
គណៈប្រធានទីមួយបានចេញសេចក្តីថ្លែងការណ៍ដូចតទៅនេះកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ៖
ប្រជាជននៃចក្រភពអង់គ្លេស និងប្រជាជនលើពិភពលោកបានបាត់បង់ដ៏ធំធេងនូវអង្គព្រះមហាក្សត្រិយ៍ដ៏ឆ្នើមដោយការសោយទីវង្គតរបស់ព្រះមហាក្សត្រិយ៍ អេលីហ្សាបេតទី២ ។ ទ្រង់បានគ្រងរាជ្យសម្បត្តិអស់រយៈពេលប្រាំពីរទស្សវត្សរ៍ ទាំងគ្រាដែលមានសន្តិភាព និងជម្លោះ ទាំងគ្រាដែលមានវិបុលភាព និងការពុះពារ ហើយទ្រង់បានធ្វើដូច្នេះដោយព្រះទ័យនៃព្រះគុណ និងសេចក្តីល្អ ។
គណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមបង្ហាញនូវសេចក្តីទុក្ខដ៏ក្រៀមក្រំបំផុត ក្នុងការចូលរួមរំលែកមរណទុក្ខជាមួយព្រះរាជវង្សានុវង្សរបស់ទ្រង់ និងប្រជាជនរបស់ទ្រង់នៅក្នុងពេលវេលាដ៏ទុក្ខសោកនេះ ។
នៅក្នុងព្រះគម្ពីរសម័យទំនើប ព្រះអម្ចាស់ប្រទានព្រះឱវាទថា យើងត្រូវ « រស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ រហូតដល់អ្នកត្រូវយំសោកចំពោះការបាត់បង់នៃមនុស្សដែលស្លាប់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៤៥ ) ។ ការបង្ហាញការអាណិតអាសូរជាច្រើននៅជុំវិញពិភពលោក គឺជាការគោរពចំពោះព្រះមហាក្សត្រិយ៍ អេលីហ្សាបេតទី២ ពីអ្នកដែលស្រឡាញ់ដល់ទ្រង់ និងអ្នកដែលកាន់ទុក្ខជាមួយព្រះរាជវង្សានុវង្សរបស់ទ្រង់ និងប្រជាជននៃចក្រភពអង់គ្លេស និងប្រទេសសហគមន៍ ។
នៅគ្រាដ៏ក្រៀមក្រំបែបនេះ យើងមានការដឹងគុណចំពោះស្នាព្រះហស្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនៃព្រះជន្មជាគំរូរបស់ទ្រង់ ហើយរីករាយក្នុងក្តីសង្ឃឹមនៃការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ដែលអាចធ្វើទៅបានតាមរយៈការពលិកម្មដោយព្រះទ័យស្រឡាញ់របស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។