ខ្ញុំចាំយ៉ាងច្បាស់ពីបទពិសោធន៍គ្រាដំបូងរបស់ខ្ញុំនៅពិធីសាក្រាម៉ង់ ។ ពួកអ្នកផ្សព្វផ្សាយសាសនាទើបតែអញ្ជើញខ្ញុំឲ្យចូលរួមព្រះវិហារជាលើកដំបូង ។ គួរឲ្យសោកស្តាយខ្ញុំពុំដឹងអ្វីសោះអំពីរបៀបដែលពិធីសាក្រាម៉ង់ដំណើរការ ឬនិមិត្តរូបនៃពិធីនោះ ដូច្នេះយុវនារីដែលអង្គុយជាមួយខ្ញុំបានពន្យល់ពីដំណើរការទាំងស្រុង អំឡុងពេលពិធីនោះកំពុងតែដំណើរ ។
ក្រឡេកមើលទៅបទពិសោធន៍នេះបានធ្វើឲ្យខ្ញុំដឹងថា វាអាចជាការណ៍ល្អ ប្រសិនបើខ្ញុំបានព្យាយាមរៀនឲ្យច្រើនបន្តិចអំពីពិធីសាក្រាម៉ង់ដោយខ្លួនឯងជាមុន ប៉ុន្តែខ្ញុំមានសំណាងណាស់ដែលយុវនារីអង្គុយជាមួយខ្ញុំនៅថ្ងៃដំបូងនោះ មានឆន្ទៈពន្យល់អ្វីៗទាំងអស់ដល់ខ្ញុំនៅគ្រានោះ ។ ចាប់តាំងពីនោះមក មានអ្វីៗជាច្រើនបានផ្លាស់ប្តូរក្នុងជីវិតខ្ញុំ—រួមទាំងចំណេះដឹងរបស់ខ្ញុំអំពីដំណឹងល្អ និងអត្ថន័យនៃពិធីសាក្រាម៉ង់ផងដែរ ។
ក៏មានអ្វីជាច្រើនបានផ្លាស់ប្តូរផងដែរ អំឡុងពេលសន្និសីទទូទៅកន្លងមកនេះ ។ ពេលប្រធាន រ័សុល អិម ណិលសុន បានបិទបញ្ចប់សន្និសីទទូទៅនៅខែ តុលា ឆ្នាំ ២០១៩ នោះលោកបានបង្ហាញនូវកំណែមួយចំនួននៃសំណួរដែលបានសួរនៅក្នុងការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយនៅពេលលោកបានថ្លែងឡើងវិញនូវសំណួរទី ៨ ថា « តើអ្នកព្យាយាមដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ទាំងនៅក្នុងគេហដ្ឋាន និងនៅសាសនាចក្រ ចូលរួមការប្រជុំរបស់អ្នក រៀបចំខ្លួន និងមានភាពស័ក្ដិសមទទួលទានសាក្រាម៉ង់ ហើយរស់នៅក្នុងជីវិតរបស់អ្នកស្របទៅតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយនៃដំណឹងល្អដែរឬទេ ? » ( ការគូសបញ្ជាក់បានបន្ថែម ) ។
ពាក្យដែលខ្ញុំចាប់អារម្មណ៍នោះគឺ រៀបចំខ្លួន ។
ខ្ញុំបានដឹងថា ពិធីសាក្រាម៉ង់ពុំមែនជាអ្វីមួយដែលអ្នកគ្រាន់តែរៀបចំខ្លួនតែមួយភ្លែតពីមុនគេចែកនំបុ័ង និងទឹកនោះទេ ។ អ្នកអាចរៀបចំខ្លួនសម្រាប់ពិធីសាក្រាម៉ង់ពេញមួយសប្តាហ៍ ដើម្បីជួយអ្នកឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណកាន់តែខ្លាំង និងទទួលអារម្មណ៍ការរំឭកជាថ្មីរៀងរាល់សប្តាហ៍ ។
ចាប់តាំងពីនោះមក ខ្ញុំបានចាប់ផ្តើមរៀបចំខ្លួនដើម្បីទទួលសាក្រាម៉ង់ពេញមួយសប្តាហ៍ដោយ ៖
- ការសិក្សាព្រះគម្ពីរតាមរយៈសៀវភៅ ចូរមកតាមខ្ញុំ របស់ខ្ញុំ និងការគិតអំពីគំនិតនានាដែលខ្ញុំអាចចែកចាយនឹងអ្នកដទៃ នៅក្នុងការប្រជុំថ្នាក់សាលាថ្ងៃអាទិត្យបន្ទាប់ ។
- ការរៀបចំឥវ៉ាន់ដែលខ្ញុំត្រូវការនៅយប់ថ្ងៃសៅរ៍ សម្រាប់ការប្រជុំនៅព្រះវិហារនាពេលព្រឹក ( អំណរនៃការធ្វើកិច្ចការវេនយប់ ! ) ។ ខ្ញុំត្រូវប្រាកដថា ខ្ញុំដាក់ព្រះគម្ពីរ និងសៀវភៅសរសេររបស់ខ្ញុំ ដើម្បីកត់ត្រាអំឡុងពេលប្រជុំសាក្រាម៉ង់ ហើយខ្ញុំអធិស្ឋានស្វែងរកចម្លើយ អំឡុងពេលនៅព្រះវិហារ អំពីរបៀបដែលខ្ញុំអាចកែលម្អខ្លួនឲ្យបានប្រសើរពេញមួយសប្តាហ៍ក្រោយ ។
- ការស្តាប់តន្ត្រីខាងវិញ្ញាណនៅព្រឹកថ្ងៃអាទិត្យ ពីមុនខ្ញុំចូលរួមការប្រជុំសាក្រាម៉ង់ ក៏ជួយខ្ញុំឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណ និងទទួលបានផ្នត់គំនិតត្រឹមត្រូវ ។
- ការអានទំនុកតម្កើងដែលយើងនឹងច្រៀងនៅក្នុងពិធីសាក្រាម៉ង់ និងអានខគម្ពីរដែលមាននៅក្នុងទំនុកតម្កើងទាំងនោះ ។ ការធ្វើបែបនេះជួយខ្ញុំឲ្យយល់កាន់តែច្បាស់នូវសារលិខិត និងអត្ថន័យដែលបង្កប់នៅក្នុងទំនុកតម្កើងនោះ ហើយជួយខ្ញុំឲ្យពិចារណាអំពីរឿងទាំងនេះពេញការប្រជុំទាំងមូល ។
- ជាចុងក្រោយ គឺការគិតអំពីមូលហេតុដែលមានពិធីសាក្រាម៉ង់ពីមុនគេចែកសាក្រាម៉ង់ ។ ខ្ញុំរំឭកខ្លួនឯងថា ខ្ញុំត្រូវចងចាំពី « មូលហេតុ » នៃពិធីសាក្រាម៉ង់ជានិច្ច និងសារៈសំខាន់នៃពិធីនេះពេញមួយសប្តាហ៍—គឺព្រះអង្គសង្គ្រោះ ។
គោលបំណងសម្រាប់ពិធីសាក្រាម៉ង់គឺដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់សម្រាប់ពួកយើង ( សូមមើល ម៉ាថាយ ២៦:២៦–២៨ ) ។ ពិធីសាក្រាម៉ង់ក៏នាំយើងឲ្យរំឭកសេចក្តីសញ្ញានៃបុណ្យជ្រមុជទឹករបស់យើង និងពង្រឹងការតាំងចិត្តរបស់យើងដើម្បីប្រែក្លាយកាន់តែដូចទ្រង់ ដើម្បីចងចាំទ្រង់ និងប្រែក្លាយជាសិស្សកាន់តែល្អប្រសើរ ។ ពិធីនេះក៏ធ្វើឲ្យយើងចាប់ផ្តើមសប្តាហ៍បន្ទាប់ដោយមានភាពស្រស់ស្រាយខាងវិញ្ញាណផងដែរ ។
ខ្ញុំរៀនកាន់តែច្រើនអំពីពិធីសាក្រាម៉ង់ ចាប់តាំងពីថ្ងៃដំបូងនៅឯព្រះវិហារនោះ ។ ហើយឥឡូវនេះខ្ញុំមានអារម្មណ៍រីករាយជាខ្លាំងរៀងរាល់សប្តាហ៍ ពេលខ្ញុំដើរចូលទៅកាន់ការប្រជុំសាក្រាម៉ង់ ដោយដឹងថា ខ្ញុំនឹងចងចាំដល់ពលិកម្មរបស់ព្រះអង្គសង្គ្រោះសម្រាប់ខ្ញុំ ហើយមានចិត្តឧស្សាហ៍ក្នុងការរក្សាសេចក្តីសញ្ញារបស់ខ្ញុំ ។ ការរៀបចំខ្លួនធ្វើឲ្យមានភាពខុសប្លែកដ៏វិជ្ជមានមួយនៅក្នុងព្រះវិញ្ញាណ ដែលអ្នកទទួលអារម្មណ៍ពេញលេញក្នុងការប្រជុំនោះតែម្តង ។ មុនពេលដែលខ្ញុំមានពិធីសាក្រាម៉ងនៅក្នុងជីវិត ខ្ញុំមានអារម្មណ៍ថាឥតន័យ—ដូចជាបាត់អ្វីមួយ ។ ខ្ញុំមិននឹកស្មានសោះថា ផ្នែកមួយដែលបាត់បង់ក្នុងជីវិតខ្ញុំគឺជាពិធីបរិសុទ្ធដ៏សាមញ្ញបំផុត ប៉ុន្តែមានអានុភាពយ៉ាងអស្ចារ្យនេះសោះ ។ ជាពិធីបរិសុទ្ធមួយដែលជួយខ្ញុំឲ្យពង្រីកសេចក្តីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ និងមានអំណរគុណចំពោះអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសម្រាប់ខ្ញុំ ។