ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចូលរួម​នៅ​ក្នុង​កិច្ចខិតខំ​ជួយ​សង្គ្រោះ​ពី​កូវីត-១៩ ជាសាកល

សាសនាចក្រជួយក្នុងគម្រោងជាច្រើននៅក្នុងប្រទេសចំនួន ៥៧ ប្រទេស

គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ប្រកាស​អំពី​កិច្ចខិតខំ​ជា​សាកលជាបន្ដបន្ទាប់​ដើម្បី​ប្រឈម​មុខ​នឹង​ការរាតត្បាត​កូវីត-១៩ ។ នៅក្នុង​ចំណោម​គម្រោង​ជាច្រើន​ដែល​កំពុង​តែ​ដំណើរការ នោះ​ធនធាន​សាសនាចក្រ និង​អ្នកស្ម័គ្រចិត្ត ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួយ​ផលិត​ម៉ាស់​ឲ្យ​ច្រើនបំផុត​តាមដែលអាច​ធ្វើទៅបាន និង​ឧបករណ៍​ការពារ​ដទៃទៀត​សម្រាប់​ពេទ្យ​មើលថែ​នៅ​ជួរ​មុខ ។

 

នៅក្នុង​លិខិត​របស់​គណៈប្រធានទីមួយ ដែល​ចុះ​នៅ​ថ្ងៃអង្គារ ទី ១៤ ខែ​មេសា ឆ្នាំ ២០២០ បាន​ថ្លែង​ថា « យើងដឹង​ថា​ព្រះ​នឹង​ព្រះសណ្ដាប់ ហើយ​ឆ្លើយត​ប​ចំពោះ​ការ​អធិស្ឋាន​របស់​យើង ។  យើង​ត្រូវ​បាន​បង្រៀន​ឲ្យ​ ‹ ចូលរួម​យ៉ាង​សស្រាក់សស្រាំ › នៅក្នុង​ការ​ជួយសង្គ្រោះ​ដល់​អស់អ្នក​ដែល​រងទុក្ខ និង​មើល​ថែ​ដល់​អ្នក​ដែល​ខ្វះខាត ( សូមមើលគោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:២៧ ) » ។

 

ពួក​លោក​បន្ថែមថា « មក​ដល់​បច្ចុប្បន្ន​នេះ យើង​បាន​អនុមតិ​ទៅលើ​គម្រោង​ជួយ​សង្គ្រោះ​ពីកូវីត-១៩ ជាង ១១០ គម្រោង នៅ​ក្នុងប្រទេស​ចំនួន ៥៧ ប្រទេស ។ ភាគច្រើន​បំផុត គឺ​ធ្វើឡើង​ជាមួយ​នឹង​ដៃគូ​ជា​ទីទុកចិត្ត​មកពី​ភ្នាក់ងារ​សប្បុរសធម៌ ក្រសួង​សុខាភិបាល និង មន្ទីរពេទ្យ​ជាច្រើន ដែល​អនុញ្ញាត​ឲ្យ​យើង​ប្រើ​ធនធាន​របស់ពួកគេ— រួមទាំង​អាហារ ផលិតផល​អនាម័យ ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ឧបករណ៍ពេទ្យ ប្រាក់កាស និង​សម្ភារ​ដទៃៗទៀត— នៅ​ក្នុង​ទីកន្លែង​ដែល​ពួកគេ​អាច​ធ្វើ​បាន​យ៉ាង​ល្អបំផុត ។

 

ឧទាហរណ៍ រោងចក្រ​សម្លៀកបំពាក់​ប៊ីហៃ​របស់​សាសនាចក្រ​នៅក្នុង​ប្រទេសប្រេស៊ីល ប្រទេស​ម៊ិកស៊ីកូ ប្រទេសប៉ារ៉ាហ្គាយ និង​ប្រទេស​ហ្វីលីពីន ព្រមទាំង​រដ្ឋហូថាហ៍ នឹង​ផ្លាស់​ប្ដូរ​ប្រតិបត្តិការ​របស់ពួកគេ​ជា​បណ្ដោះអាសន្ន​ពី​ការ​ផលិត​សម្លៀកបំពាក់ខាង​សាសនា​មក​ជា​ការ​ដេរម៉ាស់ ( គ្រប់ទីតាំងទាំងអស់ ) និង សម្លៀកបំពាក់សម្រាប់ពេទ្យ ( តែរដ្ឋយូថាហ៍​ប៉ុណ្ណោះ ) ដែលចាំបាច់​សម្រាប់​អស់អ្នក​ដែល​នៅ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ។

 

ស៊ីស្ទើរ សារ៉ុន អូប៊ែង ជា​ប្រធាន​អង្គការ​សប្បុរសធម៌​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ និង​ជា​សមាជិក​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ បាន​មាន​ប្រសាសន៍​ថា « យើង​កំពុង​ព្យាយាម​ធ្វើការ​ជាមួយថ្នាក់ដឹកនាំ​​​រដ្ឋាភិបាល [ និង ] ថ្នាក់ដឹកនាំ​ក្នុង​សហគមន៍ ហើយ​ស្វែងយល់​អំពី​អ្វី​ជា​តម្រូវការ​របស់ពួកគេ បន្ទាប់មក​ឆ្លើយ​តប​តាម​សេចក្ដីត្រូវការ​នោះ » ។ « យើង​មាន​សមាគមសង្គ្រោះ និងក្រុមគ្រួសារ​របស់ពួកគេ​ដើម្បី​ជួយ​ក្នុង​គម្រោង​ទាំងនេះ​មួយចំនួន » ។

 

ស៊ីស្ទើរ អូប៊ែង បាន​បន្ថែម​ថា « អង្គការ​សប្បុរស​ធម៌​​​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​មាន​សំណាងណាស់ ដោយសារ​យើង​មាន​ដៃគូជាច្រើន ទោះជា​មានការរាតត្បាត​ ឬ​អត់​ក្ដី » ។ « យើង​មាន​ទំនាក់ទំនង​ជា​ទីទុកចិត្ត​អស់​រយៈពេល​ជា​យូរ​មកហើយ ។ ដូច្នេះ​នៅពេល​មាន​ការរាតត្បាត នោះ​យើ​ងមិន​​ចាំបាច់​ចាប់ផ្ដើម​ដោយដៃទទេ​នោះទេ ។ យើង​ដឹង​យ៉ាង​ច្បាស់​អំពី​របៀប​ជួយ​គ្នា​ទៅវិញទៅមក » ។

 

នៅ​ក្នុង​ប្រទេស​កម្ពុជា និងប្រទេស​​វៀតណាម សាសនាចក្រ​បាន​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្នុងមូលដ្ឋាន​ដើម្បី​ផ្ដល់​ម៉ាស់ និង​សម្ភារៈ​សង្គ្រោះ​បន្ទាន់ ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ជិត ១៥ លាន​នាក់ ។

 

នៅក្នុង​លិខិត​របស់​គណៈប្រធានទីមួយបាន​ថ្លែង​ថា « យើង​សូម​អញ្ជើញ​សមាជិក​របស់​យើង​ឲ្យ​ចូលរួម​នៅ​ក្នុង​គម្រោង​ជួយ​សង្គ្រោះ​ទាំងនេះ និង​គម្រោងដទៃៗ​ទៀត​នៅក្នុង​តំបន់ និង​សហគមន៍​របស់ពួកគេកាល​មាន​ឱកាស ទាំង​ធ្វើ​តាម​ការ​ដឹកនាំ​ពី​រដ្ឋាភិបាល​ក្នុងមូលដ្ឋា ននិង​ពេលស្ថានភាព​ផ្ទាល់​ខ្លួនអំណោយផល » ។