិនរួចឡើយ ពេលដែលខ្ញុំពរគាត់ លុះត្រាតែគាត់សម្រេចចិត្តត្រឡប់ទៅការប្រជុំសាក្រាម៉ង់វិញដោយមានគារវភាព ។
សម្រាប់កូនអាយុពីរឆ្នាំរបស់ខ្ញុំ ការរឹតបន្តឹងបែបនេះគឺមិនល្អសោះ ។ បន្ទាប់ពីការអង្វរ ការរើបម្រាស់ និងយំ អស់ដប់នាទីមកគាត់បានដឹងថា ខ្ញុំនិយាយពិតមែន ហើយគាត់បានសួរ តើគាត់អាចត្រឡប់ទៅការប្រជុំសាក្រាម៉ង់វិញឬទេ ។
ខ្ញុំបានសួរថា « តើកូនឯងនឹងមានគារវភាពឬអត់ ? »
គាត់បានងក់ក្បាល ។
« ហើយប្រសិនបើកូនគ្មានគារវភាពទេ តើនឹងមានអ្វីកើតឡើង ? » គាត់បានចង្អុលទៅកៅអី ។
យើងបានត្រឡប់ទៅការប្រជុំសាក្រាម៉ង់វិញ ជាកន្លែងដែលគាត់អង្គុយដោយស្ងៀមស្ងាត់យ៉ាងត្រឹមត្រូវ ។ នៅថ្ងៃអាទិត្យផ្សេងទៀត យើងនៅតែត្រូវយកកូនប្រុស និងកូនស្រីរបស់យើងចេញពីការប្រជុំសាក្រាម៉ង់ជាច្រើនលើកច្រើនគ្រា ប៉ុន្តែវាមិនចាំបាច់ចំណាយពេលយូរដើម្បីឲ្យពួកគេដឹងថា តើពួកគេចូលចិត្តមានសេរីភាពនៅក្នុងការប្រជុំសាក្រាម៉ង់ ឬក៏ចូលចិត្តនៅលើភ្លៅរបស់ប៉ាដែលមានការរឹតត្បឹតក្នុងបន្ទប់ស្ងាត់មួយនៅឯចុងច្រកដើរនោះ ។
តាមធម្មតា វាជាការប្រសើរ និងងាយស្រួលជាងក្នុងបង្ការនូវការគ្មានគារវភាព ជាជាងការដោះស្រាយវានៅក្នុងព្រះវិហារ ។ ដោយដឹងថាកូនៗរបស់យើងនឹងមិនអាចស្តាប់ ឬយល់រាល់ការឡើងនិយាយទាំងអស់ក្នុងការប្រជុំសាក្រាម៉ង់ទេ តែយើងបានរៀបចំសកម្មភាពផ្សេងទៀតដើម្បីរក្សាភាពស្ងប់ស្ងាត់សម្រាប់ពួកគេ នៅពេលពួកគេចាប់ផ្តើមបាត់ចំណាប់អារម្មណ៍ ។
កូនៗរបស់យើងទាំងអស់ សូម្បីតែកូនពៅក៏ដោយ ក៏ចូលចិត្តអាន និងមើលដំណើររឿងព្រះគម្ពីរជាគំនូររបស់កុមារដែលសាសនាចក្របានបោះពុម្ពដែរ ។ យើងក៏បានយកខ្មៅដៃពណ៌ និងក្រដាស-សសម្រាប់កូនតូចៗមួយចំនួនមក ដើម្បីទុកគូររូប នៅពេលពួកគេចាប់ផ្តើមនៅមិនស្ងៀម ។ កូនធំៗក៏អនុញ្ញាតឲ្យគូរដែរ ប៉ុន្តែយើងលើកទឹកចិត្តពួកគេឲ្យគូររូបភាពដែលទាក់ទងនឹងការឡើងនិយាយដែលកំពុងថ្លែងនោះ ។
យើងក៏បានដឹងដែរថា ល្បែងកម្សាន្ត អាហារ នំចំណី និងរបស់ក្មេងលេង ជាធម្មតា វាមានភាពច្របូកច្របល់ និងរញ៉េរញ៉ៃនៅក្នុងការប្រជុំជាជាងការបង្ការវាទៅវិញ ។
សូមចងចាំថា ក្មេងគឺក្មេង
យើងមិនរំពឹងឲ្យកូនរបស់យើងល្អឥតខ្ចោះនៅក្នុងព្រះវិហារទេ ព្រោះយើងដឹងថាពេលខ្លះវាហួសពីសមត្ថភាពរបស់ពួកគេ ។ ប៉ុន្តែភរិយាខ្ញុំ និងខ្ញុំបានដាក់គោលដៅថានឹងមានអំណរក្នុងការប្រជុំសាក្រាម៉ង់ ។ នៅពេលដែលកូនរបស់យើងមានឥរិយាបថមិនសមរម្យ នោះយើងដោះស្រាយជាមួយពួកគាត់ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ហើយមិនបណ្ដោយឡើយ ។
ភាពចេះភាពកំប្លុកកំប្លែង វាក៏មានប្រយោជន៍ផងដែរ ។ ប្រសិនបើកូនៗរបស់យើងលោតចេញពីកៅអីអង្គុយ ឬដើរតេះតះ ឡើងទៅលើវេទិកា ដោយយើងពុំបានដឹងខ្លួន សូមយើងរក្សាភាពនឹងនរ បញ្ឈប់ឥរិយាបទរបស់ពួកគេ បើចាំបាច់ សូមនាំពួកគេចេញទៅខាងក្រៅ ហើយប្រាប់ខ្លួនឯងថា នៅថ្ងៃណាមួយ—ប្រហែលជា—យើងនឹងអស់សំណើចពីហេតុការណ៍នេះ ។
ប្រសិនបើអ្នកនៅតែម្នាក់ឯង ហើយមានកូនច្រើន អ្នកក៏អាចរក្សាគារវភាព—ដោយមានជំនួយខ្លះៗផងដែរ ។ កាលខ្ញុំបានហៅឲ្យបម្រើក្នុងគណៈប៊ីស្សព ភរិយារបស់ខ្ញុំត្រូវមើលកូនតែម្នាក់ឯង ។ ពីរបីសប្តាហ៍បន្ទាប់មក គាត់បានឃើញថាកិច្ចការនេះលំបាក និងហត់នឿយណាស់ ដូច្នេះហើយយើងបានសុំឲ្យស្វាមីភរិយាដែលចូលនិវត្តន៍នៅក្នុងវួដរបស់យើង អង្គុយជាមួយគ្រួសារយើងរៀងរាល់ថ្ងៃអាទិត្យដើម្បីបំពេញចន្លោះ ។ ពួកគាត់យល់ព្រមដោយស្ម័គ្រចិត្ត ហើយឥឡូវនេះកូនៗរបស់យើងចូលចិត្តអង្គុយក្បែរ « លោកតាលោកយាយ » របស់ពួកគេណាស់ ។
នៅក្នុងគ្រួសាររបស់យើង យើងព្យាយាមធ្វើឲ្យប្រាកដថា ព្រះវិហារគឺជាបទពិសោធន៍វិជ្ជមានសម្រាប់យើង និងកូនៗរបស់យើង ។ ដោយមានការអនុវត្ត និងការរៀបផែនការខ្លះៗ ព្រមទាំងមានការអត់ធ្មត់ច្រើន នោះយើងកំពុងជួយកូនៗឲ្យរៀនដឹងគុណចំពោះការប្រជុំសាក្រាម៉ង់ ហើយចូលរួមដោយមានគារវភាព ។