ប្រធាន ណិលសុន ផ្ដល់​ការ​អញ្ជើញ​ឲ្យ​យើង​រីករាយ​នឹង​សេចក្ដីពិត​នៅ​ក្នុង​សន្និសីទ​ទូទៅ

ប្រធាន ណិលសុន ផ្ដល់ការអញ្ជើញឲ្យយើងរីករាយនឹងសេចក្ដីពិតនៅក្នុងសន្និសីទទូទៅ

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ ព្រមទាំង​មិត្តភក្ដិ​ទាំងឡាយ ខ្ញុំ​ដឹង​ថា​កង្វល់​របស់​បងប្អូន​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន សុខភាព​ក្រុមគ្រួសារ សេដ្ឋកិច្ច ព្រមទាំង​ការងារ​ផ្ទាល់ខ្លួន​របស់បងប្អូន​គឺជា​បន្ទុក​យ៉ាង​ធ្ងន់​នៅ​ក្នុង​គំនិត​របស់​បងប្អូន​នាគ្រានេះ ។ ការរាតត្បាត​នៃ កូវីត-១៩ បន្ដ​នៅ​មាន​ឥទ្ធិពល​មក​លើ​ការរស់នៅ ហើយ​រំខាន​ដល់​សកម្មភាព​ជា​ធម្មតា​របស់​យើង ។ នេះគឺ​ជា​បញ្ហា​បន្ថែម​មួយទៀត ដែល​បងប្អូន​បាន​ជួប​ប្រទះ​ដោយ​គ្មាន​សង្ស័យ ។ ការ​រញ្ជួយ​ដី​ថ្មីៗ​នេះ​នៅ​ទីក្រុង​សលត៍ លេក គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​បន្ថែម​មួយទៀត​អំពី​ប្រភព​នៃ​ភាព​តានតឹង​ដែល​ធ្វើ​ឲ្យ​ការ​បារម្ភ​របស់​យើង​មាន​កាន់តែ​ខ្លាំងឡើង ។

ការ​លំបាក​ទាំងអស់​នេះ កំពុង​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​មានអារម្មណ៍​ថា ដី​កំពុង​តែ​រំកិល​នៅ​ពី​ខាង​ក្រោម​ពួកគេ ។ ពួកគេ​ងឿង​ឆ្ងល់​អំពី​អ្វី​ដែល​ពួកគេ​អាច​ពឹងផ្អែក​ពិត​ប្រាកដ​នៅ​ក្នុង​គ្រា​នៃ​ភាព​ចលាចល​នេះ ។

ការណ៍​នេះ​រំឭក​ខ្ញុំ​អំពី​ការសន្ទនា​មួយ​ដែល​ខ្ញុំ​មាន​មិន​យូរ​ប៉ុន្មាន​ជាមួយ​នឹង​មិត្ត​ជា​ទីស្រឡាញ់​ខ្ញុំ​មា្នក់ ។ បុរស​នេះ​គឺ​ជា​មន្ត្រី​រដ្ឋាភិបាល​រៀមច្បង​មួយរូប​នៅ​ជាតិសាសន៍​ផ្សេងទៀត ដែល​ខ្ញុំ​បាន​ស្គាល់​អស់​ជាច្រើន​ឆ្នាំ ។ នៅពេល​ខ្ញុំ​ជួប​គាត់​ជា​លើក​ចុង​ក្រោយ ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​ខ្ញុំ​បាន​ឃើញ​គាត់​មក​កាន់​ការប្រជុំ​របស់​យើង​ដោយ​ជិះ​នៅ​លើ​រទេះរុញ ។

មិត្ត​ជរា​រូបនេះ​បាន​ថ្លែង​មក​ខ្ញុំ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​ឈឺ​អស់រយៈ​ពេល​ជា​យូរ » « ស្ទើរ​តែ​រាល់ថ្ងៃ ខ្ញុំ​បាន​ដេក​នៅ​លើ​គ្រែ សំឡឹង​មើល​ទៅលើ​ពិដាន ហើយ​ចង់​ដឹង​អំពី​អ្វី​ជា​សេចក្ដីពិត » ។

អំឡុង​គ្រា​សាកល្បង​នោះ មាន​រឿង​មួយចំនួន​បាន​បញ្ជាក់អះអាង និងលួងលោមចិត្ត​ជា​សេចក្ដីពិត ។ សាវក​ប៉ុល​បាន​មើល​ឃើញ​ជំនាន់​របស់​យើង ហើយ​បាន​ព្យាករណ៍​ថា គ្រាសាកល្បង​នឹង​មក​ដល់ ។ គាត់​បាន​បន្ថែម​ថា មនុស្ស​ជាច្រើន​បាន​រៀនសូត្រ ប៉ុន្តែ​ពុំ​ដែល​បាន​ទទួល​ចំណេះដឹង​នៃ​សេចក្ដីពិត​ទេ ។

អ្វី​ដែល​ជា​ការពិត​គឺ​ថា នៅ កណ្ដាល​នៃ​ភាព​ងងឹត​ខ្លាំង​នៃ​ពិភពលោក​ចលាចល នោះ​ពន្លឺ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បំភ្លឺ​កាន់តែ​ខ្លាំង ។ ទ្រង់​អាច​មាន​បន្ទូល​សេចក្ដីពិត​ចេញ​ពី​ដួងចិត្ត និងគំនិត​របស់​យើង នៅពេល​យើង​ស្វែងរក​ទ្រង់ ហើយ​រៀន​ស្ដាប់​ទ្រង់ ។

នៅ​ក្នុង​សេចក្ដីនេះ យើង​ទន្ទឹង​ចាំ​សន្និសីទ​ទូទៅ​នា​ពេល​ខាង​មុខ​នេះ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃទី ៤-៥ ខែ​មេសា អំឡុង​ពេល​ដែល​យើង​នឹង​ស្ដាប់​ថ្នាក់ដឹកនាំ​សាសនាចក្រ​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ របស់​ព្រះយេស៊ូវគ្រីស្ទ​ដ៏​រុងរឿង និង​របៀប​ដែល​ដំណឹងល្អ​នាំ​មកនូវ​សេចក្ដីសុខសាន្ដ​ដល់​ជីវិត​របស់​យើង ។

ដោយសារ​តែ​ក្រុមជំនុំ​ធំ​មិន​អាច​ប្រមូលផ្ដុំ​គ្នា​ផ្ទាល់ នោះ​សន្និសីទ​នេះ​នឹង​មាន​រូបភាព​ផ្សេង​មួយ ។ ប៉ុន្តែ​សេចក្ដីពិត​ដែលថា​ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់យើង— ហើយ​ថា​សេចក្ដីពិត​ពេញលេញ​នៃដំណឹងល្អ​របស់​ទ្រង់​ត្រូវ​បាន​ស្ដារឡើងវិញ​មក​កាន់​ផែនដី— នឹង​ត្រូវ​បាន​បង្រៀន​ជានិច្ចកាល ។

ខ្ញុំ​សូម​ផ្ដល់​នូវការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​មនុស្ស​ទាំងអស់ មិន​ថា​ទំនៀមទម្លាប់ជំនឿ​របស់​បងប្អូន​ជា​អ្វី​ទេ សូម​ចូលរួម​នឹង​ពួក​យើង​តាមរយៈ​បច្ចេកវិទ្យា ហើយ​រីករាយ​នឹង​អំណាច​នៃ​សេចក្ដីពិត​ដែលបាន​បើក​សម្ដែង​ដ៏​លួងលោម​ចិត្ត​នេះ ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​អធិស្ឋាន​សម្រាប់​បងប្អូន ។ ហើយ​ខ្ញុំ​អះអាង​នឹង​បងប្អូន​ថា ព្រះអម្ចាស់​កំពុង​ទត​មើល​មក​លើ​យើង អំឡុង​គ្រា​មាន​បញ្ហា​ទាំង​នេះ ។