បច្ចុប្បន្នភាពអំពីផលប៉ះពាល់នៃជម្ងឺកូរ៉ូណាលើពួកអ្នកផ្សាយសាសនាពួកបរិសុទ្ធថ្ងៃចុងក្រោយ

បច្ចុប្បន្នភាពអំពីផលប៉ះពាល់នៃជម្ងឺកូរ៉ូណាលើពួកអ្នកផ្សាយសាសនាពួកបរិសុទ្ធថ្ងៃចុងក្រោយ

សាសនាចក្រ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដូចខាង​ក្រោម ៖

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បន្ត​តាមដាន​យ៉ាងយក​ចិត្តទុក​ដាក់​នូវ​ការរីករាលដាល​នៃ​មេរោគកូរ៉ូណា និង​ផលប៉ះពាល់​របស់​វា​ទៅ​លើ​មនុស្សជាតិ​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​សមត្ថភាព​របស់​ពួកអ្នកផ្សព្វផ្សាយសាសនា​របស់​យើង​ក្នុង​ការស្វែងរក ហើយ​បង្រៀន និង​ការប្រមូលផ្តុំ​របស់​សមាជិក​យើង​សម្រាប់​ការថ្វាយបង្គំ ។ យើង​សូម​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​ទទួល​រងផល​ប៉ះពាល់​ពី​ជម្ងឺ​នេះ ហើយ​ទូល​សូម​ការប្រសិទ្ធពរ​ពី​ព្រះអម្ចាស់​ក្នុង​គ្រា​លំបាក​នេះ ។

នៅ​ពេល​បច្ចុប្បន្ន ពួកអ្នកផ្សព្វផ្សាយសាសនា​ដែល​ទើប​តែ​ចាកចេញ​ពី​បេសកម្ម ទីក្រុងហុងកុង ប្រទេសចិន កំពុងស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​សម្រាប់​រយៈពេល ១៤ ថ្ងៃ​ ហើយ​កំពុង​ត្រៀម​ខ្លួន​ចាក​ចេញ​ទៅ​បម្រើ​នៅ​ទីតាំង​ចាត់តាំង​ថ្មី​ជា​បណ្តោះអាសន្ន​របស់​ពួកគេ ។

យើង​បន្ត​វាយ​តម្លៃ​ចំពោះ​តម្រូវការ​នៃ​ពួកអ្នកផ្សព្វផ្សាយសាសនា​ផ្សេងទៀត​ដែល​កំពុង​បម្រើ​ក្នុង​តំបន់​ដែល​មាន​ការព្រួយបារម្ភខ្លាំង​ឡើង​អំពី​វីរុស ។ ឥរិយាបថ​ដែល​មនុស្ស​​ជួប​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​ការជួបជុំនានា​បាន​ផ្លាស់ប្តូរ ​ដោយ​សារ​តែ​ការព្រួយបារម្ភ​អំពី​វីរុស​ដែល​ធ្វើ​ឲ្យ​កិច្ចការផ្សព្វផ្សាយសាសនា​មាន​ការលំបាក​ជា​ខ្លាំង ។

ជា​ការដាស់តឿន​ដល់​ពួកអ្នកផ្សព្វផ្សាយសាសនា​ទាំងអស់​នៅ​ក្នុង​បេសកកម្ម​ទីក្រុង​ភ្នំពេញ ប្រទេសកម្ពុជា បេសកកម្ម​ប្រទេសសិង្ហបុរី និង​បេសកកម្ម​ទីក្រុងបាងកក ប្រទេសថៃ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះរបស់​ពួកគេ ហើយ​ជៀសវាងក្នុង​ការ​ចេញ​ទៅ​ខាងក្រៅ លើក​លែង​តែ​ទិញអាហារ និង​គ្រឿងផ្គត់ផ្គង់​ផ្សេងៗ ធ្វើ​លំហាត់ប្រាណ ឬ​ចូលរួម​ក្នុង​ការបម្រើ​ក្នុង​ការថ្វាយបង្គំ ( កន្លែង​ដែល​បាន​ប្រារព្ធ​ឡើង ) ។  នៅ​ពេលណា​ដែល​ពួកគេ​នៅ​ខាង​ក្រៅ ពួកអ្នកផ្សព្វផ្សាយសាសនា​ត្រូវ​បាន​គេ​ហាម​ឲ្យ​នៅ​ចម្ងាយ​យ៉ាង​តិច​ពីរម៉ែត្រ​ពី​អ្នក​ដទៃ និង​ជៀសវាង​ការប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ ។ ក្នុង​អំឡុង​ពេលនេះ ពួកអ្នកផ្សព្វផ្សាយសាសនា​នឹង​បង្រៀន​មនុស្ស​តាមរយៈ​ការហៅទូរសព្ទ ឬ​បច្ចេកវិទ្យា​ផ្សេង​ទៀត ។ សេចក្តីណែនាំ​ទាំងនេះ​នឹង​ត្រូវ​អនុវត្ត​តាម​រហូត​ដល់​មាន​ការជូនដំណឹងបន្ថែម ។ លើស​ពី​នេះ​ទៀត ពួកអ្នកផ្សព្វផ្សាយសាសនា​ទាំងអស់​ដែល​កំពុង​ត្រៀម​មក​បម្រើ​នៅ​ក្នុង​បេសកកម្ម​ទាំង​បី​នេះ​នឹង​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រទេស​ផ្សេង​ទៀត​ជា​បណ្តោះអាសន្ន​រហូត​ដល់​ស្ថានការណ៍​មាន​ស្ថេរភាព​ឡើង​វិញ ។

ពួកអ្នកផ្សព្វផ្សាយសាសនា​នៅ​បេសកកម្ម​ម៉ុងហ្គោលី អ៊ូឡាបាតា កំពុងប្រុងប្រយ័ត្ន​ប្រហាក់ប្រហែល​គ្នា ដែល​កំពុង​ធ្វើ​ការណាត់​ជួប​តិចតួច​ចំពោះ​មនុស្ស​នៅ​ពេល​ត្រូវ​បាន​គេ​អញ្ជើញ ។ ពួកអ្នកផ្សព្វផ្សាយសាសនា​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​នឹង​ចាប់​ផ្តើម​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដែល​អនុវត្ត​តាម​អនុសាសន៍មក​ពី​អង្គការ​សុខភាព​ពិភពលោក ​និង​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការជម្ងឺ ។

ដោយ​មិន​គិត​ពី​កន្លែង​ដែល​ពួកគេ​កំពុង​បម្រើ ពួកអ្នកផ្សព្វផ្សាយសាសនា​ទាំងអស់ ​ ​ត្រូវ​បាន​រំឮក​ឲ្យ​អនុវត្ត​តាម​ការការពារ​សុខភាព​ជា​មូលដ្ឋាន​ដើម្បី​ជៀសវាង​ពី​ជម្ងឺ ។ វា​ជា​ការសំខាន់​ក្នុង​ការកត់សម្គាល់​ថា​ពួកអ្នកផ្សព្វផ្សាយសាសនា​វ័យក្មេង​ជា​ទូទៅ​មិន​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​គ្រោះថ្នាក់​ចំពោះ​ផលវិបាកធ្ងន់ធ្ងរ​ពី​វីរុសន​កូរ៉ូណា​នេះ​ទេ ។​

យើង​កំពុង​វាយតម្លៃ​លើ​តម្រូវការ​របស់​សមាជិក ​និង​ផ្តល់​ការគាំទ្រ ​ឬ​ការណែនាំ​បន្ថែម ។ ព្រះវិហារបរិសុទ្ធតៃប៉ិ តៃវ៉ាន់ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន ​ហើយ​ព្រះវិហារបរិសុទ្ធ​សេអ៊ូល​កូរ៉េ​នឹង​បិទ​ជា​បណ្តោះអាសន្ន​ចាប់​ពី​ថ្ងៃសៅរ៍​នេះ​តទៅ ។ សមាជិក​នៅ​ផ្នែកខ្លះ​នៃ​ពិភពលោក​មិន​ប្រមូលផ្ដុំ​គ្នា​សម្រាប់​ការថ្វាយបង្គំ​ប្រចាំ​សប្តាហ៍​ទេ ។ នៅ​កន្លែង​ផ្សេង​ទៀត​សេវាកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​តាម​កាល​វិភាគកំណត់ ។ ពួកអ្នកដឹកនាំ​សាសនាចក្រ​ក្នុង​តំបន់​កំពុង​ធ្វើការ​ដើម្បី​គាំទ្រ ​និង​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​សមាជិក​នៅ​ក្នុង​តំបន់​ទាំងនេះ ។

សាសនាចក្រ​នឹង​បន្ត​តាម​ដាន​ការវិវឌ្ឍន៍​យ៉ាង​ជិតស្និទ្ធ ​ហើយ​នឹង​ធ្វើ​ការកែតម្រូវ​បន្ថែម​ទៀត​តាម​ការចំបាច់ ។