ព្យាការី​ចេញ​ផ្សាយ​សារលិខិត​មួយ​ស្ដី​ពី​អំណាច​ព្យាបាល​នៃ​ការដឹងគុណ

អ្នកដឹកនាំ​សេចក្ដីជំនឿ​ទូទាំង​សាកល​ធ្វើ​ការអធិស្ឋាន​ដឹងគុណ ហើយ​អញ្ជើញ​មនុស្ស​នៅ​គ្រប់ទី​កន្លែង​ឲ្យ​ធ្វើ​រឿង​សំខាន់​ពីរ​ដើម្បី​ជួយ​ព្យាបាល​ទំនាក់ទំនង និង​សហគមន៍​ដែល​បាក់បែក​របស់​យើង

រ័សុល អិម ណិលសុន ដែល​ជា​អ្នកដឹកនាំ​សេចក្ដីជំនឿ​ទូទាំង​សាកល​ម្នាក់ និង​ជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សារលិខិត​ថ្មី​មួយ​ស្ដី​ពី​ក្ដី​សង្ឃឹម ការព្យាបាល និង​ការរួបរួម​សាមគ្គី​គ្នា​ដើម្បី​ជួយ​លើក​ស្ទួយ​យើង​ឲ្យ​ចេញពី​រណ្ដៅ​នៃ​ជំងឺ​កូវីដ-១៩ ហើយ​កាត់បន្ថយ​គ្រោះកាច​ផ្សេងៗ​ដូចជា ការស្អប់ និង​ការមិន​ចេះ​គួរសម ។

ព្យាការី​បាន​ផ្តល់​ការអធិស្ឋាន​ដឹងគុណ​មួយ​សម្រាប់​ពិភពលោក និង​បុគ្គល​ម្នាក់ៗ​ដែល​រស់នៅ​លើ​ពិភពលោក​នេះ ។ លោក​ក៏​បាន​អញ្ជើញ​មនុស្ស​គ្រប់គ្នា ដែល​នៅ​គ្រប់​ទីកន្លែង​ឲ្យ​ធ្វើ​រឿង​សំខាន់​ពីរ​ដើម្បី​ជួយ​ព្យាបាល​ទំនាក់ទំនង និង​សហគមន៍​ដែល​បាក់បែក​របស់​យើង​ផងដែរ ៖

  1. បង្វែរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅ​ជា​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន​របស់​អ្នក​នៃ​ការដឹងគុណ​សម្រាប់​រយៈពេល​ប្រាំពីរ​ថ្ងៃ
  2. ពោលពាក្យ​អធិស្ឋាន​ថ្លែង​អំណរគុណ

ដោយ​បង្ហាញ​នូវ​ការដឹងគុណ​របស់​លោក​ផ្ទាល់​ទៅ​កាន់​អ្នកវិទ្យាសាស្ដ្រ និង​អ្នកស្រាវជ្រាវ​ទាំងឡាយ ដែល​កំពុង​បង្កើត​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូវីដ-១៩ នោះ​ព្យាការី ( ដែល​ជា​អតីត​វេជ្ជបណ្ឌិត​វះកាត់​ត្រួសត្រាយ​ការវះកាត់​បេះដូង និង​ដើមទ្រូង ) បាន​រំឭក​យើង​ថា « ពុំ​មាន​ថ្នាំ ឬ​ការវះកាត់​ណា​ដែល​អាច​ព្យាបាល​របួស និង​ជំងឺ​ខាង​វិញ្ញាណ​ជា​ច្រើន​ដែល​យើង​កំពុង​ប្រឈម » ជា​លក្ខណៈ​សង្គម​ទូទាំង​ពិភពលោក​ទាំងមូល​នោះ​ទេ ។ ការប្រឈម​ទាំងនេះ​រួម​មាន សេចក្ដីអាក្រក់​មកពី​ការស្អប់ ចលាចល អំពើ​ហិង្សា​ប្រកាន់​ពូជសាសន៍ ភាពមិន​ស្មោះត្រង់ និង​ការមិន​ចេះ​គួរសម ។ ប្រធាន ណិលសុន បាន​ថ្លែង​ថា « ប៉ុន្ដែ ក៏​មាន​ឱសថ​ម្យ៉ាង—ជា​ឱសថ​មួយ​ដែល​ទំនង​ជា​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល—​ដោយសារ​វា​ផ្ទុយ​ពី​សភាវគតិ​ពី​ធម្មជាតិ​របស់​យើង »។ « ទោះជា​បែបនេះ​ក្ដី ក៏​ឥទ្ធិពល​វា​មាន​សុពលភាព​ដល់​ពួកអ្នក​វិទ្យាសាស្ត្រ​ក៏​ដូចជា​បុរស​ស្ត្រី​ដែល​មាន​ជំនឿ​ផងដែរ ។ ខ្ញុំ​សំដៅ​ទៅលើ​អំណាច​ព្យាបាល​នៃ​ការដឹងគុណ » ។

សូម​ចូល​ទៅកាន់​គេហទំព័រ GiveThanks.ChurchofJesusChrist.org ដើម្បី​អាន និង​មើល​សារលិខិត​ជា​វីដេអូ​របស់​ព្យាការី​ដែល​មាន​៣១ ភាសា ។ ខណៈ​នៅ​លើ​គេហទំព័រ​នេះ អ្នក​ក៏​អាច​អាន​ដំណើររឿង​ផ្ទាល់ខ្លួន​របស់​ប្រធាន​ណិលសុន​បាន​ផងដែរ ដែល​វា​ប្រាប់​ពី​ពេលវេលា និង​របៀប​ដែល​លោក​បាន​ទទួល​ការបំផុស​គំនិត​ដើម្បី​ធ្វើ​ការអធិស្ឋាន​ដឹងគុណ​ជា​សាកល​នេះ ។