ចែកចាយ​សារលិខិត​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ

ដោយ ប្រធាន រ័សុល អិម ណិលសុន

ចែកចាយសារលិខិតអំពីការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ

នៅ​ពេល​ខ្ញុំ​បានថ្លែង​នៅក្នុង​សន្និសីទទូទៅ​ខែ​តុលា​មុន ខ្ញុំ​បានកំណត់​ឆ្នាំ ២០២០ ជា​ខួប​ទីពីររយឆ្នាំ​ក្នុងការ​រំឭកខួប ២០០ ឆ្នាំ​ចាប់តាំង​ពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​លេច​មក​ឯ​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុងការ​និមិត្ត​មួយ ។ ព្រឹត្តការណ៍​តែមួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​នេះ បាន​ចាប់​ផ្ដើម​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់ព្រះអម្ចាស់— ជា​ការ​បើក​សម្ដែង​អំពីការ​ស្ដារឡើងវិញ​នោះ​បន្ដរហូត​មក​ដល់សព្វថ្ងៃនេះ ។ ឱ យើង​មានពរជ័យណាស់​ដែល​យើង​រស់នៅ​ក្នុង​ពន្លឺ​នៃ​ការ​និមិត្ត​នោះ ។ ព្រមជាមួយ​នឹង​ការ​និមិត្ត​នោះ​ ក៏​កើត​មាន​នូវ​ការ​យល់​ដឹង​ថ្មី​អំពី​លក្ខណៈ​នៃ​ព្រះជា​ព្រះវរបិតា និង​​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

 

ព្រះស្រឡាញ់​បុត្រាបុត្រី​ទាំងឡាយ​របស់​ទ្រង់ ហើយ​មាន​ការនិមិត្ត​មួយ​សម្រាប់​យើង​ម្នាក់ៗ ។ ក៏​ដូចជា​ទ្រង់​បាន​ព្រះសណ្ដាប់​ការអធិស្ឋាន​របស់​យ៉ូសែប​នៅ​ឆ្នាំ ១៨២០ នោះ​ទ្រង់​ក៏​ព្រះសណ្ដាប់​ដល់បងប្អូន ហើយ​មានព្រះទ័យ​ចង់ថ្លែង​មកកាន់​បងប្អូន​តាមរយៈ​ព្រះវិញ្ញាណ​ផងដែរ ។ ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​បងប្អូន ។ ពួក​យើង​ស្រឡាញ់​បងប្អូន ។ នេះ​នឹង​ជា​ឆ្នាំ​ដ៏សំខាន់​មួយ ។ ពួក​យើង​សូមអញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៅ​ក្នុង​ការ​ចែកចាយ​សារលិខិត​នៃ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់ព្រះអង្គសង្គ្រោះ​ជា​បន្ដបន្ទាប់ ។ ពួក​យើង​នឹង​ចែកចាយ​បន្ថែម​ទៀត​អំពី​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ប៉ុន្តែ​បងប្អូនអាច​ចាប់​ផ្ដើម​នៅ​ថ្ងៃនេះ​ដោយការ​ធ្វើតាម​ការ​អញ្ជើញ​ដែល​ខ្ញុំ​បាន​អញ្ជើញ​បងប្អូន​កាល​ពីសន្និសីទ​ទូទៅ​មុន​ឲ្យ​ជ្រមុជខ្លួន​បងប្អូនចូល​ទៅក្នុងពន្លឺ​ដ៏​រុងរឿង​នៃ​ការ​ស្ដារឡើងវិញ ។

 

ពួក​យើង​សូមអញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ចែកចាយ​អំពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ​ជា​បន្ដបន្ទាប់ ។ តើ​វា​មានរូបរាង​យ៉ាងណា ? អ្នកអាច​នឹង​ចង់​ចាប់​ផ្ដើម​ក​រៀបចំ​ខ្លួន​ដោយការអាន​ដំណើររឿង​នៃ​ការ​និមិត្ត​ដំបូង ដូចបាន​កត់ត្រា​នៅក្នុង​គម្ពីរ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ។ ឬ​ពិចារណា​អំពី​សំណួរ​ដ៏សំខាន់ៗ​ដូចជា « តើជីវិត​របស់​ខ្ញុំ​នឹង​ខុសប្លែកគ្នា​ជាយ៉ាងណា បើ​ចំណេះដឹង​របស់ខ្ញុំ​ដែល​បានទទួល​មកពី​ព្រះគម្ពីរមរមន​ត្រូវ​បាន​ដកចេញភ្លាមៗនោះ ? » ឬ « តើ​ព្រឹត្តការណ៍​ដែល​មក​តាម​ក្រោយ​ការ​និមិត្ត​ដំបូង​បាន​ធ្វើ​ឲ្យ​មានភាព​ខុសប្លែក​គ្នា​ចំពោះ​ខ្ញុំ និង​មនុស្ស​ដែលខ្ញុំ​ស្រឡាញ់​ដោយ​របៀបណា ?

 

សូម​ជ្រើសរើស​សំណួរ​ផ្ទាល់ខ្លួន​បងប្អូន ។ សូម​រៀបចំផែនការ​ផ្ទាល់ខ្លួន​បងប្អូន ។ សូមធ្វើ​តាម​ការ​អញ្ជើញណាមួយ​នៃ​ការ​អញ្ជើញ​ទាំងនេះ​ដើម្បី​រៀបចំ​ខ្លួន​បងប្អូនផ្ទាល់​ក្នុងការ​ចែកចាយ​សារលិខិត​សំខាន់​នៃ​ការ​ស្ដារឡើងវិញ​ជា​បន្តបន្ទាប់នេះ ។ នៅពេល​បងប្អូន​ស្វែងរក​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​កិច្ចខិតខំ​ទាំងនេះ ព្រះ​នឹង​រៀបចំ​បងប្អូន​ឲ្យ​ទទួល​ពន្លឺ​បន្ថែម​ទៀត ។ វា​គឺជា​ការ​រៀបចំផ្ទាល់ខ្លួន​របស់បងប្អូន​ ដែល​នឹង​ជួយ​ធ្វើ​​ឲ្យ​សន្និសីទ​ទូទៅ​ខែ​មេសា​ខាង​មុខ​នេះ នឹង​ក្លាយជា​ការចងចាំ​ដែល​ពុំ​អាច​បំភ្លេច​បាន​ចំពោះ​បងប្អូន ។ ពេលវេលា​ដើម្បី​អនុវត្ត​គឺ​ជា​ពេល​ឥឡូវនេះ ។ នេះ​គឺជា​ចំណុចសំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាសនាចក្រ ហើយ​ចំណែក​របស់​បងប្អូន​គឺ​សំខាន់ណាស់ ។

 

ខ្ញុំថ្លែងទីបន្ទាល់ថាព្រះយេស៊ូវមានព្រះជន្មរស់ ។ ទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះ ។ ព្រះកំពុងទុកព្រះទ័យលើយើង យើងទាំងអស់គ្នា ឲ្យដើរតួយ៉ាងសំខាន់នៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ ។