ទស្សនាវដ្តីសាសនាចក្រនឹង​មាន​ការផ្លាស់ប្តូរ​នៅក្នុងឆ្នាំ ២០២១

ទស្សនាវដ្តីសាសនាចក្រនឹង​មាន​ការផ្លាស់ប្តូរ​នៅក្នុងឆ្នាំ ២០២១

គណៈប្រធានទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បានប្រកាស​នៅថ្ងៃនេះ ថា ចាប់ពីខែមករា ឆ្នាំ ២០២១ នេះ​ទៅ សាសនាចក្រ​នឹង​ផ្លាស់ប្តូរ​ទស្សនាវដ្តី​របស់ខ្លួន​ទាំងបួនច្បាប់​ទៅជា​ទស្សនាវដ្តី​លក្ខណៈ​សាកល​ចំនួនបី​ច្បាប់វិញ ៖ « ប្រិយមិត្ត » ( សម្រាប់​កុមារ ) , « ដើម្បី​កម្លាំង​នៃ​យុវជន » ( សម្រាប់​យុវជន ) និង « លីអាហូណា » ( សម្រាប់​មជ្ឈិមវ័យ ) ។

 

ទស្សនាវដ្តី​បច្ចុប្បន្ន​ទាំងបួន​ច្បាប់​រួមទាំង​ទស្សនាវដ្តី​ចំនួន​បីច្បាប់​ជាភាសា​អង់គ្លេស—« ប្រិយមិត្ត » ( សម្រាប់​កុមារ ) , « New Era » ( សម្រាប់​យុវវ័យ ) និង « Ensign » ( សម្រាប់​មជ្ឈិមវ័យ )—ក៏ដូចជា​ទស្សនាវដ្តី​ដែល​បានបកប្រែ​ទៅជា​ភាសាជាច្រើន ដែលបាន​ហៅថា « លីអាហូណា » ( ព្រមជាមួយ​សម្ភារ​សម្រាប់​កុមារ យុវវ័យ និង​មជ្ឈិមវ័យ ) ។

 

ការកែសម្រួល​ទស្សនាវដ្តី​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅជុំវិញ​ពិភពលោក រួមមាន​ដូច​ខាងក្រោម ៖

·       នេះ​ជាលើក​ដំបូងហើយ សម្រាប់​ក្រុមគ្រួសារ​នៅប្រទេស​ដែល​មិន​និយាយ​ភាសាអង់គ្លេស​នឹង​មាន​ឱកាស​ដើម្បី​ជាវ​ទស្សនាវដ្តី​ពិសេស​សម្រាប់​កុមារ និង​យុវជន ។

·       មាតិកា​នឹង​ត្រូវបាន​ចែកចាយ​កាន់តែ​ញឹកញាប់​នៅក្នុង​តំបន់ និង​ភាសា​ជាច្រើន ។

·       ក្រុមគ្រួសារ​ក្នុង​សាសនាចក្រ​ទូទាំង​ពិភពលោក​នឹង​ទទួល​បាន​សារដែល​បង្រួបបង្រួម​ដូចគ្នា តាមរយៈ​ទស្សនាវដ្តី​ទូទាំង​ពិភពលោក ។

គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​នៅក្នុង លិខិត ទៅកាន់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ថា ៖ « ទស្សនាវដ្តី​សាសនាចក្រ​គឺជា​ធនធាន​ដ៏មាន​តម្លៃ​សម្រាប់​ការរៀនសូត្រ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ គ្រីស្ទ និង​ការមានអារម្មណ៍​ថា​ជា​សមាជិក​នៅក្នុង​សាសនាចក្រ​របស់ទ្រង់ ។ បំណងប្រាថ្នា​របស់​យើង​គឺថា សមាជិក​គ្រប់ទីកន្លែង​នឹង​ជាវ ហើយ​ស្វាគមន៍​ដល់​ឥទ្ធិពល​ដ៏​ទ្រទ្រង់​សេចក្តីជំនឿ​នេះ​ចូលដល់​ដួងចិត្ត និង​គេហដ្ឋាន​របស់​ពួកគេ » ។

 

ប្រវែង និង​ទ្រង់ទ្រាយ​នៃ​ទស្សនាវដ្តី​ដែល​បាន​បោះពុម្ព​ថ្មី​នឹង​ត្រូវ​ការផ្លាស់ប្តូរ ។ ឧទាហរណ៍ ទំព័រ​បោះពុម្ពផ្សាយ​សម្រាប់​ពួកអ្នក​អាន​ជាភាសា​អង់គ្លេស​នឹង​ត្រូវបាន​កាត់បន្ថយ ខណៈ​ដែល​សមាជិក​ដែល​អាន​ជា​ភាសា​ផ្សេងៗ​ដែល​បច្ចុប្បន្ន​មាន​ការបកប្រែ​ដែល​បោះពុម្ពផ្សាយ​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ឥឡូវនេះ​នឹង​អាច​ទទួលបាន​ទស្សនាវដ្តី​ដែល​បោះពុម្ពផ្សាយ​រៀងរាល់​ពីរខែ​ម្តង ។ កត្តាជាច្រើន—ដូចជា ចំនួនអ្នកជាវ លទ្ធភាព​នៃអ្នក​បកប្រែ និង​សមត្ថភាព​នៃការចែកចាយ—ជះ​ឥទ្ធិពលដល់​ភាពញឹកញាប់​នៃ​ការបោះពុម្ពផ្សាយ​ជា​ភាសា​ផ្សេងៗ ។ 

 

អ្នកអាន​អាចរំពឹង​បានថា​នឹង​ទទួល​បានបទពិសោធន៍​ទស្សនាវដ្តី​ឌីជីថល​ដែល​មាន​ភាព​ប្រសើរ និង​ពង្រីក​បន្ថែមទៀត ដោយ​បូករួមទាំង « យុវវ័យមជ្ឈិមវ័យ​ប្រចាំ​សប្តាហ៍ » ដែល​មាន​ទីតាំង​នៅក្នង​ផ្នែក​នៃ​យុវមជ្ឈិមវ័យ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ មាតិកា​ទស្សនាវដ្តី​ឌីជីថល​នឹង​បន្ត​ផ្តល់​ជូន​ដោយឥត​គិតថ្លៃ ។

 

អ្នកជាវ « Ensign » , « New Era » និង « Friend » បច្ចុប្បន្ន​នឹង​ផ្ទេរទៅ​ការកំណត់​រចនាសម្ព័ន្ធថ្មី​ដោយស្វ័យប្រវត្តិ​នៅឆ្នាំ ២០២១ ជាមួយនឹង​ពេលវេលា​ដែល​នៅសល់​សម្រាប់​ការជាវ​របស់​ពួកគេ ។ អ្នកជាវ​ទស្សនាវដ្តី « លីអាហូណា » បច្ចុប្បន្ន​ដែល​ចង់​ទទួល​បាន​មាតិកា​បោះពុម្ពផ្សាយ​សម្រាប់​កូនៗ ឬ​យុវវ័យ​នៅឆ្នាំ ក្រោយ​នឹង​ត្រូវ​ជាវ​ទស្សនាវដ្តី « ប្រិយមិត្ត » ឬ « ដើម្បី​កម្លាំង​នៃ​យុវជន » ថ្មី ។ សមាជិក​នៅក្នុង​តំបន់​អាស៊ី​អាច​សាកសួរ​ទៅ​មជ្ឈមណ្ឌល​ចែកចាយ​ក្នុង​មូលដ្ឋាន​របស់ពួកគេ​អំពី​ជម្រើស​នៃការជាវ​ថ្មី ហើយនឹង​ព័ត៌មាន​ផលិតផល​ដែលបាន​ធ្វើ​បច្ចុប្បន្នភាព ។

 

អ្វី​ដែល​ថ្នាក់ដឹកនាំ​ទូទៅ​នៃ​សាសនាចក្រ​កំពុង​និយាយ​អំពី​ការផ្លាស់ប្តូរ​ទស្សនាវដ្តី

ស៊ីស្ទើរ ចយ ឌី ចូនស៍
ស៊ីស្ទើរ ចយ ឌី ចូនស៍

ស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ ( អង្គការ​កុមារ​របស់​សាសនាចក្រ )

 

« ជាមួយនឹង​ការប្រឈម និង​ឱកាស​ទាំងអស់​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ នោះ​កូនចៅ​របស់​យើង​មិនដែល​មាន​តម្រូវការ​ខ្លាំងជាងនេះ​សម្រាប់​កម្លាំង ការលួងលោម និង​ការដឹកនាំ​ដែល​បាន​ប្រទានឲ្យ​ដោយ​ព្រះអង្គ​សង្រ្គោះ និង​ការបង្រៀន​របស់​ទ្រង់​ជាង​ពេល​នេះ​ឡើយ ។ យើង​រីករាយ​ដែល​ទស្សនាវដ្តី​ជា​លក្ខណៈ​សាកល​ថ្មី ‹ ប្រិយមិត្ត › ឥឡូវនេះ​នឹង​ផ្សព្វផ្សាយ​ទៅដល់​កុមារ​ជា ៤៧ ភាសា​នៅជុំវិញ​ពិភពលោក ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើតាម​ព្រះ​យេស៊ូវ ជាមួយគ្នា និង​បម្រើ​ឲ្យ​ដូចជា​ទ្រង់​បានបម្រើ » ។

ស៊ីស្ទើរ ប៊ូនី អេច ខ័រឌុន
ស៊ីស្ទើរ ប៊ូនី អេច ខ័រឌុន

ស៊ីស្ទើរ ប៊ូនី អេច ខ័រឌុន ប្រធានក្រុម​យុវនារី​ទូទៅ

 

« ខ្ញុំ​ចូលចិត្ត​ឈ្មោះ​ទស្សនាវដ្តី ‹ ដើម្បី កម្លាំង​នៃ​យុវជន › ពីព្រោះ​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ គ្រីស្ទ គឺ​រឹងមាំ ។ យុវវ័យ​នៅជុំវិញ​ពិភពលោក​គឺកំពុង​ទទួលបាន​ទស្សនាវដ្តី​ដូចគ្នា ជាភាសា​របស់ពួកគេ​ផ្ទាល់ ដោយមាន​មាតិកា​ដែល​បាន​បង្កើតឡើង​ក្រោមការ​ដឹកនាំ​នៃ​គណៈប្រធាន​ទីមួយ គឺ​សម្រាប់​តែ​ពួកគេ​ប៉ុណ្ណោះ ។ ពួកគេ​នឹង​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​របស់ពួកគេ ។ សេចក្តីពិត​នៃ​ទេវភាព​របស់​ពួកគេ​ក្នុងនាម​ជា​បុត្រាបុត្រី​នៃ​មាតាបិតា​សួគ៌​ជាទីស្រឡាញ់​នឹង​ត្រូវបាន​រំលឹក​ជា​ថ្មី » ។

បងប្រុស ស្ទីវិន ជេ ឡាន់
បងប្រុស ស្ទីវិន ជេ ឡាន់

បងប្រុស ស្ទីវិន ជេ ឡាន់ ប្រធាន​ក្រុមយុវជន​ទូទៅ

 

« ប្រធាន ណិលសុន បាន​អញ្ជើញ ឲ្យមាន​ការឆ្លើយតប​ទូទាំង​ពិភពលោក ចំពោះ​ការអំពាវនាវ​ទូទាំង​ពិភពលោក​ឲ្យ​ប្រមូលផ្តុំ​ស៊ីយ៉ូន​ជាមួយគ្នា ។ ‹ ដើម្បី​កម្លាំង​នៃ​យុវជន › នឹង​ក្លាយ​ជា​ទស្សនាវដ្តី​ដ៏​ស័ក្តិសម​សម្រាប់​អាណិត្តសាកល​ដ៏អស្ចារ្យ ។ ប្រសិនបើ​អ្នក​ចូលចិត្ត​ការផ្តោត​អារម្មណ៍​ជាអន្តរជាតិ​នៃ​ពិធីបុណ្យ​តន្រ្តី​យុវជន​ដំបូងគេ​ប្រចាំឆ្នាំ​នេះ នោះ​អ្នក​នឹង​ចូលចិត្ត​ទស្សនាវដ្តី​យុវជន​ថ្មី​នេះហើយ ។ ការបោះពុម្ព​ផ្សាយ​នឹង​ផ្តោត​ទៅលើ​តម្លៃ​នៃ​ភាពចម្រុះ និង​ផ្តល់ជូន​នូវ​ទស្សនវិស័យ​ជាសាកល​មួយ » ។

 

បងប្រុស ម៉ាក អិល ភែក ប្រធាន​សាលាថ្ងៃអាទិត្យ​ទូទៅ

 

« ពេល​ដែល​កម្មវិធីសិក្សា ‹ ចូរ មកតាម​ខ្ញុំ › ផ្តល់​មេរៀន​ជារៀងរាល់​សប្តាហ៍​សម្រាប់​ក្រុមគ្រួសារ រចនាសម្ព័ន្ធ​ថ្មី​នៃ​ទស្សនាវដ្តី​សាសនាចក្រ​អាច​ទ្រទ្រង់​ដល់​មជ្ឈិមវ័យ និង​កុមារ​ជាមួយនឹង​សម្ភារសិក្សា​ដែល​ឧបត្ថម្ភគាំទ្រ​ផ្អែកទៅលើ​ប្រធានបទ​សិក្សា​នៃ​ខែ​នីមួយៗ ។ ដូចជា ‹ ចូរ មក​តាមខ្ញុំ › ដែរ ទស្សនាវដ្តី​ថ្មី​អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​សមាជិក​នៃ​ព្រះ យេស៊ូវ គ្រីស្ទ ហើយ​ពង្រឹង​ការតាំងចិត្ត​របស់ពួកគេ ដើម្បី​ស្ថិតនៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា » ។

ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ
ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ

ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ( អង្គការ​សាសនាចក្រ​សម្រាប់​ក្រុម​ស្រ្តី )

 

« វាគួរឲ្យ​រំភើប​ណាស់​ដែល​គិត​ពី​ទស្សនាវដ្តី​សាសនាចក្រ​សម្រាប់​មជ្ឈិមវ័យ យុវវ័យ និង​កុមារ​មាន​នៅទូទាំង​ពិភពលោក​នោះ ។ ឥឡូវនេះ សមាជិក​ច្រើនទៀត​អាច​ទទួលបាន​ពរជ័យ​ទាំងនេះ​នៅលើ​ចុងម្រាមដៃ​របស់ពួកគេ—ចេញ​ពី​ទំព័រ​សកម្មភាព​បទគម្ពីរ​សម្រាប់​កុមារ ទៅកាន់​ដំណើរ​រឿង​មកពី​យុវវ័យ​នៅជុំវិញ​ពិភពលោក ទៅកាន់​អត្ថបទ​អំពី​គោលការណ៍​ដំណឹងល្អ​សម្រាប់​មជ្ឈិមវ័យ​ទាំងឡាយ ។ ហើយ​អ្វីៗ​ទាំងអស់​គឺ​ក្នុងគោលបំណង​ចង់ឲ្យ​បង្កើន​សេចក្តីជំនឿ​នៅលើ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះយេស៊ូវ គ្រីស្ទ ។ យើងរីករាយណាស់​ដែល​គណៈប្រធានទីមួយ​បាន​បំផុសគំនិត​ធ្វើឲ្យ​អំណោយទាន​ដ៏អស្ចារ្យ​ទាំងនេះ​មាន​កាន់តែច្រើន​ដល់​កូនចៅ​របស់​ព្រះថែមទៀត ! » ។

 

សំណួរ​ដែល​សួរ​ជាញឹកញាប់​សម្រាប់​ទស្សនាវដ្តី​សាសនាចក្រ​ទាំងបី​ច្បាប់​នៅទូទាំង​ពិភពលោក

 

តើ​ទស្សនាវដ្តី​សាសនាចក្រ​នឹង​ផ្លាស់ប្តូរ​បែបណាខ្លះ ?

 

អស់​ជាច្រើនឆ្នាំ​មក​ហើយ​ដែល សាសនាចក្រ​បាន​បោះពុម្ពផ្សាយ​ទស្សនាវដ្តី​ជាភាសា​អង់គ្លេស​ចំនួនបីច្បាប់ ( « ប្រិយមិត្ត » , « New Era » និង « Ensign » ) ព្រម​ទាំង​ទស្សនាវដ្តី​មួយច្បាប់​ទៀត​ត្រូវបាន​បោះពុម្ព ជាភាសា​ផ្សេងៗ ( « លីអាហូណា » ) ។ ចាប់​ពី​ខែ មករា ឆ្នាំ ២០២១​នេះ​តទៅ ទស្សនាវដ្តី​ទាំងនេះ​នឹង​ត្រូវ​ជំនួស​ដោយ​ទស្សនាវដ្តី​ចំនួនបី​ច្បាប់​ដែល​នឹង​បម្រើ​សមាជិក​ទូទាំង​ពិភពលោក​ជាភាសា​ជាច្រើន ៖ « ប្រិយមិត្ត » សម្រាប់​កុមារ​ដែល​មាន​អាយុ ៣–១១ ឆ្នាំ ដើម្បី​« កម្លាំង​នៃ​យុវជន » សម្រាប់​យុវវ័យ​ដែល​មាន​អាយុ ១២–១៨ ឆ្នាំ និង « លីអាហូណា » សម្រាប់​មជ្ឈិមវ័យ ។ ប្រវែង និង​ទ្រង់ទ្រាយ​នៃ​ទស្សនាវដ្តី​ដែល​បោះពុម្ពផ្សាយ​នឹង​ត្រូវផ្លាស់ប្តូរ ។ អ្នកអាន​អាច​រំពឹង​ថា​ទស្សនាវដ្តី​ឌីជីថល​ដែលបាន​កែលម្អនឹង​មាននៅលើ​អ៊ិនធើរណែត និង​កម្មវិធី​ទូរសព្ទដៃ ។ មាតិកា​ទស្សនាវដ្តី​ឌីជីថល​នឹង​បន្ត​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ ។

 

ហេតុអ្វី​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ទាំងនេះ ?

 

ទស្សនាវដ្តី​ជា​សាកល​ទាំងនេះ​នឹង​ជួយ​ចែកចាយ​សារលិខិត​ដែលមាន​ការរួបរួម​សម្រាប់​ក្រុមអ្នក​អានជា​ច្រើន​ខុសៗគ្នា ។ ភាពងាយស្រួល​នេះ​ក៏​អនុញ្ញាត​ឲ្យ​សាសនាចក្រ​បញ្ជូនមាតិកា​អត្ថបទ​​ទៅកាន់​តំបន់ផ្សេងៗ​នៃពិភពលោក​កាន់តែញឹកញាប់​ដែល​មិនធ្លាប់​មាន​ពីមុនមក​ផងដែរ ។ ឧទាហរណ៍ ភាសា​ខ្លះ​ដែល​បច្ចុប្បន្ន​ទទួលតែ​ទស្សនាវដ្តី​មួយ​ច្បាប់ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ឥឡូវនេះ​នឹង​ទទួល​ទស្សនាវដ្តី​ជា​រៀងរាល់​ខែ ។ កត្តាជាច្រើន—ដូចជា ចំនួនអ្នកជាវ លទ្ធភាព​នៃអ្នក​បកប្រែ និង​សមត្ថភាព​នៃការចែកចាយ—ជះ​ឥទ្ធិពលដល់​ភាពញឹកញាប់​នៃការបោះពុម្ពផ្សាយ​ជាភាសាផ្សេងៗ ។

 

តើ​សមាជិក​នៅក្នុង​តំបន់​អាស៊ី​អាច​ទទួលបាន​ទស្សនាវដ្តី​ញឹកញាប់​ប៉ុណ្ណា ?

 

ចាប់ផ្តើម​ពី​ខែ មករា ឆ្នាំ ២០២១ នេះទៅ ទស្សនាវដ្តី​បោះពុម្ព​ជាសៀវភៅ និង​ជាឌីជីថល​នឹង​មាន​ជារៀងរាល់​ខែ សម្រាប់​ភាសា​ដូចខាងក្រោម​នេះ នៅក្នុង​តំបន់​អាស៊ី ៖ ចិន, ភាសាចិនសម្រាយ, អង់គ្លេស និង​ថៃ

 

ភាសា​ដូចតទៅនេះ​សម្រាប់​តំបន់​អាស៊ី ទាំង​ទស្សនាវដ្តី​បោះពុម្ព​ជាសៀវភៅ និង​ជាឌីជីថល​នឹងមាន​ប្រចាំ​ពីរខែម្តង ( ប្រាំមួយដង​ក្នុង​មួយឆ្នាំ ) ។ បន្ថែមពី​លើនោះទៅទៀត មាតិកា​ទស្សនាវដ្តី​ដែល​បាន​ជ្រើសរើស​នឹង​មាន​ជា​ឌីជីថល​នៅខែ​ដែល​ទស្សនាវដ្តី​បោះពុម្ព​ជាសៀវភៅ​ពុំបាន​ចេញផ្សាយ ។ ខ្មែរ, ឥណ្ឌូណេស៊ី និង​វៀតណាម

 

ភាសា​ដូចតទៅនេះ​សម្រាប់​តំបន់​អាស៊ី ទស្សនាវដ្តី​ដែល​បាន​ជ្រើសរើស​នឹង​មាន​តែ​ឌីជីថល​ប៉ុណ្ណោះ​ជារៀងរាល់​ខែ ៖ ភូមា, ហ៊ីនឌី, ឡាវ, ម៉ាឡេ, នេប៉ាល់, ស៊ីនហាឡា, តាមិល, តេលូហ្គូ, អ៊ូរឌូ

 

តើ​ខ្ញុំ​ត្រូវ​ប្ដូរ​ការ​ជាវ​របស់ខ្ញុំ​ដែរ​ឬទេ ?

 

ប្រសិន​បើ​អ្នក​គឺជា​អ្នក​ជាវ​ទស្សនាវដ្ដី​« Ensign », « New Era » ឬ​« ប្រិយមិត្ត » នៅ​ចុង​ឆ្នាំ​២០២០ នោះ​ពេល​វេលា​នៃ ការជាវ​របស់​អ្នក​ដែល​នៅ​សល់​នឹង​បញ្ជូន​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​ទស្សនាវដ្ដី​ថ្មី​សម្រាប់​ក្រុម​អាយុ​ដូច​គ្នា​នៅ​ដើម​ឆ្នាំ​២០២១ ។ ប្រសិន​បើ​អ្នក​គឺជា​អ្នក​ជាវ​ទស្សនាវដ្ដី​« លីអាហូណា »​នៅ​ចុង​ឆ្នាំ​នេះ ពេល​វេលា​នៅ​សល់​នៃ​ការ​ជាវ​របស់​អ្នក​នឹង​បញ្ជូន​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​ទស្សនាវដ្ដី « លីអាហូណា » ថ្មី​នៅ​ដើម​ឆ្នាំ​២០២១ ។ ទោះជា​យ៉ាងណា កំណែ​ថ្មី​នៃ​ទស្សនាវដ្ដី​« លីអាហូណា » នឹង​ដាក់​បញ្ចូល​ឯកសារ​តែ​សម្រាប់​ពួក​មជ្ឈិមវ័យ​ប៉ុណ្ណោះ ។ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​គ្រួសារ​របស់​អ្នក​ទទួល​បាន​មាតិកា​សម្រាប់​កុមារ ឬ​យុវវ័យ អ្នក​នឹង​ត្រូវ​ជាវ​ទស្សនាវដ្ដី « ប្រិយមិត្ត » ឬ​ « ដើម្បី​កម្លាំង​នៃ​យុវជន » ។ សមាជិក​ទាំងឡាយ​នៅក្នុង​តំបន់​អាស៊ី​អាច​ធ្វើការជាវ​ចាប់ផ្តើម​ពី​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២០ នេះ តាមរយៈ​មជ្ឈមណ្ឌល​ចែកចាយ​ក្នុង​មូលដ្ឋាន​របស់​អ្នក ឬ​តាមរយៈ​ការទំនាក់ទំនង​បណ្ណាល័យ​វួដ/សាខា​របស់​អ្នក ។

 

តើ​ខ្ញុំ​អាច​រកបាន​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​នៅ​កន្លែង​ណា ?

 

ព័ត៌មាន​អំពី​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​នឹង​ត្រូវ​បាន​ចែកចាយ​ពេញ​មួយ​ឆ្នាំ​នេះ​នៅ​លើ​ទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម​របស់​សាសនាចក្រ​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org និង​នៅ​ក្នុង​ការចេញផ្សាយ​ខែ​ធ្នូ ឆ្នាំ​២០២០​នៃ​ទស្សនាវដ្ដី​បច្ចុប្បន្ន ។