គំនិត​ផ្តួចផ្តើមស្តីពីការ​ចាប់ផ្ដើមដំណើរការ​បំភ្លឺ​ពិភពលោក​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំ​២០២១

ប្រសូតកម្ម​សម័យ​ទំនើប​ដែល​បាន​ដាក់​បង្ហាញ​ជាពិសេស​នៅ​ក្នុង​វីដេអូថ្មី

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ​បាន​ចាប់​ដំណើរការ​គំនិត​ផ្ដួចផ្ដើម​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​សម្រាប់​ពិធីបុណ្យគ្រីស្ទម៉ាស់​ស្ដីពី​បំភ្លឺពិភពលោក ដើម្បី​« បំភ្លឺពិភពលោក​ដោយ​សេចក្ដីស្រឡាញ់ »​ដែល​ជា​ប្រធាន​បទ​សម្រាប់​ឆ្នាំ​នេះ ។

 

អែលឌើរ ម៉ាកឺស ប៊ី ណាស្សជាពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ បាន​ថ្លែង​ថា « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​នៃ​ពិភពលោក​នេះ » ។ « អស់អ្នក​ដែល​ដើរ​តាម​ទ្រង់​រស់នៅ​ជាមួយ​នឹង​ពន្លឺ អំណរ និង​សេចក្ដីសង្ឃឹម—ទោះ​ស្ថិត​នៅ​ក្នុង​គ្រា​ដ៏​ងងឹត​ក្ដី​( យ៉ូហាន ៨:១២ ) ។ នៅពេល​យើង​ចងចាំ​ពី​ការប្រសូត​របស់​ទ្រង់​នា​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ ចូរ​ឲ្យ​យើង​ចងចាំ​ពី​ព្រះជន្ម​ដ៏​គំរូ​របស់​ទ្រង់ និង​រឿង​ដែល​ទ្រង់​បាន​បង្រៀន​យើង​ផង​ដែរ » ។

គំនិតផ្តួចផ្តើមស្តីពីការចាប់ផ្ដើមដំណើរការបំភ្លឺពិភពលោកសម្រាប់បុណ្យគ្រីស្ទម៉ាស់ឆ្នាំ២០២១

អែលឌើរ ណាស បាន​បន្ថែម​ថា « យើង​អាច​លើក​ពន្លឺ​របស់​ទ្រង់​ឡើង​ដោយ​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​គឺ ៖ ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​ដោយ​លើក​ស្ទួយ​បុគ្គល​ដែល​ទន់ខ្សោយ ជួយ​បំពេញ​សេចក្ដីត្រូវការ​អ្នក​ដែល​ខ្វះខាត និង​លួង​លោម​អ្នក​ដែល​ឈឺចាប់ » ។ « ការធ្វើ​បែប​នេះ​នឹង​បណ្ដាល​ឲ្យ​ពន្លឺ​របស់​ទ្រង់​ភ្លឺ​ចែង​ចាំង​នៅក្នុង និង​តាម​រយៈ​ខ្លួន​យើង ហើយ​នាំ​យក​ពន្លឺ និង​សេចក្ដី​សុខសាន្ត​ទៅ​កាន់​មនុស្ស​ម្នាក់ម្ដងៗ​ដែល​រស់នៅ​ក្នុង​ពិភពលោក​ដ៏​ច្របូកច្របល់​របស់​យើង​នេះ ។ យើង​សូម​អញ្ជើញ​មនុស្ស​គ្រប់​រូប—នៅ​គ្រប់​ទីកន្លែង—ឲ្យ​ចូលរួម​នឹង​យើង​ក្នុង​ការសាទរ​ចំពោះ​ការ​ប្រសូត​របស់​ទ្រង់ ហើយ​បំភ្លឺ​ពិភពលោក​នេះ​ដោយ​សេចក្ដីស្រឡាញ់ » ។

 

ប្រតិទិន​ដែល​មាន​ពេញ​ដោយ​« គំនិត​សម្រាប់​ការ​បម្រើ »​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​លើ​អនឡាញ ។ ការបម្រើ​ដ៏​បំផុស​ប្រចាំ​ថ្ងៃ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ហើយ​បន្ត​សម្រាប់​រយៈពេល ២៥​ថ្ងៃ​រហូត​ដល់​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ 

សម្រាប់​ព័ត៌មាន​បន្ថែម រួម​ទាំង​វីដេអូថ្មី​អំពី​ប្រសូតកម្ម​សម័យ​ទំនើប​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ពិសេស​នៅ​ ComeUntoChrist.org/kh