គណៈ​ប្រធាន​ទី​មួយ​បន្ត​សម័យ​ប្រជុំ​ពេល​ល្ងាច​នៃ​សន្និសីទ​ទូទៅ

« ការប្រារព្ធ​សម័យ​ប្រជុំ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការបង្រៀន​ប្រធាន​បទ​ដំណឹង​ល្អ​ច្រើន​ថែម​ទៀត ហើយ​ក៏​អនុញ្ញាត​ឲ្យ​មាន​ថ្នាក់​ដឹកនាំ​ទូទៅ​ជា​ច្រើន​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​នេះ​ផងដែរ »

គណៈប្រធានទីមួយបន្តសម័យប្រជុំពេលល្ងាចនៃសន្និសីទទូទៅ

គណៈ​ប្រធាន​ទី​មួយ​នៃ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ផ្ញើ លិខិត​ដូច​ខាងក្រោម នៅ​ថ្ងៃ​នេះ ថ្ងៃ​ទី ២៧ ខែ​កក្កដា ឆ្នាំ​២០២១ ទៅ​កាន់​ថ្នាក់​ដឹកនាំ​សាសនា​នៅ​ជុំវិញ​ពិភព​លោក ។

 

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ៖

 

គោលការណ៍​គ្រឹះ​មួយ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ពរជ័យ​នៃ​ការមាន​វិវរណៈ​ជា​បន្តបន្ទាប់​ ដែល​ព្រះអម្ចាស់​បើក​សម្តែង​ព្រះឆន្ទៈ​ទ្រង់ « ប្រាប់​មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៨:២១ ) ។ ព្រះអម្ចាស់​ដឹកនាំ​កិច្ចការ​របស់​ទ្រង់ ​ស្រប​តាម​ការផ្លាស់ប្តូរ​កាលៈទេសៈ និង​សេចក្តី​ត្រូវការ ។ ជា​ឧទាហរណ៍ ទម្រង់​ និង​កាលវិភាគ​សន្និសីទ​ទូទៅ ​ត្រូវ​បាន​ផ្លាស់ប្តូរ​អស់​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ។ សម័យ​ប្រជុំ​ខ្លះ​នៃ​សន្និសីទ​ទូទៅ​គឺ​ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​ក្រុម​ជាក់លាក់​នៃ​សមាជិក ឬ ថ្នាក់​ដឹកនាំ ដូចជា​សម័យ​ប្រជុំ​សុខុមាលភាព សម័យ​ប្រជុំ​របស់​ស្រ្តី សម័យ​ប្រជុំ​បព្វជិតភាព និង​សម័យ​ប្រជុំ​ផ្សេងៗ​ទៀត​ ដែល​បាន​រៀបចំ​ឡើង​ដើម្បី​លើកឡើង​ពី​ប្រធាន​បទ​នានា​ដែល​ពាក់ព័ន្ធ​នឹង​អង្គការ​ជាក់លាក់​នៃ​សាសនាចក្រ ។

 

នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២១ យើង​បាន​ប្រកាស​ការផ្លាស់ប្តូរ ចំពោះ​សន្និសីទ​ទូទៅ​លើកក្រោយ​ដែល​សម័យ​ប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍​នឹង​លែង​មាន​ទៀត​ហើយ ។ ការសម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការផ្លាស់ប្តូរ​ផ្នែក​បច្ចេកវិទ្យា​ដែល​ធ្វើ​ឲ្យ​សមាជិក​និង​មិត្តភក្តិ​ទាំងអស់​អាច​មើល​សម័យ​ប្រជុំ​នីមួយៗ​នៃ​សន្និសីទ​ទូទៅ រួម​បញ្ចូល​ទាំង​សម័យ​ប្រជុំ​ស្រ្តី និង​សម័យ​ប្រជុំ​បព្វជិតភាព​ផង​ដែរ ។

 

យើង​ទទួល​ស្គាល់​នូវ​ការកើន​ឡើង​នៃ​ចំនន​សមាជិក​សាសនាចក្រ​ជា​សកល​នៅ​ក្នុង​ជំនាន់​របស់​យើង​នេះ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា ។ មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ពង្រឹង​តតាំង​នឹង​ឧបសគ្គ​ទាំងនេះ​បាន​មក​តាម​រយៈ​ការស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ ( សូម​មើល អាលម៉ា ៣១:៥ ) ។ ដូច្នេះបន្ទាប់​ពី​ការសិក្សា និង​ការអធិស្ឋាន​បន្ថែម យើង​បាន​ទទួល​អារម្មណ៍​បញ្ជាក់​ថា​ឲ្យ​បន្ទ​ប្រារព្ធ​សម័យ​ប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍​នៃ​សន្និសីទ​ទូទៅ » ។

 

ចាប់​ផ្តើម​ពីសន្និសីទ​ទូទៅ​ពាក់​កណ្តាល​ឆ្នាំ​ខែ តុលា ឆ្នាំ​២០២១ សម័យ​ប្រជុំល្ងាច​ថ្ងៃសៅរ៍​នឹង​បន្ត​ធ្វើ​ជា​ធម្មតា ។ សមាជិក​ និង​មិត្តភក្តិទាំង​អស់​នៃ​សាសនាចក្រ​ត្រូវបាន​អញ្ជើញ​ឲ្យ​ទស្សនា​សម័យ​ប្រជុំ​នេះ ។ សម័យ​ប្រជុំ​នេះ​នឹង​មិន​មាន​កំណត់​ប្រធាន​បទ​ទេ ហើយ​ក៏​មិនមាន​បំណង​សម្រាប់​ប្រជាសាស្ត្រ ឬ ក្រុម​ថ្នាក់ដឹកនាំ​ណា​ជាក់លាក់​ដែរ ។ ការប្រារព្ធ​សម័យ​ប្រជុំ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការបង្រៀន​ប្រធាន​បទ​ដំណឹង​ល្អ​ច្រើន​ថែម​ទៀត ហើយ​ក៏​អនុញ្ញាត​ឲ្យ​មាន​ថ្នាក់​ដឹកនាំ​ទូទៅ​ច្រើន​ថែម​ទៀត​ដើម្បី​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​នេះ​ផង​ដែរ ។

 

យើង​សូម​អរ​ព្រះ​គុណ​ព្រះអម្ចាស់​សម្រាប់​ការដឹកនាំ​របស់​ទ្រង់​ក្នុង​បញ្ហា​នេះ ។ យើង​សូម​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់ និង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក​សាសនា​ចក្រ​ដ៏​ស្មោះត្រង់​នៅ​ទូទាំង​សកល​លោក និង​រង់ចាំ​ដល់​សន្និសីទ​ទូទៅ ជា​ពេល​ដែល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នឹង​ត្រូវបាន​ចែកចាយ​តាម​រយៈ​អ្នក​មប្រើ​របស់​ទ្រង់ ។

 

ដោយ​សេចក្ដី​ស្មោះស្ម័គ្រ

គណៈប្រធាន​ទីមួយ

រ័សុល អិម ណិលសុន
ដាល្លិន អេក អូក
ហិនរី ប៊ី អាវរិង