សារលិខិតរបស់ប្រធានរ័សុល អិម ណិលសុន

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ពួក​យើងកំពុង​រស់នៅ​ក្នុង​ជំនាន់​ដ៏អស្ចារ្យ ជា​ពេល​ដែល​យើង​មើលឃើញ​ជានិច្ចកាល​នូវ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​មាន​នៅក្នុង​ជីវិត​រស់នៅ​កូនចៅ​របស់​ទ្រង់ ។  ព្រះវរបិតាសួគ៌របស់​យើង ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ស្គាល់​ពួក​យើង ស្រឡាញ់​ពួក​យើង ហើយ​កំពុង​ទត​មើល​មក​លើ​ពួកយើង ។  យើង​អាច​ជឿជាក់​អំពី​រឿង​នោះ ។

ក្នុង​ពេល​ដំណាល​គ្នា​នេះដែរ ដូច​បងប្អូន​បាន​ដឹង​ហើយ​ថា ពួកយើង ដែល​ជា​សាសនាចក្រ​សកល កំពុង​ជួបប្រទះ​នូវ​ឧបសគ្គ​តែមួយ ។  កូវីត- ១៩ និង​លទ្ធផល​នៃ​ជំងឺ​នេះ​បាន​ជះឥទ្ធិពល​ដល់​ជីវិត​រាប់រយពាន់​នាក់ ហើយ​កំពុង​រំខាន​ដល់​ទម្លាប់​ជា​ប្រចាំ​ថ្ងៃ​ជាច្រើន​របស់​យើង ។  ពួក​យើង​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​កំពុង​រងទុក្ខ និង​អស់​អ្នក​ដែល​បាត់​បង់​មនុស្ស​ជា​ទីស្រឡាញ់ ។

បន្ទាប់ពី​ការ​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន និង​ដោយ​បំណងប្រាថ្នា​ដ៏​ជ្រាលជ្រៅ​របស់​ពួក​យើង​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ នោះ​ពួក​យើង​បាន​ធ្វើ​ការ​កែសម្រួល​ជាបណ្ដោះ​អាសន្ន​ជាច្រើន​ថ្មីៗ​នេះ​ចំពោះ​របៀប​ដែល​យើង​ថ្វាយបង្គំ និង​បម្រើ​ព្រះអម្ចាស់ ។  យើង​មាន​អំណរគុណ​ចំពោះ​សេចក្ដីជំនឿ​របស់​បងប្អូន ការ​អធិស្ឋាន ការសហការ​និង​ការយោគយល់​របស់​បងប្អូន ។

ឧបសគ្គ​ជា​រួម​ទាំងនេះ នឹង​កន្លង​ផុត​ទៅ ។  ខ្ញុំ​នៅ​តែមាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត ។  ខ្ញុំ​ដឹង​ថា​មានពរជ័យ​ដ៏​មហិមា និង​មហស្ចារ្យ ដែល​ព្រះ​មាន​ទុក​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ និង​បម្រើ​ទ្រង់ ។  ខ្ញុំ​មើល​ឃើញ​ភស្ដុតាង​ព្រះហស្ត​របស់​ទ្រង់​នៅក្នុង​កិច្ចការ​ដ៏​បរិសុទ្ធ​នេះ​តាម​របៀប​ជា​ច្រើនណាស់ ។  ដូច្នេះ អំឡុង​គ្រា​ដែល​ពុំ​មាន​ភាព​ប្រាកដប្រជា​នេះ សូម​មាន​ការលួងលោមចិត្ត​ដោយ​ការ​សន្យា​នេះ​មកពី​ព្រះអង្គសង្គ្រោះ ។  ទ្រង់​មាន​បន្ទូលថា « យើង​ជា​ព្រះអម្ចាស់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វីដែល​យើង​មាន​បន្ទូល » ។ 

ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា អំណរ​គឺ​មាន​ជានិច្ច​នៅ​ក្នុង​រង្វង់​ដៃ​មនុស្ស​គ្រប់គ្នា ដែល​នឹង​ស្ដាប់​តាម​ទ្រង់ ហើយ​គោរព​ក្រឹត្យវិន័យ​របស់​ទ្រង់ ។

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ សូម​មើល​ថែខ្លួន និង​មើល​ថែដល់​បងប្អូន​ជា​ទីស្រឡាញ់​របស់​បងប្អូន ។  ហើយ​ស្វែងរក​ឱកាស​ដើម្បី​ជួយ​ដល់​អ្នកទាំងឡាយ​ដែល​នៅ​ជុំវិញ​បងប្អូន​ទាំងជិត ទាំង​ឆ្ងាយ ។  យើង​មាន​ឯកសិទ្ធិ​ដ៏​មហិមា​នៃ​ការ​ងារ​បម្រើ​ទៅ​កាន់​អ្នកជិតខាង​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​រស់នៅ ។

ការ​ផ្លាស់ប្ដូរ​ជា​បណ្ដោះអាសន្ន​នៅក្នុង​ទម្លាប់​ជា​ធម្មតា​របស់​យើង អាច​នឹង​ទុក​ពេល​បន្ថែម​ដើម្បី​ទទួល​បទពិសោធន៍​នៃ​ការ​សិក្សា​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន​នោះ​ដ៏​មានតម្លៃ​ជា​យ៉ាងណា ។  សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើ​វីដេអូ​ព្រះគម្ពីរមរមន​ថ្មី និង​បច្ចេក​វិទ្យា​ដទៃទៀត​ដើម្បី​សិក្សា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ពួក​យើង​ទាំងអស់​គ្នា​ទន្ទឹង​រង់ចាំ​សន្និសីទ​ទូទៅ ។  បន្ទាប់មក យើង​នឹង​ផ្ដោត​ទៅលើ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុងភាព​ពេញលេញ ។  ដំណឹងល្អ​នោះ​ផ្ដល់​នូវក្ដីសង្ឃឹម​ជាក់លាក់ និងជា​ជំនួយ​ដល់ពិភពលោក​ច្របូកច្របល់ ។

ខ្ញុំ​ស្រឡាញ់​អ្នក ។  ខ្ញុំ​អធិស្ឋាន​សម្រាប់​បងប្អូន ។  ហើយ​ខ្ញុំ​សន្យា​ថា បងប្អូន​នឹង​ទទួល​បាន​ការ​លួងលោម​ចិត្ត ហើយ​មានភាព​សុខសាន្ដ​នៅ​ពេល​បងប្អូន​បន្ដ​ស្ដាប់​តាម​ទ្រង់ ។