គណៈប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រកាសនៅថ្ងៃនេះ ថា ចាប់ពីខែមករា ឆ្នាំ ២០២១ នេះទៅ សាសនាចក្រនឹងផ្លាស់ប្តូរទស្សនាវដ្តីរបស់ខ្លួនទាំងបួនច្បាប់ទៅជាទស្សនាវដ្តីលក្ខណៈសាកលចំនួនបីច្បាប់វិញ ៖ « ប្រិយមិត្ត » ( សម្រាប់កុមារ ) , « ដើម្បីកម្លាំងនៃយុវជន » ( សម្រាប់យុវជន ) និង « លីអាហូណា » ( សម្រាប់មជ្ឈិមវ័យ ) ។
ទស្សនាវដ្តីបច្ចុប្បន្នទាំងបួនច្បាប់រួមទាំងទស្សនាវដ្តីចំនួនបីច្បាប់ជាភាសាអង់គ្លេស—« ប្រិយមិត្ត » ( សម្រាប់កុមារ ) , « New Era » ( សម្រាប់យុវវ័យ ) និង « Ensign » ( សម្រាប់មជ្ឈិមវ័យ )—ក៏ដូចជាទស្សនាវដ្តីដែលបានបកប្រែទៅជាភាសាជាច្រើន ដែលបានហៅថា « លីអាហូណា » ( ព្រមជាមួយសម្ភារសម្រាប់កុមារ យុវវ័យ និងមជ្ឈិមវ័យ ) ។
ការកែសម្រួលទស្សនាវដ្តីនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅជុំវិញពិភពលោក រួមមានដូចខាងក្រោម ៖
· នេះជាលើកដំបូងហើយ សម្រាប់ក្រុមគ្រួសារនៅប្រទេសដែលមិននិយាយភាសាអង់គ្លេសនឹងមានឱកាសដើម្បីជាវទស្សនាវដ្តីពិសេសសម្រាប់កុមារ និងយុវជន ។
· មាតិកានឹងត្រូវបានចែកចាយកាន់តែញឹកញាប់នៅក្នុងតំបន់ និងភាសាជាច្រើន ។
· ក្រុមគ្រួសារក្នុងសាសនាចក្រទូទាំងពិភពលោកនឹងទទួលបានសារដែលបង្រួបបង្រួមដូចគ្នា តាមរយៈទស្សនាវដ្តីទូទាំងពិភពលោក ។
គណៈប្រធានទីមួយបានមានប្រសាសន៍នៅក្នុង លិខិត ទៅកាន់ពួកបរិសុទ្ធថ្ងៃចុងក្រោយថា ៖ « ទស្សនាវដ្តីសាសនាចក្រគឺជាធនធានដ៏មានតម្លៃសម្រាប់ការរៀនសូត្រអំពីដំណឹងល្អនៃព្រះយេស៊ូវ គ្រីស្ទ និងការមានអារម្មណ៍ថាជាសមាជិកនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ បំណងប្រាថ្នារបស់យើងគឺថា សមាជិកគ្រប់ទីកន្លែងនឹងជាវ ហើយស្វាគមន៍ដល់ឥទ្ធិពលដ៏ទ្រទ្រង់សេចក្តីជំនឿនេះចូលដល់ដួងចិត្ត និងគេហដ្ឋានរបស់ពួកគេ » ។
ប្រវែង និងទ្រង់ទ្រាយនៃទស្សនាវដ្តីដែលបានបោះពុម្ពថ្មីនឹងត្រូវការផ្លាស់ប្តូរ ។ ឧទាហរណ៍ ទំព័របោះពុម្ពផ្សាយសម្រាប់ពួកអ្នកអានជាភាសាអង់គ្លេសនឹងត្រូវបានកាត់បន្ថយ ខណៈដែលសមាជិកដែលអានជាភាសាផ្សេងៗដែលបច្ចុប្បន្នមានការបកប្រែដែលបោះពុម្ពផ្សាយតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ឥឡូវនេះនឹងអាចទទួលបានទស្សនាវដ្តីដែលបោះពុម្ពផ្សាយរៀងរាល់ពីរខែម្តង ។ កត្តាជាច្រើន—ដូចជា ចំនួនអ្នកជាវ លទ្ធភាពនៃអ្នកបកប្រែ និងសមត្ថភាពនៃការចែកចាយ—ជះឥទ្ធិពលដល់ភាពញឹកញាប់នៃការបោះពុម្ពផ្សាយជាភាសាផ្សេងៗ ។
អ្នកអានអាចរំពឹងបានថានឹងទទួលបានបទពិសោធន៍ទស្សនាវដ្តីឌីជីថលដែលមានភាពប្រសើរ និងពង្រីកបន្ថែមទៀត ដោយបូករួមទាំង « យុវវ័យមជ្ឈិមវ័យប្រចាំសប្តាហ៍ » ដែលមានទីតាំងនៅក្នងផ្នែកនៃយុវមជ្ឈិមវ័យក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ មាតិកាទស្សនាវដ្តីឌីជីថលនឹងបន្តផ្តល់ជូនដោយឥតគិតថ្លៃ ។
អ្នកជាវ « Ensign » , « New Era » និង « Friend » បច្ចុប្បន្ននឹងផ្ទេរទៅការកំណត់រចនាសម្ព័ន្ធថ្មីដោយស្វ័យប្រវត្តិនៅឆ្នាំ ២០២១ ជាមួយនឹងពេលវេលាដែលនៅសល់សម្រាប់ការជាវរបស់ពួកគេ ។ អ្នកជាវទស្សនាវដ្តី « លីអាហូណា » បច្ចុប្បន្នដែលចង់ទទួលបានមាតិកាបោះពុម្ពផ្សាយសម្រាប់កូនៗ ឬយុវវ័យនៅឆ្នាំ ក្រោយនឹងត្រូវជាវទស្សនាវដ្តី « ប្រិយមិត្ត » ឬ « ដើម្បីកម្លាំងនៃយុវជន » ថ្មី ។ សមាជិកនៅក្នុងតំបន់អាស៊ីអាចសាកសួរទៅមជ្ឈមណ្ឌលចែកចាយក្នុងមូលដ្ឋានរបស់ពួកគេអំពីជម្រើសនៃការជាវថ្មី ហើយនឹងព័ត៌មានផលិតផលដែលបានធ្វើបច្ចុប្បន្នភាព ។
អ្វីដែលថ្នាក់ដឹកនាំទូទៅនៃសាសនាចក្រកំពុងនិយាយអំពីការផ្លាស់ប្តូរទស្សនាវដ្តី
ស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធានអង្គការបឋមសិក្សាទូទៅ ( អង្គការកុមាររបស់សាសនាចក្រ )
« ជាមួយនឹងការប្រឈម និងឱកាសទាំងអស់នៅក្នុងពិភពលោកសព្វថ្ងៃនេះ នោះកូនចៅរបស់យើងមិនដែលមានតម្រូវការខ្លាំងជាងនេះសម្រាប់កម្លាំង ការលួងលោម និងការដឹកនាំដែលបានប្រទានឲ្យដោយព្រះអង្គសង្រ្គោះ និងការបង្រៀនរបស់ទ្រង់ជាងពេលនេះឡើយ ។ យើងរីករាយដែលទស្សនាវដ្តីជាលក្ខណៈសាកលថ្មី ‹ ប្រិយមិត្ត › ឥឡូវនេះនឹងផ្សព្វផ្សាយទៅដល់កុមារជា ៤៧ ភាសានៅជុំវិញពិភពលោក ដោយអញ្ជើញពួកគេឲ្យធ្វើតាមព្រះយេស៊ូវ ជាមួយគ្នា និងបម្រើឲ្យដូចជាទ្រង់បានបម្រើ » ។
ស៊ីស្ទើរ ប៊ូនី អេច ខ័រឌុន ប្រធានក្រុមយុវនារីទូទៅ
« ខ្ញុំចូលចិត្តឈ្មោះទស្សនាវដ្តី ‹ ដើម្បី កម្លាំងនៃយុវជន › ពីព្រោះយុវវ័យនៃសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ គឺរឹងមាំ ។ យុវវ័យនៅជុំវិញពិភពលោកគឺកំពុងទទួលបានទស្សនាវដ្តីដូចគ្នា ជាភាសារបស់ពួកគេផ្ទាល់ ដោយមានមាតិកាដែលបានបង្កើតឡើងក្រោមការដឹកនាំនៃគណៈប្រធានទីមួយ គឺសម្រាប់តែពួកគេប៉ុណ្ណោះ ។ ពួកគេនឹងរកឃើញចម្លើយចំពោះសំណួររបស់ពួកគេ ។ សេចក្តីពិតនៃទេវភាពរបស់ពួកគេក្នុងនាមជាបុត្រាបុត្រីនៃមាតាបិតាសួគ៌ជាទីស្រឡាញ់នឹងត្រូវបានរំលឹកជាថ្មី » ។
បងប្រុស ស្ទីវិន ជេ ឡាន់ ប្រធានក្រុមយុវជនទូទៅ
« ប្រធាន ណិលសុន បានអញ្ជើញ ឲ្យមានការឆ្លើយតបទូទាំងពិភពលោក ចំពោះការអំពាវនាវទូទាំងពិភពលោកឲ្យប្រមូលផ្តុំស៊ីយ៉ូនជាមួយគ្នា ។ ‹ ដើម្បីកម្លាំងនៃយុវជន › នឹងក្លាយជាទស្សនាវដ្តីដ៏ស័ក្តិសមសម្រាប់អាណិត្តសាកលដ៏អស្ចារ្យ ។ ប្រសិនបើអ្នកចូលចិត្តការផ្តោតអារម្មណ៍ជាអន្តរជាតិនៃពិធីបុណ្យតន្រ្តីយុវជនដំបូងគេប្រចាំឆ្នាំនេះ នោះអ្នកនឹងចូលចិត្តទស្សនាវដ្តីយុវជនថ្មីនេះហើយ ។ ការបោះពុម្ពផ្សាយនឹងផ្តោតទៅលើតម្លៃនៃភាពចម្រុះ និងផ្តល់ជូននូវទស្សនវិស័យជាសាកលមួយ » ។
បងប្រុស ម៉ាក អិល ភែក ប្រធានសាលាថ្ងៃអាទិត្យទូទៅ
« ពេលដែលកម្មវិធីសិក្សា ‹ ចូរ មកតាមខ្ញុំ › ផ្តល់មេរៀនជារៀងរាល់សប្តាហ៍សម្រាប់ក្រុមគ្រួសារ រចនាសម្ព័ន្ធថ្មីនៃទស្សនាវដ្តីសាសនាចក្រអាចទ្រទ្រង់ដល់មជ្ឈិមវ័យ និងកុមារជាមួយនឹងសម្ភារសិក្សាដែលឧបត្ថម្ភគាំទ្រផ្អែកទៅលើប្រធានបទសិក្សានៃខែនីមួយៗ ។ ដូចជា ‹ ចូរ មកតាមខ្ញុំ › ដែរ ទស្សនាវដ្តីថ្មីអាចជួយពង្រឹងទីបន្ទាល់របស់សមាជិកនៃព្រះ យេស៊ូវ គ្រីស្ទ ហើយពង្រឹងការតាំងចិត្តរបស់ពួកគេ ដើម្បីស្ថិតនៅលើផ្លូវនៃសេចក្តីសញ្ញា » ។
ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅ ( អង្គការសាសនាចក្រសម្រាប់ក្រុមស្រ្តី )
« វាគួរឲ្យរំភើបណាស់ដែលគិតពីទស្សនាវដ្តីសាសនាចក្រសម្រាប់មជ្ឈិមវ័យ យុវវ័យ និងកុមារមាននៅទូទាំងពិភពលោកនោះ ។ ឥឡូវនេះ សមាជិកច្រើនទៀតអាចទទួលបានពរជ័យទាំងនេះនៅលើចុងម្រាមដៃរបស់ពួកគេ—ចេញពីទំព័រសកម្មភាពបទគម្ពីរសម្រាប់កុមារ ទៅកាន់ដំណើររឿងមកពីយុវវ័យនៅជុំវិញពិភពលោក ទៅកាន់អត្ថបទអំពីគោលការណ៍ដំណឹងល្អសម្រាប់មជ្ឈិមវ័យទាំងឡាយ ។ ហើយអ្វីៗទាំងអស់គឺក្នុងគោលបំណងចង់ឲ្យបង្កើនសេចក្តីជំនឿនៅលើព្រះជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវ គ្រីស្ទ ។ យើងរីករាយណាស់ដែលគណៈប្រធានទីមួយបានបំផុសគំនិតធ្វើឲ្យអំណោយទានដ៏អស្ចារ្យទាំងនេះមានកាន់តែច្រើនដល់កូនចៅរបស់ព្រះថែមទៀត ! » ។
សំណួរដែលសួរជាញឹកញាប់សម្រាប់ទស្សនាវដ្តីសាសនាចក្រទាំងបីច្បាប់នៅទូទាំងពិភពលោក
តើទស្សនាវដ្តីសាសនាចក្រនឹងផ្លាស់ប្តូរបែបណាខ្លះ ?
អស់ជាច្រើនឆ្នាំមកហើយដែល សាសនាចក្របានបោះពុម្ពផ្សាយទស្សនាវដ្តីជាភាសាអង់គ្លេសចំនួនបីច្បាប់ ( « ប្រិយមិត្ត » , « New Era » និង « Ensign » ) ព្រមទាំងទស្សនាវដ្តីមួយច្បាប់ទៀតត្រូវបានបោះពុម្ព ជាភាសាផ្សេងៗ ( « លីអាហូណា » ) ។ ចាប់ពីខែ មករា ឆ្នាំ ២០២១នេះតទៅ ទស្សនាវដ្តីទាំងនេះនឹងត្រូវជំនួសដោយទស្សនាវដ្តីចំនួនបីច្បាប់ដែលនឹងបម្រើសមាជិកទូទាំងពិភពលោកជាភាសាជាច្រើន ៖ « ប្រិយមិត្ត » សម្រាប់កុមារដែលមានអាយុ ៣–១១ ឆ្នាំ ដើម្បី« កម្លាំងនៃយុវជន » សម្រាប់យុវវ័យដែលមានអាយុ ១២–១៨ ឆ្នាំ និង « លីអាហូណា » សម្រាប់មជ្ឈិមវ័យ ។ ប្រវែង និងទ្រង់ទ្រាយនៃទស្សនាវដ្តីដែលបោះពុម្ពផ្សាយនឹងត្រូវផ្លាស់ប្តូរ ។ អ្នកអានអាចរំពឹងថាទស្សនាវដ្តីឌីជីថលដែលបានកែលម្អនឹងមាននៅលើអ៊ិនធើរណែត និងកម្មវិធីទូរសព្ទដៃ ។ មាតិកាទស្សនាវដ្តីឌីជីថលនឹងបន្តផ្តល់ជូនដោយឥតគិតថ្លៃ ។
ហេតុអ្វីត្រូវធ្វើការផ្លាស់ប្តូរទាំងនេះ ?
ទស្សនាវដ្តីជាសាកលទាំងនេះនឹងជួយចែកចាយសារលិខិតដែលមានការរួបរួមសម្រាប់ក្រុមអ្នកអានជាច្រើនខុសៗគ្នា ។ ភាពងាយស្រួលនេះក៏អនុញ្ញាតឲ្យសាសនាចក្របញ្ជូនមាតិកាអត្ថបទទៅកាន់តំបន់ផ្សេងៗនៃពិភពលោកកាន់តែញឹកញាប់ដែលមិនធ្លាប់មានពីមុនមកផងដែរ ។ ឧទាហរណ៍ ភាសាខ្លះដែលបច្ចុប្បន្នទទួលតែទស្សនាវដ្តីមួយច្បាប់ប៉ុណ្ណោះក្នុងមួយឆ្នាំ ឥឡូវនេះនឹងទទួលទស្សនាវដ្តីជារៀងរាល់ខែ ។ កត្តាជាច្រើន—ដូចជា ចំនួនអ្នកជាវ លទ្ធភាពនៃអ្នកបកប្រែ និងសមត្ថភាពនៃការចែកចាយ—ជះឥទ្ធិពលដល់ភាពញឹកញាប់នៃការបោះពុម្ពផ្សាយជាភាសាផ្សេងៗ ។
តើសមាជិកនៅក្នុងតំបន់អាស៊ីអាចទទួលបានទស្សនាវដ្តីញឹកញាប់ប៉ុណ្ណា ?
ចាប់ផ្តើមពីខែ មករា ឆ្នាំ ២០២១ នេះទៅ ទស្សនាវដ្តីបោះពុម្ពជាសៀវភៅ និងជាឌីជីថលនឹងមានជារៀងរាល់ខែ សម្រាប់ភាសាដូចខាងក្រោមនេះ នៅក្នុងតំបន់អាស៊ី ៖ ចិន, ភាសាចិនសម្រាយ, អង់គ្លេស និងថៃ
ភាសាដូចតទៅនេះសម្រាប់តំបន់អាស៊ី ទាំងទស្សនាវដ្តីបោះពុម្ពជាសៀវភៅ និងជាឌីជីថលនឹងមានប្រចាំពីរខែម្តង ( ប្រាំមួយដងក្នុងមួយឆ្នាំ ) ។ បន្ថែមពីលើនោះទៅទៀត មាតិកាទស្សនាវដ្តីដែលបានជ្រើសរើសនឹងមានជាឌីជីថលនៅខែដែលទស្សនាវដ្តីបោះពុម្ពជាសៀវភៅពុំបានចេញផ្សាយ ។ ខ្មែរ, ឥណ្ឌូណេស៊ី និងវៀតណាម
ភាសាដូចតទៅនេះសម្រាប់តំបន់អាស៊ី ទស្សនាវដ្តីដែលបានជ្រើសរើសនឹងមានតែឌីជីថលប៉ុណ្ណោះជារៀងរាល់ខែ ៖ ភូមា, ហ៊ីនឌី, ឡាវ, ម៉ាឡេ, នេប៉ាល់, ស៊ីនហាឡា, តាមិល, តេលូហ្គូ, អ៊ូរឌូ
តើខ្ញុំត្រូវប្ដូរការជាវរបស់ខ្ញុំដែរឬទេ ?
ប្រសិនបើអ្នកគឺជាអ្នកជាវទស្សនាវដ្ដី« Ensign », « New Era » ឬ« ប្រិយមិត្ត » នៅចុងឆ្នាំ២០២០ នោះពេលវេលានៃ ការជាវរបស់អ្នកដែលនៅសល់នឹងបញ្ជូនដោយស្វ័យប្រវត្តិសម្រាប់ទស្សនាវដ្ដីថ្មីសម្រាប់ក្រុមអាយុដូចគ្នានៅដើមឆ្នាំ២០២១ ។ ប្រសិនបើអ្នកគឺជាអ្នកជាវទស្សនាវដ្ដី« លីអាហូណា »នៅចុងឆ្នាំនេះ ពេលវេលានៅសល់នៃការជាវរបស់អ្នកនឹងបញ្ជូនដោយស្វ័យប្រវត្តិសម្រាប់ទស្សនាវដ្ដី « លីអាហូណា » ថ្មីនៅដើមឆ្នាំ២០២១ ។ ទោះជាយ៉ាងណា កំណែថ្មីនៃទស្សនាវដ្ដី« លីអាហូណា » នឹងដាក់បញ្ចូលឯកសារតែសម្រាប់ពួកមជ្ឈិមវ័យប៉ុណ្ណោះ ។ ប្រសិនបើអ្នកចង់ឲ្យគ្រួសាររបស់អ្នកទទួលបានមាតិកាសម្រាប់កុមារ ឬយុវវ័យ អ្នកនឹងត្រូវជាវទស្សនាវដ្ដី « ប្រិយមិត្ត » ឬ « ដើម្បីកម្លាំងនៃយុវជន » ។ សមាជិកទាំងឡាយនៅក្នុងតំបន់អាស៊ីអាចធ្វើការជាវចាប់ផ្តើមពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២០ នេះ តាមរយៈមជ្ឈមណ្ឌលចែកចាយក្នុងមូលដ្ឋានរបស់អ្នក ឬតាមរយៈការទំនាក់ទំនងបណ្ណាល័យវួដ/សាខារបស់អ្នក ។
តើខ្ញុំអាចរកបានព័ត៌មានបន្ថែមទៀតអំពីការផ្លាស់ប្ដូរទាំងនេះនៅកន្លែងណា ?
ព័ត៌មានអំពីការផ្លាស់ប្ដូរទាំងនេះនឹងត្រូវបានចែកចាយពេញមួយឆ្នាំនេះនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សាសនាចក្រនៅលើគេហទំព័រ ChurchofJesusChrist.org និងនៅក្នុងការចេញផ្សាយខែធ្នូ ឆ្នាំ២០២០នៃទស្សនាវដ្ដីបច្ចុប្បន្ន ។