ពេលកូនៗរបស់យើងនៅតូច យើងតែងតែជ្រើសរើសអង្គុយក្នុងព្រះវិហារនៅកន្លែងណាដែលអាចចេញចូលបានលឿន ។ ជានិច្ចកាល កាបូបដាក់កន្ទបមានសុទ្ធតែសៀវភៅ ខ្មៅដៃពណ៌ និងប្រដាប់លេង ដើម្បីជួយកូនឲ្យនៅស្ងាត់ស្ងៀម —ជាឧបករណ៍ ដើម្បីធ្វើឲ្យកូនៗដែលរពឹសរបស់យើង បាននៅស្ងៀម ។ គោលដៅរបស់យើង គឺធ្វើឲ្យពួកគេនៅស្ងៀមស្ងាត់អំឡុងពេលប្រជុំ ។
ប៉ុន្តែពេលពួកគេធំឡើង—ល្មមអាយុចូលថ្នាក់មត្តេយ្យ—យើងបានសម្រេចចិត្តថា ពួកគេបានត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីហើយ ។ យើងបានបង្កើតទ្រឹស្តីថា ជាមួយនឹងការប្រឹងប្រែងតិចតួច យើងអាចជួយកូនៗទទួលបានទស្សនៈថ្មីមួយនៃការប្រជុំក្នុងព្រះវិហារ ហើយទទួលប្រយោជន៍បានកាន់តែច្រើនមកពីសារលិខិតដែលបានលើកឡើងនៅទីនោះ ។ គោលដៅថ្មីរបស់យើងគឺចង់ជួយពួកគេឲ្យស្ដាប់ ហើយរៀននៅអំឡុងការប្រជុំនានានៅព្រះវិហារ ។
ដំបូងយើងបានពិភាក្សារឿងនេះជាគ្រួសារ ដោយលើកឡើងពីអ្វីដែលយើងនឹងធ្វើ និងពីហេតុផលរបស់វា ។ បន្ទាប់មក យើងបានដកពិសោធន៍ « គ្រាដកហូតប្រដាប់លេងចេញ » ជាគ្រាដែលយើងលែងយកប្រដាប់លេង ដែលធ្វើឲ្យពួកគេនៅស្ងៀមស្ងាត់ទៅព្រះវិហារទៀតហើយ ប៉ុន្តែយើងលើកទឹកចិត្តកូនអាយុជាងបីឆ្នាំឲ្យស្ដាប់វិញ ។
នៅគ្រានេះ យើងបានធ្វើការពិចារណាយ៉ាងច្រើន ។ យើងបានដឹងថា គេហដ្ឋានរបស់យើងត្រូវតែក្លាយជាមជ្ឈមណ្ឌលរៀនសូត្រខាងវិញ្ញាណលើសពេលណាៗទាំងអស់ ។ ទស្សនៈនៃដំណឹងល្អដែលបានបង្រៀននៅឯព្រះវិហារត្រូវតែក្លាយជាចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់ការពិភាក្សានៅក្នុងគេហដ្ឋានរបស់យើង គោលការណ៍ដែលបានបង្រៀននៅឯគេហដ្ឋានត្រូវតែបានពង្រឹង និងធ្វើឲ្យមានខ្លឹមសារ តាមរយៈការចូលរួមក្នុងព្រះវិហារ ។ ដូច្នេះហើយ យើងសង្ឃឹមថា កូនៗរបស់យើងនឹងយល់ថាការប្រជុំសាក្រាម៉ង់កាន់តែសំខាន់ ។
យើងយល់ថា យើងចាំបាច់ត្រូវផ្ដោតលើការជួយកូនៗរបស់យើងឲ្យអភិវឌ្ឍជំនាញស្ដាប់ ។ ខាងក្រោមនេះ គឺជាយោបល់មួយចំនួនអំពីរបៀបធ្វើកិច្ចការនេះ ដោយផ្អែកលើបទពិសោធន៍របស់យើង ៖
១. បង្រៀនមេរៀនសម្រាប់រាត្រីជួបជុំក្រុមគ្រួសារអំពីសារៈសំខាន់នៃការស្ដាប់ និងរបៀបស្ដាប់ ។ សូមចាប់ផ្ដើមដោយពិភាក្សាអំពីរបៀបស្ដាប់គ្នានៅក្នុងការសន្ទនាមួយទល់មួយ ។ សម្ដែងពីស្ថានភាពនៃការស្ដាប់ ។ បន្ទាប់មកនៅអំឡុងសប្ដាហ៍ ចូរធ្វើជាអ្នកស្ដាប់កូនៗដ៏ល្អ ។ សូមបង្ហាញដល់ពួកគេពីសារៈសំខាន់ដែលអ្នកឡើងនិយាយសម្លឹងមើលចំភ្នែកអ្នកស្តាប់ ហើយអ្នកស្ដាប់ត្រូវយកចិត្តទុកដាក់សា្ដប់ឲ្យពេញលេញ ។
២. បង្កើតស្ថានភាពនៃការស្តាប់ពិសេសៗផ្សេងទៀតនៅឯផ្ទះ ។ យើងបានថតសំឡេងកូនៗរបស់យើង ប្រាប់ពីដំណើររឿងក្នុងព្រះគម្ពីរ និងការបង្រៀនគោលការណ៍ទាំងឡាយនៃដំណឹងល្អ នៅក្នុងកម្មវិធីរាត្រីជួបជុំក្រុមគ្រួសារ ។ ពួកគេចូលចិត្តស្តាប់សំឡេងខ្លួនឯង ហើយចាក់ស្ដាប់ម្តងហើយម្តងទៀត ។ ការអានឮៗឲ្យកូនៗស្តាប់ គឺជារបៀបដ៏អស្ចារ្យដើម្បីបង្រៀនពួកគេឲ្យស្តាប់ ។ ហើយការថតជម្រើសអំណានដែលចូលចិត្តទាំងនេះសម្រាប់ប្រើនៅពេលក្រោយ បានក្លាយជារឿងពេញនិយមនៅក្នុងផ្ទះរបស់យើង ។ កាសែតសំឡេងទាំងនេះមិនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្រៀនគោលការណ៍ដំណឹងល្អត្រឹមត្រូវផងដែរ ។
៣. សូមពិភាក្សាជាក្រុមគ្រួសារអំពីរបៀបដែលបច្ចេកទេសស្តាប់ដ៏ល្អទាំងនេះ អនុវត្តចំពោះស្ថានភាពស្តាប់ជាក្រុម—ជាពិសេសការប្រជុំសាក្រាម៉ង់ ។ សូមពន្យល់ថា ការសម្លឹងមើលចំភ្នែក ដែលបង្រៀននៅក្នុងមេរៀនបណ្តុះបណ្តាលគ្រូបង្រៀន ក៏អនុវត្តចំពោះអ្នកស្តាប់ផងដែរ ។ នៅក្នុងការប្រជុំសាក្រាម៉ង់ សូមធ្វើជាគំរូនៃទម្លាប់យកចិត្តទុកដាក់ស្តាប់សម្រាប់កូនៗរបស់អ្នកដោយសម្លឹងមើលទៅអ្នកឡើងនិយាយ ហើយកុំងាកភ្នែកចុះឡើង ហើយមានគំនិតរវើរវាយឡើយ ។
៤. នៅឯផ្ទះ សូមខិតខំដុះខាត់ និងពង្រីកចំណេះដឹងរបស់កូនៗអ្នកអំពីវាក្យសព្ទនៃដំណឹងល្អ ព្រោះពេលពួកគេឮពាក្យទាំងនេះនៅក្នុងសុន្ទរកថាក្នុងព្រះវិហារ នោះពួកគេអាចភ្ជាប់ទៅនឹងពាក្យទាំងនោះកាន់តែមានប្រសិទ្ធភាព ។ ភាសានិយាយភាគច្រើនក្នុងការប្រជុំនៅព្រះវិហារគឺសមល្មមយល់បាន សូម្បីតែកុមារតូចៗក្តី ។ ជាឧទាហរណ៍ សូមចាប់ផ្តើមជាមួយពាក្យដូចជា ពិធីបុណ្យជ្រមុជទឹក សេចក្តីសញ្ញា និងសាក្រាម៉ង់ ។
៥. សូមជួយកូនៗរបស់អ្នកឲ្យយល់អំពីគោលបំណង និងព្រឹត្តិការណ៍នៃការប្រជុំទាំងឡាយនៅព្រះវិហារ ។ នៅអំឡុងពេលរាត្រីជួបជុំក្រុមគ្រួសារ សូមពិភាក្សាពីព្រឹត្តិការណ៍ជាក់លាក់ដូចជា ការប្រសិទ្ធពរ ពិធីបញ្ជាក់ និងសាក្រាម៉ង់ ។ នោះពួកគេនឹងឆាប់ស្គាល់ និងចាប់អារម្មណ៍ផ្នែកទាំងនេះនៃការប្រជុំ ។
៦. សូមចាត់នូវសុន្ទរកថាជាក់លាក់មួយឲ្យកុមារម្នាក់ៗ ដើម្បីឲ្យពួកគេប្រាប់ឡើងវិញនៅឯផ្ទះ ។ សូមឲ្យពួកគេសរសេរសេចក្តីសង្ខេបមួយ ឬពីរប្រយោគ អំឡុងពេលប្រជុំនោះ ។ នៅពេលដែលសុន្ទរកថាមានភាពលំបាកពេកសម្រាប់កុមារតូចៗ នោះឪពុកម្តាយ ឬបងប្រុសបងស្រីអាចជួយពន្យល់ និងប្រាប់ពីគំនិតនៃសុន្ទរកថានោះ ។ តាមរបៀបនេះក្រុមគ្រួសារទាំងមូល បានចូលរួមចំណែក ហើយម្នាក់ៗទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍នេះ ។
៧. សូមចាប់ផ្តើមប្រមូល ឬធ្វើសៀវភៅអនុស្សាវរីយ៍គ្រួសារ អំពីដំណើររឿងគួរឲ្យចាប់អារម្មណ៍ ឬគំនិតដែលបានស្តាប់ឮនៅក្នុងការប្រជុំនៅព្រះវិហារ ។ សូមសរសេរចំណងជើងសាមញ្ញៗ—សូមធ្វើឲ្យគម្រោងនេះជាគម្រោងដែលកុមារតូចៗក៏អាចចូលរួមបានផងដែរ ។ សូមអនុញ្ញាតឲ្យពួកគេបន្ថែមគំនិតផ្ទាល់ខ្លួន ឬឯកសារចែកចាយ ដែលពួកគេអាចយកទៅផ្ទះ ។ នៅពេលដែលរាត្រីជួបជុំក្រុមគ្រួសារបានផ្តោតលើប្រធានបទមួយនៃប្រធានបទទាំងនេះ ឬសុន្ទរកថាដែលចាត់ទៅឲ្យកុមារម្នាក់ សូមពិនិត្យមើលឯកសារនេះដើម្បីទទួលបានធនធាន ។
៨. ការច្រៀងទំនុកតម្កើងនៅឯផ្ទះជួយកុមារឲ្យកាន់តែចាប់អារម្មណ៍លើតន្រ្តីនៅក្នុងការប្រជុំសាក្រាម៉ង់ ។ ចូរសុំបញ្ជីទំនុកតម្កើងដែលបានគ្រោងទុកសម្រាប់ការប្រជុំសាក្រាម៉ង់មកពីអ្នកដឹកនាំតន្រ្តី បន្ទាប់មកហាត់ទំនុកតម្កើងទាំងនោះជាមួយគ្នានៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ។ សូមបង្រៀនកុមារឲ្យយកចិត្តទុកដាក់លើពាក្យជាក់លាក់មួយចំនួន ។ សូមពិភាក្សាពីសារលិខិតនៃទំនុកតម្កើងនេះ ។
ប្រសិនបើយើងដែលជាឪពុកម្តាយខិតខំ និងឆ្លៀតពេល នោះយើងអាចជួយកូនៗរបស់យើងឲ្យមានអំណរគុណកាន់តែខ្លាំង ចំពោះការប្រជុំទាំងឡាយនៅព្រះវិហារ ។ ហើយការខិតខំដែលយើងបណ្តាក់ទុនឥឡូវនេះនៅក្នងការជួយពួកគេឲ្យទទួលបានជំនាញក្នុងការស្តាប់ នឹងប្រែក្លាយជាភាគលាភដ៏អស់កល្បជានិច្ច ។