ទោះបីយើងឈរជាសាក្សីដល់ព្រះយេស៊ូវគ្រីស្ទនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែងក្តី ( សូមមើល ម៉ូសាយ ១៨:៩ ) ក៏ជួនកាលឥទ្ធិពលនៅក្នុងពិភពលោកដែលនៅជុំវិញយើងប្រជែងយកចំណាប់អារម្មណ៍របស់យើងដែរ ។ ពិធីសាក្រាម៉ង់ផ្តល់ឱកាសឲ្យយើងផ្តោតគំនិតរបស់យើងទៅលើព្រះអង្គសង្គ្រោះដោយគ្មានការរំខានអារម្មណ៍ឡើយ ។
អំឡុងពេលសាក្រាម៉ង់ អ្នកអាចគិតអំពីអត្ថន័យ និងភាពស្រស់ស្អាតនៃពិធីបរិសុទ្ធនេះ ។ ការទទួលទាននៃទីសម្គាល់នៃព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គសង្គ្រោះ អាចជួយអ្នកឲ្យសញ្ជឹងគិតអំពីពលិកម្មដ៏ធួន និងនិរន្តរ៍របស់ទ្រង់ ។ ពេលអ្នកទទួលទានសាក្រាម៉ង់ នោះអ្នកកំពុងរំឭកសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក ។ នៅពេលអ្នកធ្វើដូច្នេះ នោះអ្នកអាចតាំងចិត្តខ្លួនឯងសារជាថ្មី ដើម្បីចងចាំទ្រង់ជានិច្ច និងរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
អ្នកអាចកែលម្អបទពិសោធន៍សាក្រាម៉ង់របស់អ្នក តាមរយៈការរៀបចំខ្លួនរបស់អ្នកខាងវិញ្ញាណ ។ នៅអំឡុងសប្តាហ៍ សូមពិចារណាសិក្សាសុន្ទរកថាមកពីសន្និសីទទូទៅ ឬវគ្គបទគម្ពីរ ដែលជួយអ្នកឲ្យផ្តោតលើពលិកម្មរបស់ព្រះអង្គសង្គ្រោះ និងភាពជាសិស្សផ្ទាល់របស់អ្នក ។ អំឡុងពេលច្រៀងទំនុកតម្កើង និងការអធិស្ឋានសាក្រាម៉ង់ សូមផ្តោតទៅលើទំនុកបទ និងពាក្យចេន៍ដែលអ្នកច្រៀង និងស្តាប់ឮ ហើយពិចារណាអំពីអត្ថន័យនៃពាក្យចេន៍ទាំងនោះ ។
អំឡុងពេលពិធីសាក្រាម៉ង់ សូមចំណាយពេលគិតអំពីការផ្លាស់ប្តូរដែលអ្នកកំពុងធ្វើនៅក្នុងជីវិតផ្ទាល់ខ្លួន ដើម្បីប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់ពីទទួលទានសាក្រាម៉ង់ដោយមានភាពស័ក្តិសមរួចមក អ្នកអាចទទួលអារម្មណ៍ស្អាតស្អំ និងបរិសុទ្ធ គឺដូចជាអារម្មណ៍ដែលអ្នកបានមាននៅថ្ងៃបុណ្យជ្រមុជទឹកដូច្នោះដែរ ។
ចងចាំយប់អាហារចុងក្រោយ
យើងគួរគិតអំពីការពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងសារៈសំខាន់នៃការទទួលទាននិមិត្តរូបនៃព្រះកាយ និងព្រះលោហិតរបស់ទ្រង់ដោយស័ក្តិសម ។ យើងក៏អាចគិតអំពីគ្រាដែលទ្រង់បានប្រសិទ្ធពរនំបុ័ង និងស្រាទំពាំងបាយជូរជាមួយនឹងពួកសាវកទាំងដប់ពីរនាក់របស់ទ្រង់ ។
ហូណាស អេ អាយុ ១៨ ឆ្នាំ ម៉ូរ៉េឡូស ប្រទេស ម៉ិកស៊ិក ។
គិតអំពីព្រះយេស៊ូវគ្រីស្ទ
អំឡុងពេលសាក្រាម៉ង់ ខ្ញុំគិតអំពីអ្វីដែលព្រះអង្គសង្គ្រោះបានឆ្លងកាត់ ដើម្បីយើងអាចប្រែចិត្តពីកំហុសដែលយើងបានធ្វើ ។ ខ្ញុំក៏គិតអំពីពរជ័យទាំងអស់ដែលទ្រង់បានប្រទានដល់ខ្ញុំ និងអព្ភូតហេតុដ៏អស្ចារ្យដែលទ្រង់បានធ្វើ ហើយដែលនឹងធ្វើឡើងនាពេលខាងមុខ ។ យើងមានពរណាស់ដែលអាចទទួលទានសាក្រាម៉ង់ ដើម្បីយើងអាចប្រែចិត្តពីអំពើបាបរបស់យើង ហើយតាំងចិត្តធ្វើឲ្យបានល្អប្រសើរឡើង ។
អែនឌី ប៊ី អាយុ ១៣ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.
ពិចារណាអំពីទំនុកបទនៃទំនុកតម្កើងសាក្រាម៉ង់
ទំនុកតម្កើងសាក្រាម៉ង់បង្រៀនពីអ្វីដែលយើងគួរគិតដល់អំឡុងពេលពិធីសាក្រាម៉ង់ ។ ឧទាហរណ៍ ទំនុកតម្កើងសាក្រាម៉ង់ដែលខ្ញុំចូលចិត្តនោះគឺបទ « ព្រះអង្គអើយយើងបន្ទាបខ្លួនប្រាណ » ( ទំនុកតម្កើង ល.រ. ១៧២ ) និពន្ធថា « សូមកុំឲ្យខ្ញុំភ្លេច ឱ!កាលទ្រង់ហូរលោហិតសុគតជួសខ្ញុំ កាលទ្រង់អស់ព្រះជន្មដោយខ្លោចផ្សាលើឈើឆ្កាងត្រង់កាល់វ៉ារី » ។ ការចងចាំទំនុកបទនៃទំនុកតម្កើងសាក្រាម៉ង់ អំឡុងពេលនៃពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះ ជួយខ្ញុំឲ្យទទួលអារម្មណ៍នៃភាពសុខសាន្ត និងបង្កើនអំណរគុណចំពោះដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
អូស្ទីន ប៊ី អាយុ ១៥ ឆ្នាំ ទីក្រុង អាល់ប៊ើត ប្រទេស កាណាដា
ចងចាំ និងទទួលស្គាល់
ពិធីសាក្រាម៉ងធ្វើឡើងក្នុងគោលបំណងដើម្បីរំឭកសេចក្តីសញ្ញារបស់យើងជាមួយព្រះវរបិតាសួគ៌ និងលាងជម្រះឲ្យស្អាតពីអំពើបាបដែលយើងបានប្រែចិត្ត ។ អំឡុងពេលសាក្រាម៉ង់ យើងចងចាំអំពីពលិកម្មរបស់ព្រះគ្រីស្ទធ្វើសម្រាប់យើង និងពិចារណាអំពីរបៀបដែលយើងកំពុងអនុវត្តការពលិកម្មនោះនៅក្នុងជីវិតរបស់យើង ។ ខ្ញុំព្យាយាមគិតអំពីអ្វីដែលខ្ញុំបានធ្វើ អំឡុងសប្តាហ៍មុន ហើយគិតថាតើខ្ញុំបានរក្សាសេចក្តីសញ្ញារបស់ខ្ញុំជាមួយព្រះវរបិតាបានល្អប៉ុណ្ណា ។ ខ្ញុំទទួលស្គាល់អំពើបាបដែលខ្ញុំបានប្រព្រឹត្ត និងផ្តោតលើរបៀបដែលខ្ញុំអាចប្រើដង្វាយធួនដើម្បីយកឈ្នះលើអំពើបាបទាំងនោះ ។ ពេលខ្ញុំធ្វើបែបនេះ នោះពិធីសាក្រាម៉ង់គឺជាបទពិសោធន៍ដ៏លើកស្ទួយ និងពង្រឹងខាងវិញ្ញាណ ។
អាបាហ្គេ ភី អាយុ ១៤ ឆ្នាំ រដ្ឋ អារីស្សូណា ស.រ.អា.
ថ្លែងអំណរគុណចំពោះពរជ័យនានា
អំឡុងពេលសាក្រាម៉ង់យើងគួរគិតអំពីការពលិកម្មដ៏មហិមា ដែលព្រះអង្គសង្គ្រោះរបស់យើងបានធ្វើសម្រាប់យើង និងបំពេញដួងចិត្តយើងដោយអំណរគុណ ។ នៅពេលខ្ញុំទទួលទានសាក្រាម៉ង់ ខ្ញុំចូលចិត្តថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ និងអរគុណចំពោះពរជ័យនានាដែលខ្ញុំបានទទួល ។
អេឡែន អេស អាយុ ១៦ ឆ្នាំ ប៉ារៀបា ប្រទេស ប្រេស៊ីល
រក្សាគំនិតរបស់អ្នកកុំឲ្យរវើរវាយ
ខ្ញុំមានកាតតូចមួយសៀតនៅក្នុងព្រះគម្ពីររបស់ខ្ញុំ ហើយខ្ញុំទាញវាចេញមក អំឡុងពេលប្រជុំសាក្រាម៉ង់រៀងរាល់ថ្ងៃអាទិត្យ ។ វាជាវត្ថុដាក់ចំណាំនៅម៉ូសាយ ១៨ ត្រង់កន្លែងដែលអាលម៉ាបានបង្ហាញអំពីសេចក្តីសញ្ញានៃបុណ្យជ្រមុជទឹក ។ កាតនោះមានសារខ្លីមួយដែលសរសេរថា « មានអំណរគុណចំពោះដង្វាយធួន » ដែលបានសរសេរនៅលើកាតនោះ ដើម្បីជួយខ្ញុំឲ្យចងចាំអំពីគោលបំណង និងភាពបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។ ការមើលសារខ្លីនោះ ជួយខ្ញុំឲ្យរក្សាចិត្តផ្តោតលើគោលបំណង និងភាពបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។
អាលីស្សា អិម អាយុ ១៩ ឆ្នាំ រដ្ឋ តិចសាស ស.រ.អា.
បង្វែរគំនិតរបស់អ្នកទៅកាន់ដង្វាយធួន
អំឡុងពេលសាក្រាម៉ង់ គំនិតរបស់ខ្ញុំ បែរទៅគិតអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ វាមានការលំបាកសម្រាប់ខ្ញុំ ដើម្បីបង្ហាញអារម្មណ៍ដែលខ្ញុំមាន អំឡុងពេលសាក្រាម៉ង់ ពេលខ្ញុំគិតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទត្រូវបានជ្រើសរើសឲ្យធ្វើជាព្រះប្រោសលោះរបស់យើង ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ។
នីហ្វៃ ប៊ី អាយុ ២០ ឆ្នាំ ប្រាស្សាវីល សាធារណៈរដ្ឋកុងហ្គោ
សញ្ជឹងគិតអំពីសេចក្តីសញ្ញារបស់អ្នក
កាលខ្ញុំនៅក្មេង រឿងតែមួយគត់ដែលខ្ញុំគិតអំឡុងពេលពិធីសាក្រាម៉ង់គឺ តើខ្ញុំអាចនៅស្ងៀមបានយ៉ាងដូចម្តេច ? ឥឡូវនេះ ខ្ញុំគឺជាអ្នកកាន់បព្វជិតភាពមួយរូប ខ្ញុំយល់ថា ដើម្បីឲ្យពិធីសាក្រាម៉ង់មានអត្ថន័យ ហើយជួយខ្ញុំឲ្យរីកចម្រើនខាងវិញ្ញាណ នោះខ្ញុំត្រូវសញ្ជឹងគិតអំឡុងពេលពិធីនោះដំណើរការ ។ ខ្ញុំគិតអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលទ្រង់បានបង្ហាញសេចក្តីស្រឡាញ់ចំពោះពួកយើង ។ ខ្ញុំក៏គិតអំពីរបៀបដែលការទទួលទានសាក្រាម៉ង់អាចពង្រឹងសេចក្តីជំនឿ និងបំណងប្រាថ្នារបស់ខ្ញុំ ដើម្បីបំពេញសេចក្តីសញ្ញាបុណ្យជ្រមុជទឹករបស់ខ្ញុំផងដែរ ។
លេវី អេហ្វ អាយុ ១៩ ឆ្នាំ ទីក្រុង អាប៉ាយ ប្រទេស នីហ្សេរីយ៉ា