តើអ្នកគិតអំពីអ្វី នៅពេលអ្នកទទួលទាននំបុ័ង និងទឹកនៃពិធីសាក្រាម៉ង់ ឬនៅពេលអ្នករៀបចំប្រសិទ្ធពរ ឬចែកសាក្រាម៉ង់នោះ ? ពួកយើងជាច្រើនពិចារណាអំពីសេចក្តីសញ្ញារបស់យើង និងរបៀបដែលយើងកំពុងរស់នៅ ។ យើងគិតអំពីអំពើបាបរបស់យើង ហើយអធិស្ឋានទូលសូមការអភ័យទោស និងប្តេជ្ញាចិត្តធ្វើជាមនុស្សល្អប្រសើរ ។
នេះគឺជាកត្តាដ៏សំខាន់នៃពិធីបរិសុទ្ធនៃសាក្រាម៉ង់ ។ ក្រៅពីនោះមានអ្វីផ្សេងទៀតដែលយើងត្រូវពិចារណា—ជាអ្វីដែលអស្ចារ្យ និងជាក់លាក់យ៉ាងខ្លាំង ដែលវាជាផ្នែកមួយនៃការអធិស្ឋានសាក្រាម៉ង់នេះហើយ ។ វាគឺជាការចងចាំដល់ព្រះយេស៊ូវគ្រីស្ទ ថាជាព្រះរាជបុត្រារបស់ព្រះ និងជាព្រះអង្គសង្រ្គោះនៃពិភពលោកនេះ ។ អស់អ្នកដែលទទួលទាននំបុ័ងសន្យាថា « ទទួលទានដោយនូវការចងចាំដល់ព្រះកាយ [ នៃ ] ព្រះរាជបុត្រារបស់ព្រះអង្គ » ហើយ « ចងចាំទ្រង់ជានិច្ច » ( គ. និង ស. ២០:៧៧ ) ។ ស្រដៀងគ្នានេះដែរ អស់អ្នកដែលទទួលទានទឹកសន្យាថា ទទួលទាន « ដោយនូវការចងចាំដល់ព្រះលោហិត [ នៃ ] ព្រះរាជបុត្រារបស់ព្រះអង្គ » ហើយ « ថាពួកគេនឹងចងចាំទ្រង់ជានិច្ច » ( គ. និង ស. ២០:៧៩ ) ។
ជម្រើសដើម្បីចងចាំព្រះអង្គសង្គ្រោះ និងដង្វាយធួន ព្រមទាំងការពលិកម្មរបស់ទ្រង់គឺជាមូលដ្ឋានគ្រឹះនៃពិធីបរិសុទ្ធនេះ ។ ដូចអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « នៅក្នុងពាក្យអធិស្ឋានសាក្រាម៉ង់ដ៏សាមញ្ញ និងអស្ចារ្យ … ពាក្យសំខាន់ដែលយើងស្តាប់ឮ គឺវាហាក់ដូចជាពាក្យ ចងចាំ ។ … អ្វី ដែលបាន សង្កត់ធ្ងន់នៅក្នុងការអធិស្ឋានទាំងពីរនោះគឺថា អ្វីៗទាំងអស់នេះធ្វើឡើងដើម្បីចងចាំដល់ព្រះគ្រីស្ទ ។ ដូច្នេះនៅក្នុងការចូលរួមនេះ យើងធ្វើបន្ទាល់ថា យើងនឹងចងចាំទ្រង់ជានិច្ច ដើម្បីយើងអាចមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយយើងជានិច្ច » ។[១]
ព្រះអង្គសង្គ្រោះបានសង្កត់ធ្ងន់លើចំណុចដូចគ្នានេះ នៅពេលទ្រង់បានតាំងពិធីសាក្រាម៉ង់ឡើង ជាមួយពួកសាវករបស់ទ្រង់ អំឡុងពេលនៃបុណ្យរំលងនៅទីក្រុងយេរូសាឡិម នៅយប់ថ្ងៃចុងក្រោយនៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់—គឺយប់ដែលទ្រង់បានរងទុក្ខសម្រាប់ពួកយើងនៅក្នុងសួនច្បារគែតសេម៉ានី ពីមុនការងទុក្ខសារជាថ្មីនៅលើឈើឆ្កាង ។ ឧទាហរណ៍ បន្ទាប់ពីឲ្យនំបុ័ងទៅពួកគេបរិភោគហើយនោះ ទ្រង់បានមានព្រះបន្ទូលថា « នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ » ( លូកា ២២:១៩–២០ សូមមើលផងដែរ ម៉ាថាយ ២៦:២៦–២៨ ) ។
អំឡុងថ្ងៃដំបូងរបស់ព្រះអង្គសង្គ្រោះគង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃនៅទ្វីបអាមេរិក នោះទ្រង់ក៏បានបង្រៀនពួកគេអំពីពិធិបរិសុទ្ធនៃសាក្រាម៉ង់នេះផងដែរ ។ ជាថ្មីម្តងទៀត ទ្រង់បានត្រាស់បង្គាប់ឲ្យពួកគេទទួលទាននៅក្នុងការចងចាំដល់ព្រះកាយ និងព្រះលោហិតរបស់ទ្រង់ ហើយបានប្រាប់ពួកគេថា នៅពេលពួកគេធ្វើដូច្នេះ នោះ « នឹងទៅជាទីបន្ទាល់ដល់ព្រះវរបិតាថា អ្នករាល់គ្នាចងចាំដល់យើងជានិច្ច » ( នីហ្វៃទី ៣ ១៨:៧ ) ។ ក្រោយមកទ្រង់បានសន្យានឹងពួកគេថា « បើសិនជាអ្នករាល់គ្នាចងចាំដល់យើងជានិច្ច នោះអ្នករាល់គ្នានឹងមានព្រះវិញ្ញាណរបស់យើងនៅជាមួយនឹងអ្នក » ( នីហ្វៃទី ៣ ១៨:៧, ១១ ) ។
ឱនេះជាពរជ័យដ៏អស្ចារ្យអ្វីម៉្លេះ ! នៅក្នុងពិភពលោកដែលពោរពេញទៅដោយបញ្ហា និងការជ្រួលច្របល់ រួមទាំងការល្បួងដែលព្យាយាមអូសទាញយើងឲ្យវង្វេងជាប់ជានិច្ចនេះ តើមានអំណោយដ៏សំខាន់អ្វីជាងនេះទៀតដែលយើងអាចមាននោះ ? តាមរយៈការមានព្រះវិញ្ញាណគង់នៅជាមួយយើង នោះយើងអាច « ស្គាល់សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ » ( មរ៉ូណៃ ១០:៥ ) ។ ការណ៍នេះនឹងផ្តល់អំណាច និងប្រាជ្ញាដល់យើងឲ្យរស់នៅតាមរបៀបដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងរស់នៅ ធ្វើការជ្រើសរើសត្រូវ បម្រើដោយស្មោះត្រង់ និងប្រែក្លាយកាន់តែដូចទ្រង់ ។
នៅពេលអ្នកចូលរួមនៅក្នុងពិធីសាក្រាម៉ង់ជារៀងរាល់សប្តាហ៍ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីចងចាំទ្រង់ ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីចងចាំទ្រង់ ជានិច្ច —ពេញមួយសប្តាហ៍ និងពេញមួយជីវិតរបស់អ្នកនោះ ?
ខ្ញុំសូមអញ្ជើញអ្នកឲ្យពិចារណាអំពីសំណួរទាំងនោះ ហើយធ្វើការតាំងចិត្តដើម្បីចងចាំព្រះអង្គសង្គ្រោះជានិច្ច ។ អ្នកនឹងមានភាពអស្ចារ្យចំពោះរបៀបដែលវានឹងផ្លាស់ប្តូរជីវិតរបស់អ្នក ។
[១] Jeffrey R. Holland, “This Do in Remembrance of Me,” Ensign, Nov. 1995, 68.