អែលឌើរ សូរ៉េស លើក​ទឹកចិត្ត​ឲ្យ​គោរព និង​ស្រឡាញ់​អ្នក​ដែល​យើង​មិន​យល់ស្រប​ជាមួយ

ការរាតត្បាតជាសកល ។ សេដ្ឋកិច្ចអន់ថយ ។ ភាពវឹកវរជាទូទៅ ។ ការភ័យខ្លាចថានឹងត្រូវ « បោះបង់ចោល » ពេលនិយាយពីគំនិតរបស់មនុស្សណាម្នាក់ ។ ភាគច្រើននៃពិភពលោកសម័យទំនើបគឺកំពុងស្ថិតនៅក្នុងវិបត្តិមួយ ឬវិបត្តិជាច្រើនទាំងនេះ ។ វិបត្តិនីមួយៗសាកល្បងរចនាសម្ពន្ធនៃសង្គម ។ តើមនុស្សម្នាក់អាចធ្វើដំណើរឆ្លងកាត់សំណាញ់នៃភាពខុសគ្នាយ៉ាងខ្លាំងដោយសុវត្ថិភាពដោយមិនបាត់បង់សេចក្តីសង្ឃឹមយ៉ាងដូចម្តេចទៅ ?


អែលឌើរ អូលីសេស សូរ៉េស ជាសាវកម្នាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រាប់អ្នកដែលប្រមូលផ្តុំគ្នាតាមបែបឌីជីថលនៅថ្ងៃទីមួយនៅរដ្ឋដាឡាស–ក្នុងការប្រជុំហ្វឺតវ៉តសាំមីត សម្រាប់សេរីភាពសាសនាថា ការឲ្យតម្លៃសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់គ្នាគឺជាគន្លឹះ ។


អែលឌើរ សូរ៉េស បាននិយាយចេញពីស្ទូឌីយោថតសំឡេងនៅព្រះវិហារបរិសុទ្ធក្នុងទីក្រុងសលត៍លេកថា « គំនិតនៃសេចក្តីថ្លៃថ្នូររបស់មនុស្សអាចខុសគ្នាពីវប្បធម៌មួយទៅវប្បធម៌មួយ ប៉ុន្តែវាគួរតែនៅស្ថិតស្ថេរក្នុងពេលមានការប្រែប្រួល និងការផ្លាស់ប្តូរពិភពលោក » ។ « សិទ្ធិមនុស្សបានកាត់បន្ថយនូវអតុល្យភាពនៃឯកសិទ្ធិ ទ្រព្យសម្បត្តិ និងឱកាស ។ ហើយសិទ្ធិអស់ទាំងនោះត្រូវតែអនុវត្តជាសកល ។ បើមិនដូច្នោះទេ សេចក្ដីយុត្តិធម៌នឹងត្រូវបានកាត់បន្ថយដោយអ្នកដែលមានអំណាចនៅពេលបច្ចុប្បន្ននេះ ។ … នៅគ្រប់ពេល និងគ្រប់ទីកន្លែង មនុស្សគ្រប់រូបសុទ្ធតែសំខាន់ ។

 

គាត់បានចង្អុលបង្ហាញពីប្រទេសកំណើតរបស់គាត់នៅប្រេស៊ីលជាឧទាហរណ៍មួយនៃការទទួលជោគជ័យក្នុងការគ្រប់គ្រងភាពលំបាកនៃភាពខុសគ្នា ។ សាវកបាននិយាយថា « ខណៈពេលដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាជាច្រើនឆ្នាំមកនេះពីរ៉ូម៉ាំងកាតូលិកទៅជាក្រុមប្រូតេស្ដង់ ពួកប្រូតេស្ដង់ និងព្រះវិហារផ្សេងទៀត នោះប្រជាជនត្រូវបានគ្រប់គ្រងដើម្បីចៀសវាងជម្លោះដ៏ធំរវាងនិកាយផ្សេងៗ » ។ ការស្រាវជ្រាវបានបង្ហាញថាគ្មានឧប្បត្តិហេតុនៃការប្រទូសរ៉ាយដែលជាប់ទាក់ទងទៅនឹងការប្រែប្រួលផ្នែកសាសនានៅរដ្ឋរបស់ប្រទេសអាមេរិចខាងត្បូងទេ ។ អែលឌើរ សូរ៉េស បានមានប្រសាសន៏ថា « ទោះបីជាឆ្ងាយពីភាពល្អឥតខ្ចោះក៏ដោយ ក៏ភាពតានតឹងត្រូវបានគ្រប់គ្រងតាមរយៈការសន្ទនារវាងសហគមន៍សាសនាផ្សេងៗទៀតផងដែរ » ។


ជំនួសឲ្យការចុះចាញ់ទៅក្នុងការបែងចែករបស់ពួកអារក្ស នោះសាវកបានស្នើនូវដំណោះស្រាយដ៏សាមញ្ញនៃការគោរពគ្នាទៅវិញទៅមក ។


គាត់បាននិយាយថា « សូមកុំមានអារម្មណ៍ថារងការគំរាមកំហែងដោយសារការមានគំនិតខុសគ្នាឡើយ » ។ « ផ្ទុយទៅវិញសូមឲ្យយើងគោរពជំនឿដ៏ស្មោះត្រង់របស់អ្នកជិតខាងយើង ហើយដោយធ្វើដូច្នេះ អ្នកអាចឃើញថាជំនឿរបស់អ្នកត្រូវបានពង្រឹង ។ ជាអ្វីដែលសាមញ្ញដូចជាការនិយាយ និងពាក្យសម្ដី វាអាចមានឥទ្ធិពលសម្រេចទៅលើសុខុមាលភាពនៃអរិយធម៌បាន ។ យើងត្រូវរៀនថា កុំធ្វើឲ្យមានការអាក់អន់ចិត្ត និងមិនត្រូវឆាប់មានការអាក់អន់ចិត្តផងដែរ ។ វាជាការសំខាន់ដែលប្រទេសទាំងឡាយមានសេរីភាពខាងសាសនាកាន់ច្រើន នោះវាមានសន្តិភាពកាន់តែច្រើនដែរ។ ហើយប្រទេសដែលមានសេរីភាពខាងសាសនាតិច នោះវាមិនសូវមានសន្តិភាពទេ » ។


អែលឌើរ សូរ៉េស បាននិយាយថា ពាក្យសម្ដីនឹងមិនគ្រប់គ្រាន់ទេ ។ វាត្រូវតែបានផ្សំដោយការយល់ចិត្តគ្នាទៅវិញទៅមក និងការបម្រើដែលគ្មានភាពអាត្មានិយម ។ គាត់បានរំឭកដល់ទស្សនិកជនថា សាសនាផ្តល់នូវ « បណ្តាញ និងទំនាក់ទំនងសង្គមដែលធ្វើឲ្យមានលទ្ធភាពនេះ » ។ គាត់បានចង្អុលបង្ហាញអំពីគ្រាមួយនៅក្នុងឆ្នាំ ២០១៧ នៅពេលដែលពួកបរិសុទ្ធថ្ងៃចុងក្រោយនៅ ប៊ែលឡាយូ រដ្ឋវ៉ាស៊ីងតោន បានផ្តល់ សាលាប្រជុំរបស់ពួកគេដល់មិត្តសាសន៏មូស្លីមនៅក្នុងស្រុកប្រើ ដោយសារវិហារអ៊ីស្លាមត្រូវបានបំផ្លាញដោយភ្លើង ។ សមាជិកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់នៅទីនោះបានពន្យល់ពីសេចក្តីសប្បុរសថា « គ្រាន់តែអ្នកជិតខាងកំពុងជួយអ្នកជិតខាងតែប៉ុណ្ណោះ » គឺដូចជាព្រះយេស៊ូវបានសុំឲ្យពួកគេធ្វើដែរ ។


អែលឌើរ សូរ៉េស បាននិយាយថា « យើងពុំដែលអារម្មណ៍ក្ដីស្រឡាញ់ ឬទាក់ទងទៅនឹងពិភពលោក ជាងពេលដែលយើងជួយដល់អ្នកដែលមានបញ្ហា ឬទទួលជំនួយនៅពេលមានសេចក្តីត្រូវការដ៏ខ្លាំងនោះទេ » ។ « សកម្មភាពតូចៗជាច្រើនដូចជា [ អ្វីដែលសមាជិកសាសនាចក្ររបស់យើងបានធ្វើនៅរដ្ឋវ៉ាស៊ីងតោន ] បានជួយសាងទំនុកចិត្តសង្គម ពង្រឹងចំណងមិត្តភាពនៅក្នុងសង្គមបន្ថែម ហើយប្រាកដថាយើងការពារសេរីភាពខាងសាសនារបស់គ្នាទៅវិញទៅមក ។


អានសុន្ទរកថាទាំងស្រុងក្រោមចំណងជើង « Foundations and Fruits of Religious Freedom » ។