គណៈប្រធានទីមួយទទួលស្វាមគន៍គណៈប្រតិភូមកពីគណៈកម្មាការទទួលបន្ទុកកិច្ចការសាសនារបស់ប្រទេសវៀតណាម

គណៈប្រធានទីមួយទទួលស្វាមគន៍គណៈប្រតិភូមកពីគណៈកម្មាការទទួលបន្ទុកកិច្ចការសាសនារបស់ប្រទេសវៀតណាម

នៅ​ថ្ងៃ​អង្គារ៍ គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ជួប​នឹង​គណៈប្រតិភូ​មួយ​ក្រុម​ដែល​បាន​ដឹកនាំ​ដោយ​គណៈកម្មាការ​ទទួល​បន្ទុក​កិច្ចការ​សាសនា​របស់​ប្រទេស​វៀតណាម ( គ.ក.ស. ) ។ គណៈប្រតិភូ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​យូថាហ៍​ពី​ថ្ងៃ​អង្គារ៍​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ជួប​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ថ្នាក់​ដឹកនាំ​សាសនា និង​ថ្នាក់​ដឹកនាំ​ផ្នែក​អប់រំ ។ ក្រុម​គណៈប្រតិភូ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​បណ្ណាល័យ​ពង្សប្រវត្តិ​របស់​សាសនាចក្រ វិសាលដ្ឋាន​សុខុមាលភាព មជ្ឈមណ្ឌល​មនុស្ស​ធម៌ ឃ្លាំង​កណ្ដាល​របស់​ប៊ីស្សព និង​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ។

អែលឌើរ ជែរិត ដបុលយូ ហ្កង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​បាន​អម​ដំណើរ​គណៈប្រតិភូ​អំឡុង​ដំណើរ​ទស្សនកិច្ច​ជាមួយ​នឹង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា « យើង​មាន​ទំនាក់ទំនង​សហប្រតិបត្តិការ​យូរ​អង្វែង​ជាមួយ​នឹង​គណៈកម្មាការ​ទទួល​បន្ទុក​កិច្ចការ​សាសនា និង​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត​នៅ​ប្រទេស​វៀតណាម » ។ « យើង​សូម​កោត​សរសើរ​ចំពោះ​ទំនាក់ទំនង​ទាំង​នោះ​ដែល​កំពុង​បន្ត និង​កាន់​តែ​ស៊ីជម្រៅ​ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ដ៏​សំខាន់​នេះ » ។

សមាជិក​គណៈប្រតិភូ រួម​មាន លោក វូ ឈៀន ថាង ( ប្រធាន គ.ក.ស. ) លោក ង្វៀន ហ៊ូ ទួន ( ក្រសួង​មហា​ផ្ទៃ ) លោក ង្វៀន ឌុក វិញ ( ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ផ្ទៃក្នុង​របស់ គ.ក.ស. ) លោក ង្វៀន ផុង ធិញ ( ប្រធាន​នាយកដ្ឋាន​រដ្ឋបាល-ស្ថិតិ​របស់ គ.ក.ស. ) និង លោក ដោ ហ៊ុយ ជួង ( អ្នក​ឯកទេស​ក្នុង​នាយកដ្ឋាន​ប្រូតេស្ដង់​របស់ គ.ក.ស. ) ។

ជារួម គ.ក.ស. មាន​ការ​ទទួល​ខុស​ត្រូវ​សំខាន់​មួយ​ចំនួន រួម​មាន តួនាទី​ជា​ភ្នាក់ងារ​រដ្ឋាភិបាល​សំខាន់​សម្រាប់​ត្រួត​ពិនិត្យ ហើយ​អនុម័ត​រាល់​សកម្មភាព​សាសនា​នៅ​ក្នុង​ប្រទេស​វៀតណាម ។

ប្រធាន រ័សុល អិម ណិលសុន ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ថ្លែង​អំណរគុណ​ដល់​គណៈប្រតិភូ​ចំពោះ​ការ​លើក​កម្ពស់​សេរីភាព​ខាង​សាសនា​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សេរីភាព​នេះ​សម្រាប់​ប្រទេស​នានា​ជុំវិញ​ពិភពលោក ។

គណៈប្រតិភូ​ក៏​បាន​ពិភាក្សា​គ្នា​ពី​លក្ខណៈ​ចាំបាច់​នៃ​ក្រុម​គ្រួសារ​រឹង​មាំ​ចំពោះ​សង្គម​ជាតិ​ផង​ដែរ ។

អែលឌើរ​ហ្កង​បាន​មាន​ប្រសាសន៍​ថា « ក្រុម​គ្រួសារ​រឹង​មាំ​ធ្វើ​ឲ្យ​ប្រទេស​រឹង​មាំ ។ ការ​ផ្ដោត​លើ​គ្រួសារ និង​គុណ​តម្លៃ​របស់​គ្រួសារ​គឺជា​អ្វី​មួយ​ដែល​បាន​ចែកចាយ​យ៉ាង​ស៊ី​ជម្រៅ​ពី​សំណាក់​ប្រជាជន​នៅ​ក្នុង​ប្រទេស​វៀតណាម​និង​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ។

ប្រធាន ថាង បាន​ថ្លែង​អំណរគុណ​ដល់​សាសនាចក្រ​ចំពោះ​សមាជិក​ដែល​ជា​ប្រជា​ពលរដ្ឋ​គោរព​ច្បាប់ និង​ចំពោះ​ការ​រួម​ចំណែក​ជា​វិជ្ជមាន​របស់​សាសនា​ចំពោះ​សង្គម និង​ប្រទេស​វៀតណាម ។