សន្និសីទ​​​យុវមជ្ឈិមវ័យនៅ​លីវព្រះរាជាណាចក្រ​កម្ពុជា

នៅ​ក្នុង​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ បាន​មាន​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​សម្រាប់​យុវជម្ឈិមវ័យ​នៅ​លីវ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ០៩-១០ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដែល​មាន​សមាជិក​ចូលរួម​ប្រហែល​ជា​ប្រាំ​រយ​នាក់ ក្នុងទីតាំង​អគារ​សាសនាចក្រ​នៅ​ចំការ​មន ។ ប្រធានបទ​នៅ​ក្នុង​ព្រឹត្តការណ៍​នេះ បង្ហាញ​អំពី​របៀប​ដើម្បី​ស្វែងរក​អំណរ​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​យុវមជ្ឈិវ័យ​គ្រប់រូប ។ នៅ​ថ្ងៃទីមួយ ​យុវជម្ឈិមវ័យ​មក​ពី​គ្រប់វួដ និង​សាខាបង្ហាញ​ពី​ទេពកោសល្យ​របស់​ពួកគេ​ដោយ​ការ​សម្ដែងរបាំ​ប្រពៃណីខ្មែរ ព្រមទាំង​មាន​ការ​លេង​ល្បែងកម្សាន្ដ និង​ការ​រាំកម្សាន្ដ​​ក្នុងគោលបំណង​បង្កើតជា​ចំណង​សាមគ្គីភាព​រវាងគ្នា​នឹង​គ្នា ។ នៅថ្ងៃទីពីរ មាន​ការ​ចែកចាយ​មក​ពី​វាគ្មិនដ៏​មាន​វិជ្ជាជីវៈ និង​ថ្នាក់​ដឹកនាំ​ជាច្រើនរូប ផ្ដល់ជា​អនុសាសន៍ និង​ការ​ណែនាំ​សំខាន់ៗ​សម្រាប់​ជា​ត្រីវិស័យ​ដល់​យុវជម្ឈិមវ័យ ទទួល​បាន​នូវ​អំណរ និង​ភាព​ជោគជ័យ​នៅ​លើ​វិថីជីវិត​របស់ពួកគេ ។

ប្អូន​ស្រី ឱមារ្ស ដូលែន បាន​ចែកចាយ​ពី​អារម្មណ៍​ថា « ខ្ញុំ​មាន​ចិត្តរីករាយ ដែល​បាន​មក​ជួប​នឹង​មិត្តចាស់ៗ ព្រមទាំង​មិត្តថ្មីៗ ។ ខ្ញុំ​រៀន​ពី​របៀប​ដើម្បី​មានភាព​ខ្លួនទីពឹងខ្លួន ហើយ​ប្ដេជ្ញាចិត្ត​ថា​នឹង​រៀន​នៅ​ក្នុង​ថ្នាក់ខ្លួនទីពឹងខ្លួនដោយ​ខ្ជាប់​ខ្ជួន ។ ខ្ញុំ​មានអំណរ​ចំពោះកម្មវិធី BYU PATHWAY ដែល​ផ្ដល់​ឱកាស​ការសិក្សា​ជំនាញសម្រាប់ការងារ និង​អាច​បន្ដ​រៀន​មហាវិទ្យាល័យ​បរទេស​បាន។ ខ្ញុំ​ដឹង​ថា​ព្រះ​ពិតជា​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ណាស់ » ។

ប្អូនស្រី ជួង គន្ធា ក៏​បាន​ចែកចាយ​អារម្មណ៍​ផងដែរ​ថា « ខ្ញុំចូលចិត្ត​ការ​សម្ដែង​ទេពកោសល្យ​របស់​យុវជម្ឈិមវ័យ​នៅលីវណាស់ ។ ខ្ញុំ​បាន​រៀន​របៀប​យក​ឈ្នះ​លើ​ភាព​ខ្ជិល​ច្រអូស កុំ​ចំណាយ​ពេល​ឥតប្រយោជន៍ តែ​ត្រូវ​ផ្តោត​ទៅលើ​ចក្ខុវិស័យនាពេលអនាគត ។ រៀន​ពី​វិជ្ជាជីវៈ​ដែល​មានភាព​យូរអង្វែង ។ រៀន​ឲ្យ​​ត្រូវ​តាម​សម័យកាល​ពិភពលោក ។ ខ្ញុំ​សប្បាយចិត្ត​ដែល​សាសនាចក្រ​ផ្ដល់​ឱកាស​នៃ​ការ​រៀន​សូត្រ​តាមអ៊ិនធើរណិត BYU PATHWAY ក្នុង​តម្លៃ​មួយ​សមរម្យ ដែល​សមាជិក​គ្រប់រូប​អាចទទួល​យក​ឱកាស​នេះ​បាន »។​