ការប្រជុំសាក្រាម៉ង់អាចដាក់ផែនការ និងដឹកនាំដើម្បីជួយយើងឲ្យចងចាំដល់ព្រះអម្ចាស់ និងដង្វាយធួនរបស់ទ្រង់ ។
គណៈប៊ីស្សព និងគណៈប្រធានសាខាមានការទទួលខុសត្រូវជាច្រើនដែលអាចផ្ទេរសិទ្ធិឲ្យគេធ្វើបាន ។ ប៉ុន្តែពួកគាត់មិនអាចផ្ទេរសិទ្ធិនៃការទទួលខុសត្រូវនៅម៉ោងប្រជុំសាក្រាម៉ង់នេះទៅនរណាបានឡើយ ។ ជាទូទៅ ពួកគាត់ធ្វើជាអធិបតី ហេតុដូច្នោះហើយ ត្រូវទទួលខុសត្រូវទាំងខាងវិញ្ញាណ និងមាតិកានៃការប្រជុំទាំងនេះ ។ ដូច្នេះហើយ ការបង្រៀនរបស់ខ្ញុំស្តីពីការប្រជុំសាក្រាម៉ង់នឹងមានការចាប់អារម្មណ៍ជាពិសេសចំពោះប៊ីស្សព និងប្រធានសាខា ហើយនិងទីប្រឹក្សារបស់ពួកគាត់—ក៏ដូចជាសមាជិកនៃសាសនាចក្រដែលចូលរួមក្នុងការប្រជុំប្រចាំសប្តាហ៍ទាំងនេះដែរ ។
មូលដ្ឋានគ្រឹះខាងគោលលទ្ធិ
ការប្រជុំសាក្រាម៉ង់គឺជាការប្រជុំមួយរបស់វួដ និងសាខា ដែលយើងចូលរួមជាគ្រួសារ—គឺជាអង្គភាពគ្រឹះនៃសាសនាចក្រ ។ ក្រុមគ្រួសារ និងសមាជិកទាំងឡាយត្រូវមកដល់មុនពិធីសាក្រាម៉ង់ចាប់ផ្តើម ។ យើងចូលរួមតាមដែលព្រះអម្ចាស់បានបង្គាប់ ដើម្បីទទួលសាក្រាម៉ង់ និងរំឭកឡើងវិញនូវសេចក្តីសញ្ញារបស់យើង ។
ទ្រង់បានតាំងសាក្រាម៉ង់ដើម្បីរំឭកយើងអំពីដង្វាយធួនរបស់ទ្រង់ ។ នៅអាហារចុងក្រោយ ដែលបានរៀបចំឡើងជាពិសេសសម្រាប់បុណ្យរំលង ព្រះយេស៊ូវបានយកនំប៉័ងមកប្រទានពរ ហើយកាច់ប្រទានដល់ពួកសាវកទ្រង់ ដោយមានព្រះបន្ទូលថា « ចូរយកបរិភោគចុះ » ( ម៉ាថាយ ២៦:២៦ ) ។ « នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ » ( លូកា ២២:១៩ ) ។ បន្ទាប់មកទ្រង់បានយកពែងមកប្រទានពរដោយថ្លែងអំណរគុណ និងហុចទៅអ្នកដែលមកជុំគ្នានៅជុំវិញទ្រង់ ដោយមានព្រះបន្ទូលថា « ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ » ( លូកា ២២:២០ ) « ដែលបានច្រួចចេញ សម្រាប់… ប្រយោជន៍នឹងផ្តាច់បាប » ( ម៉ាថាយ ២៦:២៨ ) ។ « ចូរធ្វើដូច្នេះ … ទុកជាសេចក្ដីរំឭកដល់ខ្ញុំ ។ ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថា [ ប្រកាស ] ពីសេចក្ដីសុគតរបស់ផងព្រះអម្ចាស់ » ( កូរិន.ទី១១១:២៥–២៦ ) ។ តាមរបៀបនេះ ទ្រង់បានភ្ជាប់ពិធីសាក្រាម៉ង់ទៅនឹងការឆ្កាងរបស់ទ្រង់ ដែលហៀបនឹងកើតឡើងនោះ ។
ព្រះបានប្រកាសថា « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ បន្ទាប់មក ព្រះរាជបុត្រានៃព្រះបានស្ម័គ្រព្រះទ័យប្រទានព្រះជន្មទ្រង់ដើម្បីបំពេញព្រះហឫទ័យរបស់ព្រះវរបិតានៃទ្រង់ ។ ហេតុដូច្នោះហើយ ភាពអមតៈបានក្លាយជាការពិត ហើយជីវិតដ៏នៅអស់កល្បជានិច្ច គឺអាចកើតមានឡើងចំពោះអស់អ្នកដែលមានជីវិតរស់នៅលើផែនដីនេះ ។
យើងរំឭកដល់ដង្វាយធួនរបស់ទ្រង់តាមរបៀបរៀងៗខ្លួន ។ យើងនាំំចិត្តសង្រេង និងវិញ្ញាណទន់ទាបមកកាន់ការប្រជុំសាក្រាម៉ង់របស់យើង ។ វាគឺជាចំណុចសំខាន់នៃការប្រតិបត្តិដល់ថ្ងៃឈប់សម្រាករបស់យើង ( សូមមើល គ. និង ស. ៥៩:៨–១៣ ) ។
ការអធិស្ឋានពិធីសាក្រាម៉ង់បានបើកសម្តែងឡើងដោយព្រះអម្ចាស់ ។ ការអធិស្ឋានទាំងនេះមាននូវសេចក្តីសញ្ញាជាច្រើន និង ការសន្យាមួយ ( សូមមើល គ. និង ស. ២០:៧៧, ៧៩ ) ។ យើងធ្វើសេចក្តីសញ្ញាដើម្បីលើកដាក់លើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ និងរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ យើងទទួលទាននំបុ័ងដែលបានកាច់នៅក្នុងការនឹកចាំដល់រូបកាយរបស់ទ្រង់ ។ យើងទទួលទានទឹកនៅក្នុងការនឹកចាំពីព្រះលោហិតរបស់ទ្រង់ដែលបានច្រូចសម្រាប់យើង ។ ហើយយើងធ្វើជាសាក្សីថា យើងនឹងចងចាំទ្រង់ជានិច្ច ។ ការសន្យា ៖ យើងនឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយយើងជានិច្ច ។ ឱ នោះជាពរជ័យអស្ចារ្យណាស់ !
ការរៀបចំការប្រជុំសាក្រាម៉ង់
ដោយចាំអំពីគោលលទ្ធិទាំងនេះក្នុងចិត្ត នោះប៊ីស្សព និងគណៈប្រធានសាខាត្រូវរៀបចំការប្រជុំសាក្រាម៉ង់ដោយយកចិត្តទុកដាក់ ដើម្បីរក្សាការប្រជុំនេះឲ្យផ្ដោតទៅលើព្រះអម្ចាស់ និង ដង្វាយធួនរបស់ទ្រង់ គំរូរបស់ទ្រង់ និងគោលលទ្ធិទាំងឡាយនៃដំណឹងល្អ ។
ការអញ្ជើញឲ្យឡើងនិយាយ គួរតែប្រាប់ទុកជាមុន ព្រមទាំងប្រាប់ឲ្យច្បាស់អំពីប្រធានបទដែលចាត់ឲ្យ និងពេលវេលាដែលឲ្យនិយាយ រួមទាំងផ្តល់ជំនួយផងដែរ ។ អស់អ្នកដែលបានសុំឲ្យឡើងអធិស្ឋាន គួរដាក់បញ្ចូលទាំងសមាជិកដែលមិនសូវបានហៅជាញឹកញាប់ ។ សូមចៀសវាងលំនាំដែលឲ្យស្វាមី និងភរិយាផ្ដល់ការអធិស្ឋាននៅក្នុងការប្រជុំតែមួយ ។ ការធ្វើបែបនេះ បង្ហាញជាសារលិខិតបដិសេធដោយអចេតនាចំពោះអ្នកដែលនៅលីវ ។ ហើយសូមចងចាំថា ៖ ការអធិស្ឋានពុំមែនជាទេសនកថាទេ ។
អ្នកផ្សព្វផ្សាយសាសនាដែលចេញទៅបម្រើអាចផ្តល់ឱកាសឲ្យឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ។ សមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេពុំត្រូវបានអញ្ជើញឲ្យឡើងនិយាយឡើយ ។ ពួកអ្នកផ្សព្វផ្សាយសាសនាពីរនាក់ ឬច្រើននាក់ ដែលចេញទៅបម្រើ អាចអញ្ជើញឲ្យឡើងនិយាយក្នុងការប្រជុំតែមួយ ។ ពួកអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនា ដែលបានបម្រើដោយកិត្តិយស គួរតែត្រូវបានអញ្ជើញឲ្យឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ហើយផ្តល់ពេលវេលាឲ្យចែកចាយបទពិសោធន៍ខាងវិញ្ញាណ និងថ្លែងទីបន្ទាល់ ។
ការប្រជុំសាក្រាម៉ង់ផ្តល់ឲ្យនូវឱកាសសម្រាប់យុវវ័យនិយាយដោយសង្ខេបអំពីប្រធានបទដំណឹងល្អដែលបានចាត់ឲ្យ ។ នៅពេលផ្សេងទៀត ទីប្រឹក្សាជាន់ខ្ពស់នឹងត្រូវបានចាត់ឲ្យឡើងនិយាយដោយប្រធានស្តេក ។
សមាជិកទាំងឡាយអាចត្រូវបានហៅឲ្យបម្រើជាអ្នកស្វាគមន៍ និងអ្នកនាំផ្លូវ ។ ពួកគេអាចស្វាគមន៍ដល់ពួកអ្នកមកថ្វាយបង្គំ ហើយជួយឲ្យពួកគេរកកន្លែងអង្គុយឲ្យល្អ ហើយរក្សាកៅអីនៅចំហៀង នៅជិតច្រកផ្លូវចេញសម្រាប់អស់អ្នកដែលមានតម្រូវការពិសេស ។
សម្ភារសោតទស្សន៍ ដូចជា វីដេអូ និងហ្វីលបញ្ចាំង មិនគួរប្រើនៅក្នុងការប្រជុំសាក្រាម៉ង់នោះទេ ។
ជួនកាលសមាជិកពុំអាចមកចូលរួមបានដោយសារមានឈឺ ។ ក្នុងករណីបែបនេះ ប៊ីស្សព ឬប្រធានសាខាអាចចាត់ឲ្យអ្នកកាន់បព្វជិតភាព ទៅចែកសាក្រាម៉ង់ដល់ពួកគាត់នៅកន្លែងដែលពួកគាត់នៅ ។
ជាទូទៅការប្រជុំសាក្រាម៉ង់មួយរួមមាន ៖
តន្ត្រីកំដរមុនកម្មវិធី ។
ការស្វាគមន៍ និងគារវកិច្ចវត្តមានអ្នកមានសិទ្ធិអំណាចជាអធិបតី និងអ្នកតំណាងមកពីក្រុមប្រឹក្សាជាន់ខ្ពស់ ប្រសិនបើមាន ។
ទំនុកតម្កើង និងការអធិស្ឋានបើក ។
ធុរកិច្ចរបស់វួដ ឬសាខា ដូចជា ៖
- តន្ត្រីកំដរមុនកម្មវិធី ។
- ការស្វាគមន៍ និងគារវកិច្ចវត្តមានអ្នកមានសិទ្ធិអំណាចជាអធិបតី និងអ្នកតំណាងមកពីក្រុមប្រឹក្សាជាន់ខ្ពស់ ប្រសិនបើមាន ។
- ទំនុកតម្កើង និងការអធិស្ឋានបើក ។
- ធុរកិច្ចរបស់វួដ ឬសាខា ដូចជា ៖
—ការដោះលែង និងការគាំទ្រដល់អ្នកកាន់តំណែង និងគ្រូបង្រៀនទាំងឡាយ ។
—ការទទួលស្គាល់កុមារដែលឡើងពីថ្នាក់កុមារ សមាជិកដែលបានហៅឲ្យបម្រើបេសកកម្ម ឬការចាត់តាំងផ្សេងទៀត ការសម្រេចបានរបស់ក្រុមយុវជន និងយុវនារី ។
—ការប្រកាសឈ្មោះបងប្អូនប្រុសដើម្បីទទួល ឬឈានចូលដល់តំណែងណាមួយនៅក្នុងបព្វជិតភាពអើរ៉ុន, ការប្រកាសឈ្មោះសមាជិកថ្មីនៃវួដ ឬសាខា ។
- ការបញ្ជាក់សមាជិកថ្មី ។
- ទំនុកតម្កើងសាក្រាម៉ង់ និងការបម្រើពិធីសាក្រាម៉ង់ ។
- សារលិខិតនៃដំណឹងល្អ និងតន្រ្តីជម្រើសបន្ថែម ។
- ទំនុកតម្កើង និងការអធិស្ឋានបិទ ។
- តន្ត្រីកំដរក្រោយកម្មវិធី ។
អស់អ្នកដែលនឹងត្រូវដោះលែង និងគាំទ្រ ពុំចាំបាច់ធ្វើឡើងម្តងមួយៗនោះទេ ។ អាចប្រកាសឈ្មោះរបស់ពួកគាត់ជាក្រុម—ដំបូង អស់អ្នកដែលបានដោះលែង បន្ទាប់មក អស់អ្នកដែលបានគាំទ្រនៅក្នុងបព្វជិតភាព និងអស់អ្នកដែលត្រូវគាំទ្រសម្រាប់ការហៅក្នុងអង្គការជំនួយ ។
ការប្រជុំសាក្រាម៉ង់គួរតែចាប់ផ្តើម និងបញ្ចប់ឲ្យទាន់ម៉ោង ហើយពុំគួរមានកម្មវិធីច្រើនពេកនោះទេ ។ ការជួបជុំអធិស្ឋាន ពុំចាំបាច់ធ្វើឡើងពីមុនការប្រជុំសាក្រាម៉ង់នោះទេ ។ អស់អ្នកចូលរួម គួរតែរកកន្លែងអង្គុយ យ៉ាងហោចណាស់ឲ្យបានប្រាំនាទីមុនពេលការប្រជុំចាប់ផ្ដើម ដើម្បីពួកគាត់អាចត្រៀមខ្លួនខាងវិញ្ញាណ ទទួលបទពិសោធន៍ការថ្វាយបង្គំ ។ អំឡុងពេលស្ងាត់នោះ តន្ត្រីកំដរមុនកម្មវិធីត្រូវឈប់លេង ។ នេះពុំមែនជាពេលសន្ទនា ឬបញ្ជូនសារនោះទេ ប៉ុន្តែជាពេលសញ្ជឹងគិតប្រកបដោយការអធិស្ឋាន នៅពេលថ្នាក់ដឹកនាំ និងសមាជិករៀបចំខ្លួនខាងវិញ្ញាណសម្រាប់ពិធីសាក្រាម៉ង់នេះ ។
តន្ត្រី
ទំនុកតម្កើងនៃសាសនាចក្រគឺជាតន្ត្រីសំខាន់សម្រាប់កម្មវិធីថ្វាយបង្គំ និងជាបទដ្ឋានសម្រាប់ការច្រៀងជាក្រុមជំនុំ ។ តន្ត្រីជម្រើសដ៏សមរម្យផ្សេងទៀតអាចប្រើប្រាស់សម្រាប់តន្ត្រីកំដរមុនកម្មវិធី និងតន្រ្តីកំដរក្រោយកម្មវិធី និងតន្រ្តីជម្រើសពិសេស ។ ជាធម្មតាក្រុមជំនុំច្រៀងទំនុកតម្កើងបើក និងបិទ ។ ទំនុកតម្កើងសម្រាប់សាក្រាម៉ង់គឺច្រៀងដោយក្រុមជំនុំជានិច្ច ។
ជារឿងល្អណាស់ ដែលអង្គភាពសាសនាចក្រនីមួយៗមានក្រុមចម្រៀងមួយ ដោយមានការអញ្ជើញឲ្យច្រៀងតាមកាលកំណត់ ។ ក្រុមចម្រៀងអាចផ្តល់ពរដល់ជីវិតមនុស្សជាច្រើន ។ ស៊ីស្ទើរ ណិលសុន និងខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ដែលយើងបានចូលរួម—ជាច្រើនឆ្នាំកន្លងទៅហើយ—នៅក្នុងក្រុមចម្រៀងក្នុងសាខាតូចរបស់យើងនៅ មីនីណាប៉ូលីស រដ្ឋមីនីសូតា ។ នៅពេលយើង និងអ្នកផ្សេងទៀតឡើងមកច្រៀង នោះក្រុមចម្រៀងមានគ្នាច្រើនជាងក្រុមជំនុំទៅទៀត ។
ព្យាណូ ព្យាណូខ្យល់ ឬឧបករណ៍អេឡិចត្រូនិករបស់ពួកគេ គឺជាបទដ្ឋានសម្រាប់ប្រើនៅក្នុងការប្រជុំរបស់សាសនាចក្រ ។ ប្រសិនបើឧបករណ៍ផ្សេងទៀតត្រូវបានប្រើ នោះការប្រើប្រាស់របស់ពួកគេគួរតែស្របតាមស្មារតីនៃការប្រជុំនោះ ។ ឧបករណ៍ដែលមានសំឡេងខ្លាំង ឬមិនសូវប្រើសម្រាប់ការថ្វាយបង្គំ ដូចជាត្រែ និងស្គរ គឺមិនសមរម្យសម្រាប់ការប្រជុំសាក្រាម៉ង់ទេ ។ ប្រសិនបើគ្មានព្យាណូ ឬព្យាណូខ្យល់ ឬអ្នកលេងភ្លេងទេ នោះអ្នកអាចចាក់ភ្លេងដែលបានថតទុកសម្រាប់ច្រៀង ។
បទចម្រៀងនៃពួកសុចរិតគឺជាការអធិស្ឋានទៅកាន់ព្រះអម្ចាស់ ( សូមមើល គ. និង ស. ២៥:១២ ) ។ សមាជិកមួយចំនួនហាក់ដូចជាស្ទាក់ស្ទើរក្នុងការច្រៀង ប្រហែលដោយសារតែការភ័យខ្លាច ។ យើងម្នាក់ៗត្រូវបំភ្លេចការភ័យខ្លាចរបស់យើង ហើយច្រៀងឲ្យដូចជាឱកាសមួយដើម្បីសរសើរថ្វាយដល់អង្គបង្កបង្កើតរបស់យើងប្រកបដោយការអធិស្ឋានវិញ ។ តន្រ្តីនៅក្នុងការប្រជុំសាក្រាម៉ង់គឺសម្រាប់ការថ្វាយបង្គំ ពុំមែនសម្រាប់ការសម្តែងនោះទេ ។ យើងមិនត្រូវទុកឲ្យតន្ត្រីដ៏ពិសិដ្ឋរបស់យើងរបូតចេញពីយើង ឬអនុញ្ញាតឲ្យតន្ត្រីខាងលោកិយមកជំនួសតន្រ្តីពិសិដ្ឋឡើយ ។
ការដឹកនាំការប្រជុំសាក្រាម៉ង់
គណៈប៊ីស្សព និងគណៈប្រធានសាខាមិនត្រឹមតែមានទំនួលខុសត្រូវរៀបចំការប្រជុំទាំងនេះនោះទេ ប៉ុន្តែត្រូវដឹកនាំការប្រជុំទាំងនេះផងដែរ ។ ពួកគាត់គួរតែធ្វើដូច្នេះដោយគារវភាព ។ មនុស្សមួយចំនួននៅក្នុងក្រុមជំនុំ កំពុងអធិស្ឋានទូលសុំការបំផុសគំនិត និងទំនាក់ទំនងពីស្ថានសួគ៌ ។ ការបង្កើតស្មារតីនៃគារវភាពនឹងជួយពួកគាត់ឲ្យទទួលបានការបំផុសគំនិតទាំងនោះ ។ ចូរចងចាំថា ៖ គារវភាពនាំំមកនូវវិវរណៈ ។
អស់អ្នកដែលដឹកនាំការប្រជុំ សូមចាប់ផ្តើមដោយការស្វាគមន៍យ៉ាងកក់ក្តៅ ។ សេចក្តីប្រកាសលម្អិត គួរតែធ្វើឡើងនៅពេលផ្សេងសមរម្យជាង ។ ដោយសារយើងអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ នោះមិត្តភក្តិ និងអ្នកជិតខាង គឺត្រូវបានស្វាគមន៍ជានិច្ច ប៉ុន្តែមិនរំពឹងឲ្យទទួលទានសាក្រាម៉ង់ឡើយ ។ ទោះជាយ៉ាងណា ពុំមានការហាមឃាត់មិនឲ្យទទួលទាននោះឡើយ ។ ពួកគាត់អាចជ្រើសរើសដោយខ្លួនឯង ។ យើងសង្ឃឹមថាអ្នកចំណូលថ្មីក្នុងចំណោមពួកយើងនឹងទទួលបាននូវអារម្មណ៍នៃការរាប់អានជានិច្ច និងពុំភ័យបារម្ភឡើយ ។ កុមារតូចៗ ដែលជាជនគ្មានបាបដែលជាអ្នកទទួលផលប្រយោជន៍ពីដង្វាយធួនរបស់ព្រះអម្ចាស់ អាចទទួលទានសាក្រាម៉ង់ នៅពេលពួកគេរៀបចំខ្លួនធ្វើសេចក្តីសញ្ញានៅពេលក្រោយក្នុងជីវិត ។
ការប្រជុំរបស់យើងគួរត្រូវបានដឹកនាំដោយការណែនាំពីព្រះវិញ្ញាណជានិច្ច ( សូមមើល គ. និង ស. ៤៦:២ ) ។ ជួនកាលមានអ្វីមួយកើតឡើងដោយពុំបានរំពឹងទុក ដែលអ្នកកាន់តំណែងជាអធីបតីចង់បញ្ជាក់ ឬកែតម្រូវ ដូចបានបំផុសគំនិតមកពីព្រះវិញ្ញាណ ។ បើមិនដូច្នោះទេ គ្មានការអត្ថាធិប្បាយបន្ថែម បន្ទាប់ពីអ្នកឡើងនិយាយចុងក្រោយបញ្ចប់ការនិយាយនោះទេ ។
ការបម្រើពិធីសាក្រាម៉ង់
គណៈប៊ីស្សព និងគណៈប្រធានសាខា ធ្វើជាអធិបតីលើបព្វជិតភាពអើរ៉ុននៅក្នុងវួដ និងសាខា ។ ពួកគាត់ និងអ្នកផ្តល់ដំបូន្មានកូរ៉ុម នឹងប្រុងប្រយ័ត្នគ្រប់យ៉ាង ដើម្បីមើលថាសាក្រាម៉ង់ត្រូវបានរៀបចំពីមុនការប្រជុំ ហើយថាការចែកសាក្រាម៉ង់បានរៀបចំយ៉ាងហ្មត់ចត់ ។ អស់អ្នកដែលបម្រើពិធីសាក្រាម៉ង់គឺមានភាពស្អាតបាត និងស្លៀកពាក់សមរម្យ ។ អាវពណ៌សមិនត្រឹមតែមើលទៅស្អាតបាតនោះទេ ប៉ុន្តែវាគឺជាការរំឭកដ៏ទន់ភ្លន់អំពីពិធីដ៏ពិសិដ្ឋផ្សេងទៀត ដូចជាពិធីបុណ្យជ្រមុជទឹក និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ដែលប្រើតែសម្លៀកបំពាក់ពណ៌-ស ប៉ុណ្ណោះ ។
ការអធិស្ឋានសាក្រាម៉ង់គឺត្រូវពោលច្បាស់ៗ ដោយសារអ្នកដែលអធិស្ឋានកំពុងថ្លែងពីសេចក្តីសញ្ញាដែលអ្នកផ្សេងទៀតកំពុងធ្វើ ។ អ្នកប្រសិទ្ធពរពិធីសាក្រាម៉ង់គឺត្រូវបានរំពឹងថា មានភាពស្អាតស្អំ និងដួងចិត្តភាពបរិសុទ្ធ ។ អ្នកមានសិទ្ធិអំណាចជាអធិបតី ទទួលសាក្រាម៉ង់មុនគេ ។
ការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់
ការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ ត្រូវបានធ្វើឡើងមួយខែម្តង ជាធម្មតានៅថ្ងៃអាទិត្យទីមួយ ។ ជាទូទៅ ទារកត្រូវបានប្រសិទ្ធពរនៅថ្ងៃនោះ ។ បន្ទាប់ពីពិធីសាក្រាម៉ង់ បងប្អូនប្រុសដែលដឹកនាំកម្មវិធី ថ្លែងទីបន្ទាល់ខ្លីមួយ ។ បន្ទាប់មក គាត់អញ្ជើញសមាជិកឲ្យថ្លែងទីបន្ទាល់ខ្លីៗ ចេញពីចិត្តអំពីព្រះអង្គសង្គ្រោះ ការបង្រៀនរបស់ទ្រង់ និងការស្ដារឡើងវិញ ។ ឪពុកម្តាយ និងគ្រូបង្រៀនគួរជួយកុមារឲ្យរៀនអំពីទីបន្ទាល់ ហើយពេលណាជាពេលសមរម្យសម្រាប់ពួកគេថ្លែងទីបន្ទាល់ ។ កុមារតូចៗ គួររៀនចែកចាយទីបន្ទាល់របស់ពួកគេនៅផ្ទះ ឬក្នុងអង្គការបឋមសិក្សា រហូតដល់ពួកគេធំល្មមដើម្បីថ្លែងទីបន្ទាល់នៅក្នុងការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ ដោយពុំមានជំនួយ ។
ការចូលរួមផ្ទាល់ខ្លួន
សមាជិកសាសនាចក្រម្នាក់ៗមានការទទួលខុសត្រូវដើម្បីពង្រឹងខាងវិញ្ញាណ ដែលអាចទទួលបានមកពីការប្រជុំសាក្រាម៉ង់ ។ បុគ្គលម្នាក់ៗ គួរច្រៀងដោយដួងចិត្តមានអំណរគុណ ហើយឆ្លើយតបដោយពាក្យ « អាម៉ែន » នៅពេលបញ្ចប់ការអធិស្ឋាន ឬថ្លែងទីបន្ទាល់ ។ យើងសញ្ជឹងគិតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទរៀងៗខ្លួន ។ យើងគិតពិចារណាអំពីសារៈសំខាន់នៃការរងទុក្ខរបស់ទ្រង់នៅសួនច្បារគែតសេម៉ានី និងការឆ្កាងរបស់ទ្រង់នៅកាល់វ៉ារី ។ នៅពេលនេះ យើងម្នាក់ៗគឺត្រូវ « ល្បងខ្លួន » ( កូរិន.ទី១ ១១:២៨ ) ហើយគិតពិចារណាអំពីសេចក្តីសញ្ញាផ្ទាល់ខ្លួន ដែលយើងបានធ្វើជាមួយព្រះអម្ចាស់ ។ នៅគ្រានេះ យើងសញ្ជឹងគិតអំពីរឿងពិសិដ្ឋរបស់ព្រះ ។
ល្អណាស់ ខ្ញុំអរគុណព្រះអម្ចាស់សម្រាប់ការប្រជុំសាក្រាម៉ង់ និងគ្រប់អត្ថន័យដែលពិធីនេះមាននៅក្នុងជីវិតរបស់ខ្ញុំ ។ ការប្រជុំសាក្រាម៉ង់បានបង្កាត់ភ្លើងសេចក្តីជំនឿរបស់ខ្ញុំឡើងវិញ ហើយបានអនុញ្ញាតឲ្យខ្ញុំរំឭកសេចក្តីសញ្ញារបស់ខ្ញុំពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយជួយ ស៊ីស្ទើរ ណិលសុន និងខ្ញុំឲ្យរស់នៅ និងចិញ្ចឹមគ្រួសារយើងក្នុងពន្លឺដ៏រុងរឿងនៃដំណឹងល្អនេះ ។