ទំនាក់ទំនងជាមួយព្រះតាមរយៈការអធិស្ឋាន

ទំនាក់ទំនងជាមួយព្រះតាមរយៈការអធិស្ឋាន

យើង​គឺជា​បុត្រា និងបុត្រី​នៃ​ព្រះ ជា​ព្រះវរបិតាសួគ៌​យើង ។ ទ្រង់​ស្រលាញ់​យើង ហើយ​ជ្រាបដឹង​សេចក្តី​ត្រូវការ​របស់​យើង ។ ទ្រង់​ចង់ឲ្យ​យើង​ទំនាក់ទំនង​ជាមួយ​នឹង​ទ្រង់​តាមរយៈ​ការអធិស្ឋាន - សូម​អធិស្ឋាន​ទៅ​ទ្រង់​តែ​មួយ​អង្គ​ប៉ុណ្ណោះ ដោយ​គ្មាន​អ្នក​ផ្សេង​ទៀត​ឡើយ ។ ព្រះអម្ចាស់​ ព្រះយេស៊ូវគ្រីស្ទ​ យើងបាន​បង្រៀន​ថា « អ្នក​រាល់​គ្នា​ត្រូវ​អធិស្ឋាន​ដល់​ព្រះវរបិតា​សួគ៌​ដោយ​នាម​យើង​ជានិច្ច »1 យើង​នឹង​ស្គាល់​ព្រះវរបិតា​សួគ៌​យើង​កាន់តែ​ខ្លាំងឡើង ហើយ​ក៏​កាន់តែ​ខិត​ទៅជិត​ទ្រង់​ផងដែរ​ នៅពេល​ដែល​ការ​ឆ្អោះ​ទៅរក​ទ្រង់​តាមរយៈ​ការ​អធិស្ឋាន​ប្រែក្លាយ​ជា​ទម្លាប់​មួយ​ក្នុង​ជីវិត​រស់នៅ​យើង ។ បំណង​ប្រាថ្នា​របស់​យើង​នឹង​ក្លាយ​ដូច​ព្រះ​រាជ​បំណង​ទ្រង់ ។

ខ្ញុំ​ចាំ​ថា នៅពេល​ពួកអ្នកផ្សព្វផ្យាយ​សាសនា​បាន​បង្រៀន​ខ្ញុំ​ដំបូង ​អំពី​របៀប​ដើម្បី​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតា​សួគ៌ ពួកគាត់​បាន​បង្រៀន​ខ្ញុំ​នូវ​ជំហាន​បួន​ដើម្បី​ធ្វើ​ការអធិស្ឋាន ។ ខ្ញុំ​មិន​មាន​ការយល់ដឹង​ជ្រៅជ្រះ​អំពី​ការអធិស្ឋាន​នោះ​ទេ ក្រៅតែ​ពី​បួន​ជំហាន​នេះ ។ ដូច្នេះ ការអធិស្ឋាន​ខ្ញុំ​ភាគច្រើន​បំផុត​គឺ​ហាក់ដូច​ជា « លើក​ទូរស័ព្ទ​ឡើង ហើយ​បញ្ជា​ទិញ​គ្រឿងទេស ... ប្រាប់​ការបញ្ជា​ទិញ [ របស់​ខ្ញុំ ] ហើយ​បញ្ចប់​ការនិយាយ​ទូរស័ព្ទ »2 ឬ « គ្រាន់តែ​ស្រែក​អំពាវនាវ​ភ្លាម​នៅពេល​មាន​បញ្ហា ... គិត​ដល់​ព្រះ​ ជា​អង្គ​ព្យាបាល ឬ ជា​ភ្នាក់ងា​ផ្តល់​សេវាកម្ម ​ដើម្បី​ជួយ [ ខ្ញុំ ] ក្នុង​គ្រា​អាសន្ន [ របស់​ខ្ញុំ ] » ប៉ុណ្ណោះ។3 នៅ​ពេលខ្ញុំ​កាន់​តែ​រីក​ចម្រើន​ក្នុង​សាសនាចក្រ​ តាមរយៈ​ការសិក្សា​បន្ថែម​ទៀត​ពី​ព្រះគម្ពីរ និងការបង្រៀន​ទាំងឡាយ​នៃ​ពួកអ្នកដឹកនាំ​នៃ​សាសនាចក្រ​របស់​យើង នោះ​ខ្ញុំ​បាន​ទទួល​ការយល់ដឹង​កាន់តែ​ល្អ​ឡើង​ក្នុង​លក្ខណៈ​ម្យ៉ាង​ដែល​ខ្ញុំ​គួរតែ​មាន​នៅពេល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះ​តាមរយៈ​ការអធិស្ឋាន ។

ប្រធាន ហ៊ិងគ្លី​ បានបង្រៀន​ថា « យើង​ត្រូវតែ​តាំងអារម្មណ៍ សញ្ចឹងគិត គិត​ពី​អ្វី​ដែល​យើង​កំពុង​អធិស្ឋាន និងទូលសុំ ហើយ​បន្ទាប់​មក ពោល​ពាក្យ​ទៅកាន់​ព្រះអម្ចាស់​ដូចជា​មនុស្ស​ម្នាក់​និយាយ​ទៅកាន់​មនុស្ស​ម្នាក់​ទៀត » ។4 ប្រធាន ហាន់ធើរ ​ក៏បាន​បង្រៀន​ផងដែរ​ថា « យើង​គួរ​តែ​ចងចាំថា ព្រះដ៏​ខ្ពស់​បំផុត​ទាំង​ថ្ងៃ និង​យប់ មិនមែន​តែ​នៅគ្រាណា​ដែល​ជំនួយ​ទាំងអស់​ទទួល​បរាជ័យ ហើយ​ត្រូវការ​ជំនួយយ៉ាង​ខ្លាំង ទើប​មក​រក​ទ្រង់​នោះទេ » ។5 ព្យាការី មរមន​ក៏បាន​ព្រមាន​ផងដែរ​ថា បើសិន​នរ​ណាម្នាក់ « អធិស្ឋាន ហើយ​បើ​មិន​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ មែន​ហើយ​ការអធិស្ឋាន​នោះ​ពុំ​មាន​ផលប្រយោជន៍​អ្វី​ដល់​ជន​នោះ​ឡើយ6 ត្បិត​ព្រះទ្រង់​ពុំ​ទទួល​មនុស្ស​បែប​នេះទេ » ។ ដើម្បី​មាន​ការអធិស្ឋានដ៏​មាន​ន័យ យើង​ត្រូវតែ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​ដោយ​ស្មោះអស់​ពី​ចិត្ត « ដោយ​អស់​ពី​កម្លាំង​ចិត្ត » ។7 យើង​ក៏​បាន​រៀន​ពី​ព្រះអង្គសង្គ្រោះ​ថា យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ដើម្បី​ជៀសវាង​ពីការ « ពោលពាក្យ​ឥត​ប្រយោជន៍ផ្ទួន » នៅពេល​យើង​អធិស្ឋាន ។

នៅពេល​យើង​ស្វែងរក​ការដឹកនាំ និងកម្លាំង​ពី​ព្រះវរបិតា​សួគ៌​ ក្នុង​គ្រប់ការ​ទាំងអស់​ដែល​យើង​ធ្វើ នោះ​យើង​គួរ​តែ​ធ្វើតាម​ពាក្យទូន្មាន​របស់​អាលម៉ា​ ទៅកាន់​ហេលេមិន កូនប្រុស​របស់​លោក ដែល​ជា​ពាក្យទូន្មាន​ដ៏ល្អ​សម្រាប់​យើង ។ « ចូរ​អំពាវនាវ​ដល់​ព្រះ​នូវ​អស់​ទាំងការគាំទ្រ​របស់​កូន ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ចំពោះ​ព្រះអម្ចាស់ ហើយ​ទោះជាទី​ណា​ដែល​កូនទៅ គឺកូន​ទៅ​ក្នុង​ព្រះអម្ចាស់ មែនហើយ ​ចូរបំបែរ​មនោសញ្ចេតនា​ទាំងអស់​របស់កូន​ឆ្ពោះទៅ​រក​ព្រះអម្ចាស់​វិញ មែនហើយ​ ចូរ​ដាក់​ចិត្ត​មេត្រី​របស់​កូន​ទៅលើ​ព្រះអម្ចស់​តទៅ ។ ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​នៅ​គ្រប់កិច្ចការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅរក​ការល្អ មែនហើយ​ កាលណា​កូន​ដេក​ចុះ​នៅពេល​យប់ ចូរដេក​នៅក្នុង​ព្រះអម្ចាស់ ដើម្បី​ឲ្យ​ទ្រង់​មើល​ថែ​កូន ​ពេល​កូនដេក ហើយ​កូន​ក្រោកឡើង​នៅពេល​ព្រឹក ចូរ​ចិត្តកូន​ពោរពេញ​ទៅដោយ​អំណរគុណ​ដល់​ព្រះ ហើយ​បើសិន​ជា​កូន​ធ្វើការ​ទាំងនេះ នោះ​កូន​នឹង​ត្រូវ​បាន​លើកឡើង​នៅថ្ងៃ​ចុងក្រោយ​បង្អស់ » ។9

ព្រះវរបិតា​សួគ៌​រំពឹងថា យើងអធិស្ឋាន​លើស​ពីការគ្រាន់​តែ​សុំ​ពរជ័យ​ពី​ទ្រង់ ។ ជា​ញឹកញាប់ ទ្រង់​ចង់​ឲ្យ​យើង « សិក្សា​ក្នុង​គំនិត [ របស់​យើង ] ពីមុន​ទ្រង់​នឹង​ផ្តល់​ចម្លើយ​ដល់​យើង ។10 បើសិន​យើង​ទូលសុំ​ការដឹកនាំ នោះ​ទ្រង់​រំពឹង​ថា យើង​នឹង​ទទួល​យក​ការខ្សឹបប្រាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បើសិន​យើង​ទូលសុំ​សម្រាប់​សុខុមាភាព​ផ្ទាល់​ខ្លួន និង សុខុមាភាព​របស់អ្នក​ដទៃ នោះ​ការអធិស្ឋាន​របស់​យើង​នឹងជា​អសារ​ឥត​ការប្រសិន​បើ​យើង « ​បែរចេញ​ពី​មនុស្ស​ដែល​ខ្វះខាត និង​មនុស្ស​ដែល​អាក្រាត ហើយ​ពុំទៅ​សាកសួរ​ដល់​ដែល​ឈឺ និងអ្នក​ដែល​មានទុក្ខ​វេទនា ហើយ​ពុំ​ចែករំលែក​ទ្រព្យ​របស់​ខ្លួន បើសិន​ជា​អ្នក​រាល់គ្នា​មាន ចូរចែក​ទៅដល់​ជន​ដែល​ខ្វះខាត » ។11 ព្រះវរបិតា​សួគ៌​នឹង​ជួយ​យើង​នៅ​គ្រប់ការណ៍​ដែល​យើង​ស្វែងរក​ក្នុង​សេចក្តី​សុចរិត ប៉ុន្តែ​ទ្រង់​កម្រ​នឹង​ធ្វើ​ការណ៍​អ្វី​សម្រាប់​យើង​បើសិន​យើង​អាច​ធ្វើ​វា​ដោយ​ខ្លួន​យើង​បាននោះ ។

ប្រធាន ជែមស៍អ៊ីហ្វោស្ត​ បានបង្រៀន​យើង​ថា « ការអធិស្ឋាន​ជាច្រើន​ដង​ត្រូវ​បាន​ពោល​ឡើង​ខណៈ​ដែល​យើង​កំពុង​លុត​ជង្គង់​ចុះ ... ប៉ុន្តែ​ការអធិស្ឋាន​ដ៏​ស្ងប់ស្ងាត់​ចេញពី​ដួងចិត្ត​ក៏​អាច​ឭ​ដល់​ឋានសួគ៌​ផងដែរ ។ យើង​ច្រៀងបទ ‹ Prayer is the soul’s sincere desire, uttered or unexpressed ›12 ( ការអធិស្ឋាន​គឺជា​បំណង​ប្រាថ្នា​ដ៏​ស្មោះ​ត្រង់​របស់​ព្រលឹង​មួយ ទោះ​ជា​និយាយ​ចេញ ឬ​និយាយ​ក្នុង​ចិត្ត​ក្តី ) ... យេរេមា ទូន្មាន​យើង​ឲ្យ​អធិស្ឋាន​ឲ្យ​អស់​ពី​ចិត្ត និងអស់ពី​ព្រលឹង​យើង ។13 អេណុស​ បាន​រៀបរាប់​ការណ៍​ដែល​ព្រលឹង​លោក​ស្រេកឃ្លាន ហើយ​លោក​បាន​អធិស្ឋាន​អស់​ពេញមួយ​ថ្ងៃ ។14 ការអធិស្ឋាន​មានប្រពលភាព​ខុសៗគ្នា ។ យើង​ឃើញថា ព្រះអង្គសង្គ្រោះ ‹ បាន​អធិស្ឋាន​ទទូច​រឹតតែ​ខ្លាំងឡើង › នៅ​គ្រា​ទ្រង់មាន​ទុក្ខ​​ខ្លាំងបំផុត ។15 ពរជ័យ​ទាំង​ឡាយ​ណា​ដែល​ស្វែងរក​បាន​តាមរយៈ​ការអធិស្ឋាន ជួនកាល តម្រូវ​ឲ្យមានសកម្មភាព​ កិច្ចខិតខំ និងការឧស្សាហ៍​ព្យាយាម​របស់​យើង​ជា​មុន​សិន ។

« ឧទាហរណ៍ នៅពេល​តមអាហារ ​គឺជា​ពេល​ដ៏ត្រឹមត្រូវ​សម្រាប់​ការសម្តែង​ចេញ​ដ៍​ខ្លាំងក្លា​នូវ​ភាព​ស្មោះត្រង់​របស់​យើង ។ ដូច​អ្វី​ដែល​អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ទៅកាន់​ប្រជាជន​នៅ​សារ៉ាហិមឡា​ថា ៖ ‹ ខ្ញុំ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​ជា​ច្រើន​ថ្ងៃ ដើម្បី​ខ្ញុំ​អាច​ដឹង​នូវ​រឿង​ទាំងនោះ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ។ ហើយ​ឥឡូវនេះ​ខ្ញុំ​ដឹង​រឿង​ទាំងនោះ​ដោយ​ខ្លួន​ខ្ញុំ​ថា ជា​រឿង​ពិត ព្រោះ​ព្រះអម្ចាស់​ដ៏ជា​ព្រះ ទ្រង់​បាន​សម្តែង​ប្រាប់​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ › ។16 នៅពេល​យើង​តមអាហារ យើង​បន្ទាប​ព្រលឹង​របស់​យើង​ ដែល​នាំ​យើង​ទៅកាន់សំឡេង​នៃ​ព្រះ និងគោលបំណង​ដ៏បរិសុទ្ធ​របស់​ទ្រង់​កាន់តែ​ខ្លាំង » ។

ការអធិស្ឋាន​គឺជា​ទំនាក់ទំនង​ក្នុង​ផ្លូវ​ពី​រយ៉ាង ។ នៅពេល​យើង​បញ្ចប់​ការអធិស្ឋាន​របស់​យើង យើង​គួរតែ​ចំណាយ​ពេល​ឈប់​មួយ​ភ្លែត ហើយ​ស្តាប់ ។ អំឡុង​ពេល​បែបនេះ​ ចាំបាច់​ណាស់​ដើម្បី​ព្រះវរបិតា​សួគ៌ ទ្រង់​អាច​ទូន្មាន ដឹកនាំ ឬ លួងលោម​យើង​ ខណៈ​ដែល​យើង​លុត​ជង្គង់​ចុះ​នោះ ។ ចម្លើយ​​របស់​ទ្រង់ ជាញឹកញាប់​ ប្រទាន​ឲ្យ​តាមរយៈ​សំឡេង​តូចរហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ ពឹងផ្អែក​ទៅលើ​ការលៈទេសៈ​ដែល​យើង​កំពុងជួប ហើយ​វា​ក៏​អាច​មក​តាមរយៈ​ទង្វើរ​សប្បុរស​នៃ​អ្នក​ទាំងឡាយ​ដែល​នៅជុំវិញ​ខ្លួន​យើង​ផងដែរ ។

ជួនកាល យើង​មិន​មាន​អារម្មណ៍​ថា យើង​មាន​ភាពសក្តិសម​ដើម្បី​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ ។ អាលម៉ា​បាន​បង្រៀន​យើង​ថា           « .... ត្បិត​បើសិន​ជា​អ្នក​រាល់គ្នា​ប្រុងស្តាប់​តាម​ព្រះវិញ្ញាណ​ដែល​បង្រៀន​មនុស្ស​ឲ្យ​អធិស្ឋាន នោះ​អ្នក​រាល់គ្នា​នឹង​ដឹង​ថា អ្នក​រាល់គ្នា​ត្រូវតែ​អធិស្ឋាន ត្បិត​អារក្ស​អសោចិ៍​មិន​បង្រៀន​មនុស្សណា​មួយ​ឲ្យ​អធិស្ឋាន​ទេ ប៉ុន្តែ​បង្រៀន​គេ​មិន​ឲ្យ​អធិស្ឋាន​វិញ ។19 សាតាំង​តែងតែ​ចង់​ល្បួង ឬ បញ្ចុះបញ្ចូល​យើង​មិន​ឲ្យ​អធិស្ឋាន ។ ទោះ​យ៉ាងណា​ក៏ដោយ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​យើង​ថា « ចូរ​អធិស្ឋាន​ជានិច្ទ ប្រយោជន៍​ឲ្យ​អ្នក​អាច​ក្លាយទៅជា​អ្នក​ជំនះ​បាន មែនហើយ ប្រយោជន៍​ឲ្យ​អ្នក​អាច​យក​ឈ្នះ​លើ​អារក្ស​សាតាំង​បាន ហើយប្រយោជន៍​ឲ្យ​អ្នក​អាច​រួចផុត​ពី​កណ្តាប់​ដៃ​នៃ​ពួកអ្នក​បម្រើ​របស់​អារក្ស​សាតាំង​ដែល​ទ្រទ្រង់​កិច្ចការ​របស់​វា​នោះ ។20 យើង​គួរតែ​មាន « ​ចិត្ត​ពោរពេញ » ដោយ​ការ​អធិស្ឋាន​ដល់ [ព្រះ] ​ជានិច្ច »21 មិនថា​យើង​កំពុង​នៅ​កន្លែង​ណា​នោះទេ ។ យើង​អាច​បង្ហាញ​អំណរគុណ​ដោយ​ស្ងាត់ៗ​ទៅកាន់​ព្រះវរបិតា​របស់​យើង ហើយ​ទូល​សុំ​ទ្រង់​ឲ្យ​ពង្រឹង​ទំនួលខុស​ត្រូវ​របស់​យើង ហើយ​ជួយ​យើង​ក្នុង​គ្រា​មាន​ការល្បួង ឬ គ្រោះថ្នាក់​ខាង​រាងកាយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា បណ្តាញ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវរបិតា​សួគ៌ គឺនៅ​បើកចំហរ​គ្រប់​ពេល​វេលា ។ គ្មាន​សិទ្ធិ​អំណាច​នៅលើ​ផែនដី​ណា​អាច​បំបែក ឬ បញ្ឈប់​យើង​មិន​ឲ្យ​ចូល​ទៅកាន់​ព្រះវរបិតា​សួគ៌​យើង​ដោយ​ផ្ទាល់​នោះទេ ។ វា​ក៏​មិនដែល​មាន​ភាព​រអាក់រអួល​ផ្នែក​ម៉ាស៊ីន ឬ ផ្នែក​អេឡិកត្រូនិក​ណាមួយ​ដែរ​ នៅពេល​យើង​អធិស្ឋាន​នោះ ។ វា​ពុំ​បាន​កំណត់​ពី​ចំនួន​ការអធិស្ឋាន ឬ ថាតើ​យើង​អាច​អធិស្ឋាន​រយៈ​ពេល​យូរ​ប៉ុណ្ណា​ជា​រៀង​រាល់​ថ្ងៃ ​នោះទេ។ វា​ពុំមាន​កម្រិត​កំណត់​ណា​លើ​ចំនួន​នៃ​សេចក្តី​ត្រូវការ​ដែល​យើង​ចង់បាន និង ទូលសុំ​សម្រាប់​ការអធិស្ឋាន​ម្តងៗ​ឡើយ ។ ទ្រង់​ជា​អង្គ​ដែល​គេ​អាច​ឈោង​ទៅដល់​នៅ​គ្រប់​គ្រា និងគ្រប់​ទីកន្លែង ។ បណ្តាញ​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតា​សួគ៌​អាច​ត្រូវ​បាន​បិទ​តែ​នៅពេល​ដែល​យើង​ជ្រើសរើស​មិន​ទំនាក់ទំនង​ជាមួយ​ទ្រង់ ឬ នៅពេល​យើង​បាន​ប្រព្រឹត្ត​បាប​ដែល​ធ្វើឲ្យ​យើង​មិនអាច​ទទួលបាន​ការខ្សឹបប្រាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធប៉ុណ្ណោះ ។ ការប្រែចិត្ត​គឺជា​ផ្លូវ​តែមួយ​គត់​ ដើម្បី​បើក​នូវ​ការបិទ​បណ្តាញ​ទំនាក់ទំនង​ទាំងអស់​ជាមួយ​ព្រះវរបិតា​សួគ៌ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាស្រឡាញ់​យើង ហើយ​ទ្រង់​មានព្រះហឬទ័យ​ចង់​ទំនាក់ទំនង​ជាមួយ​កូន​ទ្រង់​ទាំងអស់ នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​អាម៉ែន ។■

នីហ្វៃទី​3 18:19

សូមមើល ការបង្រៀន​ពី​ប្រធាន ហ្គរដុនប៊ីហ៊ិងគ្លី ( ឆ្នា 1997 ) ទំព័រ 469

សូមមើល ហាវើដដបុលយូហឹនធើរ ការបង្រៀន​ពី​ហាវើដដបុលយូហឹនធើរ, ed. Clyde J. Williams [ ឆ្នាំ1997 ],ទំព័រ 39

 កាបង្រៀន​ពីហ្គរដុនប៊ីហ៊ិងគ្លី ( ឆ្នាំ 1997 ) ទំព័រ 469

ហាវើដដបុលយូហឹនធើរ ការប្រៀន​ពី​ហាវើដដបុលយូហឹនធើរ កែសម្រួល​ដោយ Clyde J. Williams [ ឆ្នាំ 1997 ]ទំព័រ 39

មរ៉ូណៃ 7:9

មរ៉ូណៃ 7:48

សូមមើល ម៉ាថាយ 6:7

អាលម៉ា 37:36-37; សូមើល អាលម៉ា 34:17-26 ផងដែរ

សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា 9:7-8

សូមមើល អាលម៉ា 34:27-29

សូមមើល យេរេមា 29:13

សូមមើល អេណុស 1:4

លូកា 22:44

អាលម៉ា 5:46

សូមមើល ទំនុក​ដំកើង 35:13

ជែមស៍អ៊ីហ្វោស្ត « The Lifeline of Prayer » Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 60; 

Ensign

គេហទំព័រ lds.org/general-conference/2002/04/the-life-of-prayer?

នីហ្វៃទី2 32:8

គោលលទ្ធិ និង សេចក្តី​សញ្ញា 10:5

អាលម៉ា 34:27; សូមមើល នីហ្វៃទី3 20:1 ផងដែរ