គណៈ​ប្រធាន​ទីមួយ​ប្រកាស​អំពី​ការបើក​ព្រះវិហារបរិសុទ្ធ​សារជាថ្មី​ដែល​មាន​កំណត់

គណៈប្រធានទីមួយប្រកាសអំពីការបើកព្រះវិហារបរិសុទ្ធសារជាថ្មីដែលមានកំណត់

នៅ​ក្នុង​សារលិខិត​ជូន​ចំពោះ​សមាជិក​សាសនាចក្រ​ទាំងអស់ គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​សម្តែង​អំណរគុណ​របស់​ពួកលោក​ដល់​បងប្អូន​ទាំងអស់​គ្នា ដែល​បាន​ខិតខំ​ធ្វើការ​ដើម្បី​ដោះស្រាយ​ឥទ្ធិពល​នៃ​ជំងឺ​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក កូវីដ-១៩ នេះ ។

គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា « ដោយ​មាន​ការដឹងគុណ​ដ៏​ក្រៃលែង​ដល់​ព្រះវរបិតាសួគ៌​យើង ដែល​ទ្រង់​បាន​ព្រះសណ្ដាប់​ឮ​ការអធិស្ឋាន​របស់​យើង នោះ​យើង​អររីករាយ​ដើម្បី​ប្រកាស​ពី​ការបើក​ព្រះវិហារ​បរិសុទ្ធ​សារជា​ថ្មី ដោយ​មាន​ការសម្រប​សម្រួល ដោយ​ប្រុង​ប្រយ័ត្ន និង​តាម​ដំណាក់​កាល​បន្ដ​បន្ទាប់ » ។ « ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃ ចន្ទ ទី ១១ ខែ ឧសភា ឆ្នាំ ២០២០ ពិធីបរិសុទ្ធ​ផ្សារភ្ជាប់​ប្ដី​និង​ប្រពន្ធ​សម្រាប់​អ្នកនៅរស់ នឹង​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ជ្រើសរើស សម្រាប់​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​បរិសុទ្ធ​ពីមុន​មក » ។

ការផ្សាភ្ជាប់​នៅ​ឯ​ព្រះវិហារបរិសុទ្ធ​ដែល​បាន​ជ្រើសរើស

នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការបើក​ព្រះវិហារ​បរិសុទ្ធ​សារ​ជាថ្មី នោះ​ពិធីបរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ​នឹង​មាន​កំណត់​ចំពោះ​ការផ្សារភ្ជាប់​រវាង​ប្តី​និង​ប្រពន្ធ​នៅរស់ ( អាពាហ៍ពិពាហ៍ ) សម្រាប់​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​បរិសុទ្ធ​រួច​ហើយ ។ ការណ៍​នេះ​នឹង​ចាប់ផ្តើម​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ជ្រើសរើស​នៅ​រដ្ឋ​អាយដាហូ និង​យូថាហ៍ ( សហរដ្ឋ​អាមេរិក ) និង​អាល្លឺម៉ង់ និង ស៊ុយអែត ( សូមមើល​បញ្ជី​ព្រះវិហារ​បរិសុទ្ធ​ដែល​បើក​នៅ​ចុង​បញ្ចប់​នៃ​សេចក្ដី​ប្រកាស​នេះ ) ។ ស្ថានភាព​បច្ចុប្បន្ន​នៃ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​អាច​មើល​បាន​លើ​ទំព័រ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​នៅលើ​គេហទំព័រ Temples.ChurchofJesusChrist.org ។

ការផ្សារភ្ជាប់​ទាំង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃច័ន្ទ​ដល់​ថ្ងៃសៅរ៍​ដោយ​មាន​ការណាត់ទុក​​តែ​ប៉ុណ្ណោះ ហើយ​ជា​ដំបូង ព្រះវិហារ​បរិសុទ្ធ​មួយ​ត្រូវ​បាន​កំណត់​ឲ្យ​ធ្វើ​​តែ​ពិធី​ផ្សារភ្ជាប់​តែ​មួយ ឬ​ផ្សារភ្ជាប់​តែ​គ្រួសារ​មួយ​ក្នុង​ពេល​តែ​ម្តង ។ នៅ​ពេល​ធ្វើ​ការណាត់ជួប នោះ​បុគ្គលិក​នឹង​បញ្ជាក់​ថា ស្វាមី​ភរិយា​នេះ​រស់នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ដែល​បាន​យល់ព្រម​ឲ្យ​ទទួល​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ។ សេចក្តីណែនាំ​សុខភាព​សាធារណៈ និង​រដ្ឋាភិបាល​ទាំងអស់​នឹង​ត្រូវ​បាន​អនុវត្ត រួម​មាន​ទាំង​ការដាក់​កំហិត​ទាំងឡាយ​ទាក់ទង​នឹង​ការធ្វើ​ដំណើរ និង​ការឆ្លងកាត់​រដ្ឋ ឬ​ព្រំដែន​ក្នុង​តំបន់ ព្រមទាំង​ការប្រើប្រាស់​ម៉ាស់​ដើម្បី​សុវត្ថិភាព ។

ចំពោះ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ទាំងឡាយ​សម្រាប់​អ្នក​រស់នៅ បុគ្គលិក​ព្រះវិហារ​បរិសុទ្ធ​នឹង​មាន​ចំនួន​កំណត់​ខ្លាំង​ណាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ—ដែល​មាន​ចំនួន​ពីរ ឬ​បី​នាក់​ប៉ុណ្ណោះ ។ កូនក្រមុំ​កូនកំលោះ​មួយ​គូៗ និង​ភ្ញៀវ​ដែល​មាន​ចំនួន​កំណត់​របស់​ពួកគេ​នឹង​ត្រូវ​បាន​ស្វាគមន៍​នៅ​មាត់ទ្វារ​ព្រះវិហារ​បរិសុទ្ធ ហើយ​នាំ​ទៅកាន់​បន្ទប់​ផ្សារភ្ជាប់ ។ កូនក្រមុំ និង​កូនកំលោះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ព្រះវិហារ​បរិសុទ្ធ​ដោយ​មាន​សំលៀក​បំពាក់​ជា​ខោ អាវ​និង​ក្រវ៉ាត់​ក​ពណ៌ស ( សម្រាប់​បុរស ) និង​រ៉ូប​ពណ៌ស ( សម្រាប់​ស្ត្រី ) ។ បន្ទាប់​មក ពួកគេ​នឹង​ស្លៀក​សម្លៀក​បំពាក់​ពិធីការ​សម្រាប់​ព្រះវិហារបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ចំនួន​អ្នក​ចូលរួម​ក្នុង​ការផ្សារភ្ជាប់​នីមួយៗ​នឹង​ត្រូវ​បាន​កំណត់​ឲ្យ​មាន​តែ​កូនក្រមុំ កូនកំលោះ និង​ភ្ញៀវ​ដែល​មាន​ចំនួន​កំណត់ ដូច​បាន​ចែង​ក្នុង​សេចក្តីណែនាំ​ដែល​បាន​ផ្តល់​ជូន​ពេល​នៃ​ការណាត់ជួប​នោះ ។ មាន​តែ​អ្នក​ដែល​មាន​សុខភាពល្អ ហើយ​មិន​មាន​រោគសញ្ញា​នៃ​ជម្ងឺកូវីដ-១៩ តែ​ប៉ុណ្ណោះ ទើប​អាច​មក​ព្រះវិហារ​បរិសុទ្ធ​បាន ។ បន្ទប់​ផ្សារភ្ជាប់ និង​បន្ទប់​ផ្សេងទៀត​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​បាន​សម្អាត និង​បាញ់​ថ្នាំ​កម្ចាត់​មេរោគ​យ៉ាង​ហ្មត់ចត់​បន្ទាប់​ពី​ពិធី​នីមួយៗ​ចប់ ។

ការបើកសារ​ជាថ្មី​ជា​ដំណាក់កាល​បន្តបន្ទាប់

ការបើក​ព្រះវិហារបរិសុទ្ធ​សារជាថ្មី​នឹង​ដំណើរការ​ដោយ​មាន​ការប្រុងប្រយ័ត្ន និង​មាន​ផែនការ ហើយ​សម្របសម្រួល​តាម​របៀប​ដ៏​ប្រុង​ប្រយ័ត្ន​មួយ ដោយ​ផ្អែក​លើ​ការដាក់​កំហិត​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ និង​ការអនុញ្ញាត​ដោយ​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។ ការបើក​ទាំង​​បួន​ដំណាក់កាល​បន្តបន្ទាប់​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​កាត់បន្ថយ​ហានិភ័យ សម្រួល​ដល់​តម្រូវការ និង​សមត្ថភាព​របស់​ព្រះវិហារបរិសុទ្ធ ព្រមទាំង​គោរព​តាម​​ការដាក់​កំហិត​សុខភាព​ដែល​​ពាក់ព័ន្ធ​ទាំងឡាយ​នៅ​ក្នុង​មណ្ឌល​ព្រះវិហារបរិសុទ្ធ ។

ដំណាក់កាល​ទី ១ ៖ បើក​សម្រាប់​តែ​ការផ្សារភ្ជាប់​សម្រាប់​អ្នកនៅរស់​ប៉ុណ្ណោះ

  • ធ្វើ​ការផ្សារភ្ជាប់​សម្រាប់​អ្នកនៅរស់​ដែល​ជា​សមាជិក​បាន​ទទួល​អំណោយទាន​បរិសុទ្ធ​ពី​មុន​មក​ប៉ុណ្ណោះ ដោយ​ស្ថិត​ក្រោម​ការណែនាំ និង​ការប្រុង​ប្រយ័ត្ន​សម្រាប់​សុវត្ថិភាព

ដំណាក់កាល​ទី ២ ៖ បើក​សម្រាប់​រាល់​ពិធីបរិសុទ្ធ​សម្រាប់​អ្នកនៅរស់​ប៉ុណ្ណោះ

  • ធ្វើរាល់​ពិធីបរិសុទ្ធ​ព្រះវិហារបរិសុទ្ធ​សម្រាប់​អ្នក​នៅរស់
  • រក្សា​ការបិទ​ផ្ទះស្នាក់​សម្រាប់​អ្នក​ទៅ​ព្រះវិហារបរិសុទ្ធ ប្រតិបត្តិការ​សម្លៀក​បំពាក់ និង​អាហារដ្ឋាន​ទាំងឡាយ

ដំណាក់កាល​ទី ៣ ៖ បើក​សម្រាប់​រាល់​ពិធីបរិសុទ្ធ​ទាំងអស់​ដោយ​មាន​ការដាក់​កំហិត

  • បន្ត​ផ្តល់​ពិធីបរិសុទ្ធ​សម្រាប់​បុគ្គល​ដែល​នៅរស់​ទាំងអស់
  • ធ្វើ​ពិធីបរិសុទ្ធ​ជំនួស​សម្រាប់​បុព្វការីជន តាម​របៀប​ដែល​បាន​ដាក់​កំហិត​មួយ
  • បើក​ផ្ទះ​ស្នាក់​សម្រាប់​អ្នក​ទៅ​ព្រះវិហារបរិសុទ្ធ ប្រតិបត្តិការ​សម្លៀកបំពាក់ និង​អាហារដ្ឋាន​ទៅតាម​តម្រូវការ

ដំណាក់កាល​ទី ៤ ៖ បើក​សម្រាប់​ប្រតិបត្តិការ​ពេញលេញ

  • ចាប់ធ្វើ​ប្រតិបត្តិការ​ព្រះវិហារបរិសុទ្ធ​ជា​ប្រចាំ​ឡើងវិញ

ដូច​ដែល​បាន​ណែនាំ​ដោយ​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ព្រះវិហារបរិសុទ្ធ​ដទៃ​ទៀត​នឹង​ត្រូវ​បើក​ដំណើរការ​ឡើងវិញ ដោយ​ផ្អែក​លើ​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ និង​សុខភាព​សាធារណៈ ។ ពួកគេ​នឹង​អនុវត្តតាម​វិធី​ដូចគ្នា​ក្នុង​ការបើក​សារជា​ថ្មី ដោយ​ចាប់ផ្តើម​ពី​ការផ្សារភ្ជាប់​រវាង​ប្តី​និង​ប្រពន្ធ​ដោយ​មាន​ការណាត់​ជួប​ជាមុន ។

អាទិភាព​ពិធីបរិសុទ្ធ

ចំពោះ​កាលវិភាគ​បច្ចប្បន្ន​សម្រាប់​ពិធីបរិសុទ្ធ​សម្រាប់​អ្នក​នៅរស់ នោះ​បុគ្គលិក​ព្រះវិហារបរិសុទ្ធ​នឹង​ទាក់ទង​ទៅ​សមាជិក​ដើម្បី​បញ្ជាក់​ពី​ការណាត់ជួប​របស់​ពួកគេ ឬ​ដើម្បី​រៀបចំ​កាលវិភាគ​ឡើងវិញ ។ ពេលនេះ អាទិភាព​សម្រាប់​ការដាក់​កាលវិភាគ​ពិធីបរិសុទ្ធ​នឹង​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​សមាជិក ដែល​ត្រូវ​បាន​ព្រះវិហារ​បរិសុទ្ធ​លុបចោល​ការណាត់​ជួប​របស់​ពួកគេ​ដោយសារ​តែ​ការបិទ​ព្រះវិហារបរិសុទ្ធ ។ សមាជិក​ក្នុង​កាលៈទេសៈ​នេះ​គួរ​តែ​ទូរសព្ទ​ទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បី​ណាត់ពេល​ធ្វើ​ពិធីបរិសុទ្ធ ។ អាទិភាព​ចុងក្រោយ​នឹង​ត្រូវ​បាន​ផ្តល់​ទៅ​តាម​ការណាត់ជួប​ថ្មី ។

ព័ត៌មាន​អំពី​ព្រះវិហារបរិសុទ្ធ​ជាក់លាក់

សមាជិក​អាច​មើល​ស្ថានភាព​នៃ​ការបើក​ព្រះវិហារបរិសុទ្ធ​ជាក់លាក់​របស់​ពួកគេ និង​ការដាក់​កំហិត​ណា​មួយ​ដោយ​ចូល​ទៅ​កាន់ ​temple list PDF​នេះ ឬ​ចូល​ទៅ​គេហទំព័រ Temples.ChurchofJesusChrist.org ។ ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ក៏​នឹង​ធ្វើការ​ជា​មួយ​ពួកចិតសិបនាក់​ប្រចាំ​តំបន់ ដើម្បី​ចែក​រំលែក​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​បើក​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ តាម​តំបន់​ដែល​បាន​ចាត់តាំង​របស់​ពួកគេ ។

សុវត្ថិភាព

បន្ថែម​លើ​ដំណើរការ​ដែល​បាន​រៀបរាប់​ខាង​លើ គណៈប្រធាន​ព្រះវិហារបរិសុទ្ធ​នីមួយៗ​នឹង​មាន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត ដើម្បី​ជួយ​ការពារ​ដល់​បុគ្គលិក​ព្រះវិហារបរិសុទ្ធ និង​អ្នកនៅផ្ទះស្នាក់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ការណ៍​នេះ​រួម​បញ្ចូល​ទាំង​ការអនុញ្ញាត​ឲ្យ​អ្នក​នៅផ្ទះស្នាក់​ក្នុង​ព្រះវិហារ​​បរិសុទ្ធ​ពាក់​ម៉ាស់ និង​ស្រោមដៃ​របស់​ពួកគេ​ផ្ទាល់ ការ​ផ្តល់​ទឹកលាងដៃ​​កម្ចាត់​មេរោគ​នៅ​តាម​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការលើក​ទឹកចិត្ត​ឲ្យ​មាន​ការលាងដៃ​ញឹកញាប់ ហើយ​រក្សា​គម្លាត​ពី​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ ។ អស់​អ្នក​ដែល​បម្រើ​ក្នុង​ព្រះវិហារបរិសុទ្ធ​នឹង​ធ្វើ​ដូច្នេះ​ដោយ​ការ​ស្ម័គ្រចិត្ត ។ ការកែតម្រូវ​កាលវិភាគ​ប្រតិបត្តិការ​ព្រះវិហារ​បរិសុទ្ធ ការរៀបចំ​កន្លែង​អង្គុយ និង​សម្ភារ​ក្នុង​ព្រះវិហារបរិសុទ្ធ​ក៏​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្កើន​សុវត្ថិភាព​បន្ថែម​ទៀត​ផងដែរ ។

គណៈប្រធានទីមួយ​បាន​បញ្ចប់​សាលិខិត​របស់​ពួកលោក​ដោយ​ការបង្ហាញ​នូវ​សេចក្តី​សង្ឃឹម និង​សំណូមពរ​មួយ ៖ « យើង​សូម​ឲ្យ​បងប្អូន​មាន​សេចក្ដី​ជំនឿ និង​ការអធិស្ឋាន​បន្ដ​ទៀត ដើម្បី​ឲ្យ​ជំងឺ​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​នេះ និង​ឥទ្ធិពល​ដែល​នៅតែ​មាន​នៅឡើយ​របស់​វា​អាច​កន្លង​ផុត​ទៅ ។ យើង​ទន្ទឹង​រង់ចាំ​ដល់​ថ្ងៃ​ដែល​យើង​អាច​ធ្វើ​ប្រតិបត្តិការ​ពេញលេញ​ឡើងវិញ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ សាលជំនុំ និង​កិច្ចការ​បម្រើ​ផ្សព្វផ្សាយ​សាសនា​របស់​យើង » ។

ស្ថានភាព​ព្រះវិហារបរិសុទ្ធ

ព្រះវិហារបរិសុទ្ធ​រាយ​នាម​ដូចខាងក្រោម​នេះ​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​សារ​ជា​ថ្មី​​នៅ​ដំណាក់កាលទី ១ នៅ​ថ្ងៃ​ទី ១១ ខែ ឧសភា ឆ្នាំ ២០២០* ៖

  • ព្រះវិហារបរិសុទ្ធ ប៊យស៍ រដ្ឋអាយដាហូ
  • ព្រះវិហារបរិសុទ្ធ ប៊ោនទីហ្វូល រដ្ឋ​យូថាហ៍
  • ព្រះវិហារបរិសុទ្ធ ទីក្រុងព្រិកហាំ រដ្ឋយូថាហ៍
  • ព្រះវិហារបរិសុទ្ធ ទីក្រុងស៊ីដា រដ្ឋយូថាហ៍
  • ព្រះវិហារបរិសុទ្ធ ហ្វ្រាំងហ្វើត អាល្លឺម៉ង់
  • ព្រះវិហារបរិសុទ្ធ ហ្វ្រាយប៊ើក អាល្លឺម៉ង់
  • ព្រះវិហារបរិសុទ្ធ អាយដាហូហ្វល់ រដ្ឋអាយដាហូ
  • ព្រះវិហារបរិសុទ្ធ ឡូហ្គែន រដ្ឋយូថាហ៍
  • ព្រះវិហារបរិសុទ្ធ ម៉ែនទី រដ្ឋយូថាហ៍
  • ព្រះវិហារបរិសុទ្ធ ម៉ុនទីសីលឡូ រដ្ឋយូថាហ៍
  • ព្រះវិហារបរិសុទ្ធ អូឌែន រដ្ឋយូថាហ៍
  • ព្រះវិហារបរិសុទ្ធ ភ្នំអូគីរិរ រដ្ឋយូថាហ៍
  • ព្រះវិហារបរិសុទ្ធ ផេសុន រដ្ឋយូថាហ៍
  • ព្រះវិហារបរិសុទ្ធ ​ប្រ៉ូវ៉ូ ស៊ីធី សិនធើរ
  • ព្រះវិហារបរិសុទ្ធ ​ប្រ៉ូវ៉ូ រដ្ឋយូថាហ៍
  • ព្រះវិហារបរិសុទ្ធ ស្តុកខុល ប្រទេស​ស៊ុយអ៊ែត
  • ព្រះវិហារបរិសុទ្ធ អាយដាហូហ្វល់​ភ្លោះ

សូមមើល​បញ្ជី​ព្រះវិហារ​បរិសុទ្ធ​ពេញលេញ និង​ស្ថានភាព​បច្ចុប្បន្ន​របស់​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់ ។

*ព្រះវិហារបរិសុទ្ធ​មួយ​ចំនួន​នៅ​រដ្ឋ​អាយដាហូ និង​រដ្ឋយូថាហ៍​កំពុង​ទទួល​ការថែទាំ​ប្រចាំឆ្នាំ ហើយ​នឹង​បើក​សារជា​ថ្មី​នៅ​ពេល​ការងារ​នោះ​បាន​បញ្ចប់ ។