ប្រធាន​ណិលសុន ​ចែកចាយ​ការ​ចុះ​ផ្សាយ​លើ​ប្រព័ន្ធ​សង្គម​ស្ដីពី​ការ​រើស​អើង​ជាតិ​សាសន៍ ហើយ​អំពាវ​នាវ​ឲ្យ​មាន​ការ​គោរព​ដល់​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស 

ប្រធានណិលសុន ចែកចាយការចុះផ្សាយលើប្រព័ន្ធសង្គមស្ដីពីការរើសអើងជាតិសាសន៍ ហើយអំពាវនាវឲ្យមានការគោរពដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស

នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្មីៗ​នេះ ប្រធាន រ័សុល អិម ណិល ជាប្រធាន​សាសនាចក្រ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ចែកចាយ​សារលិខិត​ដូច​តទៅ​នេះ​នៅ​លើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​លោក ៖

 

យើង​ចូល​រួម​នឹង​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រជាជាតិ​នេះ និង​នៅទូទាំង​ពិភពលោក​ដែល​មាន​ចិត្ត​សោកសៅ​យ៉ាង​ខ្លាំង ​ដោយ​សារ​តែ​ភស្ដុតាងនៃ​ការ​រើស​អើង​ជាតិ​សាសន៍ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវិត​មនុស្ស​ថ្មីៗ​នេះ ។ យើង​ស្អប់​ខ្ពើម​ដែល​ថា​មាន​មនុស្ស​ខ្លះ​បាន​បដិសេធ​ការ​គោរព​ចំពោះ​មនុស្ស​ដទៃ និង​សេរីភាព​ជា​មូលដ្ឋាន ដោយសារ​តែ​ពណ៌​សម្បុរពួកគេ ។

 

យើង​ក៏​មាន​ចិត្ត​សោកសៅ​ផងដែរ ពេល​ការ​រំលោភ​បំពាន​ទាំង​នេះ​មានមកលើ​សេចក្ដី​ថ្លៃ​ថ្នូរ​មនុស្ស ដែល​នាំ​ឲ្យកើត​មាន​ឡើង​នូវ​អំពើ​ហិង្សា ​និង​ភាព​ចលាចល ។ 

 

ព្រះ​ដ៏​បង្ក​បង្កើត​នៃ​យើង​គ្រប់គ្នា​អំពាវ​នាវ​ឲ្យ​យើង​ម្នាក់ៗ​លះបង់​ចោល​ឥរិយាបថ​នៃ​ការ​រើស​អើង​ទាស់​នឹង​ក្រុម​ណា​មួយ​នៃ​កូនចៅ​របស់​ព្រះ ។ បើមាន​ពួកយើង​ណា​ម្នាក់បាន​រើស​អើង​ចំពោះ​ជាតិ​សាសន៍​មួយ​ទៀត គឺ​ត្រូវ​តែ​ប្រែ​ចិត្ត !

 

អំឡុង​បេសកកម្ម​នៅ​លើ​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ ទ្រង់​បាន​ធ្វើ​ការងារ​បម្រើ​ឥត​ឈប់​ឈរ​ទៅ​ដល់​អ្នក​ដែល​ត្រូវ​គេ​កាត់​ចេញ អ្នក​បាត់​បង់​ឱកាស អ្នក​ត្រូវ​គេ​កាត់​ទោស អ្នក​ត្រូវគេមើល​រំលង អ្នក​ត្រូវគេបំពាន ហើយអ្នក​ត្រូវគេ​បន្ទាប​បន្ថោក ។ ក្នុង​នាម​ជា​ពួក​អ្នក​ដើរ​តាម​ទ្រង់ តើ​យើង​អាច​ធ្វើ​អ្វី​មួយ​តិច​ជាង​នេះ​បាន​ទេ ? ចម្លើយ​គឺ​ថា​ទេ ! យើង​ជឿ​លើ​សេរីភាព សេចក្ដី​សប្បុរស និង​ភាព​ស្មើ​គ្នា​សម្រាប់​កូនចៅ​គ្រប់​រូប​របស់​ព្រះ !

 

ចូរ​ឲ្យ​យើង​មាន​ភាព​ច្បាស់​លាស់ ។ យើង​គឺជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា យើង​ម្នាក់ៗ​គឺជា​បុត្រ​នៃ​ព្រះវរបិតា​សួគ៌​ជា​ទី​ស្រឡាញ់ ។ ព្រះរាជ​បុត្រា​ទ្រង់ ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ​មក​រក​ទ្រង់—« ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី »​ ( នីហ្វៃ​ទី​២ ២៦:៣៣ ) ។ វា​ចាំបាច់​ឲ្យ​យើង​ម្នាក់ៗ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើបាន​នៅ​ក្នុង​វិសាលភាព​នៃ​ឥទ្ធិពល​របស់​យើង​ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ និង​ការ​គោរព​ដែល​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះ​គួរ​តែ​ទទួល​បាន ។

 

ប្រជាជាតិ​មួយ​អាច​មាន​ភាព​អស្ចារ្យ​ទៅ​បាន​អាស្រ័យ​ទៅលើ​ប្រជាជន​របស់​ខ្លួន​ប៉ុណ្ណោះ ។ ការណ៍​នោះ​តម្រូវ​ឲ្យ​ពលរដ្ឋ​បណ្ដុះ​សីលធម៌​ដែល​ជួយ​ពួកគេ​ឲ្យ​បែង​ចែក​រវាង​អ្វី​ដែល​ត្រូវ និង​អ្វីដែល​ខុស ។

 

ទង្វើ​ខុស​ច្បាប់ ដូចជា ការ​លួច​ប្លន់ ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ឬ​ឯកជន ​មិន​អាច​អត់​ឱន​បាន​ឡើយ ។ ពុំដែល​មាន​កំហុស​ណា​មួយ​ ត្រូវ​បាន​កែ​តម្រូវ​ដោយ​សារកំហុស​ទី​ពីរ​នោះ​ឡើយ ។ អំពើ​អាក្រក់​ពុំអាច​ត្រូវ​បាន​ដោះស្រាយ​ដោយសារ​អំពើ​អាក្រក់​ជាង​នោះ​ឡើយ ។

 

យើង​ត្រូវ​តែ​ចិញ្ចឹមបី​បាច់​សេចក្ដី​ជំនឿ​របស់​យើងទៅ​លើ​ភាព​ជា​បិតា​របស់​ព្រះ និង​ភាព​ជា​បងប្អូន​របស់​មនុស្ស ។

 

យើង​ត្រូវ​តែ​ចិញ្ចឹម​បី​បាច់​នូវ​ការ​គោរព​ដ៏​សំខាន់​​ចំពោះ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​គ្រប់​រូប មិន​ថា​ពួកគេ​មាន​ពណ៌​សម្បុរ សាសនា ឬ​បុព្វហេតុអ្វី​នោះ​ទេ ។

 

ហើយ​យើង​ត្រូវ​ធ្វើ​ការ​ឥត​ឈប់​ឈរ​ដើម្បី​ស្ថាបនា​ស្ពាន​នៃ​ការ​យល់​ដឹង​ជា​ជាង​ការ​បង្កើត​ជញ្ជាំង​នៃ​ការ​បែង​ចែក ។

 

ខ្ញុំ​សូម​អង្វរ​ឲ្យ​យើង​ធ្វើ​ការ​រួម​គ្នា​ស្វែង​រក​សន្តិភាព គោរព​គ្នា​ទៅ​វិញ​ទៅ​មក និងផ្ដល់​សេចក្ដី​ស្រឡាញ់​ដល់​កូនចៅ​គ្រប់​រូប​របស់​ព្រះ ។