នៅពេលព្រះអង្គសង្រ្គោះបានធ្វើការងារបម្រើដល់ពួកសាសន៍នីហ្វៃបន្ទាប់ពីមានព្រះជន្មរស់ឡើងវិញ នោះទ្រង់បានយកព្រះទ័យដាក់បញ្ចូលកុមារនៅក្នុងសកម្មភាពនៃការថ្វាយបង្គំដ៏អស្ចារ្យបំផុតដែលបានកើតឡើង ។ សកម្មភាពនេះបានកត់ត្រាថា « ទ្រង់បានយកកូនក្មេងរបស់ពួកគេម្ដងម្នាក់ៗ ហើយបានប្រទានពរដល់ពួកវា ហើយបានអធិស្ឋានដល់ព្រះវរបិតាសម្រាប់ពួកវា » ។ ទ្រង់បានមានព្រះបន្ទូលទៅកាន់ហ្វូងមនុស្សថា « មើលន៏ កូនតូចៗរបស់អ្នករាល់គ្នា » ។ មនុស្សពេញវ័យបានមើលដោយក្តីអស្ចារ្យ ពេលពួកទេវតាបានយាងចុះមក « ហាក់បីដូចជានៅកណ្ដាលភ្លើង ហើយពួកទេវតាក៏ចុះមកហែហមជុំវិញពួកកូនក្មេងទាំងនោះ … ហើយពួកទេវតាបានធ្វើការងារបម្រើដល់ពួកកូនក្មេង » ( នីហ្វៃទី ៣ ១៧:២១, ២៣, ២៤ ) ។
កូនៗរបស់យើងមិនបាននៅទីនោះទេ ពួកគេក៏ពុំមានវត្តមានក្នុងអំឡុងពេលនៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះដែរ នៅពេលទ្រង់មានព្រះបន្ទូលថា « ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ » ( ម៉ាកុស ១០:១៤ ) ។ ប៉ុន្តែកូនៗរបស់យើងក៏មានតម្លៃចំពោះទ្រង់ដែរ ហើយព្រះវិញ្ញាណបរិសុទ្ធអាចរំជួលដួងចិត្តរបស់ពួកគេ ។ ឱកាសមួយរបស់ទ្រង់ដើម្បីរំជួលចិត្តដល់កូនៗរបស់យើងនោះ គឺនៅក្នុងការប្រជុំសាក្រាម៉ង់ ដែលជាកម្មវិធីថ្វាយបង្គំដ៏ពិសិដ្ឋដែលធ្វើឡើងក្នុងព្រះនាមរបស់ទ្រង់សម្រាប់សមាជិកសាសនាចក្រទាំងអស់ ។
កុមារៗអាចថ្វាយបង្គំ និងទទួលអារម្មណ៍ពីព្រះវិញ្ញាណ
សូម្បីតែកុមារតូចៗក៏អាចដកពិសោធនូវអារម្មណ៍ដ៏អស្ចារ្យ ពិសិដ្ឋ និងទន់ភ្លន់ ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានមកផងដែរ ហើយកុមារទាំងអស់មានតម្រូវការ និងសិទ្ធិធ្វើដូច្នេះ ។ ដើម្បីឲ្យកូនៗរបស់យើងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ពួកគេត្រូវចូលរួមក្នុងការប្រជុំសាក្រាម៉ង់ ហើយរក្សាភាពស្ងប់ស្ងាត់ល្មមដើម្បីទទួលអារម្មណ៍នៃការខ្សឹបប្រាប់ពីសំឡេងតូចរហៀង ។ វាមិនមែនជារឿងងាយស្រួលជានិច្ចនោះទេ ប៉ុន្តែយើងអាចបង្រៀនកូនៗឲ្យ « បង្អង់សិន ឲ្យបានដឹងថា ទ្រង់ជាព្រះ » ( ទំនុកដំកើង ៤៦:១០ ) ។ បន្ថែមពីលើការធ្វើជាគំរូនៃការមានគារវភាពដល់កុមារ នោះឪពុកម្តាយ សាច់ញាតិ គ្រូបង្រៀន និងថ្នាក់ដឹកនាំអាចនឹងឃើញថា គំនិតដូចខាងក្រោម មានសារៈប្រយោជន៍ក្នុងការជួយកុមារឲ្យទទួលបទពិសោធន៍នៃការថ្វាយបង្គំដោយគារវភាព ។
ការបង្រៀនពីការថ្វាយបង្គំដោយគារវភាព ចាប់ផ្តើមនៅគេហដ្ឋាន ។ កាលណាចាប់ផ្តើមបង្រៀនកុមារតូចៗកាន់តែឆាប់ នោះវានឹងកាន់តែងាយស្រួលដែរ ។ យើងត្រូវបង្រៀនកូនៗរបស់យើងអំពីសារៈសំខាន់នៃការទទួលអារម្មណ៍ពីព្រះវិញ្ញាណ អ្វីដែលត្រូវធ្វើដើម្បីទទួលបានអារម្មណ៍ដ៏ពិសិដ្ឋទាំងនេះ និងរបៀបអាចស្គាល់អារម្មណ៍ទាំងនោះ ។ យើងក៏អាចព្យាយាមឲ្យមានពេលវេលាស្ងប់ស្ងាត់ ដែលនាំឲ្យមានព្រះវិញ្ញាណនៅក្នុងគេហដ្ឋានផងដែរ ។ មានគ្រួសារជាច្រើនធ្វើការប្រជុំធម្មនិដ្ឋានជារៀងរាល់ថ្ងៃ ដោយមានការអានព្រះគម្ពីរ និងការច្រៀងទំនុកតម្កើង បន្ថែមពីលើរាត្រីជួបជុំក្រុមគ្រួសារ ។
ឪពុកម្ដាយអាចចំណាយពេលនៅក្នុងផ្ទះ ដើម្បីពន្យល់ដល់កូនតូចៗអំពីមូលហេតុដែលយើងចូលរួមការប្រជុំសាក្រាម៉ង់ ។ អំឡុងពេលការអធិស្ឋានជាគ្រួសារ យើងអាចទូលសូមព្រះអម្ចាស់ឲ្យជួយកូនម្នាក់ៗយល់ពីអ្វីដែលយើងកំពុងព្យាយាមបង្រៀនពួកគេ ។
យើងអាចរំឭកកូនៗរបស់យើងអំពីអ្វីដែលនឹងកើតឡើង និងរបៀបដែលយើងទាំងអស់គ្នានឹងចូលរួមចំណែក ពីមុនការប្រជុំក្នុងសាសនាចក្រ ៖ « យើងដើរចូលរោងជំនុំដោយស្ងាត់ស្ងៀម ។ យើងអង្គុយចុះជាមួយគ្នាជាគ្រួសារ ហើយស្តាប់តន្រ្តីកំដរមុនកម្មវិធី ។ នៅពេលយើងស្តាប់តន្រ្តីនេះ យើងត្រៀមខ្លួនដើម្បីចូលរួមកម្មវិធីសាក្រាម៉ង់ និងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ នេះគឺជាអារម្មណ៍នៃក្តីរីករាយ ភាពសុខសាន្ត និងភាពស្ងប់ស្ងាប់ » ។
ដូចគ្នានេះដែរ យើងក៏អាចបង្រៀនកុមារឲ្យស្តាប់តន្រ្តីពិសេសដោយស្ងាត់ស្ងៀមរយៈពេលពីរបីនាទីពី ។ តន្រ្តីគឺជាយានរបស់ព្រះវិញ្ញាណ ហើយកុមារអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណនោះ ទោះបីជាពួកគេមិនយល់ទំនុកបទនោះក៏ដោយ ។
ការជួយកុមារឲ្យចូលរួមចំណែក
កុមារគ្រប់វ័យអាចរីករាយចូលរួមច្រៀងទំនុកតម្កើងតាមកម្រិតផ្សេងៗគ្នា ។ កុមារតូចៗចូលចិត្តស្តាប់ឃ្លាដែលច្រៀងដដែលៗនៅក្នុងបទ ។ ទំនុកតម្កើងដ៏អស្ចារ្យរបស់យើងជាច្រើនមានឃ្លាបែបនេះ ឬឃ្លាបន្ទរ ដែលយើងអាចជួយកុមារតូចៗឲ្យស្តាប់ទំនុកបទទាំងនេះ ។ ប្រសិនបើយើងខ្សឹបដាក់ត្រចៀករបស់កុមារ ប្រាប់ទំនុកបទដែលនឹងច្រៀងបន្ទាប់ នោះពួកគេនឹងស្តាប់ទំនុកបទនេះ កាលដែលពួកគេច្រៀង ។ ឧទាហរណ៍ នៅដើមឃ្លាបន្ទរ យើងអាចខ្សឹបថា « កូនស្តាប់រក ‹ កាលព្រះយេស៊ូវយាងមកសណ្ឋិត នោះព្រលឹងខ្ញុំអរលំហើយ › » ហើយបន្ទាប់មក សូមមើលទឹកមុខរបស់កុមារញញឹមឡើង នៅពេលក្រុមជំនុំច្រៀងទំនុកបទទាំងនេះ ។
នៅពេលកុមារធំឡើង នោះពួកគេអាចរៀនច្រៀងឃ្លាពិសេសៗទាំងនេះ ។ កុមារចូលចិត្តច្រៀងវគ្គ « ឱ! ជាការដ៏សែនអស្ចារ្យ » ឬ « ថ្វាយសិរីដល់ព្រះ » ឬ « ថ្ងៃដ៏ស្រស់ស្អាត » ។ យូរៗទៅកុមារអាចចូលរួមច្រៀងឃ្លាវែងៗ ដែលជាឃ្លាបន្ទរទាំងមូល និងទំនុកតម្កើងទាំងមូលនៅទីបំផុត ។ វាជាការល្អ ប្រសិនបើយើងហាត់នៅផ្ទះ ។
កុមារដែលអាចអានបានខ្លះៗ អាចរៀនអានទំនុកតម្កើងតាមរបៀបដូចគ្នានេះបន្តិចម្តងៗ ហើយពួកគេមានអារម្មណ៍ជោគជ័យពេលពួកគេធ្វើបាន ។ ការណ៍នេះ គឺជាលំនាំសម្រាប់ពួកគេ នៅពេលពួកគេមានវ័យជំទង់ នោះពួកគេនឹងកាន់តែមានទំនោរក្នុងការបន្តច្រៀងទំនុកតម្កើងនេះ ។
កុមារអាចរៀនអធិស្ឋានចាប់តាំងពីនៅតូច ។ តាមការបង្រៀនរបស់ឪពុកម្តាយនៅផ្ទះ កូនតូចៗ ក៏អាចឱបដៃ ឱនក្បាលចុះជាមួយមនុស្សផ្សេងទៀតក្នុងគ្រួសារបានដែរ ។ ការណ៍ដូចគ្នានេះកើតឡើងនៅក្នុងការប្រជុំសាក្រាម៉ង់ កំឡុងពេលអធិស្ឋានបើក ការអធិស្ឋានបិទ និងការអធិស្ឋានពិធីសាក្រាម៉ង់ដែរ ។ យើងអាចអានការអធិស្ឋានសាក្រាម៉ង់ប្រកបដោយភាពអស្ចារ្យ និងអត្ថន័យនេះនៅឯផ្ទះជាមួយកូនៗរបស់យើង ដោយពន្យល់អត្ថន័យនៃពាក្យទាំងនេះដល់ពួកគេតាមកម្រិតនៃការយល់ដឹងរបស់ពួកគេ ។ វាអាចមានប្រយោជន៍សម្រាប់កុមារធំៗដើម្បីព្យាយាមទន្ទេញការអធិស្ឋាននេះ ។ ពួកគេនឹង « ឮ » ពាក្យពេចន៍នេះ ដូចនឹងទំនុកតម្កើងដែរ ប្រសិនបើពួកគេស្គាល់ពាក្យពេចន៍ទាំងនោះ ។ យើងក៏អាចពន្យល់ពីអត្ថន័យនៃសាក្រាម៉ង់តាមរបៀបដែលកូនៗរបស់យើងអាចយល់បានផងដែរ ។
ការជួយកុមារឲ្យមានគារវភាព
យើងអាចធ្វើបានច្រើនក្នុងការជួយកូនៗរបស់យើងឲ្យមានអំណរគុណចំពោះទីបន្ទាល់ដែលបានថ្លែងនៅក្នុងការប្រជុំសាក្រាម៉ង់ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានទូន្មានថា ៖ « ជួនកាល ការខ្សឹបប្រាប់ដើម្បីបញ្ជាក់ … សារលិខិតរបស់អ្នកឡើងនិយាយ អាចជួយកុមារឲ្យមានទំនាក់ទំនងនឹងអ្វីដែលកំពុងកើតឡើង ។ ឧទាហរណ៍ ឪពុកអាចខ្សឹបប្រាប់ថា ‹ លោកពូដែលកំពុងនិយាយហ្នឹង គាត់ជាប៉ារបស់ ហ្គ័រឌី គាត់កំពុងនិយាយអំពីអ្នកត្រួសត្រាយ › » ។១
ពីមួយពេលទៅមួយពេល ឪពុកម្តាយក៏អាចសង្ខេបខ្លីៗនូវអ្វីដែលកំពុងនិយាយ និងឲ្យកុមារចំណាប់អារម្មណ៍ចំពោះដំណើររឿងក្នុងព្រះគម្ពីរណាមួយដែលពួកគេស្គាល់ ៖ « កូនដឹងរឿងហ្នឹងហើយ ! រឿងនេះនិយាយអំពីអ័ប៊ីណាដៃ និងស្តេចណូអេ » ។
ជាការពិតណាស់ អ្វីៗទាំងអស់នេះត្រូវធ្វើឡើងដោយការខ្សឹបប្រាប់ដាក់ត្រចៀករបស់កុមារដោយស្ងាត់ស្ងៀម ដើម្បីកុំឲ្យរំខានដល់អ្នកដទៃ ។
ឪពុកម្តាយខ្លះអាចមានហេតុផលខ្លះៗថា « កូនៗរបស់យើងអាចមានគារវភាពរហូតដល់បន្ទាប់ពីពិធីសាក្រាម៉ង់បញ្ចប់ ហើយពួកយើងគិតថាវាគ្រប់គ្រាន់ហើយ » ។ ប៉ុន្តែការប្រជុំទាំងមូលគឺធ្វើឡើងដើម្បីថ្វាយបង្គំ ហើយកូនៗរបស់យើងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងការថ្វាយបង្គំ ។ យើងទទួលទានសាក្រាម៉ង់ដើម្បីចងចាំដល់ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងដើម្បីរំឭកសេចក្តីសញ្ញារបស់យើងជាមួយទ្រង់ ។ ការឡើងនិយាយគឺជាការរំឭកពីការចងចាំ និងការប្តេជ្ញាចិត្តនោះ ។
កូនៗរបស់យើងចាំបាច់ត្រូវទទួលអារម្មណ៍ និងបង្ហាញការគោរពចំពោះអ្នកឡើងនិយាយ ។ យើងអាចផ្តល់ដំបូន្មានដល់កូនៗយើងដោយក្តីស្រឡាញ់ថា ៖ « ម៉ាក់ ឬប៉ាដឹងថា កូនមិនយល់អ្វីៗទាំងអស់ទេ ប៉ុន្តែអ្នកឡើងនិយាយនឹងប្រាប់យើងពីអ្វីដែលពួកគាត់មានអារម្មណ៍ថា ព្រះអម្ចាស់ចង់ឲ្យយើងរៀន ។ ម៉ាក់ ឬប៉ានឹងជួយកូនឲ្យយល់បន្តិចម្តងៗ ហើយបន្ទាប់មក យើងនឹងនិយាយអំពីរឿងនេះបន្ថែមទៀតបន្ទាប់ពីយើងទៅដល់ផ្ទះ » ។
នៅពេលយើងអង្គុយជាមួយមិត្តសាសនាគន់ការីនៅក្នុងព្រះវិហារ យើងចង់ឲ្យពួកគេទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយផ្លាស់ប្រែចិត្តជឿ ។ ក្នុងន័យដូចគ្នានោះដែរ កូនៗរបស់យើងក៏ជាសាសនាគន់ការីដែរ ។ តើយើងពុំចង់បានដូចគ្នានេះចំពោះពួកគេទេឬអី ?
ការជួយកុមារឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណ
មនុស្សជាច្រើនមកចូលរួមការប្រជុំសាក្រាម៉ង់ដោយមានបំណងចង់ចូលទៅជិតព្រះអម្ចាស់ ហើយទទួលបានការបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធ ។ បើពួកយើងណាម្នាក់គ្មានគារវភាព នោះវាអាចរំខានអារម្មណ៍អ្នកដទៃពីការចង់ថ្វាយបង្គំ ។ អែលឌើរ អាឡិនសាន់ឌើរ ប៊ី ម៉ូរីសិន ដែលបម្រើជាសមាជិកនៃពួកចិតសិបនាក់ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០០០ ប្រាប់អំពីការប្រជុំសាក្រាម៉ង់នៅប្រទេសអាហ្វ្រិកថា ៖ « គ្រប់គ្នា ទាំងកុមារ និងមនុស្សពេញវ័យគឺដូចគ្នា បានមើលអ្នកឡើងនិយាយដោយយកចិត្តទុកដាក់ និងជក់ចិត្តយ៉ាងខ្លាំង ។ គ្មានការលោតលើកៅអី គ្មានការដើរចុះឡើងទៅផឹកទឹក គ្មានការចូលបន្ទប់ទឹកឡើយ ។ ក្រោមស្ថានភាពបែបនេះ ជីវភាពខាងវិញ្ញាណក្នុងការប្រជុំសាក្រាម៉ង់គឺមានកម្រិតខ្ពស់ណាស់ » ។២
យើងមិនអាចបង្ខំកូនៗយើងឲ្យថ្វាយបង្គំទេ ប៉ុន្តែយើងអាចជួយពួកគេឲ្យប្រព្រឹត្តតាមរបៀបដែលយាងអញ្ជើញព្រះវិញ្ញាណ ។ ជាការពិតណាស់ កុមារម្នាក់ៗមានលក្ខណៈខុសៗគ្នា ហើយអ្វីដែលមានប្រសិទ្ធភាពជាមួយកុមារម្នាក់ មិនអាចមានប្រសិទ្ធភាពជាមួយកុមារផ្សេងទៀតទេ ។ ប៉ុន្តែឪពុកម្តាយដែលតាំងចិត្តប្រកបដោយការអធិស្ឋានដើម្បីជួយកូនៗរបស់ពួកគាត់ថ្វាយបង្គំ ហើយទទួលអារម្មណ៍ពីព្រះវិញ្ញាណ នឹងមានអំណរដែលពួកគេមានសិទ្ធិទទួលបានវិវរណៈ និងការបំផុសគំនិតអំពីរឿងនេះ ។
អ្នកផ្សេងទៀត ក្រៅពីក្រុមគ្រួសារផ្ទាល់ អាចលើកទឹកចិត្តកុមារឲ្យមានគារវភាព និងការគោរព ។ អ្នកឡើងនិយាយអាចប្រើភាសាសាមញ្ញ និងបញ្ចូលដំណើររឿងក្នុងព្រះគម្ពីរដែលគេស្គាល់ ។ អ្នកដឹកនាំតន្ត្រី និងអ្នកលេងភ្លេងអាចបញ្ចូលតន្ត្រីដែលកុមារចេះ និងចូលចិត្ត ។ ថ្នាក់ដឹកនាំបព្វជិតភាពអាចធ្វើការដើម្បីធានាឲ្យបានថា ការប្រជុំនោះ អញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅ ។
ឱកាសដ៏អស្ចារ្យ
កម្មវិធីថ្វាយបង្គំគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់កុមាររៀនអំពីភាពម្ចាស់ការលើខ្លួនឯង និងការគោរពសិទ្ធិ និងតម្រូវការរបស់អ្នកដទៃ ។ ការជួបជុំដ៏ពិសិដ្ឋទាំងនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នាធ្វើការជាមួយគ្នា ជួយកុមារឲ្យរៀនទទួលអារម្មណ៍ និងមានបំណងប្រាថ្នាចង់បានការបម្រើពីព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក នៅពេលពួកគេធំឡើង ពួកគេនឹងទទួលបានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងស្ថិតស្ថេរចំពោះព្រះអង្គសង្គ្រោះ ដែលជាសេចក្តីស្រឡាញ់ជួយទ្រទ្រង់ពួកគេនៅលើផ្លូវតូច និងចង្អៀត ត្រឡប់ទៅកាន់ព្រះហស្តរបស់ទ្រង់វិញ ។
គារវភាព
« យើងត្រូវពង្រឹងការប្រជុំសាក្រាម៉ង់របស់យើង ហើយធ្វើឲ្យការប្រជុំនេះក្លាយជាម៉ោងនៃការថ្វាយបង្គំដោយស្មោះ ។ សូមបណ្ដុះស្មារតីនៃគារវភាព ដែលជាអាកប្បកិរិយាមួយ ដែលមនុស្សមកចូលរួមនៅក្នុងសាលាប្រជុំ គឺមានភាពស្ងប់ស្ងាត់ គារវភាព និងគិតពិចារណា ។ … ការប្រជុំសាក្រាម៉ង់គួរតែជាពេលវេលាដ៏ស្រស់ស្រាយខាងវិញ្ញាណសម្រាប់សមាជិករបស់យើងនៅថ្ងៃអាទិត្យ នៅពេលពួកគាត់ជួបជុំគ្នាទទួលទានសាក្រាម៉ង់ ហើយរំឭកសេចក្តីសញ្ញារបស់ពួកគេជាមួយព្រះអម្ចាស់ » ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី Pittsburgh Pennsylvania Regional Conference ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ១៩៩៦ បានដកស្រង់នៅក្នុង Ensign ខែ សីហា ឆ្នាំ ១៩៩៧ ទំព័រ ៦; ខែ កក្កដា ឆ្នាំ ១៩៩៧ ទំព័រ ៧៣ ។