មានព្រឹកថ្ងៃសៅរ៍ដ៏ស្រស់ស្អាតមួយមិនយូរប៉ុន្មានកន្លងទៅនេះ នៅពេលខ្ញុំចេញពីព្រះវិហារបរិសុទ្ធបោនទីហ្វុល យូថាហ៍ ត្រឡប់ទៅផ្ទះវិញ ខ្ញុំបានបើកកាត់អ្នកជិះកង់មួយក្រុមដែលខំជិះនៅបញ្ច្រាសទិសខ្ញុំ ។ នៅពេលខ្ញុំមើលពួកគេខំជិះឡើងភ្នំ ដែលខ្ញុំឃើញថាវាមិនអាចទៅរួចទេ រួចគំនិតដែលខ្ញុំគិតដំបូងគឺ « ពួកគេពិតជាល្ងីល្ងើរណាស់ » ។ ខ្ញុំដឹងច្បាស់ថា ព្យាការីអេសាយ មានព្រះវិហារបរិសុទ្ធបោនទីហ្វុលក្នុងគំនិត នៅពេលលោកថ្លែងថា « នៅជាន់ក្រោយបង្អស់ នោះភ្នំជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ » ( អេសាយ ២:២ ) ពីព្រោះវាពិតជានៅលើភ្នំខ្ពស់ តាមដែលអាចធ្វើទៅបាន ។ ហើយនេះ ជាពួកអ្នកជិះកង់ល្ងីល្ងើរមួយក្រុម ដែលព្យាយាមជិះឡើងលើកំពូលភ្នំនោះ— ដែលសូម្បីតែឡានក៏ពិបាកនឹងឡើងទៅផង ។ តើពួកគេកំពុងគិតអ្វី ?
បន្ទាប់មកវាប៉ះចិត្តខ្ញុំ ។ ប្រហែលជាពួកគេកំពុងគិតថា ការខិតខំរបស់ពួកគេ ធ្វើឲ្យពួកគេកាន់តែរឹងមាំហើយ ។ ប្រហែលជាពួកគេកំពុងគិតថា ការទៅដល់កំពូលភ្នំ នឹងក្លាយទៅជាបទពិសោធន៍ដ៏អស្ចារ្យ ពីព្រោះពួកគេនឹងទទួលបានរង្វាន់ពេលឡើងដល់ទីនោះ ។ ប្រហែលជាពួកគេកំពុងគិតថា ខ្ញុំនឹងមិនចូលចិត្តទេសភាពនោះដូចជាពួកគេទេ ដោយសារខ្ញុំពុំបានឆ្លងកាត់នូវបញ្ហាដូចគ្នា ដើម្បីជិះឡើងទៅដល់ទីនោះ ( តែចៃដន្យ វាជាការពិតមែន ពីព្រោះខ្ញុំពុំខ្វល់ពីការមើលទៅទេសភាពនោះទេ រហូតដល់ខ្ញុំគិតអំពីពួកគេ ) ។ ប្រហែលជាពួកគេកំពុងគិតថា គ្រប់ការរៀបចំរបស់ពួកគេដើម្បីឡើងទៅដល់ទីនោះ គឺមានតម្លៃណាស់ ។ ប្រហែលជាពួកគេពុំល្ងីល្ងើរនោះទេ ។
ពេលពិចារណាអំពីបទពិសោធន៍ដែលខ្ញុំនឹកគិតអំពីពួកអ្នកជិះកង់នៅលើកំពូលភ្នំទាំងនោះ ខ្ញុំចាប់ផ្ដើមគិតអំពីបទពិសោធន៍ដែលខ្ញុំសង្ឃឹមថាគ្រួសារខ្ញុំ និងខ្ញុំនឹងមាន អំឡុងការប្រជុំសាក្រាម៉ង់រាល់សប្ដាហ៍ ។ តើយើងបានរៀបចំខ្លួន ហើយរំពឹងទទួលបានបទពិសោធន៍ប្រចាំសប្ដាហ៍ជាមួយព្រះអម្ចាស់ ដោយការឧស្សាហ៍ព្យាយាម និងការខិតខំដូចគ្នានេះដែរឬទេ ? ថ្មីៗនេះ យើងបានមានការប្រឹក្សាជាច្រើនអំពីសារៈសំខាន់នៃការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ ដោយសារ ការដឹកនាំដ៏បំផុសគំនិត របស់ប្រធាន រ័សុល អិម ណិលសុន អំឡុងសន្និសីទទូទៅខែមេសា ឆ្នាំ ២០១៥ ចំពោះការបំពាក់បំប៉នពិសេស ដែលយើងទាំងអស់គ្នាសង្ឃឹមថានឹងទទួលបាននៅក្នុងវួដ និងសាខារបស់យើង នោះយើងបានគិតពិចារណាជាច្រើនអំពីការរក្សាថ្ងៃឈប់សម្រាករបស់យើង និងអ្វីដែលយើងកំពុងធ្វើដើម្បីឲ្យវាកាន់តែមានអត្ថន័យរាល់សប្ដាហ៍ ។
ការរៀបចំខ្លួនប្រចាំថ្ងៃ
ខ្ញុំមិនប្រាកដទេ ប៉ុន្តែខ្ញុំគិតស្មានថា ពួកអ្នកជិះកង់ទាំងនោះ ពុំគ្រាន់តែឡើងជិះកង់នៅព្រឹកនោះ ហើយសម្រេចចិត្តថាជិះឡើងទៅលើភ្នំនោះទេ ។ ហេតុអ្វី ? ដោយសារខ្ញុំដឹងថា បើខ្ញុំព្យាយាមធ្វើវា នោះខ្ញុំនឹងបរាជ័យយ៉ាងដំណំ ។ ទំនងជាពួកគេបានខិតខំរាល់ថ្ងៃនៅក្នុងការបំពាក់បំប៉នរាងកាយរបស់ពួកគេ ដើម្បីពួកគេអាចជិះទៅដោយជោគជ័យ ។ ដូចគ្នានេះដែរ យើងមិនអាចគ្រាន់តែបង្ហាញខ្លួននៅការប្រជុំសាក្រាម៉ង់មួយសប្ដាហ៍ម្ដង ដោយពុំបានរៀបចំខ្លួន ហើយសង្ឃឹមថាបានទទួលបទពិសោធន៍ខាងវិញ្ញាណនោះទេ ។ យើងត្រូវតែរៀបចំខ្លួនសម្រាប់សាក្រាម៉ង់ជារៀងរាល់ថ្ងៃ ។
ពួកសាសន៍សូរាំនៅក្នុងព្រះគម្ពីរមរមន បានទៅព្រះវិហារជារៀងរាល់សប្ដាហ៍ ។ ប៉ុន្តែដល់ចំណុចណាមួយនោះ ពួកគេបានឈប់ចងចាំផ្នែកសំខាន់បំផុតនៃដំណឹងល្អ គឺ—ព្រះយេស៊ូវគ្រីស្ទ— ហើយបាន « ធ្លាក់ទៅក្នុងកំហុសយ៉ាងធំ » ។ ដូច្នេះអ្វីដែលគួរតែជាបទពិសោធន៍ដ៏មានអត្ថន័យខ្លាំងរាល់សប្ដាហ៍នោះ បានប្រែក្លាយទៅជាការគ្រាន់តែចូលរួមការប្រជុំមួយទៀតទៅវិញ ។ ហើយនៅពេលពួកគេចប់ « នោះពួកគេក៏ត្រឡប់ទៅផ្ទះគេវិញ ដោយមិននិយាយអំពីព្រះរបស់គេទៀតឡើយ រហូតដល់ពួកគេបានជួបជុំគ្នាទៀតនៅកន្លែងឈរដ៏បរិសុទ្ធនោះ » ( អាលម៉ា ៣១:៩, ២៣ ) ។
ដើម្បីចៀសវាងពីកំហុសឆ្គងដូចគ្នានោះ នេះគឺជាសំណួរមួយចំនួនដើម្បីពិចារណា នៅពេលវាយតម្លៃអំពីការរៀបចំខ្លួនប្រចាំថ្ងៃរបស់យើងដើម្បីចូលរួមការប្រជុំសាក្រាម៉ង់រាល់សប្ដាហ៍ ៖
- តើយើងបានធ្វើរាល់សកម្មភាព « ការរៀបចំ—នៅថ្ងៃសៅរ៍ » ដើម្បីកាត់បន្ថយភាពតានតឹងនៅថ្ងៃឈប់សម្រាកដែរឬទេ ? មិត្តខ្ញុំម្នាក់ ថ្មីៗនេះបានបង្ហោះនៅលើហ្វេសប៊ុកថា គ្រួសាររបស់គាត់ ធ្វើសកម្មភាពសាមញ្ញៗ នៃការតម្រៀមស្បែកជើងសម្រាប់ទៅថ្ងៃអាទិត្យទាំងអស់នៅតាមជញ្ជាំង ហើយព្យួរខោអាវ បូរសក់ និងក្រវ៉ាត់ករ នៅលើដៃទ្វារនៅយប់ថ្ងៃសៅរ៍ ដើម្បីធ្វើឲ្យមានបទពិសោធន៍ការប្រជុំសាក្រាម៉ង់កាន់តែមានអត្ថន័យ ។
- តើយើងបានព្យាយាមបង្រៀនកូនៗរបស់យើងអំពីសារៈសំខាន់នៃការមានគារវភាពអំឡុងម៉ោងសាក្រាម៉ង់ដែរឬទេ ? គារវភាព គឺវាមានន័យហួសពីការគ្រាន់តែឲ្យក្មេងៗធ្វើអ្វីមួយ ដើម្បីឲ្យពួកគេនៅស្ងៀមស្ងាត់ ។ វាគឺជាអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងគោរពចំពោះភាពពិសិដ្ឋ ។ កុមារតូចៗ អាចរៀនមានគារវភាពដោយមានការជួយលើកទឹកចិត្តបន្តិចបន្តួចពីមនុស្សធំដែលជាទីទុកចិត្ត ។
- តើយើងបានបង្រៀនអ្នកកាន់បព្វជិតភាពអើរ៉ុននៅក្នុងផ្ទះ និងកូរ៉ុមរបស់យើង អំពីសារៈសំខាន់នៃកាតព្វកិច្ចបព្វជិតភាពរបស់ពួកគេ អំឡុងការប្រជុំសាក្រាម៉ង់ដែរឬទេ ? នៅគោលលទ្ធិ និងសេចក្ដីសញ្ញា ១៣ យើងរៀនថា បព្វជិតភាពអើរ៉ុន កាន់កូនសោនៃដំណឹងល្អនៃការប្រែចិត្ត ។ តើយើងយល់ដឹងអំពីសារៈសំខាន់នៃតួនាទីនោះដែរឬទេ ? តាមរយៈការមប្រើដ៏ពិសិដ្ឋរបស់ពួកគេរាល់សប្ដាហ៍ នោះពួកគេកំពុងផ្ដល់ឲ្យយើងម្នាក់ៗនូវលទ្ធភាពដើម្បីប្រែចិត្ត ហើយត្រូវបានអភ័យទោស តាមរយៈការបម្រើពិធីសាក្រាម៉ង់ ។
- តើយើងបានចូលដំណេកពីក្បាលព្រលប់នៅយប់ថ្ងៃសៅរ៍ ដើម្បីកុំឲ្យយើងងោកងុយ នៅអំឡុងការប្រជុំសាក្រាម៉ង់ដែរឬទេ ?
- តើយើងកំពុងខិតខំអស់ពីសមត្ថភាពដែលយើងចាំបាច់ត្រូវធ្វើ អំឡុងសប្ដាហ៍ដើម្បីយាងអញ្ជើញព្រះវិញ្ញាណមកក្នុងជីវិតរបស់យើង នៅពេលថ្ងៃអាទិត្យមកដល់ នោះយើងបានត្រៀមខ្លួនជាស្រេច ហើយរំភើបចិត្តដើម្បីមានបទពិសោធន៍ដ៏មានអត្ថន័យជាមួយនឹងព្រះអម្ចាស់ អំឡុងការប្រជុំសាក្រាម៉ង់ដែរឬទេ ?
- តើយើងត្រៀមខ្លួនដើម្បីវាយតម្លៃអាកប្បកិរិយា និងឥរិយាបទផ្ទាល់ខ្លួនរបស់យើង ហើយពិតជាបានសង្រួមនឹងព្រះអង្គសង្គ្រោះ អំឡុងការបម្រើពិធីសាក្រាម៉ង់ដែរឬទេ ?
នៅក្នុងសម័យប្រជុំស្ត្រីនៃសន្និសីទទូទៅថ្មីៗនេះ ស៊ីស្ទើរ លីនដា អេស រីវស៍ បានរំឭកបងប្អូនស្រីដោយមោះមុតថា « ប្រលោមលោកមនោសញ្ចេតនាដែលទាក់ទាញ រឿងល្ខោនភាគតាមទូរទស្សន៍ ស្ត្រីដែលរៀបការ និងមិត្តប្រុសចាស់មានទំនាក់ទំនងតាមប្រព័ន្ធសង្គម និងរឿងអាសគ្រាម » គឺជាឧបករណ៍មួយចំនួននៃឧបករណ៍ជាច្រើនដែលសាតាំងបានប្រើដើម្បីរារាំងយើងពីការរៀបចំខ្លួនដើម្បីទទួលបទពិសោធន៍ខាងវិញ្ញាណដែលយើងស្វែងរក ។ ចំពោះរឿងដូច្នេះគាត់បានប្រឹក្សាថា ៖ « នៅពេលយើង មើល អាន ឬដកពិសោធន៍អ្វីៗដែលនៅក្រោមបទដ្ឋានរបស់ព្រះវរបិតាសួគ៌របស់យើង នោះវាធ្វើឲ្យយើងទន់ខ្សោយ ។ មិនថាយើងមានវ័យណាទេ ប្រសិនបើយើង មើល អាន ស្ដាប់ ឬជ្រើសរើសធ្វើអ្វីដែលមិនត្រូវតាមបទដ្ឋានរបស់ព្រះអម្ចាស់ នៅក្នុងកូនសៀវភៅដើម្បីកម្លាំងនៃយុវជន ចូរបិទវា ហែកវាចោល ហើយកុំទៅរកវាទៀត » ។
ត្រៀមខ្លួនចេញទៅ
ពួកអ្នកជិះកង់ដែលខ្ញុំបានសង្កេតឃើញ បានរៀបចំគ្រប់វិធីដើម្បីជិះទៅដល់ដោយជោគជ័យ ។ ដោយមានការស្លៀកពាក់ត្រឹមត្រូវ ប្រដាប់ប្រដាសុវត្ថិភាពត្រឹមត្រូវ និងឧបករណ៍ត្រឹមត្រូវ នោះពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីឡើងទៅលើភ្នំ ។ នៅពេលយើងមកដល់សាលាប្រជុំសម្រាប់ការប្រជុំសាក្រាម៉ង់រាល់សប្ដាហ៍ តើយើងបានរៀបចំខ្លួនដូចគ្នានេះ ដើម្បីទទួលបានបទពិសោធន៍ខាងវិញ្ញាណដែរឬទេ ?
ទាំងនេះគឺជាសំណួរមួយចំនួនដើម្បីពិចារណា នៅពេលវាយតម្លៃអំពីការខិតខំរបស់យើងដើម្បីរួមចំណែកក្នុងការប្រជុំសាក្រាម៉ង់ប្រកបដោយអត្ថន័យ ៖
- តើយើងស្លៀកសម្លៀកបំពាក់មកតាមរបៀបមួយ ដែលត្រូវនឹងបំណងប្រាថ្នារបស់យើង ដើម្បីបង្ហាញការគោរព និងការស្រឡាញ់ថ្វាយព្រះអម្ចាស់ដែរឬទេ ?
- តើយើងមកដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ដោយចង់ប្រែចិត្ត ហើយរៀនមកពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
- តើយើងមកដល់មុនម៉ោង ហើយសួរសុខទុក្ខគ្នានៅក្នុងរោងជំនុំ ដោយមានកំណត់ ដើម្បីរក្សាអារម្មណ៍គារវភាព ដែលគួរតែមាននៅទីនោះដែរឬទេ ? ការស្ដាប់តន្ត្រីកំដរកម្មវិធីដោយស្ងៀមស្ងាត់ គឺជារបៀបដ៏ល្អមួយដើម្បីរៀបចំខ្លួនសម្រាប់ការប្រជុំ ។
- តើយើងបានផឹកទឹក និងទៅបន្ទប់ទឹក ពីមុនការប្រជុំចាប់ផ្ដើមដែរឬទេ ?
- តើយើងព្យាយាមកាត់បន្ថយរាល់ការរំខាន រួមមានឧបករណ៍អេឡិចត្រូនិច ជាពិសេសអំឡុងការបម្រើពិធីសាក្រាម៉ង់ ឲ្យនៅតិចបំផុតដែរឬទេ ? អែលឌើរ ដាល្លីន អេក អូក បានបង្រៀនថា ៖ « នៅពេលយើងទទួលទានសាក្រាម៉ង់ យើងធ្វើសេចក្ដីសញ្ញាពិសិដ្ឋមួយ ដែលយើងនឹងចងចាំព្រះអង្គសង្គ្រោះជានិច្ច ។ តើវាសោកសៅប៉ុណ្ណា នៅពេលមើលឃើញមនុស្សល្មើសនឹងសេចក្ដីសញ្ញានោះជាក់ស្ដែង នៅក្នុងការប្រជុំដែលពួកគេកំពុងធ្វើនោះ » ។
- តើយើងដោះស្រាយនឹងការរំខានមកពីកុមារតូចៗតាមរបៀបដែលមានប្រសិទ្ធភាពដែរឬទេ ? ដោយសារសាសនាចក្រ ផ្តោតសំខាន់ទៅលើក្រុមគ្រួសារ នោះកុមារតូចៗនឹងកត្តាមួយនៅក្នុងការប្រជុំសាក្រាម៉ង់ជានិច្ច ។ ប៉ុន្តែយើងអាចមកដោយការរៀបចំខ្លួនដើម្បីប្រឈមនឹងការរំខាននានា ។ បើកុមារតូចៗនោះគឺជាកូនរបស់យើងផ្ទាល់ យើងអាចយកពួកគេចេញក្រៅ ដើម្បីចូលរួមក្នុងការមានគារវភាពដល់ការប្រជុំទាំងមូល ។ ហើយបើកុមារតូចៗនោះពុំមែនជាកូនរបស់យើងទេ យើងអាចមិនអើរពើរដល់ការរំខានតូចតាចនោះ ដោយការមិនវិនិច្ឆ័យ ឬខ្វះភាពអត់ធ្មត់ ឬក៏អាចទៅជួយ ប្រសិនបើសមរម្យ ។
- តើយើងច្រៀងទំនុកតម្កើងដែលបានជ្រើសរើសដោយគារវភាព និងការគោរពដែរឬទេ ? ទំនុកតម្កើង គឺជាផ្នែកសំខាន់មួយក្នុងការថ្វាយបង្គំប្រកបដោយអត្ថន័យ ហើយយើងអាចយាងអញ្ជើញ និងរៀនមកពីព្រះវិញ្ញាណកាន់តែមានប្រសិទ្ធភាព នៅពេលយើងចូលរួមច្រៀង ។
- តើយើងរំពឹងទទួលបានបទពិសោធន៍ខាងវិញ្ញាណ អំឡុងការប្រជុំសាក្រាម៉ង់ និងបន្ដប្រុងស្មារតី និងយកចិត្តទុកដាក់ អំឡុងការបម្រើពិធីសាក្រាមំង់ និងការឡើងនិយាយដែរឬទេ ?
- តើយើងរំពឹងថាការបម្រើពិធីសាក្រាម៉ង់ ជាគ្រាដ៏មានតម្លៃបំផុតនៅក្នុងសប្ដាហ៍របស់យើងដែរឬទេ ? តាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះ ព្រះអង្គសង្គ្រោះប្រទានការអភ័យទោស កម្លាំង និងឱកាសដើម្បីចងចាំសេចក្ដីសញ្ញា ដែលយើងបានធ្វើ ។
ដូចជារឿងភាគច្រើននៅក្នុងជីវិតដែរ យើងម្នាក់ៗនឹងចេញពីការប្រជុំសាក្រាម៉ង់របស់យើង ដោយទទួលបទពិសោធន៍យ៉ាងជាក់ច្បាស់នូវអ្វីដែលយើងស្វែងរក ។ បើយើងទៅដោយរំពឹងរឿងខាងលោកិយ ឬធុញទ្រាន់ នោះយើងនឹងច្បាស់ជាទទួលបាននូវអ្វីដែលយើងនឹងមករកនោះហើយ ។ ប៉ុន្តែបើយើងទៅរាល់សប្ដាហ៍ដោយការស្វែងរកបទពិសោធន៍ខាងវិញ្ញាណយ៉ាងស្មោះស្ម័គ្រ ជាអ្វីមួយដែលយើងអាចទំនាក់ទំនងនឹងព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះ ព្រះយេស៊ូវគ្រីស្ទរបស់យើង— ហើយយើងមានឆន្ទៈដើម្បីខិតខំសម្រេចបានគោលបំណងនោះ— នោះយើងនឹងទទួលវាបានសម្រាប់រយៈពេលប្រហែលជាមួយម៉ោងរាល់សប្ដាហ៍ ដែលយើងមានបទពិសោធន៍នៅលើកំពូលភ្នំ ដែលធ្វើឲ្យយើងនិយាយថា « ពិតណាស់ វាមានតម្លៃដែលខ្ញុំខិតខំដើម្បីមកដល់ទីនេះ » ។
បើអ្នកចង់រៀនបន្ថែមអំពីការកែលម្អបទពិសោធន៍ការប្រជុំសាក្រាម៉ង់របស់អ្នក សូមអានសុន្ទរកថារបស់អែលឌើរ ដាល្លិន អេក អូក « Sacrament Meeting and the Sacrament » ឬសុន្ទរកថារបស់ប្រធាន រ័សុល អិម ណិលសុន « Worshiping at Sacrament Meeting » ឬមើលវីដេអូ « Purposes of Sacrament Meeting » ។ សម្រាប់យោបបល់ល្អៗមួយចំនួនផ្សេងទៀត សូមអានអត្ថបទ « Getting the Most Out of Sacrament Meeting » ។