តើ​ព្យាការី​បាន​បង្រៀន​អ្វីខ្លះ​នៅ​ក្នុងសន្និសីទ​ទូទៅ​នេះ ?

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​នៅឯ​ការប្រមូលផ្តុំ​ជា​សាកល​ថា សូមស្វែងរក​សេចក្តីពិត ​‹ ដ៏បរិសុទ្ធ › ផ្ដល់កម្លាំង​ដល់​គ្រឹះ​ខាង​វិញ្ញាណ​របស់បង​ប្អូន និង​មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់

តើព្យាការីបានបង្រៀនអ្វីខ្លះនៅក្នុងសន្និសីទទូទៅនេះ ?
ចំណងជើង ៖ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍នៅអំឡុងសម័យប្រជុំព្រឹកថ្ងៃសៅរ៍នៃសន្និសីទទូទៅ ខែតុលា ឆ្នាំ២០២១ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលចាក់ផ្សាយនៅថ្ងៃទី ២–៣ ចេញពីមជ្ឈមណ្ឌលសន្និសីទទូទៅ ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។

ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​ដល់​អ្នក​ចូលរួម​ទាំងឡាយក្នុង សន្និសីទ​ទូទៅ ទូទាំង​ពិភពលោក​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយឲ្យមក​ស្តាប់​រក « សេចក្តីពិត​ដ៏​បរិសុទ្ធ​ គោលលទ្ធិ​ដ៏​បរិសុទ្ធ​នៃ​ព្រះគ្រីស្ទ និង ​វិវរណៈ​ដ៏​បរិសុទ្ធ » ផ្ដល់កម្លាំង​ដល់​គ្រឹះ​ខាងវិញ្ញាណ​របស់​ពួកគេ និង​ មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ ។

 

សារលិខិត​ដែល​បាន​ផ្តោត​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​ប្រធាន ណិលសុន ពួក​អ្នក​មាន​សិទ្ធ​អំណាច​ទូទៅ និង​ពួក​អ្នក​កាន់តំណែង​ទូទៅ ត្រូវបាន​ថ្លែង​នៅថ្ងៃទី ២–៣ ចេញពី​មជ្ឈមណ្ឌល​សន្និសីទ​ដែល​ស្ទើរ​គ្មាន​មនុស្ស​សោះ​ដោយសារតែ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ហើយ​ចាក់ផ្សាយ​ទៅកាន់​មនុស្ស​រាប់លាន​នាក់​នៅជុំវិញ​ពិភពលោក ។

 

សូមស្វែងរក​ សេចក្តីពិត​ដ៏​បរិសុទ្ធ គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​ វិវរណៈ​ដ៏​បរិសុទ្ធ

 

ដោយ​ការបញ្ជាក់​ន័យ « សេចក្តី​ពិត​ដាច់ខាត—សេចក្តី​ពិត​ដ៏​អស់កល្ប​ជានិច្ច » គឺ​មាន​ពិតមែន នោះ​ប្រធាន ណិលសុន ដែល​សមាជិក​នៃ​សេចក្តីជំនឿ​បាន​គោរពជា ព្យាការី បាន​បញ្ជាក់​ដល់​អ្នក​ស្តាប់ទាំងឡាយ​នៅអំឡុងការ​បើក​សម័យ​ប្រជុំ​ថា « អ្វី​ដែល​បងប្អូន​នឹង​ស្តាប់​នៅ​ថ្ងៃនេះ និង​ថ្ងៃស្អែក គឺជា​សេចក្តី​ពិត​ដ៏​បរិសុទ្ធ » ។

 

លោក​ក៏​បាន​មាន​ប្រសាសន៍​ពី​អានុភាព​នៃ « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ » ដើម្បី​ផ្លាស់ប្តូរ​ជីវិត និង​ជួយ​មនុស្ស​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សុចរិត​ផង​ដែរ ។ លោក​បាន​មាន​ប្រសាសន៍​ថា « មិនដែល​មាន​ពេល​ណា​នៅក្នុង​ប្រវត្តិសាស្រ្ត​នៃ​ពិភពលោក​នេះ ដែល​ចំណេះដឹង​ពី​ព្រះអង្គសង្រ្គោះ​របស់​យើង​មាន​សារៈសំខាន់​ផ្ទាល់ខ្លួន និង​ទាក់ទង នឹង​ព្រលឹង​មនុស្ស​គ្រប់​គ្នា​នោះទេ » ។

 
លោកបាន​មាន​ប្រសាសន៍​ថា សូម​ស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​បងប្អូន  « ស្តាប់​អ្វី​ដែល​ព្រះ​អម្ចាស់​ចង់​ឲ្យ​បងប្អូន​ស្តាប់ » ដោយ​ថ្លែង​ថា « វិវរណៈ​ដ៏​បរិសុទ្ធ »​ នឹង​ជួយ​ឆ្លើយ​សំណួរ​នៅក្នុង​ដួងចិត្ត​របស់​អ្នកស្តាប់​នៅពេល​ពួកគេ​ទទួល​យក​សារលិខិត​ពី​ព្រះអម្ចាស់​តាមរយៈ​ពួក​អ្នកបម្រើ​របស់ទ្រង់ ។

 

ផ្ដល់កម្លាំង​ដល់​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន

 

ដោយប្រើ ឧទាហរណ៍​នៃ​ការបន្ត​កែលម្អ ចំពោះ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ដែល​រួមមាន​ទាំង​ការពង្រឹង​គ្រឹះ​ដើម​របស់​វា ប្រធាន ណិលសុន បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃអាទិត្យ ពី​តម្រូវការ​ដើម្បី​មាន​គ្រឹះ​រឹងមាំ « ខាងវិញ្ញាណ​ផ្ទាល់ខ្លួន » នៅអំឡុង « ការលំបាក​សម័យថ្មី » ទាំង​នេះ ។

 

លោក​បាន​មាន​ប្រសាសន៍​ថា « ប្រសិនបើ​បងប្អូន និង​ខ្ញុំ​ត្រូវ​យកឈ្នះ​លើ​គ្រោះថ្នាក់ និង​សម្ពាធ​នានា​ក្នុង​ពេលខាងមុខ នោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ម្នាក់ៗ​ត្រូវ​មាន​គ្រឹះដ៏​ រឹងមាំ ខាង​វិញ្ញាណ សង់​នៅ​លើ​គ្រឹះ​នៃ​ព្រះអង្គ​សង្រ្គោះ ជា​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង » ។

 

ចំណុច​សំខាន់​នៃ « ការពង្រឹង​សេចក្តី​ជំនឿ និង​ភាពរឹងមាំ​ខាងវិញ្ញាណ​របស់​យើង » គឺ ព្រះវិហារ​បរិសុទ្ធ ដែល​បង្កើន​ការយល់ដឹង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ចង​ភ្ជាប់​យើង​ទៅនឹង​ទ្រង់​តាមរយៈ សេចក្តីសញ្ញា ដ៏ពិសិដ្ឋ​នៃ​បព្វជិតភាព និង​ប្រទានដល់​យើង​នូវ​ព្រះចេស្តា​នៃ​ការព្យាបាល និង​ពង្រឹង​របស់​ទ្រង់ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ឱ ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់ទ្រង់​សម្រាប់​ថ្ងៃ​ខាងមុខ​ខ្លាំងណាស់ » ។

 

ដោយ​ពន្យល់​ពី « ការស្តារឡើងវិញ ដែល​កំពុងតែ​បន្ដ​នេះ ត្រូវការ​វិវរណៈ​ដែល​មានបន្ត » នោះ​ប្រធាន ណិលសុន បាន​មានប្រសាសន៍​ថា ព្រះអម្ចាស់ « កំពុង​ប្រទាន​ឱកាស​ដល់​យើង​ម្នាក់ៗ ដើម្បី​គាំទ្រគ្រឹះ​ខាងវិញ្ញាណ​របស់យើង​ឲ្យកាន់តែ​មាន​ប្រសិទ្ធភាព ដោយធ្វើ​ឲ្យជីវិត​របស់យើង​ផ្ដោតលើ​ទ្រង់ ព្រម​ទាំង​លើ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ​របស់ទ្រង់ »​ តាមរយៈ​ការកែសម្រួល​នីតិវិធី​នៃ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ពេល​ថ្មីៗ​នេះ និង​នៅពេល​អនាគត ។

 

លោក​បាន​មាន​ប្រសាសន៍​ថា តាមរយៈ​ការបន្តពិត​ចំពោះ​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ  « ពេល​ការរញ្ជួយដី​ខាង​វិញ្ញាណ​កើត​ឡើង បងប្អូន​នឹង​អាច​ឈរ យ៉ាង​រឹងមាំ ដោយសារ​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន​រឹង​មាំ ហើយ​នឹងន » ។

 

មាន​ពេលវេលា​សម្រាប់​ព្រះម្ចាស់

 

នៅអំឡុងការ​បិទ​សម័យ​ប្រជុំ​នៅ​រសៀល​ថ្ងៃអាទិត្យ ប្រធាន ណិលសុន បាន​អង្វរ​ដល់​អ្នក​ចូលរួម​ឲ្យ « ប្រឆាំង​នឹង​ការល្បួង​ពី​ពិភពលោក​នេះ តាមរយៈ​ការ​មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់បងប្អូន »។

 

លោក​បាន​មាន​ប្រសាសន៍​ថា « សូម​ធ្វើ​ឲ្យ​គ្រឹះ​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​របស់​បងប្អូន​រឹងមាំ ហើយ​អាច​ឈរ​តតាំង​នឹង​គ្រា​សាកល្បង ដោយ​ការធ្វើ​រឿងទាំងឡាយ​ដែល​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​បងប្អូន ជានិច្ច » ។

 

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ប្រសិនបើ​ព័ត៌មាន​ជាច្រើន​ដែល​បងប្អូន​បាន​ទទួល​មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងទៀត នោះ​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ស្តាប់ឮ​ការខ្សឹបប្រាប់​ពី​ព្រះវិញ្ញាណ​នឹង​ចុះខ្សោយ » ។

 

យើង​យាងអញ្ជើញ​ព្រះវិញ្ញាណ​តាមរយៈ « ការកែ​តម្រូវ​ការផ្តោត​អារម្មណ៍​របស់​បងប្អូន​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ » តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ដំណឹងល្អ​រាល់ថ្ងៃ ការថ្វាយបង្គំ​នៅថ្ងៃឈប់សម្រាក ការទទួលទាន សាក្រាម៉ង់ និង​មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

 

បន្ទាប់មក​ប្រធាន​ណិលសុន បាន​ប្រកាស​ឈ្មោះ ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៣ ។

 

លោក​បាន​បញ្ចប់​ថា « ព្រះអម្ចាស់​ស្គាល់​បងប្អូន និង​ស្រឡាញ់​បងប្អូន » ។ « ទ្រង់​ជា​ព្រះអង្គសង្រ្គោះ និង ព្រះប្រោសលោះ​របស់​បងប្អូន ។ ទ្រង់ដឹកនាំ និង​ណែនាំ​សាសនាចក្រ​របស់ទ្រង់ ។ ទ្រង់​នឹង​ដឹកនាំ ហើយ​ណែនាំ បងប្អូន នៅក្នុងជីវិត​ផ្ទាល់ខ្លួន​របស់​បងប្អូន ប្រសិន​បើ​បងប្អូន មាន​ពេលវេលា​សម្រាប់​ទ្រង់ នៅក្នុង​ជីវិត​របស់​បងប្អូន—ជា​រៀងរាល់​ថ្ងៃ​នោះ ។