ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍នៅឯការបិទ សន្និសីទទូទៅខែ តុលា ឆ្នាំ ២០២២ ថា « មានកិច្ចការអស្ចារ្យជាច្រើននៅចំពោះមុខយើង » ។ ព្យាការីផ្តល់ដំបូន្មានពីការយកឈ្នះលើពិភពលោកនេះ បានបញ្ជាក់ពីការថ្កោលទោសរបស់ព្រះចំពោះការរំលោភបំពាន បានជំរុញដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យស្វែងរកសេចក្តីពិត និងបានប្រកាសពីព្រះវិហារបរិសុទ្ធថ្មីចំនួន ១៨ ។
ឈ្នះពិភពលោក ហើយបានសេចក្តីសម្រាក
នៅអំឡុងសម័យប្រជុំព្រឹកថ្ងៃអាទិត្យ ប្រធាន ណិលសុន នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានមានប្រសាសន៍ថា យើងអាច « ស្វែងរកសេចក្តីសម្រាកពីភាពតានតឹង ភាពមិនច្បាស់លាស់ និងសេចក្តីឈឺចាប់នៃពិភពលោកនេះ ដោយយកឈ្នះលោកិយ តាមរយៈសេចក្តីសញ្ញារបស់បងប្អូនជាមួយព្រះ » ។
លោកបានមានប្រសាសន៍ថា « ការចុះ និងការរក្សាសេចក្តីសញ្ញា ធ្វើឲ្យជីវិតកាន់តែមានភាពងាយស្រួល ! ។ បុគ្គលម្នាក់ៗដែលចុះសេចក្តីសញ្ញានៅក្នុងអាងជ្រមុជទឹក និងនៅក្នុងព្រះវិហារបរិសុទ្ធ—ហើយរក្សាសេចក្តីសញ្ញាទាំងនោះ—គឺបានទទួលព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនឡើង » ។
ការយកឈ្នះលើពិភពលោកនេះគឺជាដំណើរការដែលបន្តទៅមុខ លោកបានបង្រៀន ការស្រឡាញ់ហើយស្រឡាញ់ទៀត និងរស់នៅតាមគោលលទ្ធិនៃព្រះគ្រីស្ទ បណ្តុះសេចក្តីជំនឿតាមរយៈការប្រែចិត្តប្រចាំថ្ងៃ ការចុះ និងរក្សាសេចក្តីសញ្ញា ហើយពង្រឹងទីបន្ទាល់របស់យើងជាបន្តបន្ទាប់ ។
ទង្វើបែបនេះបានផ្លាស់ប្តូរនិស្ស័យរបស់យើង ហើយជួយយើងឲ្យធ្វើជាមនុស្សសុចរិតដែលស្រឡាញ់ព្រះ និងព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ច្រើនជាងអ្នកណាៗ ឬអ្វីទាំងអស់ ។ លោកបានមានប្រសាស៍ថា « នៅពេលបងប្អូនទុកឲ្យព្រះឈ្នះក្នុងជីវិត នោះខ្ញុំសូមសន្យាថា បងប្អូននឹងកាន់តែមានភាពសុខសាន្ត ទំនុកចិត្ត អំណរ ហើយប្រាកដណាស់គឺ សេចក្តីសម្រាក » ។
លោកបានបញ្ជាក់ដល់ពួកបរិសុទ្ធថា ទោះបីជា « បានជួបនឹងព័ត៌មានរំខាន » « មានកិច្ចការអស្ចារ្យជាច្រើននៅចំពោះមុខយើង ។ នៅពេលដ៏ខ្លីខាងមុខនេះ យើងនឹងឃើញការបើកសម្តែង ដ៏មហិមា អំពីព្រះចេស្តារបស់ព្រះអង្គសង្គ្រោះ ដែលលោកិយនេះមិនធ្លាប់ បានឃើញពីមុនមក ។ នៅចន្លោះពេលឥឡូវនេះ និងពេលដែលទ្រង់យាងមក « ទាំងព្រះចេស្ដា និងសិរីល្អជាខ្លាំង » ( សូមមើល យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣៦ ) នោះទ្រង់នឹងប្រទានឯកសិទ្ធពរជ័យ និងអព្ភូតហេតុរាប់មិនអស់មកលើមនុស្សស្មោះត្រង់ » ។
តើការពិតជាអ្វី ?
អំឡុងពេលសម័យប្រជុំព្រឹកថ្ងៃសៅរ៍ ប្រធាន ណិលសុន បានបញ្ជាក់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងគោលជំហររបស់សាសនាចក្រប្រឆាំងចំពោះការរំលោភបំពាន ដែលលោកបានហៅថា « អំពើបាបដ៏ធ្ងន់ធ្ងរ » ហើយបានស្នើសុំឲ្យពួកបរិសុទ្ធជួយការពារជនស្លូតត្រង់ ។
ព្យាការីបានមានប្រសាសន៍ថា « ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ៗថា ការរំលោភបំពាន គ្រប់រូបភាព ទាំងទៅលើស្ដ្រី កុមារ ឬនរណាម្នាក់ គឺជាអំពើដ៏គួរឲ្យខ្ពើមឆ្អើមចំពោះព្រះអម្ចាស់ ។ ទ្រង់សោកសង្រេង ហើយ ខ្ញុំក៏សោកសង្រេង នៅពេលណាដែល នរណាម្នាក់ បានរងគ្រោះ ។ ទ្រង់ព្រះកន្សែង ហើយ យើងទាំងអស់គ្នាក៏ទួញយំសម្រាប់បុគ្គលគ្រប់រូបដែលក្លាយជាជនរងគ្រោះនៃការរំលោភបំពានគ្រប់ប្រភេទ ។ អស់អ្នកដែលប្រព្រឹត្តទង្វើដ៏គួរខ្ពើមឆ្អើមទាំងនេះ មិនត្រឹមតែទទួលខុសត្រូវចំពោះមុខច្បាប់របស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែក៏នឹងប្រឈមនឹងសេចក្តីក្រោធរបស់ព្រះដ៏មានមហិទ្ធិឫទ្ធិផងដែរ ។ ប្រធាន ណិលសុន បានជំរុញពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យសិក្សាជំនួយនៅលើ គេហទំព័ររបស់សាសនាចក្រ ចាំប្រុងមើលជនដែលអាចក្លាយជាជនរងគ្រោះ ហើយ « ធ្វើសកម្មភាពភ្លាមៗដើម្បីការពារពួកគេ » ។
ព្យាការីបានព្រមានប្រឆាំងទាស់នឹង « កលល្បិច [ របស់មារសត្រូវ ] ខំប្រឹងធ្វើឲ្យព្រំដែនការពិត និងមិនពិតមានសភាពព្រាល » ។
លោកបានមានប្រសាសន៍ថា « ព្រះគឺជាប្រភពនៃរាល់សេចក្ដីពិតទាំងអស់ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឱបក្រសោបរាល់សេចក្ដីពិត ទាំងអស់ ដែលព្រះបានប្រទានដល់បុត្រាបុត្រីទ្រង់ មិនថាតាមរយៈបន្ទប់ពិសោធន៍វិទ្យាសាស្ត្រមួយ ឬ បានទទួលមកដោយវិវរណៈផ្ទាល់ពីទ្រង់នោះទេ » ។
ប្រធាន ណិលសុន បានបញ្ចប់ដោយការអញ្ជើញចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យ « ចូរទូលសូមព្រះអម្ចាស់ប្រកបដោយការអធិស្ឋាន ដើម្បីបញ្ជាក់ថា អ្វីដែលបងប្អូនបានស្ដាប់ឮ [ នៅអំឡុងសន្និសីទនេះ ] គឺជាការពិត » ។
ចូរផ្ដោតចិត្តលើព្រះវិហារបរិសុទ្ធ
មុននឹងប្រកាសអំពីទីតាំងនៃព្រះវិហារបរិសុទ្ធថ្មីចំនួន ១៨ នៅចុងបញ្ចប់នៃសម័យប្រជុំរសៀលថ្ងៃអាទិត្យ ប្រធាន ណិលសុន បានបង្ហាញសម្រង់ចេញពីវីដេអូព្រះគម្ពីរមរមនរដូវកាលទី ៤ ដែលពណ៌នាអំពីការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះចំពោះប្រជាជននីហ្វៃនៅឯព្រះវិហារបរិសុទ្ធ ។
« ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ទ្រង់ ។ ព្យាការីបានមានប្រសាសន៍ថា « ព្រះវិហារបរិសុទ្ធពោរពេញដោយព្រះចេស្តារបស់ទ្រង់ » ។ ព្រះអម្ចាស់កំពុងធ្វើឲ្យ « មានភាពងាយស្រួលដល់ពួកយើងម្នាក់ៗ ដើម្បីបន្សុទ្ធជីវិតខាងវិញ្ញាណរបស់យើង » ។
លោកបានមានប្រសាសន៍ថា « ខ្ញុំសូមសន្យាថា ការចំណាយពេលកាន់តែច្រើននៅព្រះវិហារបរិសុទ្ធ នឹងផ្តល់ពរជ័យដល់ជីវិតរបស់បងប្អូន ដែលគ្មានរបៀបណាផ្សេងទៀតអាចផ្តល់ឲ្យបាននោះទេ » ។











